ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០១២​ឆក់​យក​ជីវិត​មនុស្ស​ជិត​២​ពាន់នាក់


ឡានគ្រោះថ្នាក់​ចរាចរណ៍​នៅតាមផ្លូវ​ទៅខេត្តកោះកុង
ឡានគ្រោះថ្នាក់​ចរាចរណ៍​នៅតាមផ្លូវ​ទៅខេត្តកោះកុង
អ្នក​ស្លាប់​ដោយគ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​មាន​ចំនួន​ជិត​២​ពាន់​នាក់​នៅ​ឆ្នាំ​២០១២ ​ដែល​ជា​តួ​លេខ​ឈាន​មុខ​គេ ​បើ​ប្រៀបធៀប​នឹង​ការ​ស្លាប់​ដោយ​មូលហេតុ​ផ្សេង​ទៀត។ ​ប៉ុន្តែ​បើ​តាម​ការ​អង្កេត​របស់​អង្គការ​សុខភាព​ពិភព​លោក​ឲ្យដឹង​ថា ​ចំនួន​នេះ​នៅ​ទាប​ជាង​ប្រទេស​ជឿន​លឿន​មួយ​ចំនួន​ក្នុង​តំបន់​នៅ​ឡើយ។​

បើ​ទោះ​បី​ជា​ការ​ស្លាប់​ដោយ​គ្រោះ​ថា្នក់​ចរាចរណ៍​នៅ​កម្ពុជា​កើន​ឡើង​ជា​លំដាប់​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏ដោយ​ ប៉ុន្តែ​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​បាន​វាយ​តម្លៃ​ថា​ តួ​លេខ​នេះ​នៅ​មិន​ទាន់​ស្ថិត​ក្នុង​កម្រិត​សោកនាដ​កម្ម​នៅ​ឡើយ ​បើ​ប្រៀបធៀប​ហ្នឹង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់។​

គ្រោះ​ថ្នាក់​ចរាចរណ៍បាន​ឆក់​យក​ជីវិត​មនុស្ស​ជិត​២​ពាន់​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០១២។ ​ចំនួន​នេះ​គឺ​កើន​ឡើងទ្វេ​ដង​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​តាម​ការ​ព្យាករណ៍​ បើ​គ្មាន​វិធាន​ការ​ទប់​ស្កាត់​ទេ ​នោះ​តួ​លេខ​នេះ​អាច​កើន​ដល់​៣២០០​នាក់​នៅ​ឆ្នាំ​២០២០​គឺ​ខ្ពស់​ជាង​៩​ដង​ បើ​ធៀប​នឹងការ​ស្លាប់​ដោយ​ជំងឺ​រាគ​ ជំងឺ​គ្រុនចាញ់ ​និង​ដោយ​សារ​គ្រាប់​មីន​បញ្ចូល​គ្នា។​

បើ​តាម​ការ​សិក្សា​មួយ​របស់​អង្គការ​សុខភាព​ពិភព​លោក​ នៅ​ឆ្នាំ​២០១០​នៅ​កម្ពុជា​ ក្នុង​ចំណោច​មនុស្ស​១​សែន​នាក់​មាន​១៧​នាក់​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដែល​ខ្ពស់​ជាង​ប្រទេស​ដទៃ​ក្នុង​ពិភព​លោក​ចំនួន​៨២​ភាគ​រយ។ ​ប៉ុន្តែ​តួ​លេខ​នេះ​នៅ​តែ​ទាប​ជាង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​ជាង​ខ្លួន ​ដូចជា​ម៉ាឡេស៊ី។ ​នៅ​ប្រទេស​នេះ​ក្នុង​ចំណោម​មនុស្ស​១​សែន​នាក់​មាន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​២៥​នាក់។ ​ហើយ​នៅ​ក្នុង​ប្រទេស​ថៃ​៣៨​នាក់ ​វៀតណាម​២៤​នាក់ ​និង​ឡាវ​២០​នាក់​ក្នុង​ចំណោម​មនុស្ស​មួយ​សែន​នាក់។​

នៅ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​មួយ​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍ លោកស្ទីវឹន ​អ៊ីឌីង​ (Steven Iddings) ​ប្រធាន​ក្រុម​ការងារ​ជំងឺ​មិន​ឆ្លង​នៃ​អង្គការ​សុខភាព​ពិភព​លោក​ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​នេះ​ថា ​មូលហេតុ​ដែល​នាំ​ឱ្យ​ប្រទេស​ទាំង​នោះ​មាន​អត្រា​អ្នក​ស្លាប់​ខ្ពស់​គឺ​ដោយ​សារ​ស្ថានភាព​ផ្លូវ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​នៅ​កម្ពុជា។​

