ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ផ្លាស់ប្តូរ​ទម្លាប់​មួយ​ភូមិ​ម្តងៗ ដើម្បី​កម្រិត​កាកសំណល់​របស់​ប្រទេស​ចិន


នាង Chen Liwen មកពិនិត្យមើលធុងសំរាមកែច្នៃមួយ កាលពីខែកក្កដា ឆ្នាំ២០១៩។
នាង Chen Liwen មកពិនិត្យមើលធុងសំរាមកែច្នៃមួយ កាលពីខែកក្កដា ឆ្នាំ២០១៩។

និស្សិត​បញ្ចប់​ការសិក្សា​ផ្នែក​ភូមិសាស្ត្រ​និង​ប្រវត្តិសាស្ត្រ​បរិស្ថាន​ម្នាក់ ដែល​មក​ពី​ភូមិ​តូច​មួយ​ក្នុង​ប្រទេស​ចិន ព្យាយាម​ដោះស្រាយ​បញ្ហា​សំរាម ដោយ​ការផ្លាស់ប្តូរ​ទម្លាប់​នៅ​ក្នុង​មួយ​ភូមិ​ម្តងៗ។

នៅ​ពេល​ដែល Chen Liwen បាន​ត្រឡប់​ទៅ​ភូមិ​របស់​ឪពុកម្តាយ​នាង​នៅ​ខេត្ត Hebei វិញ ក្រោយពី​ទទួល​បាន​សញ្ញាប័ត្រ​អនុបណ្ឌិត​នៅ​រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក​មក នាង​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ចំពោះ​អ្វី​ដែល​នាង​បាន​ឃើញ។

សំរាម​បាន​គ្របដណ្តប់​លើ​ទីកន្លែង​ដែល​នាង​ធ្លាប់​បាន​លេង​កាល​ពី​នៅ​ក្មេង។ ក្នុង​វ័យ ៣៦ ឆ្នាំ នាង​បាន​ដឹង​ថា ប្រទេស​ចិន​បាន​ផ្លាស់ប្តូរ ក៏​ប៉ុន្តែ​ចំនួន​សំរាម​នៅ​ក្នុង​ភូមិ Xicai បាន​បង្ហាញ​ថា ភាព​រុងរឿង​បាន​ផ្លាស់ប្តូរ​ទម្លាប់​សន្សំ​សំចៃ​ដល់​កម្រិត​ណា។

អ្នកភូមិ​បាន​ផ្លាស់ប្តូរ​ពី​ការទិញ​ទំនិញ​ក្នុង​ស្រុកទៅ​ទិញ​តាម​អនឡាញ។ ការ​ធ្លាក់​ចុះ​នូវ​ការ​ធ្វើស្រែ​ចំការ និង​ចិញ្ចឹម​សត្វ​តាម​គ្រួសារ​មាន​ន័យ​ថា កាកសំណល់​ចំណី​អាហារ​ដែល​ពី​មុន​ធ្លាប់​ប្រើ​ជា​ចំណី​ជ្រូក មាន់ ទា គឺ​មិន​ត្រូវ​បាន​គេ​ធ្វើ​ដូច្នេះ​ទៀត​ទេ។ កាកសំណល់​ទាំងនោះ ត្រូវ​បាន​ទុកចោល​ឲ្យ​ស្អុយ​រលួយ។ ពីមុនគេ គេ​បោះ​ចោល​សម្លៀកបំពាក់​នៅពេល​ដែល​វា​ចាស់​ស្លៀកពាក់​លែង​កើត តែ​ឥឡូវ​នេះ គេបាន​បោះចោល​សម្លៀក​បំពាក់ ដែល​អាច​នៅ​ស្លៀកពាក់​បាន ឬ ក៏​អាច​ឲ្យ​បន្ត​ទៅ​អ្នក​ផ្សេង​បាន។

ភូមិ​របស់​នាង Chen ឆ្លុះបញ្ចាំង​ពី​ប្រទេស​ជាតិ​ទាំង​មូល។ នៅ​ទសវត្សរ៍ ១៩៨០ ប្រទេស​ចិន​ដែល​នៅ​ក្រីក្រ​នៅ​ឡើយ មាន​កាក​សំណល់​ប្រមាណ ៣០ លាន​តោន ជា​រៀងរាល់​ឆ្នាំ។ មក​ដល់​ត្រឹម​ឆ្នាំ ២០១៧ ប្រទេស​ចិន​មាន​សំរាម ២១៥ លាន​តោន បើ​ប្រៀបធៀប​ទៅ​នឹង​សំរាម​នៅ​សហរដ្ឋអាមេរិក​ដែល​មាន​ចំនួន ២៦៨ លាន​តោន​នៅ​ឆ្នាំ​នោះ។ ធនាគារ​ពិភពលោក​ប៉ាន់​ប្រមាណ​ថា នៅ​ឆ្នាំ ២០២៥ ប្រទេស​ចិន​នឹង​មាន​សំរាម ៥០០ លាន​តោន​ជា​រៀងរាល់​ឆ្នាំ។

