ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំងឺ​ទទូច​ឱ្យ​ក្រសួង​សុខា​ភិបាល​មាន​វិធាន​ការ​ក្នុង​ការ​បើក​មន្ទីរ​សម្រាក​ព្យាបាល​ក្តី​សង្ឃឹម​ឡើង​វិញ


កង់បីឥណ្ឌាមួយបានចតនៅពីមុខមន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្តីសង្ឃឹម នៅលើមហាវិថីកម្ពុជាក្រោម ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
កង់បីឥណ្ឌាមួយបានចតនៅពីមុខមន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្តីសង្ឃឹម នៅលើមហាវិថីកម្ពុជាក្រោម ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ជា​រៀង​រាល់​ថ្ងៃ ​អ្នក​ជំងឺ​រាប់​រយ​នាក់​បាន​ធ្វើ​ដំណើរ​ពី​គ្រប់​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា​មក​កាន់​មនី្ទរ​សម្រាក​ព្យាបាល​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដែល​មានឈ្មោះ​ថា មន្ទីរ​សម្រាក​ព្យាបាល​មិត្តភាព​នៃ​ក្តី​សង្ឃឹម (Center of Hope Friendship Clinics)។

មន្ទីរ​ពេទ្យ​នេះ​ត្រូវ​បាន​អ្នកជំងឺ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ជា​ច្រើន​នាក់​អះ​អាង​ថា ជា​មន្ទីរ​ពេទ្យ​ដែល​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ និង​មាន​វិជ្ជា​ជីវៈ​ត្រឹម​ត្រូវ​ក្នុង​ការ​ព្យាបាលអ្នកជំងឺ ជា​ពិសេសមនុស្ស​វ័យ​ចំណាស់។ ពួកគេ​ទាំង​នោះ​រៀប​រាប់​ថា គ្រូពេទ្យ​នៅ​ក្នុង​ទី​នោះ​សុទ្ធ​តែ​មាន​ជំនាញ​ច្បាស់​លាស់ ស្រប​ពេល​ដែលតម្លៃ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ក៏​សមរម្យ​ ជាង​មន្ទីរពេទ្យ​រដ្ឋ ឬ​ឯកជន​ដទៃ​ទៀត។

«ប្រសិន​បើ​យើង​ប្រៀប​ធៀប​ទៅ ​ពេទ្យ​មិត្តភាព​មណ្ឌល​នៃ​ក្តី​សង្ឃឹម​ហ្នឹង​គាត់​ផ្តល់​សេវា​បាន​ល្អ​មែន​ទែន ពីព្រោះ​ដោយ​សារ​អី​ពេល​ទៅ​ម្តងៗ​ពេទ្យ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ជំងឺ​របស់​ម្តាយ​ខ្ញុំ ហើយ​មើល​ទៅ​គាត់​មាន​វិជ្ជា​ជីវៈ គាត់​មាន​ជំនាញ​ច្បាស់​លាស់​ត្រឹម​ត្រូវ ហើយ​ក៏​តាម​ដាន​សួរ​នាំ​ល្អិត​ល្អន់​ដែរ មុន​គេ​ចេញ​ថ្នាំ​ឱ្យ»។

នេះ​ជា​សម្តី​របស់​អ្នកស្រី អ៊ុំ វណ្ណា អាយុ ៣០ ឆ្នាំ ដែល​បាន​នាំ​ម្តាយ​ទៅទទួល​ការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​មិត្តភាព​មណ្ឌល​នៃ​ក្តី​សង្ឃឹមជាង​ ១០ ឆ្នាំ​មក​ហើយ។ អ្នកស្រី​ថា​ អ្នកស្រី​ធ្លាប់​បាន​នាំ​ម្តាយ​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ និង​ឯកជន​ជា​ច្រើន​កន្លែង​ ក៏​ប៉ុន្តែ​អាការៈ​ម្តាយ​អ្នកស្រី​នៅ​តែ​មិន​ទាន់​ធូរ​ស្បើយ​ រហូត​ដល់​ពេល​អ្នកស្រី​នាំ​ម្តាយ​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​មិត្តភាព​មណ្ឌល​នៃ​ក្តី​សង្ឃឹម​ ទើប​ស្ថានភាព​ម្តាយ​អ្នកស្រី​មាន​ភាព​ប្រសើរ​ជាង​មុន។

