ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​សង្ឃ​ពីរ​អង្គ​ត្រូវ​ចាប់​ខ្លួន​ពីបទ​សេព​គ្រឿង​ស្រវឹង​និង​គ្រឿន​ញៀន


ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ​សារព័ត៌មាន​​ជាច្រើន​បាន​រាយ​ការណ៍​អំពី​​ការ​ប្រព្រឹត្ត​វៀរ​ចាក​នឹង​សិក្ខាបថ​ឬ​ធម្ម​វិន័យ​របស់​សង្ឃ​​មួយ​ចំនួន​ជា​បន្ត​បន្ទាប់។​
ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ​សារព័ត៌មាន​​ជាច្រើន​បាន​រាយ​ការណ៍​អំពី​​ការ​ប្រព្រឹត្ត​វៀរ​ចាក​នឹង​សិក្ខាបថ​ឬ​ធម្ម​វិន័យ​របស់​សង្ឃ​​មួយ​ចំនួន​ជា​បន្ត​បន្ទាប់។​

ក្នុង​ពេល​ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា​កំពុង​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌដែល​ជា​ពិធីព្រះ​ពុទ្ធ​សាសនា​ដ៏​សំខាន់​មួយ ព្រះ​សង្ឃ​ពីរ​អង្គ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​ថា​ បាន​សេព​គ្រឿ​ងស្រវឹង​ និង​គ្រឿង​ញៀន។​

ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ​សារព័ត៌មានជាច្រើន​បាន​រាយ​ការណ៍​អំពីការ​ប្រព្រឹត្ត​វៀរ​ចាក​នឹង​សិក្ខាបថ​ឬ​ធម្ម​វិន័យ​របស់​សង្ឃមួយ​ចំនួន​ជា​បន្ត​បន្ទាប់។​

នៅ​ក្នុង​នោះ​មាន​ទាំងសង្ឃ​ក្លែង​ខ្លួន​ចូល​ច្រៀង​ខារ៉ាអូខេ ​សង្ឃ​សេព​គ្រឿង​ស្រវឹង ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀនជាដើម។​

ដោយ​ឡែក​ក្នុងអំឡុង​ឱកាស​ពិធី​បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ​រយៈ​ពេល​១៥​ថ្ងៃ​ ដែលត្រូវ​បញ្ចប់​នៅ​ថ្ងៃ​អង្គារ​នេះ​ ព្រះ​សង្ឃ​ចំនួន​ពីរ​អង្គ​ក្នុង​វត្តពោធិ​លង្កា​ខេត្ត​សៀមរាបត្រូវ​ចាប់ខ្លួន​ដោយ​សង្ស័យ​ថា ​បានសេព​គ្រឿង​ស្រវឹង ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ជាមួយ​ជន​ស៊ីវិល​ចំនួន​បួន​នាក់​ផ្សេង​ទៀត​ក្នុង​នោះ​មាន​ស្ត្រី​ពីរ​នាក់។​

សង្ឃ​ទាំង​ពីរ​ត្រូវ​ផ្សឹក​នៅ​ថ្ងៃ​ទី​១៩​ខែ​កញ្ញា​ ក្រោយ​ពី​ត្រូវ​ឃាត់​ខ្លួន​បាន​មួយ​ថ្ងៃ។ ​ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំ​បិណ្ឌ​គឺ​ជា​ពិធី​ព្រះ​ពុទ្ធសាសនា​ដ៏​មាន​សារៈ​សំខាន់​ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា​មាន​ជំនឿ​ថា​ ការ​ប្រគេន​ចង្ហាន់ ​ឬ​ទេយ្យ​ទាន​ដល់​ព្រះ​សង្ឃ​នឹងអាច​បញ្ជូន​កុសល្យ​ផល​បុណ្យ​ដល់​បុព្វការី​ជន​ ជីដូន​ជីតា ​សាច់ញាតិ​របស់​ផង​ខ្លួន​ដែល​បាន​ទទួល​មរណភាព​នា​ពេល​កន្លង​ទៅ។​

ព្រះ​តេជគុណ​គឹម ធួង ​ចៅ​អធិការ​វត្ត​តាំង​កសាង​ខាង​ជើង​មាន​សង្ឃ​ដីកាថា​នេះ​គឺ​ជា​កំហុស​មួយ​ធ្ងន់​ធ្ងរ​ក្នុង​ព្រះ​ពុទ្ធ​សាសនា។​

ព្រះ​តេជ​គុណ​បន្ថែម​ថា ​គ្រឿង​ញៀន​និង​គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​បព្វជិត​ឬ​អ្នក​បួស​កាន់​សិល្ប៍​នោះ​វិនាស។​

«ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ហាម​អ្នក​បួស​មិន​ឲ្យ​សេព​គ្រឿង​ញៀន​ (ឬ​គ្រឿង​ស្រវឹង)​ទេ​ ព្រោះ​គ្រឿង​ញៀន​បំផ្លាញ​នូវ​អាយុ​ជីវិត​ខ្លួន​ឯង។ ​ហើយ​ព្រះ​សម្មា​សម្ពុទ្ធ​បាន​សម្តែង​ថា​ ការ​សេព​គ្រឿង​ញៀន​ធ្វើ​ឲ្យ​វិនាស​ខ្លួន​ឯង»។​

យោង​តាម​ព្រះតេជ​ព្រះគុណចៅ​អធិការ​វត្ត​គឹម ធួង​ឲ្យ​ដឹង​ថា​ បព្វជិត​ដែល​ល្មើស​នឹង​ធម៌​វិន័យ​មាន​ន័យ​ថា​ បាន​សាង​អំពើ​បាប​មួយ។​

«ទោស​បច្ចុប្បន្ន​គឺ​ថា ​វិន័យ​សង្ឃ​នឹង​ត្រូវ​មន្ត្រី​សង្ឃ​ដាក់​ទណ្ឌ​កម្ម​ ​ឬ​ក៏​ច្បាប់​រដ្ឋ​គឺ​អាច​ត្រូវ​ធ្វើ​ទុក្ខ​ផ្នែក​ព្រហ្ម​ទណ្ឌ។​ ហើយ​បើ​ផ្លូវ​បរលោក​ កាល​ណា​អស់​អាយុ​ជីវិត​ទៅ​អាច​នឹង​ធ្លាក់​នរក។ ​នេះ​គឺ​ជា​ព្រះ​ពុទ្ធ​ដីកា​ដែល​ទ្រង់​សម្តែងទុក​មក»។​

ព្រះ​សង្ឃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ជា​ចំណុច​ប្រទាញ​ប្រទង់​សម្រាប់​ផល​ប្រយោជន៍​នយោបាយ​ផង​ដែរ។​

មួយ​វិញ​ទៀត ក្នុងរយៈ​ពេល​ថ្មីៗ​នេះ​ យ៉ាងហោច​ណាស់​ក៏​មាន​សេចក្តី​រាយ​ការណ៍​ចំនួន​ពីរ​ដែរ ​ដែល​ថា​ ព្រះសង្ឃ​នៅ​ក្នុង​វត្ត​មួយ​នៃ​ខេត្ត​កណ្តាល​ និង​វត្ត​មួយ​ទៀត​នៅ​ខេត្ត​កំពង់ស្ពឺ​ បាន​ក្លែង​ខ្លួន​ជា​គ្រហស្ថ ​ឬ​ជា​ប្រជា​ពលរដ្ឋ​សាមញ្ញ​ ហើយ​ចូល​ច្រៀង​ខារ៉ាអូខេ​ ដែល​ជា​ក្លឹប​កម្សាន្ត មានការ​សេព​គ្រឿង​ស្រវឹង ​និង​មាន​ស្រី​កំដរ​ទៀត​ផង។​

លោក​អាចារ្យឆោម ឆន ​ដែល​ចេះ​ដឹង​ធម៌​ជ្រៅជ្រះ​នៅ​វត្ត​តាំង​កសាង​ខាង​ជើង​បានពន្យល់​ថា​ ទាំង​បព្វជិត និង​គ្រហស្ថ​ត្រូវ​ប្រតិបត្តិ​នូវ​សក្ខិបទ​ចំនួន​ប្រាំ​ដើម្បី​វៀរចាក​ពី​អំពើ​ពាល។​ ហើយការ​សេព​គ្រឿង​ញៀន​ស្រវឹង​នឹង​នាំ​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើសផ្សេង​ទៀត​បាន។​

