ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ក្តីខ្មែរ​ក្រហម​ ឬ​ ECCC​ នឹង​បន្ត​សវនាកា​ររបស់​ខ្លួន​នា​ថ្ងៃ​ច័ន្ទ​ខាង​មុខ​ ​ក្រោយ​ពេល​​មាន​ជំនន់​ទឹក​ភ្លៀង


ទិដ្ឋភាពនៃ​ជំនន់ទឹកភ្លៀងក្នុងបរិវេណសាលក្តី​ខ្មែរក្រហម នាថ្ងៃពុធ ទី​០៥ ខែ​តុលា ឆ្នាំ២០១៦។ រូបភាពផ្តល់ដោយ​សាលក្តីខ្មែរក្រហម (courtesy photo)
ទិដ្ឋភាពនៃ​ជំនន់ទឹកភ្លៀងក្នុងបរិវេណសាលក្តី​ខ្មែរក្រហម នាថ្ងៃពុធ ទី​០៥ ខែ​តុលា ឆ្នាំ២០១៦។ រូបភាពផ្តល់ដោយ​សាលក្តីខ្មែរក្រហម (courtesy photo)

នា​សប្តាហ៍​នេះ​​ ​សាលាក្តី​កាត់​ទោស​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​ ​បាន​ផ្អាក​ដំណើរការ​កាត់​ទោស​សំណុំ​រឿង​០០២/០២​​ដោយសារ​បញ្ហា​​ជំនន់​ទឹកភ្លៀង​ ​នៅ​បរិវេណ​នៃ​សាលាក្ដី​មួយ​នេះ។​ ​អ្នក​ឃ្លាំ​មើល​ការ​កាត់​ទោស​​សាលា​ក្ដី​ខ្មែរ​ក្រហម​និង​តំណាង​ដើម​បណ្ដឹង​រដ្ឋបវេណី​ ​​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ការយឺតយ៉ាវ​នៃ​ការ​កាត់​ទោស​​ ​លើ​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ដែល​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​។​ ​យ៉ាង​ណា​ក៏​ដោយ​ ​មន្រ្តី​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​​បាន​ឲ្យដឹង​ថា​សាលាក្ដី​នឹង​បន្ត​ការងារ​របស់​ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍។

​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា​ ​ឬ ECCC​ ​នឹង​បន្ត​ដំណើរ​ការ​សវនាការរបស់​ខ្លួន​ឡើង​វិញ​នាថ្ងៃ​ច័ន្ទខាង​មុខ​ ​បន្ទាប់​ពី​តុលាការ​កូនកាត់​មួយ​នេះ​ ផ្អាក​ដំណើរការ​ ​អស់ជិត​មួយ​សប្តាហ៍។​ ​នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​ អ្នក​នាំ​ពាក្យ​សាលាក្ដី។​

​លោក​នេត្រ​ ភ័ត្រ្តា​ អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​ ​បាន​ប្រាប់​ VOA​ ​ថា​ ​ដោយ​សារ​តែ​ការ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នា​សប្តាហ៍​នេះ​បណ្តាល​ឲ្យ​ទឹក​លិច​ជុំវិញ​ ​បរិវេណ​សាលាក្ដី​ខ្មែរ​ក្រហម​ ហើយ ​រំខានដល់​ការ​ធ្វើ​ដំណើរ​របស់មន្រ្តី​បុគ្គលិក​ នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ ​ក្នុងការ​បំពេញ​ការងារ​របស់​ពួក​គេ។​ ​យ៉ាង​ណា​ក៏​ដោយ​ ​លោក​ថា​ ​សាលាក្ដី​កំពុង​រៀប​ចំ​សាងសង់ស្ពាន​ឈើ​សម្រាប់ប្រើប្រាស់​ជា​បណ្តោះ​អាសន្ន​ ​ដើម្បី​បន្ត​ដំណើរ​ការ​កាត់​ទោស​មេដឹក​ខ្មែរក្រហម។