អ្នកស្រី​ថ្លែង​ថា៖ «មុន​នឹង​ស្គាល់​ពេទ្យ​ហ្នឹង​ ជាក់​ស្តែងខ្ញុំ​នាំ​គាត់​ទៅ​ពេទ្យ​ឯកជន ពេទ្យ​រដ្ឋ​ផ្សេង​ ២-៣ដែរ ប៉ុន្តែ​វា​អត់​ធូរ​ស្រាល ហើយ​ក៏​លុយ​ច្រើន​ដែរ ព្រោះ​ជាក់​ស្តែង​អី​ពេទ្យ​ឯកជន​ផ្សេង​ក៏​គេ​យក​ថ្លៃ ប៉ុន្តែ​រឿង​ប្រសិទ្ធភាព​អី ​ក៏​វា​មិន​មាន​ភាព​ធូរ​ស្រាល។ អ៊ីចឹង​ក៏​មាន​មិត្តភកិ្ត​ម្នាក់​ គាត់​ណែនាំ​ទៅ​ពេទ្យ​មណ្ឌល​នៃ​ក្តី​សង្ឃឹម​ហ្នឹង​ទៅ ក៏​បាន​ទៅ​ព្យាបាល​នៅ​ហ្នឹង​រហូត​មក​ដល់​បច្ចុប្បន្ន ក៏​មាន​ការ​ធូរ​ស្រាល​រហូត​ ព្រោះ​ជាក់​ស្តែង​កាល​ដែល​ពេល​ខ្ញុំ​នាំ​ម៉ែ​ខ្ញុំ​ទៅ​ហ្នឹង​ គាត់​ឈឺ​សម្រាន្ត​នៅ​កន្ទេល ​ដើរ​មិន​រួច​ផង​ហ្នឹង ដល់​ពេល​បាន​ព្យាបាល​នៅ​ពេទ្យ​ហ្នឹង​ទៅ​ ក៏​ត្រូវ​ហើយ​បាន​ធូរ​ស្រាល​សឹង​ថា​ជា ១០០​ភាគ​រយ»។

ចំណែក​ឯ​លោក ទូច តូ អាយុ ៣៤ ឆ្នាំ ប្រជា​ពលរដ្ឋ​ម្នាក់​មក​ពី​ក្រុង​តាខ្មៅ លើក​ឡើង​ថា​ លោក​បាន​នាំ​មា្តយ​ទៅ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​សម្រាក​ព្យាបាល​មិត្ត​ភាព​នៃ​ក្តី​សង្ឃឹម​តាំង​ពី​ឆ្នាំ​ ២០១៥ ដោយ​មើល​ឃើញ​ថា ​គ្រូ​ពេទ្យ​មាន​ភាព​រាក់​ទាក់​ យក​ចិត្ត​ទុក​លើ​អ្នក​ជំងឺ។ លោក​ប្រាប់​វីអូអេ​ថា ស្ថាន​ភាព​ជំងឺ​ម្តាយ​របស់​លោក​ក៏​មាន​ភាព​ប្រសើរ​ជាង​មុន ក្រោយ​ពី​បាន​ទទួល​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​ទីនោះ។

លោក​ថ្លែង​ថា៖ «ហើយ​ពេល​ដែល​ម៉ាក់​ខ្ញុំ​ជួយ​សង្គ្រោះ​បន្ទាន់​ម្តងៗ គឺ​ពេទ្យ​មក​ទាំង​ហ្វូង​ហ្មង​អត់​មាន​គិត​អី​គឺ​គាត់​មក​ជួយ​ម៉ាក់​ខ្ញុំ​ហ្មង ដូច​កាល​ពេល​ដែល​ម៉ាក់​ខ្ញុំ​កំពុង​អង្គុយ​ពិនិត្យៗ​អ៊ីចឹង​ គាត់​អត់​ស្រួល​ខ្លួន​នៅ​ចាំ​បើក​ថ្នាំ​អ៊ីចឹង នៅ​ពេល​ដែល​គាត់​ឈាម​ឡើង​ ១៧-១៨ អី​ទៅ​ចាប់​ផ្តើម​អត់​ស្រួល​ខ្លួន ដុកទ័រ​គឺ​គេ​នាំ​ម៉ែ​ទៅ​សង្គ្រោះ​បន្ទាន់​ហ្មង​អត់​មាន​ថា​សួរ​យើង​ចេះ សួរ​យើង​ចោះ​ទេ ឱ្យ​តែ​ឃើញ​អាការៈ​គាត់​កើត​អី​គាត់​គេ​ទៅ​ជួយ​គាត់​ភ្លាម​ហ្មង»។

