ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​អាមេរិកាំង​ជាង​៣.៨លាន​នាក់​ទៀត ដាក់​ពាក្យ​សុំប្រាក់​គ្មាន​ការងារ​ធ្វើ


ស្ត្រី​ម្នាក់​មើល​ព័ត៌មាន​ពី​ការ​គាំទ្រ​ផ្នែកការងារ​នៅ​ការិយាល័យអភិវឌ្ឍ​កងកម្លាំង​ពលកម្ម​​ក្នុង​ទីក្រុង​ New Orleans នៅពេល​ដែល​វីរុស​កូរ៉ូណាបន្ត​រាតត្បាតកាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ២០២០។

ចំនួន​មនុស្ស​ដែលគ្មាន​ការងារ​ធ្វើ​បន្ត​កើន​ឡើង​នៅក្នុង​សហរដ្ឋ​អាមេរិក ដោយ​មាន​កម្មករ​៣.៨លាន​នាក់ទៀត បាន​ដាក់ពាក្យ​ប្រាក់​សុំការងារ​ធ្វើ​កាល​ពី​សប្តាហ៍​មុន​នៅពេល​ដែល​ការ​រាល​ដាល​ជា​សាកល​នៃ​មេរោគ​កូរ៉ូណា​បន្ត​បំផ្លាញ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​ដែល​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ពិភព​លោក។នេះ​តាម​ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​កាល​ពីថ្ងៃ​ព្រហស្បតិ៍​។

ការសុំ​ប្រាក់​គ្មាន​ការងារ​ធ្វើ​ក្នុង​រយៈ​ពេល​៦​សប្តាហ៍​បាន​ឡើង​ទៅ​ដល់​៣០​.​៣​លាន​នាក់​ថ្វី​បើរដ្ឋ​មួយ​ចំនួន​បាន​ចាប់​ផ្តើម​ពាណិជ្ជកម្ម​ឡើង​វិញខ្លះ​ក៏ដោយ​ហើយ​លោក​ប្រធានាធិបតី​ដូណាល់​ត្រាំ​ កំពុង​ជំរុញ​ឲ្យចាប់​ផ្តើម​បើក​សេដ្ឋកិច្ច​វិញ។

ក៏​ប៉ុន្តែ​កម្មករ​រាប់លាន​នាក់​ទៀត ប្រហែល​ដាក់ពាក្យ​សុំប្រាក់​ជំនួយ​ឧបត្ថម្ភ​គ្មាន​ការងារ​ធ្វើ​ក្នុង​ពេលបី​ឬបួន​សប្តាហ៍​ទៀត​នៅពេល​ដែលផល​ប៉ះពាល់​យ៉ាងពេញ​ទំហឹង​នៃការរាល​ដាល​ជាសាកល​នៃ​មេរោគ​កូរ៉ូណា​ចាប់​ផ្តើម។

សហរដ្ឋ​អាមេរិក មិន​បាន​ឃើញ​កម្រិត​នៃ​ការ​បាត់​បង់​ការងារ​បែប​នេះ​គឺ មនុស្ស​ម្នាក់ក្នុង​ចំណោម​៦​នាក់ ចាប់​តាំង​ពី​វិបត្តិ​សេដ្ឋកិច្ច​ដ៏ខ្លាំង​នៅ​ទសវត្សរ៍​១៩៣០​មក។ទំហំ​នៃការ​បញ្ឈប់​មនុស្ស​ពី​ការងារ​បាន​បំបាត់​ការ​រីក​លូតលាស់​ការងារ​ទាំងអស់​របស់​សហរដ្ឋ​អាមេរិក​ចាប់​តាំង​ពី​ការមិនរីក​ចម្រើន​សេដ្ឋកិច្ច​ឆ្នាំ២០១៨​មក។

រដ្ឋាភិបាល​បានរាយការណ៍​កាលពីថ្ងៃ​ពុធ​ថា សេដ្ឋកិច្ច​ជាតិបាន​ធ្លាក់​ចុះ៤.៨​ភាគរយ ក្នុងត្រី​មាសទី១​នៅឆ្នាំ​នេះ ដោយ​សង្ឃឹម​ពីការធ្លាក់​ចុះកាន់តែ​ច្រើន​ឡើងពី​ខែមេសា​ដល់​ខែ​មិថុនា មាន​ច្រើន​ជាង​ពេលណា​ៗទាំងអស់​ចាប់តាំងពី​សង្គ្រាម​លោក​លើកទី២​មក។

ក្រុម​ហ៊ុន Credit Suisse បាន​ព្យាករ​ពីការធ្លាក់​ចុះ៣៣.៥ភាគ​រយ ដោយ​ធនាគារ Goldman Sachs បាន​ព្យាករ​ថា មាន​ការធ្លាក់​ចុះ៣៤​ ភាគរយ និងមាន​អត្រា​គ្មាន​ការងារ​ធ្វើ​១៥​ភាគ​រយ។

ទោះជា​យ៉ាងណា​ក៏​ដោយ ធនាគារ​ Goldman ព្យាករ​ថា សេដ្ឋកិច្ច​ងើបឡើង​វិញ១៩​ភាគរយ​ក្នុងត្រីមាស​ទី៣ចាប់​ពីខែកក្កដា​រហូតដល់​ខែកញ្ញា​នៅពេល​ដែល​សហរដ្ឋ​អាមេរិក​ឆ្ពោះទៅកាន់​ការងើប​ចេញផុត​ពីការរាល​ដាល​ជាសាកល​នូវ​មេរោគ​កូរ៉ូណា៕

XS
SM
MD
LG