ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបណ្តេញចេញ​ក្នុង​ទ្រង់ទ្រាយធំ បង្កឱ្យមាន​ការខឹងសម្បារ​និង​ការអាក់អន់ចិត្ត នៅតាម​តំបន់​ឆ្នេរសមុទ្រ​របស់កេនយ៉ា


តំបន់ឆ្នេរសមុទ្រ​នេះ​ក៏ជា​ដីដូនតា​របស់​ប្រជាពលរដ្ឋ​តាមតំបន់​ឆ្នេរ​របស់កេនយ៉ាដែរ ដែល​ភាគច្រើន​នៃ​អ្នក​ទាំងនោះ គឺជា​ប្រជាពលរដ្ឋ​ក្រីក្រ។ (H. Heuler/VOA)
តំបន់ឆ្នេរសមុទ្រ​នេះ​ក៏ជា​ដីដូនតា​របស់​ប្រជាពលរដ្ឋ​តាមតំបន់​ឆ្នេរ​របស់កេនយ៉ាដែរ ដែល​ភាគច្រើន​នៃ​អ្នក​ទាំងនោះ គឺជា​ប្រជាពលរដ្ឋ​ក្រីក្រ។ (H. Heuler/VOA)
ដោយ Hillary Hueler
ប្រែសម្រួលដោយ ឌី ខាំបូលី
ប្រជាពលរដ្ឋរាប់សែននាក់នៅ​តាម​តំបន់​ឆ្នេរសមុទ្រ​នៃ​ប្រទេស កេនយ៉ា (Kenya) កំពុង​ត្រូវបាន​បណ្តេញចេញ​ពី​ដីធ្លី​ដូនតា​របស់​ពួកគេ ខណៈពេល​ដែល​តម្លៃទ្រព្យសម្បត្តិ​មានការ​កើន​ឡើង ហើយ​ប័ណ្ណ​កម្មសិទ្ធិដីធ្លី​បាន​ធ្លាក់​ទៅក្នុង​ដៃ​របស់​ពួកអ្នកមាន។ ដោយ​មានការអាក់​អន់​ចិត្ត ប្រជាពលរដ្ឋ​មួយចំនួនបាន​ងាក​ទៅរក​អំពើ​ហិង្សា។
ទឹករលក​នៃមហាសមុទ្រ​ឥណ្ឌា បាន​បោកថ្នមៗ​ទៅលើ​មាត់​សមុទ្រ​ដ៏ស្រស់ស្អាត​នៃ​ទីក្រុង គីលីហ្វី ដែល​ស្ថិត​នៅ​ភាគខាងជើង​នៃ​ទីក្រុង ម៉ុមបាសា (Mombasa)។ ដោយ​មាន​ឆ្នេរ​ខ្សាច់​ពណ៌មាស និង​អម​ដោយ​ដើមត្នោត​ដុះជាជួរ ឆ្នេរខ្សាច់​នេះ​គឺជា​អចលនៈទ្រព្យ​យ៉ាង​ធំធេងរបស់​កេនយ៉ា ដែល​មាន​ភាព​សមស្រប​សម្រាប់​ការសាងសង់​សណ្ឋាគារ​និង​ផ្ទះប្រណិតៗ។
ប៉ុន្តែ តំបន់ឆ្នេរសមុទ្រ​នេះ​ក៏ជា​ដីដូនតា​របស់​ប្រជាពលរដ្ឋ​តាមតំបន់​ឆ្នេរ​របស់កេនយ៉ាដែរ ដែល​ភាគច្រើន​នៃ​អ្នក​ទាំងនោះ គឺជា​ប្រជាពលរដ្ឋ​ក្រីក្រ។ ខណៈពេល​ដែល​ដី​ធ្លី​នៅ​ទី​នេះ​កាន់តែ​ច្រើនឡើង​បាន​ធ្លាក់​ទៅក្នុង​ដៃ​របស់​ពួកអ្នកមាន ជន​ជាតិ​ដើមរាប់​សែននាក់កំពុង​ត្រូវបាន​បណ្តេញ​ចេញ។
លោក ហ្គូដឡាក់ វ៉ាស្សី (Goodluck Washe) ដែល​ជាសកម្មជន​សហគម​មួយរូប ដែល​បាន​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ចង្អុល​ទៅដីទំនេរ​ដែល​លាតសន្ធឹង​យ៉ាងធំធេង​ ដែល​ទីនោះ​ធ្លាប់​ជា​អតីត​ទីក្រុង​មួយ។
«ទីនោះ​ធ្លាប់ជា​ទីក្រុងធំ​មួយ ដែល​ត្រូវបានហៅថា ជឺរី (Jeuri)។ ឥឡូវ​នេះ ទីក្រុង ជឺរី លែងមាននៅទីនោះ​ទៀត​ហើយ ពីព្រោះ​ប្រជាពលរដ្ឋទាំងអស់​ត្រូវបាន​បណ្តេញចេញ​ពី​ទីកន្លែង​នោះ ហើយ​ពួកគេ​បាន​ទៅកាន់​ទីក្រុង គីកាមបាឡា (Kikambala)។ ភូមិ​ទាំងអស់​ត្រូវបាន​បំផ្លាញ ហើយ​វា​បានក្លាយ​ទៅជា​ដី​របស់​អ្នកផ្សេង»។
ឥឡូវនេះ ភូមិ ម៉ាវីនី (Maweni) ដែលនៅជិតនោះ ហៀបនឹង​ជួបជោគ​វាសនា​ដូចគ្នាដែរ។ លោក ហ្វីលិច ការីសា (Felix Karisa) ដែលមានវ័យ​៣៥ឆ្នាំ បាន​រស់នៅ​ទីនោះ​ពេញ​មួយជីវិត​របស់​លោក​ទៅ​ហើយ។
«មាន​ក្រុមគ្រួសារ​ជិត​ចំនួន៥០០​នៅក្នុង​ភូមិនេះ។ ភូមិនេះស្ថិតនៅ​ទីនេះជាយូរយា​ណាស់មកហើយ»។
នៅក្នុង​ខែ​តុលា ភូមិ ម៉ាវីនី ត្រូវបាន​ផ្តល់​ជូនសេចក្តី​ប្រកាស​អំពីការបណ្តេញចេញ​ ដោយ​ស្រ្តីជាតិ សូម៉ាលី(Somali)ម្នាក់ ដែល​មានកាន់​កម្មសិទ្ធិ​ដីធ្លី។ ដូចជន​ជាតិ​ដើម​នៅតាម​តំបន់ឆ្នេរ​ភាគច្រើនដែរ អ្នកភូមិ​មិនដែល​មាន​កម្មសិទ្ធិ​លើ​ដីធ្លី ដែល​ពួកគេ​បានធំធាត់នៅលើ​ដី​នោះទេ។ ឥឡូវនេះ លោក ការីសា និយាយ​ថា លោក​មាន​ការភ័យខ្លាច​ចំពោះ​ការបាត់បង់​ផ្ទះសម្បែង​ ដែល​លោក​បានសង់​សម្រាប់​ក្រុម​គ្រួសារ​របស់​លោក។
«យើង​រស់នៅក្នុង​ភាពតក់ស្លុត​។ យើង​ភ័យខ្លាច។ ដូច្នេះ អ្នក​ឃើញ​ទេ ប្រសិនបើ​ផ្ទះនេះ​ត្រូវបាន​កម្ទេចចោល​នៅថ្ងៃនេះ ពេលនោះ​ខ្ញុំ​មាន​អារម្មណ៍​ថា វាជា​ការប្រសើរជាង ប្រសិនបើ​នរណាម្នាក់​សម្លាប់​ខ្ញុំចោលតែម្តងទៅ​ ពីព្រោះ​ខ្ញុំ​មិនដឹង​ថា​នាំកូន​ខ្ញុំ​ទៅនៅ​ទីណាទេ»។
វាជា​រឿងដូចៗគ្នាទៅ​ហើយ។ គ្មាននរណា​ម្នាក់​ដឹង​ច្បាស់​ថា ​កន្លង​មក តើ​មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​នាក់ត្រូវបាន​បណ្តេញ​ចេញ​នោះ​ទេ។ ប៉ុន្តែ កាល​ពីខែវិច្ឆិកា កាសែត​ក្នុង​ស្រុក​មួយ​បានរាយការ​ថា អ្នកភូមិ​ចំនួន​មួយសែន​ពីរម៉ឺននាក់ ត្រូវបាន​ប្រកាស​ថា​ជាមនុស្ស​ដែល​គ្មាន​ទីជម្រក ហើយ​កំពុង​ត្រូវបាន​បណ្តេញចេញ​ពី​ដី ដែល​ស្ថិត​នៅ​ភាគត្បូង​នៃ​ទីក្រុង ម៉ុមបាសា។
លោក បូនីហ្វែស អ៊ឹមវីនហ្គូ (Boniface Mwingo) ដែល​ជា​មន្រ្តី​រដ្ឋាភិបាល​មូលដ្ឋាន​ ពន្យល់ថា នៅពេល​ដែល​ដីធ្លីត្រូវបាន​បែងចែក​ដោយ​រដ្ឋាភិបាលកេនយ៉ា កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ អ្នកទាំងឡាយ​ដែលកាន់អំណាច បាន​ទាមទារ​យក​ចំណែកដីយ៉ាង​ធំ​ធេង។ ក្នុង​ខណៈនោះ​ដែរ​ ប្រជាពលរដ្ឋ​ក្នុង​តំបន់​ត្រូវបាន​បែងចែកចំណែក​ដី​ដ៏តូច ឬ​មិនមានផ្តល់ចំណែក​ទាល់តែសោះ។
ឥឡូវនេះ ខណៈដែល​កម្មសិទ្ធិ​ដី​ធ្លី​ទាំងនេះ បាន​ចាប់ផ្តើម​លេច​ចេញ​មក ប្រជាពលរដ្ឋកេនយ៉ា​ជាច្រើន​នៅ​តាមតំបន់​ឆ្នេរ បាន​យល់​ឃើញ​ថា ពួកគេ​គ្មានសិទ្ធិ​ទៅលើ​ដីធ្លីដែល​ពួកគេ​រស់នៅ​ឡើយ។ លោក អ៊ឹមវីនហ្គូ និយាយ​ថា ស្ថានភាព​នេះ​បាន​ធ្វើ​ឲ្យ​មានជូរចត់​នៅក្នុង​តំបន់​នេះ។
«ប្រជាពលរដ្ឋមិនសប្បាយចិត្ត​ទាល់តែសោះ ពីព្រោះ​ពួកគេ​គ្មានសេរីភាព។ ពួកគេ​មិនអាច​ធ្វើការអភិវឌ្ឍ​អ្វី​ទាំងអស់ ពីព្រោះ​ពួកគេ​គ្មាន​ឯកសារ។ ប្រជាពលរដ្ឋ​ដែលមាន​ឯកសារ គឺជា​អ្នក​ធំ​ដែល​គ្មានអ្វីដើម្បី​បង្ហាញ​នៅ​នឹង​កន្លែង​សោះ»។
ប្រជាពលរដ្ឋ​មួយចំនួន កំពុងព្យាយាម​ប្រយុទ្ធ​ប្រឆាំងនឹង​ការបណ្តេញ​ចេញ​នៅឯ​តុលាការ។ ប៉ុន្តែ អ្នកផ្សេងទៀត​បានបោះ​មួយជំហានបន្ថែម​ទៀត។
ក្រុមប្រឹក្សា​សាធារណរដ្ឋ ម៉ុមបាសា (Mombasa Republican Council) ឬហៅកាត់​ថា MRC គឺជា​ចលនា​ដែល​កើតឡើង​នៅក្នុង​ស្រុក​ ដែល​បាន​ពាំនាំ​យក​ការអាក់អន់ចិត្ត​តាម​មូលដ្ឋាន​ ទៅជា​ការអំពាវនាវ​សុំផ្តាច់​ខ្លួន។ ក្រុម​ប្រឹក្សា MRC អះអាង​អំពី​សកម្មភាព​ប្រកប​ដោយ​សន្តិភាព ប៉ុន្តែ កាល​ពី​ពេល​ថ្មីៗ​នេះ ​សមាជិក​របស់​ក្រុមប្រឹក្សា​នេះ ត្រូវបាន​ចោទប្រកាន់ពីបទវាយប្រហារ​ទៅលើ​ក្រុម​មន្រ្តី​រៀបចំ​ការបោះឆ្នោត និង​ការញ៉ុះញ៉ង់​ឱ្យមាន​អំពើ​ហិង្សា។
ហិរញ្ញិក​របស់​ក្រុមប្រឹក្សា MRC លោក អូម៉ារ៍ បាមបាម (Omar Bambam) និយាយ​ថា គោលបំណង​របស់​ចលនានេះ​ គឺដើម្បីអំពាវនាវ​ឱ្យមាន​ការចាប់​អារម្មណ៍​ចំពោះ​ស្ថានភាពទុរគតរបស់​ប្រជាពលរដ្ឋ​តំបន់​ឆ្នេរ។
ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ កាល​ពី​ពេល​ថ្មី​ៗនេះ​ ទីក្រុង ម៉ុមបាសា ត្រូវបាន​កម្ទេច​ដោយ​ការវាយប្រហារ​ដោយ​គ្រាប់បែក​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​និង​កុប្បកម្ម។ ការវាយប្រហារ​មួយចំនួន​មានជាប់ពាកព័ន្ធ​ទៅនឹង​ក្រុម​ភេរវក សូម៉ាលី គឺ​ក្រុម អាលស្សាបាប (al-Shabaab)។ លោក វ៉ាស្សី និយាយ​ថា គោលបំណង​របស់​ក្រុម អាលស្សាបាប មិនមែន​ជា​គោល​បំណង​របស់​ប្រជាពលរដ្ឋ​តំបន់ឆ្នេរនោះទេ។ ប៉ុន្តែ បញ្ហា​នៃ​ភាពគ្មាន​ដីធ្លី បាន​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ជាងមុន​សម្រាប់​ក្រុម​នេះ ដើម្បី​ជ្រៀតចូល​មកក្នុង​សហគម​ទាំងឡាយ។