ក៏​ប៉ុន្តែ កាលពី​ដើម​ខែ​ឧសភា​នេះ មន្ទីរ​សម្រាក​ព្យាបាល​មិត្តភាព​នៃ​ក្តី​សង្ឃឹម​នេះ ត្រូវបាន​ក្រសួង​សុខាភិបាល​ចេញ​បទ​បញ្ជា​ឱ្យ​បិទ​ដំណើរការ​ ក្រោម​ហេតុផល​ថា មិន​មាន​វេជ្ជបណ្ឌិត​ឈរ​ឈ្មោះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​និង​អវត្តមាន​ប្រចាំ​ការ ហើយ​មិន​បាន​ផ្ញើ​របាយការណ៍​អំពី​សកម្ម​ភាព​ព្យាបាល​អ្នក​ជំងឺ​ជា​ប្រចាំ​មក​កាន់​នាយក​ដ្ឋាន​ជំនាញ​នៃ​ក្រសួង និង​មិន​អនុវត្ត​តាម​ច្បាប់​ស្តី​ពី​ការគ្រប់​គ្រង​លើ​ការប្រកប​វិជ្ជាជីវៈ​របស់​ក្រសួង​សុខា​ភិបាល។ សម្រាប់​អ្នក​ដែល​ធ្លាប់​មាន​សមាជិក​ក្រុមគ្រួសារ​ទទួលបាន​សេវា​ព្យាបាល​ជំងឺ​ពី​មន្ទីរសម្រាក​ព្យាបាល​ជំងឺ​នេះ ​ដូចជា​អ្នកស្រី អ៊ុំ វណ្ណា និង​លោក ទូច តូ ពួកគេ​បាន​ចាត់ទុក​ចំណាត់ការ​នេះ​ថា «អយុត្តិធម៌» ហើយ​បាន​អំពាវនាវ​ឱ្យ​មន្ទីរ​ពេទ្យ​នេះ​បាន​ដំណើរការ​ឡើង​វិញ។

សន្តិសុខម្នាក់បានកំពុងអង្គុយនៅផ្នែកខាងក្រោយនៃមន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្តីសង្ឃឹម នៅលើមហាវិថីកម្ពុជាក្រោម ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
សន្តិសុខម្នាក់បានកំពុងអង្គុយនៅផ្នែកខាងក្រោយនៃមន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្តីសង្ឃឹម នៅលើមហាវិថីកម្ពុជាក្រោម ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ក្រសួង​សុខា​ភិបាល​បាន​បង្ហោះលើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យា​បាល​មិត្តភាព​ចតុមុខ មន្ទីរ​សម្រាក​ព្យា​បាល​មិត្តភាព​មណ្ឌល​នៃ​ក្តី​សង្ឃឹម និង​មន្ទីរ​សម្រាក​ព្យាបាល​ពោធិ៍ចិនតុង​របស់​ក្រុម​ហ៊ុន Center of Hope Friendship Clinics Co., Ltd។

ទាំង​អ្នកស្រី អ៊ុំ វណ្ណា និងលោក ទូច តូ សុទ្ធ​តែ​បាន​លើក​ឡើង​ដូច​គ្នា​ថា ក្រោយ​ក្រសួង​សុខា​ភិបាល​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​មតិ្តភាព​មណ្ឌល​នៃ​ក្តី​សង្ឃឹម ពួកគេ​មិន​ទាន់​ដឹង​ថា​ នឹង​នាំ​ម្តាយ​ដែល​កំពុង​មាន​ជំងឺ​ទៅ​បន្ត​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ណា​មួយ​ឡើយ​។

