ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​ព្រមាន​ចាត់​វិធាន​ការ ​ក្រោយ​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​ទូទាត់​ចំណាយ​មូលនិធិ​សមធម៌


ក្រសួង​សុខាភិបាល​នៅ​កម្ពុជា​បាន​ចេញ​សេក្តីប្រកាស​អំពី​ការ​រកឃើញ​ករណី​ឆ្លងមេរោគ​ហ្ស៊ីកា​លើ​បុរស​ម្នាក់​នៅ​ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​សុក្រ ទី១៨ ខែ​វិច្ឆិកា តែ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ទៀត​នៅ​ថ្ងៃ​ដដែល​បដិសេធ​ការ​រកឃើញ​នេះ។ (រូប​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ក្រសួង​សុខាភិបាល)
ក្រសួង​សុខាភិបាល​នៅ​កម្ពុជា​បាន​ចេញ​សេក្តីប្រកាស​អំពី​ការ​រកឃើញ​ករណី​ឆ្លងមេរោគ​ហ្ស៊ីកា​លើ​បុរស​ម្នាក់​នៅ​ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​សុក្រ ទី១៨ ខែ​វិច្ឆិកា តែ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ទៀត​នៅ​ថ្ងៃ​ដដែល​បដិសេធ​ការ​រកឃើញ​នេះ។ (រូប​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ក្រសួង​សុខាភិបាល)

ក្រសួង​សុខាភិបាល​បាន​ក្រើន​រំឭក​ឱ្យ​ប្រធាន​មន្ទីរ​សុខាភិបាល​ទាំង​អស់​ពិនិត្យ​មើល​ឯកសារ ​និង​ការ​ទូទាត់​ចំណាយ​មូលនិធិ​សមធម៌ ​ដោយសារ​កន្លង​មក​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន។​ នេះ​បើ​យោង​តាម​លិខិត​របស់​អ្នកស្រី ​យក់ សម្បត្តិ​ រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល ​ចុះ​ថ្ងៃ​ទី១៥ ​ខែ​មិថុនា ​ឆ្នាំ​២០២៣ ​ដែល​វីអូអេ​ទទួល​បាន។​

បើ​តាម​លិខិត​ដដែល ​មាន​ការ​បង្កើត​ឈ្មោះ​អ្នក​ជំងឺ​ អ្នក​ជំងឺ​ខ្លះ​ខ្ចី​បណ្ណ​សមធម៌​គេ​ប្រើ​ប្រាស់ ​និង​អ្នក​ជំងឺខ្លះ​មិន​មាន​បណ្ណ​មូលនិធិ​សមធម៌​ ដែល​ក្រសួង​ថា​ វា​បង្ក​ឱ្យ​មាន​ភាព​មិន​ប្រក្រតី ​ដោយសារ​តែ​ការ​ទូទាត់​លើស​ចំនួន​ជាក់​ស្តែង។​

លិខិត​ដដែល​បញ្ជាក់​ថា៖​ «ដើម្បី​ឱ្យ​ការ​អនុវត្ត​កម្មវិធី​មូលនិធិ​សមធម៌​ និង​ការ​ទូទាត់​ចំណាយ​មាន​ភាព​ត្រឹម​ត្រូវ​ ស្រប​តាម​គោល​ការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ សូម​ឯកឧត្តម ​លោក​ជំទាវ​ លោក​ប្រធាន​ធ្វើ​ការ​ណែ​នាំ​ដល់​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ និង​មណ្ឌល​សុខភាព​ ដើម្បី​ពង្រឹង ​តាម​ដាន​ការ​អនុវត្ត​ និង​ការ​ស្នើ​សុំ​ទូទាត់​ យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​រៀបចំ​ឯក​សារ​ពាក់ព័ន្ធ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ពេញ​លេញ​ និង​ទូទាត់​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​តម្លៃ​ដែល​បាន​កំណត់​នៅតាម​អង្គភាព​នីមួយៗ»។​