លោក​និយាយថា៖​ «នៅ​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​ ដូចជា​ប្រទេស​ថៃ ​និង​ម៉ាឡេស៊ី​ជា​ដើម ​គឺ​ថា ​ប្រទេស​ទាំង​នោះ​មាន​ផ្លូវ​ថ្នល់​ល្អ​ប្រសើរ​ជាង​កម្ពុជា។​ ប៉ុន្តែ​នៅ​ពេល​ផ្លូវ​ល្អ​ជាង​នាំ​ឱ្យ​អ្នក​បើក​បរ​បើក​លឿន​តាម​នោះ​ដែរ។ ​សម្រាប់​ផ្លូវ​ថ្នល់​នៅ​កម្ពុជា​វិញ​គឺ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​កាល​ពី​៥​ ឬ​១០​ឆ្នាំ​មុន ​ប៉ុន្តែ​វា​ក៏​បង្កើន​ឱកាស​ដល់​អ្នក​បើកបរ​ឱ្យ​បើកបរ​លឿន​ជាង​មុន​ដែរ»។

លោក​ស្ទីវឹន អ៊ីឌីង (Steven Iddings)​បន្ថែម​ថា ​អត្ត​ចរិត​របស់​អ្នក​បើកបរ​ជា​កត្តា​ចម្បងនៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា។​

លោក​និយាយថា៖​ «ខ្ញុំ​ប្រាកដ​ថា​ គុណភាព​ផ្លូវ​នៅ​កម្ពុជា​មាន​ផ្នែក​ត្រូវ​ពង្រឹង​ច្រើន​ណាស់​ ដូចជា​គំនូស​ស្លាក​សញ្ញា​ និង​គន្លង​ផ្លូវ​អទិភាព​ជា​ដើម។​ ប៉ុន្តែ​អ្វី​ជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អង្គការ​សុខភាព​ពិភពលោក​គឺ​ការ​ផ្លាស់ប្តូរ​អត្ត​ចរិត​របស់​អ្នក​បើកបរ ​ព្រោះ​យើង​រក​ឃើញ​ថា​ មូលហេតុ​ចម្បងនៃ​គ្រោះថ្នាក់​គឺ​ការ​បើកបរ​នៅ​ពេល​ស្រវឹង ​ការ​បើកបរ​ហួស​ល្បឿន​កំណត់ ​និង​ការ​មិន​ពាក់​មួក​សុវត្ថិភាព​ជា​ដើម»។​

ការ​រំលោភ​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា ​ការ​ឈប់​ហួស​គំនូស ​ការ​បើកបរ​មិន​គោរព​ភ្លើង​សញ្ញា ​និង​សិទ្ធិ​អាទិភាព ​និង​ការ​បើក​បរ​ហួស​ល្បឿន​កំណត់​ជា​រឿង​ដែល​គេ​ជួប​ប្រទះ​ជា​ញឹកញាប់​នៅ​កម្ពុជា។​

លោក​ឧត្តម​សេនីយ៍​ទោ គីម យីដេត ​អគ្គ​លេខាធិការរង​នៃ​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​នៃ​ក្រសួង​មហាផ្ទៃ​ថ្លែងថា ​ការ​រំលោភ​ច្បាប់​ចរាចរណ៍នេះ​គឺ​ជា​មូលហេតុ​ចម្បងនៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា។​

លោក​ថ្លែងថា៖​ «របាយ​ការណ៍​របស់​ក្រសួង​មហាផ្ទៃ​ បាន​បង្ហាញ​ថា​មូលហេតុ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​គឺ​បណ្តាល​មក​ពី​កត្តា​មនុស្ស ​មាន​រហូត​ដល់​៩៦​ភាគរយ ​ ក្នុង​នោះ​ការ​បើក​បរ​លើស​ល្បឿន​កំណត់​មាន​រហូត​ដល់​៤៦​ភាគរយ ​ការ​បើក​បរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​មាន​១៣​ភាគរយ ​ការ​បើក​បរ​មិន​គោរព​សិទ្ធិ​អាទិភាព​មាន​១៤​ភាគរយ ​និង​បញ្ហា​ផ្សេងៗ​ទៀត។ ​និយាយ​ឱ្យ​ខ្លី​គឺ​ថា ​ការ​មិន​គោរព​ច្បាប់​របស់​អ្នក​បើកបរ​មួយ​ចំនួន​និង​ការ​បើកបរ​មិន​ទទួល​ខុស​ត្រូវ​លើ​អាយុ​ជីវិត​របស់​ខ្លួន​និង​អ្នក​ដទៃ»។​

ប្រព័ន្ធ​ព័ត៌មាន​ជន​រងគ្រោះ​ឆ្នាំ​២០១២​របស់​ក្រសួង​មហាផ្ទៃ​បង្ហាញ​ថា ​នៅ​កម្ពុជា​ ៨៣​ភាគរយ​នៃ​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​គឺ​អ្នក​ថ្មើរជើង​ អ្នក​ជិះកង់ ​និង​អ្នក​ជិះ​ម៉ូតូ ​ហើយ​៥០​ភាគរយ​ស្ថិត​ក្នុង​អាយុ​ចន្លោះ​ពី​១៥​ទៅ​២៩​ឆ្នាំ ​ដែល​ជា​វ័យ​កំពុង​ពេញ​កម្លាំង​សម្រាប់​សេដ្ឋកិច្ច​ជាតិ។​

លោក​វេជ្ជ​បណ្ឌិត​សៅ សុវណ្ណ​រតនៈ ​មន្ត្រី​បច្ចេកទេស​សុវត្ថិភាព​ចរាចរណ៍​អង្គការ​សុខភាព​ពិភពលោក​ គូស​បញ្ជាក់​បន្ថែម​ថា​ កត្តា​ដែល​នាំ​ឱ្យ​កើន​ឡើង​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​គឺ​ដោយ​សារ​ភាព​ចន្លោះ​ប្រហោង​ច្រើន​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ការ​អនុវត្ត​ច្បាប់​នៅ​ធូរ​រលុង ការ​ផ្សព្វផ្សាយ​អប់រំ​នៅ​មាន​កម្រិត​ទាប​ គ្មាន​វិធានការ​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​សុវត្ថិភាព​ចរាចរណ៍​នៅ​មាន​កម្រិត​ទាប​ ​និង​ការ​វិនិយោគ​លើ​សុវត្ថិភាព​ចរាចរណ៍​នៅ​មានកម្រិត​ទាប។​

គ្រោះថ្នាក់​ចរាចរណ៍​បាន​នាំ​ឱ្យ​ខូចខាត​សេដ្ឋកិច្ច​ជាតិ​ប្រមាណ​៣២៩​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១២។​

លោកស្រី​ម៉ែន ច័ន្ទ​សុកុល ​អនុប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​នៃ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ បាន​ថ្លែង​ថា ​រដ្ឋាភិបាល​កំពុង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ដែល​គ្រោង​នឹង​អនុម័ត​នៅ​ឆ្នាំ​២០១៤​ខាង​មុខ​នេះ ​ដើម្បី​រឹត​បន្តឹង​ការ​គោរព​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា។​

លោកស្រី​និយាយថា៖ «យើង​ចាប់ផ្តើម​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ហ្នឹង​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១០​ ក្នុង​ការ​រៀបចំ​ច្បាប់​នេះ​ឡើង​វិញ​ ព្រោះ​ថា ​បន្ទាប់​ពី​អនុវត្ត​ទៅ ​យើង​ឃើញ​ថា​ អ្នក​មាន​គ្រោះ​ថ្នាក់​មិន​ត្រឹម​តែ​អ្នក​ខាង​មុខ​ទេ។ ​អ្នក​នៅ​ក្រោយ​ក៏​គ្រោះ​ថា្នក់​ដែរ។ យើង​សង្ឃឹម​ថា​ ចុង​ឆ្នាំ​២០១៤​ ច្បាប់​នេះ​នឹង​ចេញ ​ព្រោះ​វាជា​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​ច្រើន​ ហើយ​យើង​មើល​ឃើញ​ស្ថានភាព​គ្រោះ​ថ្នាក់​ចរាចរ​កើន​ឡើង។ ​ដូច្នេះ​ការ​អនុវត្ត​បូក​រួម​និង​ការ​អនុម័ត​ច្បាប់​បាន​ទាន់​ពេល​វេលា​ អញ្ចឹង​យើង​សង្ឃឹម​ថា​ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ច្រើន»។

​ប្រសិន​បើ​អនុម័ត​និង​ចូល​ជា​ធរមាន ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​នឹង​បន្ថែម​ការ​ផាក​ពិន័យ​គុណ​នឹង​ប្រាំ​សម្រាប់​ការ​មិន​ពាក់​មួក​សុវត្ថិភាព ​ការ​បើក​បរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ​ការ​បើក​បរ​ហួស​ល្បឿន​កំណត់​ បើ​ធៀប​នឹង​ច្បាប់​មុន ​និង​តម្រូវ​ឱ្យ​ពាក់​មួក​សុវត្ថិភាព​គ្រប់​អ្នក​ធ្វើ​ដំណើរ​តាម​ទោចក្រ​ក្រយាន​យន្ត។ ​នេះ​បើ​តាម​លោកស្រី ម៉ែន ច័ន្ទ​សុកុល៕​
XS
SM
MD
LG