លោក​ នេត្រ ភ័ត្ត្រា​បន្ត​ថា៖​ ​«​សាលាក្ដី​មាន​កម្រិត​ទឹក​ខ្ពស់​ឡើង​ខ្លាំង​ដែល​រំខាន​ការធ្វើដំណើរដល់​មន្រ្តី​បុគ្គលិក​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​ចូល​មក​បំពេញ​ការងារដែល​លិច​ទឹក​តាំង​ពី​ថ្ងៃ​ទី​២៩​ ខែ​៩​មក។​ហើយ​តាំងពី​ឈប់​សម្រាក​បុណ្យភ្ជុំបិណ្ឌ​មក​ មន្រ្តី​បុគ្គលិក​ត្រូវ​មក​ធ្វើការ​វិញ​តាំងពី​ថ្ងៃ​ទី​០៤​មកម៉្លេះ​ ​ក៏​ប៉ុន្តែ​ដោយ​សារ​កម្រិតទឹក​នេះ​មិនទាន់​ថយចុះ ហើយ​ភ្លៀង​មាន​ជា​បន្ត​បន្ទាប់​ធ្វើឲ្យ​ដំណើរការ​តុលាការ​ត្រូវ​បាន​អាក​ខាន។​ ​ហើយ​សំណុំរឿង​០០២​ វគ្គ​ពីរ​ក៏ត្រូវ​ផ្អាក​តាម​ហ្នឹង​ដែរ»។

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ បាន​ផ្អាក​ដំណើរ​ការ​លើ​សំណុំ​រឿង​០០២/០២​ ចាប់​តាំង​ពី​ថ្ងៃទី​២៩​ខែ​កញ្ញា​មក​ម្ល៉េះ​ ​ពោល​គឺចាប់តាំង​ពី​ពេល​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​ ​ដោយ​សារ​តែ​ជំនន់​ទឹក​ភ្លៀង​ដែល​មាន​កម្រិត​ខ្ពស់។​ ​សំណុំ​រឿង​០០២/០២​ ​ដែល​កំពុង​ដំណើរ​ក្នុង​សាលា​ក្តី​ខ្មែរ​ក្រហម​ គឺ​ផ្តោត​លើ​ការរៀប​ការ​ដោយ​បង្ខំ​ ​ការ​រំលោភ​ផ្លូវភេទ​ និង​ប្រល័យ​ពូជ​សាសន៍​លើ​ជន​ជាតិ​វៀតណាម​និង​ជន​ជាតិ​ចាមជា​ដើម។​ ​សព្វថ្ងៃ​នេះ​មាន​តែ​ ​អតីត​មេដឹកនាំ​របប​ខ្មែរ​ក្រហម​ វ័យ​ជរា​ពីរ​រូប​តែប៉ុណ្ណោះ​ ​ដែល​ប្រឈម​នឹង​ការ​កាត់​ទោស​ ​គឺនួន ជា​ ​អតីត​ប្រធាន​រដ្ឋសភា និងខៀវ សំផន​ប្រមុខ​រដ្ឋ​នៃ​របប​ខ្មៅ​ងងឹត​នោះ​។

​ការ​ផ្អាក​ដំណើរ​ការនៃ​អង្គ​ជំនុំ​ជម្រះ​ក្តី​របស់​តុលាការ​កូន​កាត់​នេះ​ ​បាន​ធ្វើ​ឲ្យ​អ្នក​ឃ្លាំមើល​ ​តុលា​ការ​កាត់​ទោសសាលា​ក្ដី​ខ្មែរ​ក្រហមនិង​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ ​មាន​ការ​បារម្ភ​ ​ចំពោះ​ភាព​យឺត​យ៉ាវ​នៃ​កា​រ​រក​យុត្តិធម៌​ជួនជន​រង​គ្រោះ​ក្នុង​របប​ដ៏​ឃោឃៅ​នេះ។​