លោក ទូច តូ បាន​ប្រាប់​វីអូអេ​ថា នៅ​ពេល​ដែល​លោក​បាន​ខល​សួរ​ទៅ​កាន់​មន្ទីរ​សម្រាក​ព្យាបាល បុគ្គលិក​នៅ​ទី​នោះ​បាន​ប្រាប់​លោក​ថា​ឱ្យ​យក​សំបក​ថ្នាំ​ដែល​បាន​បើក​ជូន​ម្តាយ​លោក​ពី​មុនៗ ទៅ​ទិញ​នៅ​តាម​កន្លែង​លក់​ថ្នាំ​ពេទ្យ​ជា​បណ្តោះ​អាសន្ន​សិន​ ពីព្រោះ​តែ​ខាង​គ្លីនិក​កំពុង​ស្វែង​រក​វិធី​ដោះ​ស្រាយ​ជាមួយ​ក្រសួង​សុខា​ភិបាល។

លោក​ថ្លែង​ថា៖ «ឥឡូវ​ខ្ញុំ​អត់​ដឹង​ថា​ទៅ​ពេទ្យ​ណា​ទៀត​ទេ ពេល​ឥឡូវ​នេះ​ថ្នាំ​ម៉ាក់​ខ្ញុំ​ក៏​ជិត​អស់​ទៀត ពេល​ដែល​ខ្ញុំ​បើក​មក​វា​នៅ​សល់។ ខ្ញុំ​ខល​សួរ​ពេទ្យ ពេទ្យ​ថា​ដោះ​ស្រាយ​គាត់​ថា​ឱ្យ​យក​សំបក​ថ្នាំ​ហ្នឹង​ទិញ​ថ្នាំ​ក្រៅ​ញុំា​សិន ឥឡូវ​គាត់​កំពុង​តែ​ដោះ​ស្រាយ ប៉ុន្តែ​ឃើញ​ដោះ​ស្រាយ​អត់​ចេញ»។

ទោះ​ជា​យ៉ាង​ណា​ក្តី អ្នកស្រី​ អ៊ុំ វណ្ណា បាន​លើក​ឡើង​ថា ចំណាត់ការ​នេះ​ជា​រឿង​ដែល​អយុត្តិធម៌​យ៉ាង​ខ្លាំង​ចំពោះ​មន្ទីរ​ពេទ្យ​ដែល​មាន​ជំនាញ​ច្បាស់​លាស់ មាន​ការ​ពិនិត្យ​ព្យាបាល​ត្រឹម​ត្រូវស្រប​តាម​វិជ្ជា​ជីវៈ និង​មាន​តម្លៃ​សមរម្យ​បែរ​ជា​ត្រូវ​បាន​បិទ​ ខណៈ​មនី្ទរ​ពេទ្យ​ដែល​ធ្វេស​ប្រហែល​បង្ក​ឱ្យ​បាត់​បង់​អាយុ​ជីវិត​អ្នក​ជំងឺ​នៅ​បន្ត​ដំណើរ​ធម្មតា។

អ្នកស្រី​ថ្លែង​ថា៖ «គ្លីនិក​ដែល​មិន​ល្អ​ដែល​គាត់​ធ្វើ​ឱ្យ​មាន​ការ​ស្លាប់​អ្នក​ជំងឺ ឬ​ក៏​ធ្វេស​ប្រហែស​បែរ​មិន​មាន​វិជ្ជា​ជីវៈ​ច្បាស់​លាស់​បែរ​ជា​នៅ​បន្ត​ដំណើរ​ការ​រហូត​ដល់​បច្ចុប្បន្ន វា​អយុត្តិធម៌​សម្រាប់​ពេទ្យ​ដែល​ល្អ​បិទ បែរ​ជា​មក​ត្រូវ​បិទ​វិញ។ ហើយ​អាច​ថា​ប្រជា​ពលរដ្ឋ​ក៏​គាត់​ខក​ចិត្ត​ដែល​ខាង​ក្រសួង​គាត់​ប្រកាស​បិទ ដែល​ប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់​គាត់​ទៅ​ព្យាបាល ហើយ​នៅ​តែ​ចង់​ឱ្យ​មន្ទីរ​ពេទ្យ​ហ្នឹង​បន្ត​ដំណើរ​ការ​រហូត​ដល់​ឥឡូវ»។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុមហ៊ុន​ Center of Hope Friendship Clinics ស្តី​ពី​ការ​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ទាំង​បីទីតាំង​ ដែល​ត្រូវបាន​ចេញ​ផ្សាយ​កាលពីថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៣ បាន​ឱ្យ​ដឹង​ថា មន្ទីរ​សម្រាក​ព្យាបាល​ទាំង​បី​នេះ​បាន​បើក​ដំណើរ​ការ​ស្រប​ច្បាប់​តាំង​ពី​ឆ្នាំ​ ២០២១ ហើយ​បាន​ព្យាបាលអ្នក​ជំងឺ​ជាង ៩ ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ ឱ្យ​ទទួល​បាន​ការ​ថែ​ទាំ​សុខភាព​ដែល​មាន​គុណ​ភាព​ល្អ និង​តម្លៃ​សមរម្យ។