ក្រសួង​បញ្ជាក់​ថា​ ក្នុង​ករណី​មាន​ការ​ពិនិត្យ ​និង​រក​ឃើញនូវ​កំហុស​ឆ្គង​ដូច​ធ្លាប់​រក​ឃើញ​កន្លង​មក ​ក្រសួង​សុខាភិបាល​នឹង​ចាត់​វិធាន​ការ​តឹងរ៉ឹង​ចំពោះ​អង្គភាព​ដែល​ប្រព្រឹត្ត​ខុស​ឆ្គង។​
ការ​ព្រមាន​របស់​ក្រសួង​សុខាភិបាល ធ្វើ​ឡើង​ក្រោយពី​ទីភ្នាក់​ងារ​បញ្ជាក់​ចំណាយ​សេវា​សុខាភិបាល​បាន​ចុះ​ពិនិត្យ ​និង​ផ្ទៀង​ផ្ទាត់​ការ​ទូទាត់ចំណាយ​មូលនិធិ​សមធម៌​នៅ​តាម​មន្ទីរពេទ្យ​បង្អែក ​និង​មណ្ឌល​សុខភាព​មួយ​ចំនួន ​ក្នុង​អំឡុង​ឆមាស​ទី​២ ឆ្នាំ​២០២២ ​និង​ឆមាស​ទី១​ឆ្នាំ​២០២៣។​

វីអូអេ​បាន​ព្យាយាម​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកស្រី​ យក់ សម្បត្តិ​ រដ្ឋ​លេខាធិការ​ និង​ជា​នាយក​គម្រោង​ទទួល​ខុស​ត្រូវ​លើក​កម្ពស់​គុណភាព ​និង​សមធម៌​សុខាភិបាល​ ដំណាក់​កាលទី​២ ​ ប៉ុន្តែ​មិន​ទាន់​អាច​ទាក់​ទងបាន​នៅ​ឡើយ​ទេ។​

លោក ​លីវ ដាច់មុនី ​បុគ្គលិក​មណ្ឌល​សុខ​ភាព​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ប្រាប់​វីអូអេ​ថា​ បញ្ហា​មិន​ប្រក្រតី​ទាំង​អស់​នេះ​បាន​កើត​ឡើង​ជា​យូរមក​ហើយ​ បើ​ទោះ​ជា​វា​បាន​ប្តូរ​រូបភាព​ផ្សេងៗ​គ្នា។ ​បុគ្គលិក​រូប​នេះ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ និង​ចាត់​ទុក​ថា នេះ​ជា​ការ​ប្រព្រឹត្ត​ខុស​ពី​គោល​ការណ៍​របស់​រដ្ឋាភិបាល។​

លោក​ថ្លែង​ថា៖ ​«បើ​បច្ចុប្បន្ន​តាម​លិខិត​ដែល​ខ្ញុំ​បាន​អាន​ វា​គ្រាន់​តែ​ប្តូរ​រូបភាព​ទេ​ រូប​ភាព​ពី​ជំហាន​មួយទៅ​ជំហាន​ផ្សេង។​ វា​បែក​ទៅ​ជា​ទម្រង់​ផ្សេងៗ។ ​ប៉ុន្តែ​ក្នុង​រូប​ភាព​កេង​បន្លំ​ដដែល។​ ខ្ញុំ​មាន​អារម្ម​ណ៍​ថា​ ជា​ការ​កេង​បន្លំ»។​

ប្រជាពលរដ្ឋ​ចូល​រួម​ពិធី​កាត់ខ្សែ​បូរនៅ​មជ្ឈមណ្ឌល​សុខភាព​ក្រគរ ក្នុង​ខេត្ត​ពោធិ៍​សាត់​ ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៤ ខែ សីហា ឆ្នាំ ២០១៨។(ទុំ ម្លិះ/VOA)
ប្រជាពលរដ្ឋ​ចូល​រួម​ពិធី​កាត់ខ្សែ​បូរនៅ​មជ្ឈមណ្ឌល​សុខភាព​ក្រគរ ក្នុង​ខេត្ត​ពោធិ៍​សាត់​ ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៤ ខែ សីហា ឆ្នាំ ២០១៨។(ទុំ ម្លិះ/VOA)