«ពួកគេ​ចូលមក​ជីក​អណ្តូងទឹក។ ពួកគេ​ចូលមកនិងផ្តល់ជូនវិហារ។ ពួកគេ​ត្រូវបាន​ស្វាគមន៍​ក្នុងនាម​ជាមនុស្សល្អណាស់ ពីព្រោះ​មានកន្លែង​ទំនេរ​ដែល​ត្រូវបាន​ទុកចោល។ បញ្ហា​ពិតប្រាកដ​គឺ​រឿងដីធ្លី។ ប៉ុន្តែ ដោយសារ​រដ្ឋាភិបាល​មិនបាន​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​ឱ្យបាន​ត្រឹមត្រូវ ពួក អាលស្សាបាប ក៏ចូលមក»។
សម្រាប់​ប្រជាពលរដ្ឋ​ដូចជា​លោក ពីរី មុយី (Piry Muye) ដែលមាន​វ័យ​៧៣ឆ្នាំ អំពើ​ហិង្សា​មិនមែន​ជាជម្រើស​មួយ​នោះទេ ហើយ​លោក​ថែម​ទាំងមិនចង់​និយាយអំពី​ក្រុមប្រឹក្សា MRC ទៀតផង។
លោក មុយី ដែលមាន​កូន​១១នាក់ បានបាត់បង់​ដី​ស្ទើរតែ​ទាំងអស់​របស់​លោក ទៅ​បុរសម្នាក់ ដែលបាន​អះអាង​ថា វា​គឺជា​អំណោយ​ពី​លោក​ប្រធានាធិបតី។ ឥឡូវនេះ លោកកំពុងរស់នៅ​ដោយគ្មាន​ជម្រក​ពិតប្រាកដ នៅលើ​ជ្រុង​តូចមួយ​នៃ​អតីត​អគារ​របស់​លោក ទោះបីជា​ នៅទី​បញ្ចប់ លោក​រំពឹងថា​នឹងបាត់បង់ដី​នោះ​ក៏ដោយ​។
«ពីព្រោះ​ខ្ញុំ​មិនអាច​ទៅទីណា​បាន ខ្ញុំ​មិនដឹង​ថា​ត្រូវធ្វើអ្វី​នោះទេ។ ខ្ញុំ​មាន​គ្រួសារ​ធំ​មួយ ហើយ​ខ្ញុំ​មិនដឹង​ថា តើខ្ញុំ​ត្រូវ​រស់​នៅ​ជាមួយ​ស្ថានភាព​បែបនេះ​ដោយ​របៀបណាទេ»។
លោក មុយី អាច​មើលឃើញ​ដើមដូង​របស់​លោក នៅលើ​ដី​ដែល​លោក​បានបាត់បង់ ដែល​បាន​លូតលាស់​ឡើងខ្ពស់​និង​រឹងមាំ​នៅខាង​ក្រោយ​ជញ្ជាំង​ថ្ម​។ ឥឡូវនេះ លោក​ត្រូវតែ​សុំ​ការអនុញ្ញាត ដើម្បី​ឱ្យ​គោ​របស់​លោកចូល​ទៅ​ស៊ីស្មៅ​នៅទីនោះ។
«គាត់​បាន​អនុញ្ញាត​ឱ្យ​ខ្ញុំចូល ប៉ុន្តែ ឥឡូវនេះ​ខ្ញុំ​យល់​ឃើញថា គាត់​កំពុង​សាងសង់​អគារ។ ដូច្នេះ ខ្ញុំ​មិនដឹង​មានកន្លែង​ណា ដែលសត្វពាហនៈ​រ​បស់​ខ្ញុំ​អាច​រក​ស្មៅ​ស៊ី​បាន​ទេ។ ខ្ញុំ​គឺជា​បុរស​ក្រីក្រ​ម្នាក់។ ខ្ញុំ​គ្មាន​ដីធ្លីទេ។ ដូច្នេះ ខ្ញុំ​ត្រូវការ​ជំនួយ​ពី​គ្រប់​មជ្ឈដ្ឋានទាំងអស់»។
លោក មុយី មិនបាន​បាត់បង់​ជំនឿ​ទាំងស្រុង​ទៅលើ​រដ្ឋាភិបាល​នោះទេ ហើយ​សង្ឃឹម​ថា ការបោះឆ្នោត​ជាតិ​នៅ​ប្រទេស​កេនយ៉ា ក្នុង​ខែ​មីនា នឹង​ធ្វើ​ឲ្យអ្វីៗ​ប្រសើរ​ឡើងវិញ។ ប៉ុន្តែ មិនមាន​ប្រជាពលរដ្ឋជាច្រើន​នៅ​តំបន់​ឆ្នេរ មាន​គំនិតសុទិដ្ឋិ​និយមដូច​រូប​លោក​ឡើយ៕
XS
SM
MD
LG