អ្នកវិភាគការលក់រាយសាកល លោក Christophe Jouan នាយកប្រតិបត្តិនៃអង្គការមូលនិធិអនាគត (Future Foundation) បាននិយាយថា «បច្ចុប្បន្ននេះ យុវជនដែលកើតក្នុងជំនាន់បច្ចេកវិទ្យាទំនើប មានចំនួនច្រើនជាងគេនៅជុំវិញពិភពលោក។ ពួកគេមានភាពខុសគ្នាជាច្រើន។ ពួកគេធំឡើងជាមួយនឹងបច្ចេកវិទ្យា ដូច្នេះពួកគេអាចដោះស្រាយអ្វីម្យ៉ាងបានយ៉ាងល្អ ឆាប់រហ័ស និងមានប្រសិទ្ធភាព»។
លោកនិយាយថា យុវជនសម័យសហស្សវត្សរ៍ធ្វើការទិញទំនិញតាមអ៊ិនធឺណិត និងតាមហាង។ លើប្រព័ន្ធអ៊ិនធឺណិត អ្នកទិញទំនិញរំពឹងចង់បានបទពិសោធន៍ផ្ទាល់ខ្លួនច្រើន។ ពួកគេជារឿយៗប្រើប្រាស់ការជជែកតាមបណ្តាញសង្គម និងទាក់ទងជាមួយនឹងអ្នកលក់។ នៅតាមហាងទំនិញមួយចំនួន បានចាប់ផ្តើមប្រើបច្ចេកវិទ្យា ដូចជា ការដាក់រូបភាពពិតៗ (AR) ដើម្បីលើកកម្ពស់នៅក្នុងការទិញដូរទំនិញ ។
និន្នាការមួយចំនួនបានលេចឡើងចេញពីអ្នកទិញទំនិញជនជាតិចិន ដែលកំពុងតែធ្វើឲ្យអ្នកវិភាគកត់សម្គាល់។
លោក Jouan បាននិយាយថា «អ្វីដែលគួរឲ្យចាប់អារម្មណ៍អំពីប្រទេសចិននោះ គឺល្បឿននៃការផ្លាស់ប្តូរអាកប្បកិរិយា និងឥរិយាបថក្នុងប្រទេសនេះ ដែលហាក់ដូចជាលឿនជាងទីផ្សារដ៏ទៃទៀតដូចជាឥណ្ឌា រុស្សី ឬក៏ប្រេស៊ីល ដែលកំពុងតែផ្លាស់ប្តូរដូចគ្នានេះដែរ ប៉ុន្តែមិនលឿនដូច្នេះទេ។»
តាមទម្លាប់ អតិថិជនដែលមានទ្រព្យធនមកពីចិន ចូលចិត្តប្រើផលិតផលម៉ាកល្បី ហើយនឹងទិញផលិតផលម៉ាកល្បីជាអន្តរជាតិច្រើនជាង។ ប៉ុន្តែ យុវជនជំនាន់សហស្សវត្សរ៍ដែលជ្រើសរើសការស្លៀកពាក់មិនបញ្ចេញម៉ាករបស់ផលិតផល កំពុងតែកើនឡើង។
អ្នកនាង Maggie Huo ជាភ្ញៀវទេសចរម្នាក់មកពីប្រទេសចិនដែលកំពុងទិញទំនិញក្នុងទីក្រុង Beverly Hills ដ៏សម្បូណ៍សប្បាយ ក្នុងផ្សារទំនើប Rodeo Drive និយាយថា «ខ្ញុំមិនត្រូវការម៉ាកល្បីនោះទេ ខ្ញុំចូលចិត្តសម្លៀកបំពាក់ដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់ខ្ញុំ»។
