ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រសួង​ព័ត៌មាន​​ប្រកាស​​ឈប់​ផ្តល់​​​បណ្ណ​សម្គាល់​អ្នក​សារព័ត៌មាន​ឱ្យ​អ្នកយក​ព័ត៌មាន​ The Cambodia Daily ​និង​វិទ្យុ​អាស៊ីសេរី


ទិដ្ឋភាព​ក្នុង​ការិយាល័យ​កាសែត​ឌឹខេមបូឌាដែលី។ (រូបថត​ដោយ ស៊ីវ ចាន់ណា/The Cambodia Daily)

ក្រសួង​ព័ត៌មាន​ ​ប្រកាស​​ឈប់​ផ្តល់​​​បណ្ណ​សម្គាល់​អ្នក​សារព័ត៌មាន​ ​ឱ្យ​អ្នក​សារព័ត៌មាន​ The Cambodia Daily​ និង​វិទ្យុ​អាស៊ីសេរី ​ដោយ​អះអាង​ថា ​អង្គភាព​ទាំង​ពីរ​នេះ​បាន​បិទ​ការិយាល័យ​នៅ​កម្ពុជា ​ស្របពេល​វិស័យព័ត៌មាន​មាន​ការរិត​បន្តឹង។

ក្រសួង​ព័ត៌មាន​ប្រកាស​ឈប់​ផ្តល់​បណ្ណ​សម្គាល់​អ្នក​សារ​ព័ត៌មាន​ជូន​អ្នកយក​ព័ត៌មាន​ ​ដែលបម្រើការងារនៅស្ថាប័ន​កាសែត​ ​The Cambodia Daily​ ​និង​វិទ្យុ​អាស៊ីសេរី​ ​ដោយសារ​តែ​អង្គភាព​ព័ត៌មាន​ទាំងពីរ​នេះ​ ​បាន​ប្រកាស​ឈប់​ដំណើរការ​ ​និង​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា​ជា​ឯកតោ​ភាគី។​ ​នេះបើ​យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

សេចក្តី​ជូន​ដំណឹងរបស់​អគ្គ​នាយកដ្ឋាន​ព័ត៌មាន​ ​និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​ ​ចេញនៅ​ថ្ងៃទី៥​ ​ខែ​តុលា​ប្រកាស​ឱ្យ​ដឹងថា​ ​អគ្គនាយក​ដ្ឋានមិន​ផ្តល់​បណ្ណ​សារព័ត៌មាន​ដល់​បុគ្គលិក​ដែល​បម្រើ​ការងារ​ឲ្យសារ​ព័ត៌មាន​ ​The Cambodia Daily​ ​និង​វិទ្យុ​អាស៊ីសេរី​ត​ទៅ​ទៀត​នោះ​ទេ។

​សេចក្តី​ជូន​ដំណឹងដែល​មាន​បោះត្រា​របស់​អគ្គ​នាយកដ្ឋាន​ព័ត៌មាន​ ​និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​ ​តែ​មិន​មាន​ចុះ​លេខា​នោះ​ ​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ឈប់ចេញ​បណ្ណ​នេះ ក្នុង​ន័យ​ដើម​ថា៖​ «ដោយ​សារ​អង្គ​ភាពសារ​ព័ត៌មាន​ទាំង២​នេះ​បាន​ប្រកាស​ឈប់​ដំណើរការ​ ​និង​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា​ដោយ​ឯកតោ​ភាគី​ ​កាល​ពី​ខែ​កញ្ញា​ ​ឆ្នាំ២០១៧»។

VOA​ ​មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​ព័ត៌មាន​ រួមទាំង​លោក​ ​អ៊ុក គឹមសេង​ ​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន ​ដើម្បី​សុំ​ការ​អធិប្បាយ​លម្អិត​បន្ថែម​បាន​ទេ​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ។​

កាសែត​ ​The Cambodia Daily​ ​បាន​ប្រកាស​បិទ​ការ​ចេញ​ផ្សាយ​របស់​ខ្លួន​ កាល​ពី​ថ្ងៃទី៤​ ​ខែ​កញ្ញា​ បន្ទាប់​ពី​បរាជ័យ​ក្នុង​ការប្រឆាំង​នឹង​ការ​ចេញ​វិក្ក័យ​បត្រ​ទារ​ពន្ធ​ដ៏​ច្រើន​លើសលប់​ ​ប្រមាណ​ជាង​៦​លាន​ដុល្លារ​អាមេរិក​ ​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ។​ ​កាសែត​ជា​ភាសា​អង់គ្លេស​ ដែល​បាន​ដំណើរ​ការ​ជាង​២៤​ឆ្នាំនេះ​ តែង​ជំទាស់​នឹងវិក្ក័យ​បត្រ​ពន្ធ​ដោយ​មាន​ក្ដី​មន្ទិល​ចំពោះ​ការ​គណនា​ ​និង​សវនកម្ម​គណនា​ចេញ​ជា​តម្លៃ​ដ៏​មហាសាល​នេះ។​

ចំណែក​វិទ្យុ​អាស៊ី​សេរី​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃទី​១២​ខែ​កញ្ញា​ ​ប្រកាស​ផ្អាក​ដំណើរ​ការ​ការិយាល័យ​ព័ត៌មាន​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​មួយ​រយៈ​ទាំង​បង្ខំ។​ ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ ​វិទ្យុ​អាស៊ីសេរី​ចោទ​ថា​ ​រដ្ឋាភិបាល​កំពុង​ធ្វើ​ទុក្ខ​បុកម្នេញ​បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ​ ​និង​គូ​បដិបក្ខ​នយោបាយ​ ​នៅ​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨។

ការ​ប្រកាស​ផ្អាក​ប្រតិបត្តិការ​នៅ​រាជធានី​ភ្នំពេញ​របស់​វិទ្យុ​អាស៊ីសេរី​នេះ​ធ្វើឡើង​ ​បន្ទាប់​ពី​ក្រសួង​ព័ត៌​មាន​បញ្ជា​ឲ្យ​បិទ​ស្ថានីយ​វិទ្យុ​ជាង​៣០​ជា​បន្តបន្ទាប់​ ​ដែល​បាន​ជួល​ម៉ោង​ផ្សាយ​ឲ្យ​វិទ្យុ​អាស៊ីសេរី​ ​និង​វិទ្យុ ​VOA​ ​នៅ​ទូទាំង​ប្រទេស។​

ការ​បិទ​ស្ថាប័នព័ត៌មាន​មួយ​ចំនួននៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះត្រូវ​បាន​គេ​មើលឃើញ​ថា​ កើត​ឡើង​ពេល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើ​ការ​រឹតត្បិត​ សេរីភាព​ព័ត៌មាន​នៅ​កម្ពុជា។​ ​ស្ថាប័ន​ ​និង​អង្គការ​ជាតិ​ ​អន្តរជាតិ​មួយ​ចំនួនដែល​ការពារ​សេរីភាព​ព័ត៌មាន​ ​និង​សិទ្ធិ​មនុស្ស​នៅ​ជុំវិញ​ពិភព​លោកបាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឲ្យ​ស្ថាន​ភាព​សេរីភាព​ព័ត៌មាន​ ​និង​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​ត្រឡប់​ទៅ​រក​ស្ថានភាព​ដូច​ដើម​វិញ៕

XS
SM
MD
LG