ចាប់តាំង​ពី​ពេល​ទៅ​លេង​ផ្ទះ​នៅ​ឆ្នាំ ២០១៧ នោះ​មក នាង Chen ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ភូមិសាស្ត្រ​និង​ប្រវត្តិសាស្ត្រ​បរិស្ថាន បាន​ចាប់ផ្តើម​ចាត់​វិធានការ​ដោយ​ខ្លួន​ឯង​ផ្ទាល់ ដើម្បី​ធ្វើ​ឲ្យ​បរិស្ថាន​ប្រទេស​ចិន​មាន​ភាព​ប្រសើរ​ឡើង ដោយ​នាង​ធ្វើ​ក្នុង​មួយ​ភូមិ​ម្តងៗ។ បើ​តាម​គំនិត​របស់​នាង ការ​ធ្វើ​ដូច្នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ចិន​គ្មាន​កាក​សំណល់។ ជាក់ស្តែង ការ​កាត់បន្ថយ​ការ​ប្រើប្រាស់ ការ​ប្រើប្រាស់​របស់របរ​ណា​មួយ​ឡើង​វិញ និង​ការ​កែច្នៃកាកសំណល់ គឺ​ជា​ការចាប់ផ្តើម​ដ៏​ល្អ។

នាង Chen ដឹង​ថា ការ​ធ្វើ​កិច្ចការ​នេះ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន។ នាង​បាន​ចាប់​ផ្តើម​សិក្សា​ផ្នែក​បរិស្ថាន ពេល​នៅ​ជា​និស្សិត​បរិញ្ញាប័ត្រ បន្ទាប់មក​នាង​បាន​ធ្វើការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងៗ ដើម្បី​កាត់បន្ថយ​ការ​បំពុល​ខ្យល់ និង​ទឹក​នៅ​ប្រទេសចិន រហូត​ដល់​ពេល​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ University of Southern California ក្នុង​ឆ្នាំ ២០១៥។

នៅ​ខែកក្កដា​ឆ្នាំ ២០១៧ នាង​បាន​បង្កើត​អង្គការ​មួយ​ឈ្មោះ​ថា ភូមិ​គ្មាន​សំរាម ឬ Zero Waste Village ដែល​ជា​អង្គការ​មិន​រក​ប្រាក់​កម្រៃ​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៉េកាំង ហើយ​ជាមួយ​ក្រុម​របស់​នាង អង្គការ​នោះ​បាន​ចាប់ផ្តើម​ផ្លាស់ប្តូរ​ទម្លាប់​របស់​ប្រជាជន​ក្នុង​ការបោះ​ចោល​សំរាម​នៅ​ភូមិ Xicai។

ក្រុម​នេះបាន​រើស​កំប៉ុង​ពី​គំនរ​សំរាម​នៅ​តាម​ទីសាធារណៈ ដែល​ជា​សកម្មភាព​មួយ​ដែល​បញ្ឈប់​អ្នកភូមិ​មិន​ឲ្យ​បោះ​សំរាម​ចោល​តាម​ទំនើងចិត្ត។

ក្រុម​របស់​នាង Chen នេះ បាន​ចែកចាយ​ធុង​ពណ៌​បៃតង​សម្រាប់​ដាក់​កាកសំណល់​ដែល​អាច​ច្នៃ​ទៅ​ជា​ជី​កំប៉ុស និង​ធុង​ពណ៌​លឿង​សម្រាប់​ដាក់​កាកសំណល់​ផ្សេងៗ​ទៀត។ សមាជិក​ក្រុម​នេះ​បាន​ចុះ​ទៅ​តាម​ផ្ទះ​ចំនួន ៤៨០ ខ្នង​នៅ​ភូមិ Xicai ដើម្បី​ពន្យល់​អំពី​វិធី​ល្អ​បំផុត​ក្នុង​ការ​បែងចែក​សំរាម។