សេចក្តី​ថ្លែង​ការណ៍​ដដែល​នោះ​ក៏​បញ្ជាក់​បន្ថែម​ថា មន្ទីរ​ពេទ្យ​ទាំង​បី​ទីតាំង​ដែល​ក្រសួង​សុខា​ភិបាល​បាន​បិទ​ មិន​ត្រូវបាន​ទទួល​បាន​ការ​ព្រមាន ឬ​វិធានការ​ណា​មួយ​ជា​ផ្លូវ​ការ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច មុន​ពេល​មាន​សេចក្តី​សម្រេច​ការ​បិទ និង​ដក​ហូត​អាជ្ញាបណ្ណ​មិន​ឱ្យ​ដំណើរ​ការ​មន្ទីរ​សម្រាក​ព្យាបាល​ឡើយ។

ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណធម៌​កម្ពុជា​លោក អ៊ូច វុទ្ធី លើក​ឡើង​ថា គណៈ​គ្រប់​គ្រង​មន្ទីរ​សម្រាក​ព្យាបាល​ទាំងបី​ គួរ​ស្នើ​ឱ្យ​ក្រសួង​សុខា​ភិបាល​គួរ​មាន​ការ​បញ្ជូន​មន្រ្តី​ជំនាញ​ត្រួត​ពិនិត្យ​ច្បាស់​លាស់ ហើយ​ធ្វើ​ការ​ណែ​នាំ​ និង​កំណត់​នីតិ​វិធី​ឱ្យ​បាន​ត្រឹម​ត្រូវ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ឱ្យ​មាន​ការ​កែ​ប្រែ ប្រសិន​ជា​ក្នុង​ករណី​មន្ទីរ​ពេទ្យ​បាន​ប្រព្រឹត្ត​អ្វី​មួយ​ខុស។

លោក​ថ្លែង​ថា៖ «អា​ហ្នឹង​គួរ​ណា​តែ​ខាង​ក្រសួង ខាង​អាជ្ញា​ធរ​ដែល​ពាក់​ព័ន្ធ​ហ្នឹង​ចុះ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ត្រឹម​ត្រូវ ហើយ​ធ្វើ​ច្បាប់​ឱ្យ​គាត់​ឱ្យ​បានត្រឹម​ត្រូវ ទាំង​ក្រម​សីល​ធម៌​គ្រូ​ពេទ្យ ទាំង​គ្រូ​ពេទ្យ​ដែល​ឈរ​ឈ្មោះ​ជា​នាយក​កន្លែង​ហ្នឹង​ត្រូវ​នៅ​ប្រចាំ​ការ ២៤ ម៉ោង​យ៉ាង​ម៉េច​អា​ហ្នឹង​ត្រូវ​ឱ្យ​ក្រសួង​គេ​ដាក់​វិធាន​ការ​ឱ្យ​បាន​ច្បាស់។ ហើយ​ត្រូវ​ផ្សាយ​ជា​សាធារណៈ​ឱ្យ​បាន​បង​ប្អូន​ប្រជា​ពលរដ្ឋ​យើង​បាន​ដឹង កុំ​ឱ្យ​មាន​ចម្ងល់​បិទ​ដោយ​សារ​អី បើក​ដោយ​សារ​អី»។

លោក​បន្ថែម​ថា គី្លនីក​ទាំង​អស់​គួរ​ណា​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ក្រម​សីល​ធម៌​ វិជ្ជា​ជីវៈ​ក្នុង​នាម​ជា​គ្រូ​ពេទ្យ​ និង​ទទួល​ខុស​ត្រូវ​ចំពោះ​អ្នក​ជំងឺ​នៅ​ពេល​ដែល​ពួក​គេ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខ្លួន​។ លោក​បន្ត​ថា ក្រសួង​សុខា​ភិបាល​គួរ​ពង្រឹង​ការ​បណ្តុះ​បណ្តាល​ជំនាញ​បន្ថែម​ទៅ​កាន់​ក្រុម​គ្រូ​ពេទ្យ ដូច​ជា​ការ​បញ្ជូន​ពួក​គេ​ទៅ​សិក្សា​បន្ថែម​នៅ​បរទេស ដើម្បី​យក​បទ​ពិសោធន៍​ទាំង​នោះ​មក​អភិវឌ្ឍន៍​លើ​វិស័យ​សុខា​ភិបាល​ក្នុង​ប្រទេស​កម្ពុជា។