«មាន​បាណាតិបាត​មួយ។ អទនាទាន​នេះ​មួយ។ កាមេសុមច្ឆាចារៈ​មួយ។​មុសាវាទៈ​មួយ។​ សុរា​នេះ​មួយ។​ សរុប​ចំនួន​ប្រាំ​ហើយ​ គឺ​ហាម​សម្លាប់​មួយ​ ហាម​លួច​ទ្រព្យ​គេ​ទី​២ ​ហាម​លួច​ប្រពន្ធ​កូន​គេ​ទី​៣ ​ពោល​ពាក្យ​មុសា​ទី​៤​ និង​សុរា​មួយ​ទី​៥។​ ប៉ុន្តែ​ប្រសិន​បើ​ប្រព្រឹត្ត​ខុស​នូវ​សិក្ខាបទ​ទី​៥​ វានឹង​នាំ​ឲ្យ​ខូច​ទាំង​អស់ ​ពីព្រោះ​សុរានេះ​កាល​ណា​ចូល​គឺ​វង្វេង​ស្មារតី​ទាំងអស់។​មិន​ធ្លាប់​ហ៊ាន​ បែរ​ទៅ​ជា​ហ៊ាន​ ហ៊ាន​ទាំង​សម្លាប់ ​ហ៊ាន​ទាំង​លួច​ប្រពន្ធ​កូន​គេ​ ហ៊ាន​ទាំង​លួច​ទ្រព្យ​ ហ៊ាន​ទាំង​ពោល​ពាក្យ​មិន​ប្រាកដ។ ​សុរា​នេះ​នឹង​នាំ​ឲ្យ​វង្វេង»។​

ស្រ្តី​ចំណាស់​ម្នាក់​កំពុង​អង្គុយ​ជាប់​នឹងផ្លូវ​ក្បែរ​ទីស្នាក់​ការ​នគរបាល​ សង្កាត់​ទឹក​ល្អក់​២ ​ខណ្ឌ​ទួលគោក។​

អ្នក​ស្រីបាន​ដឹង​អំពី​បាតុភាព​មួយ​ចំនួន​ក្នុង​ចំណោម​សង្ឃ​ព្រះពុទ្ធ​សាសនា។​

«ខ្ញុំ​ឮ​តែ​គេ​និយាយ​អញ្ចឹង​ថា ​លោក​ទៅ​ខារ៉ាអូខេ ​មិន​ដឹងជា​គេ​យ៉ាង​ម៉េច​អស់​ហើយ។ ​ដូច​ជា​ជ្រួល​ច្របល់​ម៉េច​ទេ។​ ដូច្នេះ​យូរៗ​ទៅ ​យើង​លែង​សូវ​ជឿ​ហើយ។​ តាម​តែ​ដំណើរ​ចុះ»។​

សម្តេច​ព្រះ​មហា​សង្ឃរាជ​នៃ​គណៈ​ធម្មយុត្តិកនិកាយ​បួរ គ្រី​មាន​សង្ឃ​ដីកា​ដោយ​ទទួល​ស្គាល់​ថា ការ​ប្រាស​ចាកព្រះ​ធម្ម​វិន័យ​នៃ​ព្រះ​សង្ឃ​មួយ​ចំនួន​នាំ​ឲ្យ​មាន​កង្វល់​អំពី​ភាព​រុះរោយ​នៃ​ជំនឿ​របស់​ប្រជា​ពលរដ្ឋ​លើ​ព្រះ​ពុទ្ធ​សាសនា។​

«ពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ហាម​គឺ​នៅ​ក្នុង​សិក្ខាបទ​សុរា​បាទវៈ​គឺ​ភក្ខុ​ផឹក​ទឹក​ស្រវឹង​ត្រូវ​អបត្រ​ ឬ​ត្រូវ​ទោស។​ ផ្លូវ​លោក ​គេ​មើល​មក ​កាល​ណា​លោក​ផឹកស្រា​ពុទ្ធ​បរិស័ទ​ពិបាក​ទទួល​យក។​ គេ​ពិបាក​គោរព។​ នេះ​ប៉ះ​ពាល់​ដល់​សាសនា​ហើយ។​ បុគ្គល​នោះ​ធ្វើ​ឲ្យ​សាសនា​សាប​សូន្យ»។​

ជាមួយគ្នា​នេះ​ សម្តេច​ព្រះសង្ឃ​រាជ​បួរ គ្រី​ពន្យល់​បន្ថែម​ថា ​សង្ឃ​ដែល​ភ្លើត​ភ្លើន​ក្នុង​អបាយ​មុខ​ ដូចជា​សេព​គ្រឿង​ស្រវឹង ​និងគ្រឿងញៀននិង​ល្បែង​ផ្សេងៗ​ ហាក់​ដូចជា​បណ្តោយ​ខ្លួន​ឲ្យ​ក្លាយ​ជា​ជន​ពាល។​

​សម្តេច​សង្ឃ​មាន​សង្ឃដីកា​បន្ថែម​ថា​ ដើម្បី​ស្តារភាព​ជឿជាក់​របស់​ពុទ្ធ​បរិស័ទ​ ព្រះ​សង្ឃ​ត្រូវ​ប្រតិបត្តិ​ឲ្យ​ខ្ជាប់​ខ្ជួន​នូវ​ធម្មវិន័យ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG