អ្នកឃ្លាំមើលស្ថានការណ៍នយោបាយលើកឡើងថា ការពង្រាយសមត្ថកិច្ចរាប់រយនាក់ និងការដាក់រនាំងដែកបិទផ្លូវប្រឆាំងនឹងការហែញត្តិរបស់គណបក្សជំទាស់ បង្ហាញពីការរំលោភច្បាប់ និងធ្វើឲ្យគណបក្សកាន់អំណាចកាន់តែធ្លាក់ប្រជាប្រិយភាព។
រដ្ឋាភិបាលបានដាក់ពង្រាយសមត្ថកិច្ចរាប់រយនាក់ និងដាក់របាំងបិទផ្លូវប្រឆាំងនឹងការហែញត្តិរបស់គណបក្សជំទាស់ដាក់ទៅស្ថានទូតដែលជាប្រទេសហត្ថលេខីសន្ធិសញ្ញាទីក្រុងប៉ារីស សុំឲ្យជួយការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នៅព្រឹកថ្ងៃច័ន្ទនេះ សមត្ថកិច្ចរាប់រយនាក់បានដាក់រនាំងបិទផ្លូវចាប់ពីគល់ស្ពានអាកាសក្បាលថ្នល់រហូតដល់ហួសទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើ។ ការបិទផ្លូវនេះធ្វើឡើងបន្ទាប់ពីលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ប្រកាសមិនឲ្យគណបក្សសង្គ្រោះជាតិហែញត្តិទៅកាន់ស្ថានទូតនានាដើម្បីស្នើឲ្យជួយការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងសន្និសីទព័ត៌មាននៅព្រឹកនេះ តំណាងរាស្រ្តគណបក្សប្រឆាំងគឺលោកសុន ឆ័យបានអានលិខិតដែលដាក់ទៅស្ថានទូតទាំងនោះ ដែលមានខ្លឹមសារជំរុញឲ្យមេដឹកនាំអាស៊ានទាំង១០ប្រទេស និងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បំពេញតួនាទីរបស់ខ្លួន ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដើរលើគន្លងប្រជាធិបតេយ្យ គោរពសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងសេរីភាពបញ្ចេញមតិ។
លោកសុន ឆ័យបានអានបន្តថា ការចាប់ឃុំខ្លួនអ្នកតំណាងរាស្ត្រទាំងមានអភ័យឯកសិទ្ធិសភា ការបាញ់សម្លាប់មនុស្សក្រៅច្បាប់ ដោយមិនបានចាប់អ្នកនៅពីក្រោយឃាតកម្មមកផ្តន្ទាទោសគឺជាគ្រោះថ្នាក់សម្រាប់ប្រជាធិបតេយ្យ បើសហគមន៍អន្តរជាតិមិនទប់ស្កាត់ទាន់ពេលវេលា។
លោកសុន ឆ័យថ្លែងថា ការដាក់ពង្រាយកងកម្លាំងដើម្បីរារាំងការហែញត្តិរបស់តំណាងរាស្រ្តដែលមានចំនួន៨នាក់ និងរថយន្ត៣គ្រឿងគឺជាការរំលោភច្បាប់ បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងធ្វើឲ្យខាតបង់ប្រយោជន៍ជាតិ។
លោកបន្ថែមថា៖
«ការគ្រប់គ្រងប្រទេសមិនត្រូវបង្កឲ្យមានការព្រួយបារម្ភអត់ប្រយោជន៍បែបហ្នឹងទេ ព្រោះយើងត្រូវការវិនិយោគទុនមកប្រទេសកម្ពុជាយើង។ យើងត្រូវការឲ្យមានទេសចរណ៍មកកម្សាន្តនៅក្នុងប្រទេសយើង ដែលរដ្ឋាភិបាលតែងតែអះអាងថា ប្រទេសដែលមានសន្តិភាពនោះ។ បើមើលព្រឹកមិញ ប្រទេសកម្ពុជាគឺអត់មានសន្តិភាពទេ។ គណបក្សសង្គ្រោះជាតិយល់ថា មិនគួរបណ្តោយឲ្យមានហេតុការណ៍នេះតទៅទៀត»។
ការបិទចរាចរណ៍ព្រឹកមិញនេះបានបង្កឲ្យមានការខឹងសម្បារពីសំណាក់អ្នកធ្វើដំណើរ។
អ្នកធ្វើដំណើរមួយចំនួនលើកឡើងថា ពួកគេត្រូវខកខានការងារ។ ខ្លះថា គេមិនបានជូនកូនទៅរៀន និងខ្លះទៀតខកខានមិនបានទៅព្យាបាលជំងឺជាដើម។
លោកមាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ អះអាងថា គណបក្សសង្គ្រោះជាតិស្នើសុំហែញត្តិចំនួន៥៥នាក់ និងប្រជាពលរដ្ឋមួយចំនួន ដូច្នេះសាលារាជធានីបានពង្រាយកម្លាំងសមត្ថកិច្ចដើម្បីរារាំង ដោយបារម្ភអំពីអសន្តិសុខសង្គម។
លោកបញ្ជាក់ថា៖