លោក​ថ្លែង​ថា៖ «ហើយ​ឱ្យ​គាត់​សិក្សា​ផ្នែក​សុខភាព​ហ្នឹង​ពី​ប្រទេស​ខាង​ក្រៅ​តើ​គេ​ធ្វើ​យ៉ាង​ម៉េច​ខ្លះ​ដើម្បី​ជា​គំរូ​ដល់​យើង។ នេះ​ជា​រឿង​មួយ​ត្រូវ​ការ​ដុះ​ខាត់​បុគ្គល​ទាំង​អស់​មិន​មែន​ថា​តែ​ខ្ញុំ ឬ​មួយ​អ្នក​ផ្សេង​ទេ​ត្រូវ​ការ​រៀប​ចំ​ទាំង​អស់ តាំង​ពី​បាត​គ្រឹះ​ទៅ​ដល់​កំពូល​ហ្នឹង​បាន​យើង​ទៅ​រួច»។

តារាងសេវាកម្មព្យាបាលជំងឺរបស់មន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្តីសង្ឃឹម នៅលើមហាវិថីកម្ពុជាក្រោម ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
តារាងសេវាកម្មព្យាបាលជំងឺរបស់មន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្តីសង្ឃឹម នៅលើមហាវិថីកម្ពុជាក្រោម ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

វីអូអេ​មិន​អាច​សុំ​ការ​អធិប្បាយ​ពី​អ្នកស្រី​ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខា​ភិបាល​បាន​នៅ​ឡើយ​ទេ។

វីអូអេ​ក៏​មិន​អាច​សុំ​ការ​អធិប្បាយ​ពីគណៈ​គ្រប់គ្រង​នៃ​មន្ទីរ​សម្រាក​ព្យាបាល​ទាំង​បី​នោះ​បាន​នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ​បុគ្គលិក​ពេទ្យ​ម្នាក់​ដែល​បម្រើ​ការ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​មិត្តភាព​មណ្ឌល​នៃ​ក្តី​សង្ឃឹម​ បាន​ប្រាប់​វីអូអេ​ដោយ​លាក់​អត្តសញ្ញាណ​ថា ខ្លួន​មិន​បាន​ដឹង​មូល​ហេតុ​ស៊ី​ជម្រៅ​ឡើយ ​ជុំវិញ​ការ​បិទ​មន្ទីរសម្រាក​ព្យាបាល​នេះ។ បុគ្គលិក​ពេទ្យ​នោះ​បន្ថែម​ថា ថ្នាក់​ដឹក​នាំ​មន្ទីរ​ពេទ្យ​បាន​យក​ចិត្ត​ទុក​ដាក់លើ​បុគ្គលិក និង​អ្នក​ជំងឺ​ផ្សេងៗ​ទៀត​បាន​យ៉ាងល្អ។ រូប​ខ្លួន​មាន​ការ​សោក​ស្តាយ​ជា​ខ្លាំង ​នៅ​ពេល​ដែល​ដឹងបាន​ថា​កន្លែង​ដែល​កំពុង​បម្រើ​ការងារ​ត្រូវ​បាន​ក្រសួង​សុខា​ភិបាល​សម្រេច​ឱ្យ​បិទ​លែង​ដំណើរ​ការ​នោះ។