លោក ​ឡាត់ គី​ ​មន្ត្រី​អង្គការ​អាដហុក​ ​ដែលឃ្លាំ​មើល​ការ​កាត់​ទោស​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​ ​ទទួល​ស្គាល់​ថា​ បញ្ហាទឹកជំនន់​នេះ​ គឺជា​ហានិភ័យមួយ​រំខាន​ដល់ដំណើរការ​តុលាការ​ ​ស្ដង់ដារ​អន្តរជាតិ​នេះ​។​ ក៏ប៉ុន្តែ​លោក ​ឡាត់ គី​ ​ទទូចឲ្យ​មាន​ការ​ពន្លឿន​ដំណើរការ​ ​និង​នីតិវិធី​នៃ​សំណុំ​រឿង​នេះ​ ដោយ​សារ​តែ​លោក​យល់ថា​ ដំណើរការ​តុលាការ​ហាក់​មាន​ភាព​យឺត​យ៉ាវ​ខ្លាំង។

«ដូច​ដឹង​ស្រាប់​ហើយ​ ​ដំ​បូង​សាលាក្ដី​បាន​កំណត់ផែនការ​យុទ្ធសាស្រ្ត​របស់​ខ្លួន​ត្រឹម​តែ​រយៈពេលបី​ឆ្នាំ​ប៉ុន្តែ​មកទល់​ពេល​បច្ចុប្បន្ន​នេះ​វាជាង១០​ឆ្នាំ​ហើយ​ ​នៅ​តែ​សាលាក្ដី​មិន​អាច​ពន្យា​ពេល​ក៏​ធ្វើ​ឲ្យ​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ក៏ដូចជា​ជនរង​គ្រោះ​ភាគច្រើន​គាត់​រង់ចាំ​ ​គេហៅថា​ ការបញ្ចប់​សាលាក្ដី​នេះទៅ​ គាត់​ហាក់បី​ដូចជា ​ពន្យាពេល​ហ្នឹង​ ​ចេះ​តែ​យូរ​ទៅៗ ​ជា​ចេតនា​អវិជ្ជមាន​ នេះ​ជា​ការ​រិះគន់​ពី​មហាជន​ ប៉ុន្តែ​សម្រាប់​យើង​ខ្ញុំ ខ្ញុំយល់​ឃើញ​ថា ​ជា​ចំណែក​មួយ​ខ្លះ​ទេ ​ប៉ុន្តែ​សម្រាប់​ដំណើរការ​នីតិវិធី​ទើប​ជា​អ្វី​មួយ​ដែល​យើង​ចង់​បាន»។

​ដូច​គ្នា​នេះ​ដែរ​ ​លោក​ប៊ូ ម៉េង ​ជា​ជន​រងគ្រោះ​ ​និង​ជា​ដើម​បណ្ដឹង​នៃ​សំណុំ​រឿង​០០២/​០២​ ​ក៏​បង្ហាញ​ពី​ ក្តី​កង្វល់​របស់​លោក​ ​ចំពោះ​ភាព​យឺតយ៉ាវ​នៃ​ដំណើរ​ការ​កាត់​ក្ដី​នេះ។

«​បាទ!​ បារម្ភ​តែ​អារឿង​រដិបរដុប​ រទេរតូត ​មើល​ទៅ​ វា​មិន​រលួន​សោះ​ហ្នឹង​ហ្មង៎​។​ មើលទៅ​ផ្លូវ​យើង​ដូចជា​រលាក់​ណាស់។​ បាទ ខ្ញុំ​វាចាស់​ណាស់​ហើយ ហើយ​អ្នក​ដែលជនត្រូវចោទ​ក៏​វា​ចាស់​ហើយ​ហ្នឹង។​អ្នករងគ្រោះ​ក៏​សុទ្ធតែ​ចាស់ៗ»។

យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម ​លោក​នេត្រ​ ភ័ត្រ្តា​ ​អះអាង​ថា​ ​តុលាការ​បាន​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​បំពេញ​ការងារ​ របស់​ខ្លួន​ ​ក៏​ប៉ុន្តែលោកថា ដំណើរ​ការ​របស់​តុលាការ​ត្រូវ​ធ្វើ​ឡើង​ទៅ​តាម​នីតិវិធី​ច្បាប់។