លោក​បន្ថែម​ថា៖ ​«ប៉ុន្តែ​ដើម្បី​អាចលុប​បំបាត់​បញ្ហា​ទាំង​នោះ​ទាំង​ស្រុង​បាន ​មាន​តែការ​ធ្វើ​អធិការ​កិច្ច​ល្អ​ មាន​ន័យ​ថា​ អធិការ​កិច្ច​នោះ​កុំប្រាប់​ដំណឹង​ដើម្បី​រៀបចំ​ឱ្យល្អ​មើល​ គ្រាន់​តែ​មក​គម្រប់​ទេ។ ​អធិការ​កិច្ច​នោះ​ឱ្យ​ស៊ី​ជម្រៅ ​និង​មាន​ស្មារតី​ចូល​រួម​ទាំង​អស់​គ្នា​ ទើប​ផល​ប្រយោជន៍​ទាំង​អស់​នោះ​បាន​ទៅ​ដល់​ដៃ​ប្រជា​ពល​រដ្ឋ​ពិតៗ ​ហើយ​នឹង​លុប​បំបាត់​បាន​នូវ​មន្ត្រី​ដែល​មាន​គំនិត​អាត្មា​និយម»។​

លោក ​ក្រុស សារ៉ាត់ ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប ​ប្រាប់​វីអូអេ​ថា​ នៅ​ក្នុង​ខេត្ត​របស់​លោក​មិន​មាន​ភាព​មិន​ប្រក្រតី​នេះ​កើត​ឡើង​ឡើយ។​

ចំណែក​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ​លោក ​យង់ គិមអេង ​ថ្លែង​ថា ​បញ្ហា​អំពើ​ពុក​រលួយ​នៅ​ក្នុង​វិស័យ​សុខាភិបាល​នេះ​ មិន​មែន​ជា​រឿង​ថ្មី​ឡើយ ​និង​ថា ​ការ​ស្រាវជ្រាវ​របស់​ស្ថាប័ន​ពាក់ព័ន្ធ​កន្លង​មក​នៅ​មាន​កម្រិត។ ​អ្នក​តាម​ដាន​រូប​នេះ​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​ចំពោះ​ជន​ណា​ដែល​ប្រព្រឹត្ត​ខុស​គោល​ការណ៍​របស់​រដ្ឋាភិបាល។​
លោក​បញ្ជាក់​ថា៖ ​«សំខាន់​បំផុត​គឺ​ទាល់​តែ ​បើ​សិន​ខុស​គឺដាក់​ទោស​ទណ្ឌ​គាត់​ឱ្យ​ច្បាស់​លាស់​ ជាក់​ស្តែង​ទៅ​តាម​បញ្ញត្តិ​នៃ​ច្បាប់​ទៅ ​ថ្ងៃក្រោយ​លែង​មាន​នរណា​ហ៊ាន​ហើយ។ ​អ៊ីចឹង​ខ្ញុំ​ថា ​វា​ដល់​ពេល​ហើយ​ដែល​យើង​កែ​សង្គម​យើង​ឱ្យ​វា​ល្អ​និង​ឱ្យ​មាន​តម្លាភាព»។​

គួរ​បញ្ជាក់​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​បណ្ណ​ក្រីក្រ​ដល់​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​ ដើម្បី​ឱ្យ​ពួក​គេ​អាច​ប្រើប្រាស់​សេវា​សុខាភិបាល​នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ ​និង​មណ្ឌល​សុខភាព ​ដោយ​មិន​គិត​ថ្លៃ៕

XS
SM
MD
LG