«ប្រទេសនីមួយៗគឺតែងតែមានច្បាប់។ ការហែក្បួន ឬការជួបជុំគឺត្រូវតែមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច នៅក្នុងការចូលរួមថែររក្សាសន្តិសុខសណ្តាប់ធ្នាប់ ហើយនិងសុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ។ បងប្អូនប្រជាពលរដ្ឋដែលរស់នៅទូទៅគឺមិនរងការរំខានដល់ប្រក្រតីភាពនៃជីវភាពរបស់បងប្អូនប្រជាពលរដ្ឋទេ គឺអ្នកទៅធ្វើការ នៅទៅធ្វើការ។ អ្នកដែលរកស៊ីប្រកបអាជីវកម្ម នៅប្រកបអាជីវកម្ម។ គាត់ទៅធ្វើប្រកបអាជីវកម្មរបស់គាត់ជាធម្មតា»។
លោកអ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគនយោបាយឯករាជ្យប្រាប់ VOA ថា ការដាក់ញត្តិនេះគឺជាយុទ្ធសាស្រ្តដែលគណបក្សប្រឆាំងស្វែងរកប្រជាប្រិយភាពរបស់គណបក្សខ្លួន។ ប៉ុន្តែលោកបន្តថា គណបក្សកាន់អំណាចបានបញ្ចេញប្រតិកម្មខុសដោយសារភាពភ័យខ្លាចជ្រុល។
លោកមានប្រសាសន៍ថា៖
«រឿងហ្នឹងត្រូវជារឿងតូចទេ ប៉ុន្តែមិនបានទៅសម្របសម្រួលរឿងនេះឲ្យទៅជាតូច បែរជាទៅរារាំងទៅវិញ។ ខ្ញុំមើលទៅជារឿងមួយបរាជ័យរបស់រដ្ឋាភិបាល ឬបរាជ័យរបស់សាលាក្រុង ហើយការបរាជ័យរបស់សាលាក្រុងនេះធ្វើឲ្យគេខឹងរដ្ឋាភិបាលជាមួយសាលាក្រុងទៅវិញ។ ជាយុទ្ធសាស្រ្ត ខ្ញុំគិតថា ជាយុទ្ធសាស្រ្តនយោបាយមួយខាតសម្រាប់រដ្ឋាភិបាល»។
លោកបន្ថែមថា ទាំងរដ្ឋាភិបាល និងគណបក្សប្រឆាំងគួរតែគិតគូរឿងជាតិជាធំ ជាជាងស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន៖ «ទី១គឺពួកគាត់ឆ្លើយតបជ្រុលលើសពីអ្វីដែលចាំបាច់។ ទី២ ខ្ញុំមើលទៅអ្នកក្លាហានមួយចំនួននៅក្នុងជួររដ្ឋាភិបាល គាត់ចង់ឲ្យគាត់ហ្នឹងមានតម្លៃ។ អញ្ចឹងគាត់រុញឲ្យធ្វើបែបហ្នឹង។ ហើយខាងគណបក្សប្រឆាំងវិញក៏អញ្ចឹងដែរ អ្នកក្លាហានចូលចិត្តជំរុញឲ្យឈ្លោះដូចគ្នា ព្រោះអីពួកគាត់មានតម្លៃដូចគ្នា។ អញ្ចឹងរឿងហ្នឹង បើចិត្តខ្ញុំវិញ ខ្ញុំគិតថា វាខាតសម្រាប់ជាតិ ហើយខ្ញុំបន្ទោសទាំងសងខាងដែរ។ ប៉ុន្តែយើងគួរប្រកួតប្រជែងអ្នកចេះដឹងនិងគំនិតវិញ ទើបចំណេញជាតិជាង»។
មានប្រទេសចំនួន១៨ កាលពី២៥ឆ្នាំមុនបានចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងប៉ារីស២៣ តុលា១៩៩១ ដើម្បីធានានូវសន្តិភាពផ្ទៃក្នុង និងការពារបូរណភាពទឹកដីកម្ពុជាមិនឲ្យមានការឈ្លានពានពីប្រទេសជិតខាង។
កិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺជាចំណុចផ្តើមនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាដែលអូសបន្លាយ២០ឆ្នាំ។ សន្ធិសញ្ញានេះកើតឡើងដោយបួនភាគីគឺភាគីហ៊្វុនស៊ិនប៉ិចរបស់សម្ដេចនរោត្តម សីហនុ ភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែររបស់លោកសឺន សាន ភាគីខ្មែរក្រហម និងភាគីរដ្ឋកម្ពុជារបស់លោកហ៊ុន សែនបានចុះកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនៅថ្ងៃ២៣ តុលា១៩៩១នៅទីក្រុងប៉ារីស។
កន្លងមកលោកនាយករដ្ឋមន្រ្តីហ៊ុន សែនតែងលើកឡើងថា សន្ធិសញ្ញាទីក្រុងប៉ារីសឆ្នាំ១៩៩១ត្រូវចប់ចាប់តាំងពីពេលរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣បង្កើតមកម្ល៉េះ។
បន្ទាប់ពីមានការរារាំង តំណាងរាស្រ្តគណបក្សប្រឆាំងបានលុបចោលគម្រោងនៃការហែញត្តិពីស្នាក់ការគណបក្សរបស់ខ្លួន ដោយសម្រេចឲ្យតំណាងរាស្ត្រ៥រូបធ្វើដំណើរដាក់ញត្តិនៅស្ថានទូតទាំង១៥ដែលគណបក្សនេះអះអាងថា ការធ្វើបែបនេះគឺដើម្បីបញ្ជៀសការប៉ះទង្គិចរវាងក្រុមអ្នកហែក្បួន និងសមត្ថកិច្ច៕