ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រាក់​ឈ្នួល​អប្បបរមា​​ក្នុង​វិស័យ​កាត់​ដេរ​​​ឆ្នាំ​២០២៣​ឡើង​ដល់​​​​២០០​ដុល្លារ​ ខណៈ​សហជីព​អំពាវនាវ​ឱ្យ​​ទប់​ស្កាត់​តម្លៃ​ទំនិញ

រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​កំពុង​ដេរ​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)
រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​កំពុង​ដេរ​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)

ប្រាក់​ឈ្នួល​អប្បបរមាសម្រាប់កម្មកររោងចក្រ​កាត់​ដេរ​ក្នុង​ឆ្នាំ​២០២៣​ ត្រូវបាន​កំណត់​ត្រឹម២០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ដែល​ធ្វើ​ឱ្យ​កម្មករ​ទទួល​បាន​ប្រាក់​ឈ្នួល​បន្ថែម​ចំនួន​៦​ដុល្លារ​ទៀត​ បើ​ធៀប​នឹង​ឆ្នាំ​២០២២។​

នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២១ ​ខែ​កញ្ញា​ឆ្នាំ​២០២២​នេះ​ ភាគី​រដ្ឋាភិបាល​ និយោជក​ និង​សហជីពតំណាង​កម្មករ ​ដោយ​មួយ​ភាគី​មាន​ចំនួន​១៧​រូប​ បាន​បោះឆ្នោត​កំណត់ប្រាក់​ឈ្នួល​គោល​អប្បរមា​ដែល​មាន​ការ​កំណត់តួលេខ ​១៩៨​ដុល្លារ ​២០៦​ដុល្លារ ​២១០​ដុល្លារ ​និង​២១៣​ដុល្លារ។ ​ជាលទ្ធផល ​អ្នក​ដែល​បោះ​ឆ្នោត​ជ្រើស​យក​តួលេខ​១៩៨​ដុល្លារ​មាន​ចំនួន​៤៦​ លើ​៥១​សំឡេង ​ចំណែក​អ្នក​ដែលបោះឆ្នោតជ្រើស​យក​តួលេខ​២១៣​ មាន​ចំនួន ​៥ ​លើ​៥១សំឡេង។​

រដ្ឋមន្រ្តី​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ លោក ​អ៊ិត សំហេង​ ប្រាប់​អ្នក​សារព័ត៌មាន​ថា ​ ក្រោយ​ការ​ប្រើប្រាស់​គោល​ការណ៍៧​ចំណុច​ដើម្បី​កំណត់យក​តួលេខ​១៩៨​ដុល្លារ រដ្ឋាភិបាល​បានបន្ថែម២​ដុល្លារ ទើប​ធ្វើ​ឱ្យប្រាក់​ឈ្នួល​គោល​អប្បបរមាសម្រាប់​ឆ្នាំ​២០២៣​មាន​ចំនួន​២០០​ដុល្លារ។

មន្រ្តី​កំពុង​រាប់​សន្លឹក​ឆ្នោត​ដែល​បោះ​កំណត់​យក​តួលេខប្រាក់ឈ្នួលអប្បបរមា​សម្រាប់កម្មកររោងចក្រ​កាត់​ដេរ ក្នុង​ឆ្នាំ​២០២៣ នៅថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
មន្រ្តី​កំពុង​រាប់​សន្លឹក​ឆ្នោត​ដែល​បោះ​កំណត់​យក​តួលេខប្រាក់ឈ្នួលអប្បបរមា​សម្រាប់កម្មកររោងចក្រ​កាត់​ដេរ ក្នុង​ឆ្នាំ​២០២៣ នៅថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ លោក អ៊ិត សំហេង ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្រោយ​បញ្ចប់​ការ​បោះឆ្នោត​កំណត់​ប្រាក់ឈ្នួលអប្បបរមា​សម្រាប់កម្មកររោងចក្រ​កាត់​ដេរ ​នៅថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

លោក​ថ្លែង​ថា៖ ​«សម្រាប់​ឆ្នាំ​២០២៣ ​បងប្អូន​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​ ស្បែក​ជើង និង​កាបូប​ គឺ​មាន​ប្រាក់​ឈ្នួល​អប្បបរមា​២០០​ដុល្លារ​អាមេរិក។ ​ហើយ​បូក​បន្ថែម​នឹង​អត្ថប្រយោជន៍​ផ្សេងៗដែល​មាន​ស្រាប់ ​ដូចជា​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ ​ស្នាក់​នៅ ​ប្រាក់​រង្វាន់ការងារ​ទៀង​ទាត់​ ប្រាក់​រង្វាន់អតីត​ភាព​ គឺ​បងប្អូន​កម្ម​ករ​យើងមាន​ពី​២២១​ឡើង​ទៅ។ ​ឡើង​ទៅ​ដល់​២៣២​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ»។​

អនុ​ប្រធាន​សហព័ន្ធ​និយោជក​ និង​សមាគម​ពាណិជ្ជ​កម្ម​កម្ពុជា ​លោក ​ណាង សុធី ​លើក​ឡើង​ថា ​ប្រាក់​ឈ្នួល​គោលចំនួន​២០០​ដុល្លារ​នេះ​ជា​តួលេខ​ដែល​ភាគី​និយោជក​អាច​ទទួល​យក​បាន ​បើ​ទោះបី​ជាវិស័យ​កាត់​ដេររង​ផល​ប៉ះពាល់​ពីជំងឺ​កូវីដ​១៩ ​និងសង្គ្រាម​រវាង​អ៊ុយក្រែន​ និង​រុស្ស៊ី​ ព្រម​ទាំង​បន្ទុក​ថ្មី ​គឺ​ការបង់​សោធន​និវត្តន៍​សម្រាប់​កម្មករក៏​ដោយ។​

លោក​ថ្លែង​ថា៖ ​«ជា​ការណ៍​ពិត​វា​មាន​ការ​លំបាក ​លំបាក​ខ្លះ។ ​វា​មិន​មែន​ថា ​ជា​បន្ទុក​រហូត​ដល់​ទទួល​មិន​បាន​ទេ ពីព្រោះ​វិបត្តិ​អ៊ុយក្រែន​នោះ។ ​ សភាព​ការណ៍​សហគមន៍ ​អឺរ៉ុប ​ពិភព​លោក​ down [ធ្លាក់ចុះ]។​ វិបត្តិ​ថាមពល ​វិបត្តិ​អតិផរណា​ យើង​ដឹងទាំងអស់​គ្នា។​ ដូច្នេះ​បើមនុស្ស​ឃ្លាន​បាយ​ អត់អី​ញ៉ាំ ​អត់​ភ្លើង​ប្រើ ​តែបើ​ខោអាវ ​ដូច​វា​មិន​សង្ឃឹម​ទេ។ ​ប៉ុន្តែ​បើ​ពិនិត្យ​សភាព​ការណ៍​ជាក់​ស្តែង​នៅ​ប្រទេសយើង​វិញ ​ ក៏​វាអាច​ទទួល​យក​បាន»។

លោក​ ណាង សុធី ​បន្ថែម​ថា ​ការ​ដំឡើង​ប្រាក់​ឈ្នួល​៦​ដុល្លារ​បន្ថែម​សម្រាប់​ឆ្នាំ​២០២៣​នេះ​នឹង​មិនធ្វើ​ឱ្យ​ស្ថាន​ភាពកម្មករមាន​ភាព​ប្រសើរ​នោះ​ទេ ​ដោយសារ​តម្លៃ​ទំនិញ​ឡើង​ថ្លៃ​ដូច​ឆ្នាំ​មុនៗ។ ​ប៉ុន្តែលោក​ថា ប្រសិន​បើដំឡើង​ប្រាក់​ឈ្នួល​អប្បបរមាដល់​២១៣ ​ឬ​២១៥​ដុល្លារ ​ទៅតាម​ការ​ទាមទារ​របស់​កម្មករ​ នោះ​នឹង​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ងាក​ទៅបង្កើត​រោងចក្រក្នុង​បណ្តា​ប្រទេស​ជិត​ខាង​កម្ពុជា​ជំនួស​វិញ។​

អនុប្រធាន អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា លោក ណាង សុធី ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្រោយ​បញ្ចប់​ការ​បោះឆ្នោត​កំណត់​ប្រាក់ឈ្នួលអប្បបរមា​សម្រាប់កម្មកររោងចក្រ​កាត់​ដេរ ​នៅថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

នៅ​មុន​ពេល​មានការ​សម្រេច​បោះ​ឆ្នោត​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នេះ ​ គេ​ឃើញ​សហជីព ​និង​កម្មករ​មួយ​ចំនួនបាន​ធ្វើ​យុទ្ធនាការ​តាម​បណ្តាញ​សង្គម ​ទាមទារ​ឱ្យ​មាន​ការ​ផ្តល់ប្រាក់​ឈ្នួល​គោល​ចំនួន​២១៥​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​ ពួកគេទាមទារ​ដោយលើក​ឡើងថា​ តម្លៃ​ទំនិញ ​និង​ប្រេងសាំង​នៅ​កម្ពុជា​បច្ចុប្បន្ន ​មានការ​កើន​ឡើងខ្លាំង​ ជាហេតុ​ធ្វើ​ឱ្យ​ពួកគេ​ប្រឈម​នឹង​បញ្ហា​ជីវភាព។​

ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា ​លោក ​ប៉ាវ ស៊ីណា ​លើក​ឡើង​ថា ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​២០០​ដុល្លារ​នេះ​មិនអាច​ធ្វើ​ឱ្យ​ជីវភាព​កម្មករ​បាន​ប្រសើរ​ឡើង​នោះ​ទេ។​

លោកថ្លែង​ថា៖ ​«ពីរ​ឆ្នាំ​មក​នេះ​កម្មករ​យើង​គឺ​ពិត​ជា​មាន​ការ​ជួប​ការ​លំបាក​ខ្លាំង​មែន​ទែន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួកគាត់ ​ដោយ​សារ​តែ​ពាក់ព័ន្ធ​នឹង​បញ្ហា​កូវីដ​ ហើយ​អ្វី​ដែល​សំខាន់​យើង​ឃើញនៅ​ឆ្នាំ​២០១៩ ​ក៏​ដូច​ជា២០២២​នេះ​ យើង​ឃើញ​កម្មករ​មាន​ការ​បាត់បង់ផល​ប្រយោជន៍​ជា​ច្រើន ​តាម​រយៈការ​កាត់​ថ្ងៃឈប់​សម្រាក ​ក៏ដូចជា​ការ​លុប​បំបាត់ថ្ងៃ​បុណ្យ​សង​អីហ្នឹង។​ យើង​ឃើញ​គាត់​មានការ​ខាតបង់​ច្រើន»។​

ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា ​លោក ​ប៉ាវ ស៊ីណា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្រោយ​បញ្ចប់​ការ​បោះឆ្នោត​កំណត់​ប្រាក់ឈ្នួលអប្បបរមា​សម្រាប់កម្មកររោងចក្រ​កាត់​ដេរ ​នៅថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

លោក​បន្ថែម​ថា​ ដោយសារ​ការ​សម្រេច​នេះ​ធ្វើ​ឡើង​ដោយ​មតិភាគ​ច្រើន ​ដូច្នេះភាគី​សហជីព​ត្រូវ​តែ​ទទួល​យក។ ​ទោះយ៉ាងណា​លោក​ថា ​ដើម្បី​សម្រួល​ជីវភាព​របស់​កម្មករកុំ​ឱ្យ​កាន់តែ​មាន​បញ្ហា​ប្រឈម​ រដ្ឋាភិបាល​គួរ​ទប់​ស្កាត់​ការ​កើន​ឡើង​នូវ​តម្លៃ​ទំនិញដើម្បីសម្រួល​ដល់​ការ​ចំណាយ​របស់​ពួកគាត់។

លោក​រៀបរាប់​ថា៖ ​«ភាគី​រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​តម្លៃ​ទំនិញទីផ្សារ​ផ្សេងៗ​ ថ្លៃ​ផ្ទះ ​ថ្លៃ​អគ្គិសនី​អី​ផ្សេងៗ ​ក៏​ដូច​ជា​ការ​ផ្តល់​មធ្យោបាយ​ដឹក​ជញ្ជូន​អី​ផ្សេងៗ​ទៅ​ដល់​បងប្អូន​កម្មករ​អី​ជាដើម​ ដែល​ជា​ផ្នែក​មួយ​ដែរ​ក្នុង​ការ​កាត់​បន្ថយ​ការចំណាយ​របស់​ពួក​គាត់។ ​ដូច្នេះ​ការ​ឡើង​ប្រាក់​ឈ្នួល​ក្នុង​ស្ថានភាព​ណា​មួយ​ក៏​ដោយ​ ប្រសិន​បើ​មាន​ការ​ទប់​ស្កាត់​របស់​ទាំង​នោះ​បាន ​ ការ​ឡើង​ហ្នឹង​វា​អាច​ឆ្លើយ​តប​នឹង​ការ​ឡើង​ទំនិញ​ទីផ្សារ​ដែរ»។​

វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​គឺ​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​នាំ​ចេញ​ទំនិញ​ធំ​បំផុត​លំដាប់​ទី​មួយ​របស់​កម្ពុជា។​ វិស័យ​នេះ​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ប្រមាណ​ជាង​៨០​ម៉ឺន​នាក់​ដែល​ភាគ​ច្រើន​គឺ​ជា​ប្រជា​ពលរដ្ឋ​មក​ពី​បណ្តា​ខេត្ត​ និង​ជនបទ។​

វិស័យ​ដ៏​សំខាន់​មួយ​នេះ​បាន​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩មួយ​ផ្នែក ​ហើយ​មួយ​ផ្នែក​ទៀត​ គឺ​ដោយ​សារ​ការ​បាត់​បង់​២០%​នៃ​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​សព្វាវុធ​ (EBA) ​របស់​សហភាព​អឺរ៉ុប​ កាល​ពី​ខែ​សីហា​ ​ឆ្នាំ​២០២០ ​ដែល​បណ្តាល​មក​ពីការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG