ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា មនុស្ស ១ លាន​នាក់​នៅ​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា​ថ្មី


លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ថ្លែង​អំពី​មេរោគ​កូរ៉ូណា​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ថ្លែង​អំពី​មេរោគ​កូរ៉ូណា​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​ថា ការ​ពន្យារពេល​បទ​បញ្ជា​របស់​លោក​នៅ​ក្នុង​ការ​តម្រូវ​ឲ្យ​មនុស្ស​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​រយៈពេល​មួយ​ខែ​ទៀត អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ១ លាន​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Trump បាន​ប្រាប់​អ្នក​កាសែត​ដូច្នេះ​ថា៖ «ពួក​យើង​នឹង​មាន​ជោគជ័យ​ដ៏​អស្ចារ្យ។ ពួក​យើង​គ្មាន​ជម្រើស​អ្វី​ផ្សេង​នោះ​ទេ»។

មន្ត្រី​សុខភាព​សាធារណៈ​កំពូលៗ​របស់​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ថា ទោះបីជា​វិធានការ​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​តាម​យ៉ង​ហ្មត់ចត់​ក៏​ដោយ ក៏​ចំនួន​សរុប​នៃ​អ្នក​ស្លាប់​ដោយសារ​ជំងឺ COVID-19 នៅ​ក្នុង​សហរដ្ឋ​អាមេរិក អាច​នឹង​មាន​ចំនួន​ប្រហែល​ពី ១ សែន ទៅ ២ សែន​នាក់។

លោក Trump បាន​ប្រាប់​អ្នក​កាសែត​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​របស់​ក្រុម​ការងារ​ពិសេស​សេតវិមាន​ទប់ទល់​នឹង​ជំងឺ COVID-19 ថា ឥឡូវ​នេះ​មាន​មនុស្ស ១ លាន​នាក់​នៅ​ទូទាំង​ប្រទេស​បាន​ធ្វើ​តេស្ត​ដើម្បី​រក​មេរោគ​កូរ៉ូណា​ថ្មី​នេះ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ ចំនួន​អ្នក​ឆ្លង​មេរោគ​នេះ​នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​លើស ១ សែន ៦ ម៉ឺន ៤ ពាន់​នាក់ ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​បំផុត​នៅ​ទូទាំង​ពិភពលោក និង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​មាន​ចំនួន​ជាង ៣ ពាន់​នាក់៕

XS
SM
MD
LG