ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​ក្រើន​រំឭក​ពលរដ្ឋ​​ឱ្យ​បន្ត​ប្រុង​ប្រយ័ត្ន​នឹង​ជំងឺ​កូវីដ១៩​


រូប​ឯកសារ៖ អ្នក​ទេសចរ​​​នៅ​តំបន់​អ៊ូអរ​នៃ​សង្កាត់​ក្រុង​ចិន (Chinatown) ក្នុង​រាជធានី​បាងកក​ ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២៣ ដោយ​អ្នក​ទេសចរ​ខ្លះ​ពាក់​ម៉ាស់​បង្ការ​ជំងឺ​កូវីដ១៩។
រូប​ឯកសារ៖ អ្នក​ទេសចរ​​​នៅ​តំបន់​អ៊ូអរ​នៃ​សង្កាត់​ក្រុង​ចិន (Chinatown) ក្នុង​រាជធានី​បាងកក​ ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២៣ ដោយ​អ្នក​ទេសចរ​ខ្លះ​ពាក់​ម៉ាស់​បង្ការ​ជំងឺ​កូវីដ១៩។

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ក្រើន​រំឭក​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​នឹង​វីរុស​ជំងឺ​កូវីដ១៩ ​បន្ទាប់​ពី​មាន​ករណីផ្ទុះ​ឡើង​ថ្មី​នៅ​ប្រទេស​ជិត​ខាង។​ ប៉ុន្តែអ្នក​ជំនាញ​មើល​ឃើញ​ថា ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ហាក់​លែង​ខ្វល់​ពី​ការ​រាតត្បាត​នៃ​ជំងឺ​បំផ្លាញ​ផ្លូវ​ដង្ហើម​មួយ​នេះ​ត​ទៅ​ទៀត​ហើយ។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​យោង​តាម​អត្ថបទ​របស់​សារ​ព័ត៌មាន​បាងកក​ប៉ុស្ដិ៍​ដែល​ផ្សាយ​អំពី​មន្ទីរ​ពេទ្យ​មួយ​នៅ​ប្រទេស​ថៃ​បាន​ប្រកាស​ថា​ ខ្លួន​មិន​អាច​ទទួល​យក​អ្នក​ជំងឺ​កូវីដ១៩​ទៀត​ទេ ​ដោយ​សារ​តែ​អស់​គ្រែសម្រាប់​អ្នក​ជំងឺ​កូវីដ១៩​ធ្ងន់ធ្ងរ។​

ក្រសួង​សុខាភិបាល​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​ឧសភា​ បាន​ចាប់​ផ្តើម​ក្រើន​រំឭក​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ​និង​អនុវត្ត​វិធាន​ការ​សុខាភិបាល ​ដូច​ជា​ពាក់​ម៉ាស់​ និង​រក្សា​គម្លាត​ពី​គ្នា។ ក្រសួង​បញ្ជាក់​ថា ​ការ​កើន​ឡើង​នូវ​ករណី​ឆ្លង​នៅ​តាម​បណ្ដា​ប្រទេស​ជិត​ខាង ​និង​នៅ​លើ​ពិភពលោកជា​សញ្ញា​បង្ហាញ​ថា​ ជំងឺ​កូវីដ១៩ ​«មិន​ទាន់​ទៅ​ណា​ឆ្ងាយ​នៅ​ឡើយ​ទេ»។​

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​រាជ​ធានី​ភ្នំពេញ​ប្រាប់​វីអូអេ​ថា​ ពួកគេ​លែង​ខ្វល់​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩​តទៅ​ទៀត​ហើយ។​

លោក ​សុខ មឿន ​អាយុ​៥៣​ឆ្នាំ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​ កូវីដ១៩​មិន​ធ្វើ​ឱ្យ​លោក​មាន​ការ​ភ័យ​ខ្លាច​ទៀត​ទេ ​ព្រោះលោក​មិន​សូវ​បាន​ឃើញ​ការ​ចុះ​ផ្សាយ​ថា​ មាន​អ្នក​កើត​ជំងឺ​កូវីដ​ច្រើន​ដូច​មុន​ឡើយ។​
លោក​ថ្លែង​ថា៖ ​«ដូច​ខ្ញុំ​ ទៅ​កន្លែង​ណា​ ទី​ប្រជុំជន​អី​លែង​ពាក់​ម៉ាស់ ​ពាក់​អី​អស់​ហើយ»។​