ទោះ​ជា​យ៉ាង​ណា​ក្តី ក្រោយ​ពី​សេចក្តី​សម្រេច​របស់​ក្រសួង​សុខាភិបាល​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី១២ ខែឧសភា មន្ទីរ​សម្រាក​ព្យាបាល​មិត្តភាព​នៃ​ក្តី​សង្ឃឹម​បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​ជាមួយ​សេចក្តី​សម្រេច​នោះ​ថា៖ «យោង​តាម​សេចក្តី​សម្រច​លេខ​ ០៦៩ ០៧០ និង ០៧១ ចុះ​ថ្ងៃ​ទី ១២ ខែ​ឧសភា ឆ្នាំ​ ២០២៣ របស់​ក្រសួង​សុខា​ភិបាល មន្ទីរ​សម្រាក​ព្យាបាល​មិត្តភាព​នៃ​ក្តី​សង្ឃឹម មន្ទីរ​សម្រាក​ព្យាបាលមិត្តភាព​ពោធិ៍ចិន​តុង និងមន្ទីរ​សម្រាក​ព្យាបាល​មិត្ត​ភាព​ចតុមុខ សូម​ផ្អាក​ដំណើរ​ការ​បណ្តោះ​អាសន្ន។ គណៈ​គ្រប់​គ្រង​របស់​យើង​ខ្ញុំ​កំពុង​ខ្នះខ្នែង​រក​មធ្យោបាយ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ សូម​ពុក​ម៉ែ​បង​ប្អូន លោក លោកស្រី មេត្តា​អធ្យាស្រ័យ និង រង់​ចាំ​ការ​ជូន​ដំណឹង​របស់​យើង​ខ្ញុំ​នៅ​ពេល​ក្រោយ»។

​ប្រជា​ពលរដ្ឋ​ដែល​ធ្លាប់​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរ​សម្រាក​ព្យាបាល​មិត្ត​ភាព​មណ្ឌល​នៃ​ក្តី​សង្ឃឹម​ ដែល​វីអូអេ​បាន​សម្ភាសន៍ សុទ្ធ​តែ​ទទូច​ឱ្យ​ក្រសួង​សុខា​ភិបាល​ពិនិត្យ​ និង​ពិចារណា​ឡើង​វិញ ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​មន្ទីរ​សម្រាក​ព្យាបាល​ទាំង​បី​សាខា​នេះ​អាច​បើក​ដំណើរ​ការ​ឡើង​វិញ​ជា​ធម្មតា។

សម្រាប់​អ្នកស្រី អ៊ុំ វណ្ណា អ្នកស្រី​សំណូម​ពរ​ឱ្យ​ក្រសួង​សុខា​ភិបាល​សិក្សា​ស្រាវ​ជ្រាវ​ឡើង​វិញ​នូវ​កំហុស ឬ​ការ​ធ្វេស​ប្រហែស ហើយ​ធ្វើ​ការ​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹក​នាំ​ពេទ្យ ពី​ព្រោះ​មាន​អ្នក​ជំងឺ​ជា​ច្រើន​នាក់​បាន​និង​កំពុង​រង់​ចាំ​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរ​សម្រាក​ព្យាបាល​នោះ ដោយ​រួម​មាន​ម្តាយ​របស់​អ្នកស្រី​ផង​ដែរ។

អ្នកស្រី​ថ្លែង​ថា៖ «ព្រោះ​ប្រសិន​បិទ​ភា្លមៗ​អ៊ីចឹង អ្នក​ជំងឺ​រាប់​ពាន់​នាក់​ដែល​គាត់​ធ្លាប់​ព្យាបាល​នៅ​ហ្នឹង វា​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល ក៏​ដូច​ជា​មាន​ការ​សោក​ស្តាយ​ដែល​ប្រជា​ពលរដ្ឋ​គាត់​មិន​អាច​ទៅ​បន្ត​ព្យាបាល​នៅ​ហ្នឹង។ យើង​អត់​ដឹង​ច្បាស់​ថា​បញ្ហា​ហ្នឹង​វា​ធ្ងន់​ធ្ងរ​កម្រិត​ណា ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ដោយ​សារ​តែ​ពេទ្យ​ហ្នឹង​ក៏​ល្អ​ដែរ អ៊ីចឹង​ខាង​ក្រសួង​អាច​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ឡើង​វិញ ប្រសិន​បើ​មាន​ការ​ធ្វេស​ប្រហែស ឬ​មាន​កំហុស​អី​យើង​អាច​គ្រាន់​តែ​ព្រមាន​សិន​ទៅ អាច​ឱ្យ​ខាង​ពេទ្យ​គេ​កែ​ប្រែ​តាម​ហ្នឹង​ទៅ ធ្វើ​ម៉េច​ស្រប​តាម​ច្បាប់​ដែល​អាច​បើក​ឡើង​វិញ​បាន»៕

XS
SM
MD
LG