សេចក្តីថ្លែងការណ៍ក្រសួងបរទេសកម្ពុជាដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃសុក្របានឲ្យដឹងថា លោកTaro Kono (តារ៉ូ កូណូ) រដ្ឋមន្រ្តីការបរទេសជប៉ុនគ្រោងនឹងចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណជាង៩០លានដុល្លារ ក្នុងអំឡុងទស្សនកិច្ចដែលចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ។
តាមផែនការ លោក Taro Kono ក៏គ្រោងនឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
កាលពីខែមីនារដ្ឋាភិបាលជប៉ុនធ្លាប់បានបរាជ័យម្តងរួចទៅហើយក្នុងការជួយសម្របសម្រួលវិបត្តិនយោបាយរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។ លោក ហ៊ុន សែន បានប្រកាសដាច់អហង្ការថា លោកនឹងមិនចរចា ឬសម្របសម្រួលនយោបាយជាមួយក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិជាដាច់ខាត។
សមាជិកព្រឹទ្ធសភាជប៉ុនកាលពីខែមីនាបានសម្តែងការព្រួយបារម្ភចំពោះការរំលាយគណបក្សសង្គ្រោះជាតិ ការឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ការហាមមិនឲ្យមន្រ្តីគណបក្សប្រឆាំងចំនួន១១៨រូបធ្វើនយោបាយរយៈពេលប្រាំឆ្នាំ ការធ្វើទុក្ខបុកម្នេញសង្គមស៊ីវិល និងបណ្តាញសារព័ត៌មានឯករាជ្យនៅកម្ពុជា។ សមាជិកព្រឹទ្ធសភាបន្តថា ប្រសិនបើជម្លោះនយោបាយរបស់កម្ពុជានៅតែបន្ត នោះការបោះឆ្នោតនៅខែកក្កដាខាងមុខនឹងរងការប៉ះទង្គិចធ្ងន់ធ្ងរ។
លោក Taro Kono រដ្ឋមន្ត្រីការបរទេសជប៉ុន ធ្លាប់មានប្រសាសន៍ថា ជប៉ុននៅតែបន្តជំរុញឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយប្រទេសជប៉ុនថែមទាំងបានផ្តល់ជំនួយជាប្រអប់ឆ្នោតចំនួនមួយម៉ឺន គិតជាទឹកប្រាក់តម្លៃ៧លាន៥សែនដុល្លារ។ បើធ្វើការបែងចែក ប្រអប់ឆ្នោតនីមួយៗមានតម្លៃខ្ពស់ដល់ទៅ៧៥០ដុល្លារ៕