លោក Fan Yang ភ្ញៀវទេសចរម្នាក់ទៀតមកពីប្រទេសចិន ដែលកំពុងទិញទំនិញក្នុងផ្សារទំនើប Rodeo Drive ដែរនោះ និយាយថា គុណភាពសំខាន់ចំពោះលោក ប៉ុន្តែមិនចាំបាច់ជាម៉ាកល្បីនោះទេ។
លោកនិយាយថា «ម៉ាកវាមិនសូវសំខាន់នោះទេ។ ប្រសិនបើខ្ញុំចូលចិត្តម៉ូតនោះ ខ្ញុំនឹងទិញវា។»
សម្រាប់សម្លៀកបំពាក់ដែលផលិតនៅប្រទេសចិនក៏ដូចគ្នាដែរ។
អ្នកនាង Huo បន្តថា «ខ្ញុំទិញសម្លៀកបំពាក់ដែលសមនឹងខ្ញុំ។ ខ្ញុំប្រហែលជាចង់ដឹងថាតើវាធ្វើនៅឯណា បន្ទាប់ពីខ្ញុំបានទិញរួច។ ប៉ុន្តែ សម្រាប់ខ្ញុំ វាមិនសំខាន់នោះទេ ទោះបីជាវាធ្វើនៅប្រទេសចិន ឬឥណ្ឌូនេស៊ីក៏ដោយ»។
ស្ថាបនិកនៃរមណីយដ្ឋាន Soneva លោក Sonu Shivdasani និយាយថា ការចាកចេញពីម៉ាកឡូយឆាយល្បីៗ ទៅរកអ្វីដែលសាមញ្ញ គឺជាសញ្ញាបង្ហាញថា អតិថិជនដែលមកពីសេដ្ឋកិច្ចកំពុងរីកចម្រើនដូចជាប្រទេសចិន កំពុងតែមានគំនិតអភិវឌ្ឍ។
«រថយន្ត Roll Royce លែងតំណាងឲ្យអ្វីដែលប្រណីតតែមួយគត់ហើយ។ ឥឡូវនេះ គឺការបង្ហាញថាអ្នកចំណង់ចំណូលចិត្ត និងភាពខុសប្លែកផ្ទាល់ខ្លូនមួយ ដូច្នេះ អ្នកប្រហែលជាទិញរថយន្ត BMW ពណ៌ទឹកប្រាក់ ហើយទៅទិញទំនិញនៅ ហាងម៉ាកល្បី Armani។ ដំណាក់កាលទីបីជាការដើរកំសាន្តដើម្បីយកបទពិសោធន៍ ដូច្នេះយើងចាប់ផ្តើមមើលឃើញការវិវត្តដូចនេះក្នុងប្រទេសចិន»។
លោក Jouan និយាយថា យុវជនជំនាន់សហស្សវត្សរ៍នៅតែគិតពីតម្លៃរបស់ទំនិញ មិនថាពួកគេមកពីប្រទេសចិនឬក៏មកពីប្រទេសផ្សេងនោះទេ។ ជារឿយៗ ពួកគេប្រើបច្ចេកវិទ្យាដើម្បីស្វែងរកតម្លៃ និងហាងដែលស័ក្តិសមបំផុត។ តម្លៃនឹងផ្លាស់ប្តូរតាមបុគ្គលម្នាក់ៗ ដូចជាសំបុត្រយន្តហោះអ៊ីចឹង។
«តម្លៃតែមួយដូចគ្នាគឺគ្មានទៀតទេ។ តម្លៃទំនិញបានផ្លាស់ប្តូរទៅតាមបុគ្គល និងការប្រើប្រាស់ផលិតផលម៉ាកល្បីរបស់ពួកគេកាលពីមុន»។
នៅថ្ងៃអនាគត ផលិតផលនីមួយៗប្រហែលជាត្រូវបានកំណត់តម្លៃរួចជាស្រេចសម្រាប់អតិថិជនម្នាក់ៗ ដោយសារទិន្នន័យផ្ទាល់ខ្លួនដែលត្រូវបានប្រមូលនៅលើប្រព័ន្ធអ៊ិនធឺណិត៕
ប្រែសម្រួលដោយ ទុំ ម្លិះ