«អ្វី​ដែល​តុលាការ​បាន​ធ្វើ​ គឺ​យើង​មាន​ផែនការ​សកម្មភាព​របស់​ខ្លួន​។​ អ្វី​ដែល​ពួកគាត់លើកឡើង​គឺ​ជា​អ្វី​ដែល​តុលាការ​កំពុង​ធ្វើ។​ ​ហើយ​តុលាការ​ នឹង​ពន្លឿន​នីតិ​វិធី​របស់​ខ្លួន។ យើង​យល់​អំពី​ការ​ទន្ទឹង​រង់ចាំ​យុត្តិធម៌​របស់ជន​រងគ្រោះ​ និង​ការ​ជំនុំ​ជម្រះ​ក្តី​ឲ្យ​បាន​ឆាប់រហ័ស​របស់ជន​ជាប់ចោទ​ ​ដែល​ជា​ការ​ចង់​បានពី​គ្រប់ភាគី។​ ការ​ដំណើរ​ការ​យើងធ្វើ​ឲ្យ​បាន​លឿន​ ក៏​ប៉ុន្តែត្រូវ​គោរព​នីតិវិធី​ច្បាប់»។​

របប​ខ្មែរ​ក្រហម​ត្រូវ​បាន​គេ​ស្តី​បន្ទោស​ថា​ បានសម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​៧​សែន​នាក់​ចន្លោះ​ឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​១៩៧៩។​ ​សាលាក្តី​កូន​កាត់​មួយ​នេះ​ ​ទើប​តែ​កាត់​ទោស​បាន​ជន​ជាប់​ចោទ​ម្នាក់​ដែល​ជា​អតីត​ប្រធាន​គុក​ទួល​ស្លែង​គឺ​ កាំង​ ហ្កេកអ៊ាវ ​ហៅ​ឌុច​។ ​រីឯជន​ជាប់​ចោទ​ដទៃ​ទៀត​បាន​ស្លាប់​ ​មុន​ការ​កាត់​ទោសជាបន្តបន្ទាប់​។​ ​ហើយ​សព្វថ្ងៃ​នៅ​សល់​តែ​មេដឹក​នាំ​របប​នេះ​ ​តែ​ពីរ​រូប​តែ​ប៉ុណ្ណោះ​ ​ដែល​ប្រឈម​នឹង​ការ​កាត់​ទោស​ ​គឺ​ នួន ជា ​អតីត​បង​ធំ​ទី​២ ​និង​ ខៀវ សំផន​ អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម​ ​ដែល​ស្ថិត​ក្នុង​សំណុំ​រឿង​០០២។​

​នាពេល​បច្ចុប្បន្ន​នេះ​ ​សាលាក្ដី​កំពុង​ដំណើរ​ការសំណុំ​រឿង​ ០០២​/០១​ ​ផ្តោត​សំខាន់ទៅ​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ​ទាក់​ទងនឹង​ការ​ផ្លាស់ទី​លំនៅ​ប្រជាជន​ដោយបង្ខំ​ចេញពី​ទីក្រុង​ភ្នំពេញ។​ ​រីឯ​ក្នុង​សំណុំ​រឿង​០០២/០២​ ​បាន​កាត់ទោស​លើ​ជនជាប់​ចោទ​ដដែល​ ​ពី​បទ​ការ​រៀប​អាពាហ៍​ពិពាហ៍​ដោយ​បង្ខំ​ និង​ការ​រំលោភ​សេព​សន្ថវៈ​។​ ​សាលា​ក្តី​ខ្មែរក្រហម​ ​ក៏​កំពុង​តែ​ធ្វើការសំណុំ​រឿង​០០៣​ ​និង​០០៤​ប្រឆាំង​នឹង​មេ​ដឹកនាំ​ថ្នាក់​ក្រោម​ ឬ​ថ្នាក់​តំបន់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផងដែរ៕

XS
SM
MD
LG