ក្រុមមន្ត្រីសូម៉ាលីនិយាយថា ឧបនាយករដ្ឋមន្ត្រីនៃប្រទេសនេះបានរងរបួស ហើយថាមនុស្សយ៉ាងហោចណាស់៦នាក់ទៀតបានស្លាប់នៅក្នុងការវាយប្រហារមួយ ដែលត្រូវបានធ្វើឡើងដោយកងជីវពល នៅសណ្ឋាគារមួយក្នុងរដ្ឋធានី Mogadishu នៃប្រទេសសូម៉ាលី។ នេះជាការវាយប្រហារចុងក្រោយមួយដែលត្រូវធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធ Al-Shabab។
អ្នកយកព័ត៌មានរបស់វីអូអេម្នាក់នៅក្នុងទីក្រុង Mogadishu និយាយថា ការផ្ទុះមួយបានកើតឡើង បន្ទាប់ពីភ្ញៀវសណ្ឋាគារបានបញ្ចប់ការបន់ស្រន់នៅសណ្ឋាគារកណ្តាល ក្បែររោងល្ខោនជាតិ។ ការផ្ទុះលើកទី២បានកើតឡើងរួចមកមានការបាញ់តគ្នា។
លោកប្រធានាធិបតី Hassan Sheikh Mohamud បានថ្កោលទោសការវាយប្រហារនោះ តាមបណ្តាញសង្គម Twitter ដោយហៅការវាយប្រហារនោះថាជាការហួសហេតុ ហើយថាលោកគិតដល់ក្រុមអ្នកដែលរងគ្រោះ។
គេឃើញផ្សែងខ្មៅហុយទ្រលោមចេញពីសណ្ឋាគារកណ្តាល ដែលជាកន្លែងមានប្រជាប្រិយភាពមួយសម្រាប់ក្រុមមន្ត្រីរដ្ឋាភិបាល ដែលមានរួមទាំងសមាជិកសភា និងរដ្ឋមន្ត្រីនាៗ។
ក្រុមAl-Shabab បានប្រកាសថាក្រុមរបស់ខ្លួន ជាអ្នកទទួលខុសត្រូវក្នុងការវាយប្រហារនេះ។ ក្រុមនេះបានធ្វើការវាយប្រហារលើទីតាំងរដ្ឋាភិបាលនិងស៊ីវិលជាច្រើនលើកច្រើនសារ នៅក្នុងប្រទេសសូម៉ាលីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីបង្កើតច្បាប់អ៊ីស្លាមរបស់ខ្លួន៕