ពលរដ្ឋ​ម្នាក់​ទៀត ​លោក ​អឿ សុគ្រី​ អាយុ​៥២​ឆ្នាំ ​ប្រាប់​វីអូអេ​ថា​ ជំងឺ​កូវីដ១៩​ហាក់​ស្ងប់​ស្ងាត់​ដែល​មិន​បង្ក​ជា​ក្តី​បារម្ភ​ដូច​មុន​ទៀត​ទេ។ ​ប៉ុន្តែ​លោក​បារម្ភ​ថា កូវីដ១៩​ផ្ទុះ​ឡើង​ទៀត​ដែល​វា​នឹង​ប៉ះ​ពាល់​ដល់​ជីវភាព​របស់​លោក។​

លោក​ថា៖​ «វា​នៅ​តែ​មាន ​អ៊ីចឹងនៅ​តែ​បារម្ភ​ថា​មាន​កូវីដ​អ៊ីចឹង។ ​តែ​បើ​សិន​ជា​កើត​ទៀត​ វា​ពិបាក​ក្នុង​ការ​រក​ស៊ី​ ការ​រស់​នៅ។​ ធម្មតា​យើង​ជំងឺ​អ្វី​មួយ​តែង​តែ​ខ្លាច»។

អ្នក​ដំណើរ​ជិះ​ស៊ីក្លូ​ម្នាក់ ​អ្នក​ស្រី ​អ៊ូ សាវិន ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩​ចំនួន​៣​ដូស​រួច​មក​ហើយ ​លើក​ឡើងពី​ការ​ព្រួយ​បារម្ភ​អំពី​ជំងឺ​នេះ ​ដូច​នេះ​អ្នក​ស្រី​តែង​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជានិច្ច។​
អ្នកស្រី​ថ្លែង​ថា៖ ​«ដល់​អ៊ីចឹង​ហើយ​ប្រយ័ត្ន​ប្រយែង​ទាំង​អស់​គ្នា​ណា៎ ​ដើម្បី​សេចក្តី​សុខ។ ​អ៊ំ​ចាស់​ហើយ ​ក៏​ខ្លាច​ដែរ​ ដើរ​តែ​វាងៗ​ទេ ​ឥឡូវ​នេះ»។​

លោក​វេជ្ជ​បណ្ឌិត ​អ៊ូច វុទ្ធី ​ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណធម៌​កម្ពុជា ​កត់​សម្គាល់​ថា​ប្រជា​ពលរដ្ឋមិន​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​កូវីដ១៩​ មិន​ថា ​នៅ​ជន​បទ​ ឬ​ទីក្រុង​ទ្បើយ​ ដោយ​មិន​ពាក់​ម៉ាស់ ​ឬ​មិន​ការ​ពារ​ខ្លួន​ដូច​មុន​ ដោយ​សារ​អាង​បាន​ចាក់​វ៉ាក់សាំង​ និង​មិន​សូវ​ឃើញ​មាន​អ្នក​ស្លាប់​ដោយ​សារ​កូវីដ១៩​ច្រើន​ដូច​មុន។ ​លោក​អំពាវ​នាវ​ឱ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ កុំ​មើល​ស្រាល​សភាព​ជំងឺ​នេះ។​

លោក​បន្ត​ថា៖ ​«ក៏​ប៉ុន្តែ​យើង​ខាង​សុខាភិបាល ​ក៏ដូច​ជា​ក្រសួង​សុខាភិបាល​ ដូច​មន្ទីរ​សុខាភិបាល​បាន​ឃោសនា​ប្រាប់​គាត់​ឱ្យ​ចេះ​ប្រុង​ប្រយ័ត្ន​ ពេល​ណា​មាន​ការ​ប្រមូល​ផ្តុំ​ខ្លាំង​ ក្រែង​លោ​វា​មាន​មេរោគ​អី​ថ្មី​ចូល​មក។ ​អ៊ីចឹង​វា​មិន​មែន​ថា​ តែ​កូវីដ​ទៅ​ជា​រឿង​អី​ផ្សេង។​ កន្លែង​ហ្នឹង​ហើយ​ឱ្យ​គាត់​ចេះ​ប្រុង​ប្រយ័ត្ន​ ព្រោះ​ថា​ ជំងឺ​នៅ​លើ​ពិភព​លោក​នេះ​សុទ្ធ​តែ​ជា​ជំងឺ​ឆ្លង​ទាំង​អស់»។​

គួរ​បញ្ជាក់​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​លុប​ចោល​វិធាន​ការ​តឹងរ៉ឹង​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ​ដូច​ជា​ការ​មិន​តម្រូវ​ឱ្យ​ពាក់​ម៉ាស់ ​និង​អនុញ្ញាត​ឱ្យ​មាន​ការ​ជួប​ជុំ​គ្នាទ្រង់ទ្រាយ​ធំ ​ដោយ​មិន​តម្រូវ​ឱ្យធ្វើ​តេស្ត​រក​វីរុស​កូវីដ១៩៕​

XS
SM
MD
LG