នាង Chen បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ការបែងចែក​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ត្រូវការ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​ជា​រួម​មួយ ហើយ​រឿង​នេះ ងាយ​នឹង​សម្រេច​បាន​នៅ​ក្នុង​ភូមិជាង​នៅ​តាម​ទីក្រុង​ធំៗ»។

ដោយ​ទទួល​ស្គាល់​អំពី​ឥទ្ធិពល​នៃ​ការ​ដាក់​សម្ពាធជា​ក្រុម នាង Chen ថ្លែង​ថា៖ «នៅ​តាម​ភូមិ​មាន​មនុស្ស​តិច​ជាង​នៅ​ទីក្រុង ហើយ​ពួកគេ​ស្គាល់​គ្នា​នៅ​ក្នុង​ភូមិ»។

នៅ​តាម​ភូមិ​មាន​ដី​ទូលាយ ដូច្នេះ​ការធ្វើ​ជី​កំប៉ុស​ពី​កាកសំណល់​ដែល​គ្មាន​ជាតិ​គីមី​គឺ​មិន​មាន​ក្លិន​ស្អុយ ឬ រញ៉េរញ៉ៃ ដូច​នៅ​ក្នុង​ទីក្រុង​ដែល​មាន​មនុស្ស​រស់នៅ​យ៉ាង​កកកុញ​នោះ​ទេ។

នាង Chen បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖ «ភូមិ​នេះធ្វើ​ឲ្យខ្ញុំ​មាន​ការភ្ញាក់ផ្អើល​មែនទែន។ អ្នកភូមិ​គាំទ្រ​ដល់​កិច្ចការ​របស់​ពួកយើង​ជា​ខ្លាំង»។

កិច្ចខិតខំ​ប្រឹងប្រែង​របស់​នាង Chen កើត​ឡើង​ស្របពេល​ដែល​ប្រទេស​ចិន​ជំរុញ​ឲ្យ​មាន​ចំណាត់ការ​លើ​បញ្ហា​សំរាម។ កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៧ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​កែប្រែ​ទាំងស្រុង​នូវ​កម្មវិធី​កែឆ្នៃ​កាក​សំណល់​ដើម្បី​ប្រើប្រាស់​ឡើងវិញ​នៅ​ទូទាំង​ពិភពលោក ដោយ​បាន​បិទ​ស្ទើរតែ​ទាំង​អស់​មិន​ឲ្យ​មាន​ការ​នាំ​ចូល​កាក​សំណល់​មក​ក្នុង​ប្រទេស​ចិន ដែល​ធ្លាប់​ជា​ទីផ្សារ​ឧស្សាហកម្ម​សំរាម​ដ៏​ធំ​បំផុត។

ឯកសារ​របស់​រដ្ឋាភិបាល​ចិន​ដែល​បញ្ជូន​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​សរសេរ​ថា៖ «ដើម្បី​ការពារ​ផល​ប្រយោជន៍​បរិស្ថាន និង​សុខភាព​ប្រជាជន​ចិន យើង​ត្រូវ​កែសម្រួល​ជា​បន្ទាន់​នូវ​បញ្ជី​កាក​សំណល់​រឹង​ដែល​បាន​នាំចូល ហើយ​ហាមឃាត់​ការនាំចូល​នូវ​កាកសំណល់​រឹង​ដែល​មាន​ការ​បំពុល​ខ្លាំង»។

វិធានការ​នេះបាន​ធ្វើ​ឡើង​ស្រប​ជាមួយ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែក​បរិស្ថាន​ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី ស៊ី ជីនពីង។ រោងចក្រ​បំពុល​បរិស្ថាន​រាប់​ម៉ឺន​កន្លែង​ត្រូវ​បាន​បិទ​នៅក្នុង​កិច្ចប្រឹងប្រែង​មួយ ដើម្បី​ទប់ស្កាត់​ការខូចខាត​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​ដើម្បី​លើក​កម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ។

រដ្ឋាភិបាល​បាន​លើក​កម្ពស់​ថាមពល​កកើត​ឡើង​វិញ ហើយ​នៅ​ពេល​ដែល​លោក ស៊ី ជីនពីង ថ្លែង​នៅឯ​សមាជជាតិ​នៃ​បក្សកុម្មុយនីស្ត​ចិន​កាល​ពី​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៧ លោក​បាន​លើក​ឡើង​ពី​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ឲ្យ​មាន «ការអភិវឌ្ឍន៍​ដែល​មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន ... ហើយនិង​ការ​ងាក​ចេញ​ពី​និន្នាការ​ដែល​មិន​យកចិត្តទុកដាក់​លើ​ការការពារ​ប្រព័ន្ធ​អេកូឡូស៊ី និង​ការ​ការពារ​បរិស្ថាន»។

