ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​កម្មករ​បន្ត​ទាមទារ​ប្រាក់​ឈ្នួល​២១៥​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៣​


រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជាដេរ​​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។
រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជាដេរ​​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។

ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​វិស័យ​កាត់ដេរ​ចាប់​ផ្តើម​ដំណើរ​ការ​នៅ​សប្តាហ៍​នេះ​ ដោយ​ភាគី​តំណាង​កម្មករ​បាន​ស្នើ​ប្រាក់​ឈ្នួល​២១៥​ដុល្លារ​ដើម្បី​ជជែក​ជា​មួយ​ភាគី​និយោជក។​

ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្លូវការ​នឹង​អាច​ធ្វើ​ឡើង​ នៅ​ខែ​កញ្ញា​ខាង​មុខ​ បន្ទាប់​ពី​ការ​ចរចា​ដែល​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ពុធ។​

ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា ​លោក ​ប៉ាវ​ ស៊ីណា ​ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​ស្នើ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០២៣​ឱ្យ​ដល់​២១៥​ដុល្លារ​នេះ​ ធ្វើ​ឡើង​ដោយ​យោង​ទៅ​តាម​ស្ថានភាព​នៃ​ការ​ចាយ​វាយ​របស់​កម្មករ​ដែល​កំពុង​កើន​ឡើង​ ស្រប​ពេល​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ហក់​ឡើង​ខ្ពស់។​

លោក​និយាយ​ថា៖ ​«ហើយ​មួយ​ទៀត​ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​នាំ​ចេញ​ យើង​ឃើញ​មាន​ការ​កើន​ឡើង​ ប្រាក់​ចំណេញ។​ និយោជក​នៅ​តែ​មាន​ការ​ចំណេញ​ដដែល​ ដូច្នេះ​យើង​ពិនិត្យ​ឃើញ​ថា​ ចំណុច​នេះ​ ដែល​ជា​ចំណុច​ដែល​យើង​ស្នើ​ ដូច​ជា​ការ​នាំ​ចេញ​ ចំនួន​ផលិតផល​ដែល​កម្មករ​ផលិត​កើន​ឡើង​ ដូច្នេះ​យើង​ធ្វើ​ការ​ស្នើ​សុំ​ទាំង​អស់​វា​១០.៦២​ភាគរយ»។​

លោក​បន្ថែម​ថា៖ ​«ដូច្នេះ​ហើយ​នេះ​ ជាហេតុផល​ដែល​យើង​យក​ទៅ​ធ្វើ​ការ​ចរចា​ជាមួយ​នឹង​ភាគី​ខាង​ថៅកែ។ ​ហើយ​បើ​យើង​ពិនិត្យ​ថា​ តើ​ការ​ដំឡើង​ ប្រាក់​ឈ្នួល​ប៉ុណ្ណឹង​ តើ​អាច​ឆ្លើយ​តប​ទៅ​នឹង​ជីវភាព​រស់​នៅ​របស់​បងប្អូន​ទេ។​ វា​ជា​ធម្មតា​សម្រាប់​ខ្ញុំ​ គឺ​ខ្ញុំ​មើល​ឃើញ​ថា​ ប្រាក់​ឈ្នួល​ទោះ​បី​ឡើង​ប៉ុណ្ណឹង​ក៏​ដោយ​ ក៏​នៅ​តែ​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ​ទេ»។​

បើ​តាម​លោក ​ប៉ាវ ស៊ីណា​ ភាគី​និយោជក​រក្សា​ជំហរ​ផ្តល់​ឱ្យ​កម្មករ​និយោជិត​ ចំនួន​១៩៤​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ សម្រាប់​ការ​កំណត់​ និង​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​ ដោយ​លើក​ហេតុផល​ពី​ផល​ប៉ះពាល់​បង្ក​ឡើង​ដោយ​កត្តា​ខាងក្រៅ​ ដូច​ជា​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយក្រែន​ និង​ភាព​មិន​ច្បាស់លាស់​នៃ​ការ​បញ្ជា​ទិញ​ពី​អឺរ៉ុប​ និង​ពី​សហរដ្ឋ​អាមេរិក​ ដែល​ជា​បញ្ហា​ប្រឈម​និង​ត្រូវ​បាន​ព្យាករ​សម្រាប់​ឆ្នាំ​ក្រោយ ​ក៏ដូច​ជា​ផល​ប៉ះពាល់​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ និង​សម្ពាធ​នៃ​ការ​ចំណាយ​ប្រាក់​សោធន​និវត្តន៍។​

លោក ​ឃុន ថារ៉ូ ​ប្រធាន​គ្រប់​គ្រង​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ សង់​ត្រាល់​ បាន​ឱ្យ​ដឹង​ថា ​តួ​លេខ​២១៥​ដុល្លារ​ដែល​ភាគី​សហជីព​ស្នើ​ឡើង​នេះ​ គឺ​ខ្ពស់​ជាង​សំណើ​ឆ្នាំ​មុន​ដែល​មាន​ចំនួន​២១៤​ដុល្លារ។​

លោក​បន្ថែម​ថា ​មាន​លក្ខណៈ​វិនិច្ឆ័យ​សំខាន់​ចំនួន​២​ ដែល​កម្មករ​សម​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ចំនួន​២១៥​ដុល្លារ​ គឺ​ឱនភាព​នៃ​ទំនិញ​ ដែល​ធ្វើ​ឱ្យ​តម្លៃ​ទំនិញ​លើ​ទីផ្សារ​កើនឡើង​ ស្រប​ពេល​តម្លៃ​ប្រេង​ឥន្ធនៈ​ក៏​បាន​ហក់​ឡើង​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​ និង​ការ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​របស់​កម្មករ​និយោជិត​ ដោយ​សារ​តែ​ការ​កែ​ប្រែ​មួយ​ចំនួន​ ដូចជា​ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​និង​ការ​មិន​ផ្តល់​ប្រាក់​បន្ថែម​លើ​ការ​ធ្វើ​ការ​ចំ​ថ្ងៃ​អាទិត្យ។ ​យ៉ាង​ក៏​ដោយ​ លោក​ថា ​ភាគី​សហជីព​ និង​និយោជក​នឹង​ត្រូវ​បន្ត​ជជែក​គ្នា ​ក្នុង​ជំនួប​ក្រោយៗ​ទៀត ​ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី។​ ​

អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​ឬ ​GMAC​ លោក​ ខេន លូ​ ថ្លែង​ថា​ ការ​ទាមទារ​របស់​សហជីព​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​រោងចក្រ​កាត់​ដេរ​ចំនួន​២១៥​ដុល្លារ​អាច​ទៅ​រួច​ឬ​យ៉ាង​ណា​អាស្រ័យ​លើ​លក្ខខណ្ឌ​ចំនួន​៧​ចំណុច​ដែល​ជា​និច្ចកាល​ត្រូវ​បាន​យក​មក​ពិចារណា​រាល់​ពេល​នៃ​ការ​ព្រមព្រៀង​លើ​ចំនួន​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី។​

លោក​ប្រាប់​វីអូអេ​ថា៖​ «អ៊ីចឹង​យើង​អត់​ទាន់​មើល​ឃើញ។ ​ពេល​ចរចា​ អត់​ទាន់​មើល​ឃើញ​ថា​ សហជីព​គេ​យក​រូបមន្ត​៧​មក​គណនា​ មក​ពន្យល់​អង្គ​ប្រជុំ​ទេ។ ​ហើយ​ខាង​រដ្ឋាភិបាល​បាន​ចេញ​តួលេខ​ហើយ​ ខាង​យើង​ក៏​មាន​រូបមន្ត​ តាម​រូបមន្ត​៧​ ថា​ ត្រូវ​តែ​ចេញ​តួលេខ​ប៉ុន្មានៗ។​ អ៊ីចឹង​ សុំ​ខាង​សហជីព​ចេញ​រូប​មន្ត​៧»។​

វីអូអេ​មិន​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពី​ លោក​ ហេង សួរ​ រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការងារតាម​រយៈ​ប្រព័ន្ធ​ទំនាក់​ទំនង ​WhatsApp ​បាន​ទេ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។​

ក៏​ប៉ុន្តែ​ក្រសួង​ការងារ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ថា​ ក្នុង​ជំនួប​ជុំ​ទីពីរ​ ភាគី​កម្មករ​ និង​និយោជក​ បង្ហាញ​នូវ​គោល​ជំហរ​ផ្ទៃ​ក្នុង​របស់​ខ្លួន​ទៅវិញ​ទៅមក​ប្រកប​ដោយ​វិជ្ជាជីវៈ​ និង​ភាព​ចាស់​ទុំ​អំពី​សំណើ​របស់​ខ្លួន។​

សេចក្តី​ប្រកាស​ដដែល​បន្ថែម​ថា​ ​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ ភាគី​រាជ​រដ្ឋាភិបាល​ក៏​បាន​សម្រប​សម្រួល​ និង​ផ្តល់​នូវ​ការ​ពន្យល់​បន្ថែម​លើ​ចំណុច​នានា​ ដែល​ភាគី​តំណាង​កម្មករ​និយោជិត​ និង​ភាគី​តំណាង​និយោជក​មាន​ចម្ងល់​ផង​ដែរ។​ កិច្ច​ប្រជុំ​បន្ទាប់ ​នឹង​ធ្វើ​ឡើង​នៅថ្ងៃ​ទី​៣១ ​ខែ​សីហា​ខាង​មុខ។​

កាល​ពី​ឆ្នាំ​២០២១​ កម្មករ​រោងចក្រ​កាត់​ដេរ​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​សម្រាប់​ឆ្នាំ​២០២២ ​ចំនួន​២​ដុល្លារ​ ធ្វើ​ឱ្យ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ក្នុង​ឧស្សាហ​កម្ម​កាត់ដេរ​កើន​ដល់​១៩៤​ដុល្លារ​អាមេរិក។​

គួរ​រម្លឹក​ឡើង​វិញ​ផង​ដែរ​ថា​ វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​ គឺ​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​នាំ​ចេញ​ទំនិញ​ធំ​បំផុត​លំដាប់​ទី​មួយ​របស់​កម្ពុជា។ វិស័យ​នេះ ​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ប្រមាណ​ជាង​៨០​ម៉ឺន​នាក់​ដែល​ភាគ​ច្រើន​ គឺ​ជា​ប្រជា​ពលរដ្ឋ​មក​ពី​បណ្តា​ខេត្ត​ និង​ជនបទ។ ​

ឧស្សាហ​កម្ម​កាត់​ដេរ​របស់​ប្រទេស​កម្ពុជា​ បាន​រងផល​ប៉ះពាល់​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​មួយ​ផ្នែក ​និង​មួយ​ផ្នែក​ទៀត​ដោយ​សារ​ការ​បាត់​បង់ ​២០%​នៃ​ប្រព័ន្ធ​ឋានៈ​អនុ​គ្រោះពន្ធ ​EBA​ របស់​សហភាព​អឺរ៉ុប​ កាល​ពី​ខែ​សីហា​ ​ឆ្នាំ​២០២០ ​ក្រោយ​ការ​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ក្នុង​ប្រទេស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG