ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភពលោក​ថា កុមារ​អាហ្វហ្គានីស្ថាន​រាប់លាន​នាក់​មិន​បាន​ចូល​រៀន


រូបឯកសារ៖ កុមារ​អាហ្វហ្គានីស្ថាន ដើរ​លើ​ផ្លូវ​ភក់​នៅក្នុង​ទីក្រុង​កាប៊ុល កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៨។
រូបឯកសារ៖ កុមារ​អាហ្វហ្គានីស្ថាន ដើរ​លើ​ផ្លូវ​ភក់​នៅក្នុង​ទីក្រុង​កាប៊ុល កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៨។

ធនាគារ​ពិភពលោក​បាន​បញ្ជាក់​ថា សាលារៀន​ជិត​ពាក់​កណ្តាល​នៃ​សាលារៀន​ទាំងអស់​ចំនួន​១៨.០០០ ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ខ្វះ​អាគារ​ត្រឹមត្រូវ ហើយ​កុមារ​ប្រហែល ៣ លាន ៧ សែន​នាក់ នៅតែ​មិន​មាន​លទ្ធភាព​ចូល​រៀន ទោះបីជា​មាន​ការ​វិនិយោគ​យ៉ាង​ច្រើន​ក្រាស់ក្រែល​នៅ​ក្នុង​វិស័យ​អប់រំ​ក៏ដោយ។

លោក Henry Kerali នាយក​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃ​អាទិត្យ បាន​ជំរុញ​ឲ្យ​មេដឹកនាំ​អាហ្វហ្គានីស្ថាន​វិនិយោគ​បន្ថែម​លើ​ធនធាន​មនុស្ស និង​បាន​បញ្ជាក់​អំពី​តម្រូវការ​នៃ​ការ​បន្ត​ផ្ដល់​ជំនួយ​អន្តរជាតិ​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​មនុស្ស​រាប់​លាន​នាក់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​មាន​ភាព​ប្រសើរ​ឡើង។

ទិន្នន័យ​កាល​ពី​ឆ្នាំ ២០១៣ បាន​បង្ហាញ​ថា កុមារ​អាហ្វហ្គានីស្ថាន​អាយុ ១០ ឆ្នាំ ចំនួន ៩០% មិន​អាច​អាន​ និង​យល់​អត្ថបទ​ងាយៗ​នៅ​ពេល​ដែល​ពួកគេ​បញ្ចប់​ថ្នាក់​បឋមសិក្សា។ នេះ​ បើ​តាម​ការ​បញ្ជាក់​របស់​លោក Henry Kerali។

លោក Kerali បាន​លើកឡើង​ថា៖ «ប្រទេស​អាហ្វហ្គានីស្ថាន​ក៏​ស្ថិត​នៅ​ក្រោយ​គេ​ឆ្ងាយ​នៅ​ក្នុង​ការ​កាត់​បន្ថយ​គម្លាត​យេនឌ័រ​ផង​ដែរ ជា​ពិសេស​ក្នុង​វិស័យ​អប់រំ​ និង​សុខាភិបាល។ នៅ​ពេល​បច្ចុប្បន្ន​នេះ ក្មេង​ប្រុស​ចំនួន ៦៧% បើ​ប្រៀបធៀប​នឹង​ក្មេង​ស្រី​ចំនួន ៤៨% បាន​ចុះ​ឈ្មោះ​ចូលរៀន»។

លោក Kerali បាន​កត់​សម្គាល់​ថា វិស័យ​សុខាភិបាល​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ក៏​នៅ​អន់​ខ្សោយ​ជាង​កម្រិត​មធ្យម​នៃ​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ផង​ដែរ ដែល​ចំណុច​នេះ​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ពី​តម្រូវការ​ចាំបាច់​នៅ​ក្នុង​ការ​បង្កើន​លទ្ធភាព​បន្ថែម​ទៀត​សម្រាប់​សេវាកម្ម​ទាំង​នេះ ជាពិសេស​សម្រាប់​ស្ត្រី៕

XS
SM
MD
LG