គោលនយោបាយ​ដាវ​ជាតិ​របស់​ប្រទេស​ចិន ដែល​បាន​អនុវត្ត​នៅ​ខែ​មករា ឆ្នាំ២០១៨ បាន​ហាមឃាត់​ការ​នាំចូល​ផលិតផល​ដែល​អាច​កែឆ្នៃ​បាន និង​កាកសំណល់​រឹង​ចំនួន ២៤ ប្រភេទ ដែល​ក្នុង​នោះ​រួមមាន ផ្លាស្ទិក ផលិតផល​ធ្វើ​ពី​ក្រដាស ស្លាកសញ្ញា​ធ្វើ​ពី​ដែក វាយនភណ្ឌ​ជាច្រើន​ប្រភេទ និង​របស់របរ​ផ្សេងៗ​ទៀត។

មួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ ២០១៩ ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន​របស់​ប្រទេស​ចិន បាន​ប្រកាស​ថា បញ្ជី​ហាមឃាត់​នឹង​ពង្រីក​ដល់ ៣២ ប្រភេទ រួមមាន ផ្លាស្ទិក​ដែលប្រើ​ប្រាស់​ហើយ​ដូចជា ដប​ទឹកក្រូច និង​ដបទឹក​ជាដើម។

ការផ្តួចផ្តើម​ដែល​មិន​គិត​ពី​ប្រាក់កម្រៃ​មួយ​ឈ្មោះ​ថា China Water Risk ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​ដដែល​នោះ​ផងដែរ ប្រទេស​ចិន​បាន​ប្រកាស​អំពី​ផែនការ​លើក​កម្ពស់​កម្មវិធី​គ្មាន​កាកសំណល់​នៅ​ក្នុង​ទីក្រុង​ចំនួន ១០ ដូចជា​ទីក្រុង​ប៉េកាំង និង​សៀងហៃ​ជា​ដើម ក្នុង​គោលបំណង​កាត់បន្ថយ​ចំនួន​កាកសំណល់​រឹង​ចេញ​ពី​តាម​ផ្ទះ រោងចក្រ​ឧស្សាហកម្ម មន្ទីរពេទ្យ និង​ប្រភព​ផ្សេងៗ​ទៀត ខណៈដែល​លុបបំបាត់​ចោល​នូវ​ការ​ចាក់សំរាម​ខុសច្បាប់។

រហូត​មក​ដល់​ឆ្នាំ ២០១៩ នោះ ក្រុម​របស់​នាង Chen នៅ​ក្នុង​អង្គការ Zero Waste Village បាន​កាត់​បន្ថយ​សំរាម​នៅក្នុង​ភូមិ Xicai ចំនួន​ជាង ៧០ ភាគរយ ក្នុង​រយៈពេល ៦ ខែ។ ក៏​ប៉ុន្តែ ភូមិ Xicai មាន​ប្រជាជន​តែ ១.៦០០ នាក់​ប៉ុណ្ណោះ ដែល​មិន​ស្មើ​នឹង ១ ភាគរយ​នៃ​ចំនួន​ប្រជាជន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ផង។

នៅ​ចម្ងាយ​ប្រមាណ​ជា ២០០ គីឡូម៉ែត្រ​ខាងជើង​ភូមិ Xicai ទីក្រុង​ប៉េកាំង​បាន​ប្រមូល​សំរាម​ប្រមាណជា ១០ លាន​តោន​ក្នុង​ឆ្នាំ ២០១៨ ដែល​ជា​ទម្ងន់​ស្មើ​នឹង​អគារ Empire State ក្នុង​ទីក្រុង​ញូវយ៉ក ចំនួន ៣០ដង។

ការ​ស្ទង់​មតិ​មួយ​កាល​ពី​ឆ្នាំ ២០១៨ របស់​ក្រុមហ៊ុន Vanke Foundation and Dataway បាន​បង្ហាញ​ថា តិច​ជាង ២៨ ភាគរយ​នៃ​ពលរដ្ឋ​ក្នុង​ទីក្រុង​ធំៗ​ចំនួន ៣.៦០០ នាក់ ដែល​ចូលរួម​ក្នុង​ការ​ស្ទង់​មតិ ដឹង​ពីរ​បៀប​បែងចែក​កាក​សំណល់​អារហារ​ចេញ​ពី​កាក​សំណល់​ដែល​អាចកែច្នៃ​ឡើងវិញ​បាន។ ការស្ទង់​មតិ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សហគមន៍​ចំនួន ១០២ នៅក្នុង​ទីក្រុង​ចំនួន ១៧ ដូចជា​ទីក្រុង​ប៉េកាំង សៀងហៃ និង​ក្វាងចូវ​ជា​ដើម។

ឥឡូវនេះ រដ្ឋបាល​រដ្ឋធានី​ប៉េកាំង​កំពុង​ព្យាយាម​ដាក់​ចេញ​នូវ​ការ​កែប្រែ​ជា​លើក​ដំបូង​របស់​ខ្លួន​នូវ​ច្បាប់​ឆ្នាំ ២០១២ ស្តី​អំពី​សំរាម។ ឥឡូវនេះ ពលរដ្ឋ​ត្រូវ​បែងចែក​កាកសំណល់​របស់​ពួកគេ​ទៅតាម​ប្រភេទ ដូចជា​កាក​សំណល់​ដែល​អាច​កែច្នៃ​ប្រើប្រាស់​ឡើងវិញ កាក​សំណល់​អាហារ កាក​សំណល់​មាន​គ្រោះថ្នាក់ និង​ប្រភេទ​កាក​សំណល់​ផ្សេងៗ​ទៀត។

ការ​ខកខាន​មិន​បាន​អនុវត្ត​តាម​ច្បាប់ អាច​មាន​ន័យ​ថា នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់ ២០០ យ័ន ដែល​ស្មើ​នឹង​ប្រមាណ​ជា ៣០ ដុល្លារ​អាមេរិក។ ប្រាក់ចំណូល​ជា​មធ្យម​របស់​ប្រជាជន​ម្នាក់ៗ​នៅ​ទីក្រុង​ប៉េកាំង​គឺ​ប្រមាណ​ជា ៦៨.០០០ យ័ន ដែល​ស្មើ​នឹង​ប្រហែល​ជា ៩.៨៧០ ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ ២០១៩។ នេះ​បើ​យោង​តាម​ការិយាល័យ​ស្ថិតិ​ក្រុង​ប៉េកាំង។

អ្នកស្រី Lin Xudan អាយុ ៦២ ឆ្នាំ ជា​អ្នករស់​នៅក្នុង​សង្កាត់ Chaoyang ក្នុង​ទីក្រុង​ប៉េកាំង។ អ្នកស្រីបាន​និយាយ​ថា អ្នកស្រី​មិន​បាន​ឃើញ​មនុស្ស​ផ្លាស់ប្តូរ​អាកប្បកិរិយា​ឡើយ។

អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា៖ «យើង​មាន​ធុង​សំរាម​នៅ​ជាន់ក្រោម​ដែល​មាន​មាន​ធុង​សម្រាប់ «សំរាម» និង​ធុង​សម្រាប់​កាក​សំណល់ «កែច្នៃ​ឡើងវិញ» ប៉ុន្តែ​គ្មាន​នរណាម្នាក់​បោះសំរាម​ឲ្យ​ត្រូវ​ទៅ​តាម​ធុង​នោះ​ទេ។

នេះ​អាច​ជា​បញ្ហា​នៃ​ទំហំ ដែល​ជា​អ្វី​ដែល​នាង Chen ទទួល​ស្គាល់​នៅ​ពេល​ដែល​នាង​ទៅ​អប់រំ​ប្រជាជន​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ គឺ​ត្រូវ​ប្រាប់​អំពី​ការបោះសំរាម​ឲ្យ​ត្រូវ​ទៅ​តាម​ធុង។

នាង Chen បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖ «ការដោះស្រាយ​បញ្ហា​សំរាម​នៅ​ប្រទេស​ចិន​នឹង​ត្រូវ​ចំណាយ​ពេល​រាប់​ឆ្នាំ ហើយ​ឥឡូវ​នេះ​អ្វី​ដែល​យើង​កំពុង​ធ្វើ គឺ​ជា​ជំហាន​ដំបូង។ ប្រសិនបើ​យើង​មិន​ចង់​ឲ្យ​មាន​សំរាម​មក​គរ​ដូច​មុន នោះ​យើង​ត្រូវ​ធ្វើ​ឲ្យ​ការ​បោះ​ចោល​សំរាម​បាន​ត្រឹមត្រូវ ក្លាយជា​ទម្លាប់ មិនមែន​ជា​ច្បាប់​នោះ​ទេ»៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG