ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាលថ្មីរបស់អាហ្សង់ទីនទូទាត់បំណុលទៅឱ្យ IMF ដោយមិនចាំបាច់ប្រើការដោះដូររូបិយប័ណ្ណរបស់ចិន


រូបឯកសារ៖ ប្រធានាធិបតីថ្មីរបស់ប្រទេសអាហ្សង់ទីន លោក Javier Milei ស្បថចូលកាន់​តំណែង​នៅ​ខាង​ក្រៅ​សភា​ ក្នុងទីក្រុង Buenos Aires នៃប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីថ្មីរបស់ប្រទេសអាហ្សង់ទីន លោក Javier Milei ស្បថចូលកាន់​តំណែង​នៅ​ខាង​ក្រៅ​សភា​ ក្នុងទីក្រុង Buenos Aires នៃប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២១ ខែធ្នូ​កន្លង​ទៅ រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​អាហ្សង់ទីន​បាន​ទូទាត់​បំណុល​ដែល​ដល់​កាលកំណត់​ទៅ​ឱ្យ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដោយ​ប្រើប្រាស់​ប្រាក់កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍​អាមេរិកឡាទីន និង​តំបន់​កោះ​ការ៉ាអ៊ីប Caribbean (CAF)។ ក្នុង​ការ​ធ្វើ​ដូច្នេះ រដ្ឋាភិបាល​របស់​ប្រធានាធិបតី​អាហ្សង់ទីន​ថ្មី លោក Javier Milei (ហាវីយែរ មីឡេ) បាន​បញ្ចៀស​ការ​ដោះដូរ​រូបិយប័ណ្ណ ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ត្រៀម​រៀបចំ ដោយ​មាន​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ។

ចាប់​តាំង​ពី​លោក Milei បាន​ជាប់​ឆ្នោត​កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា និង​ចូល​កាន់​តំណែង​កាលពី​ថ្ងៃទី១០ ខែធ្នូ​កន្លង​មក ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​ប៊ុយណូស៊ែ និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ហាក់មមាញឹក​ខ្លាំង ដែល​ភាគច្រើន​មិន​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍។

ក្នុង​ចំណោម​ឥស្សរជន​ដែល​ចូលរួម​ក្នុង​ពិធី​ឡើងកាន់​តំណែង​របស់​លោក​ Milei មាន​បេសកជន​ពិសេស​របស់​មេដឹកនាំ​កុម្មុយនីស្តចិន លោក Xi Jinping។ លោក Milei បាន​ទទួល​បេសកជន​របស់​លោក Xi គឺ​លោក Wu Weihua អម​ដោយ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អាហ្សង់ទីន​ គឺ​លោក Wang Wei កាលពី​ថ្ងៃទី១១ ខែធ្នូ។

កិច្ចប្រជុំ​មាន​ភាព​រួសរាយ​រាក់ទាក់​គ្រប់​រូបភាព​ទាំង​អស់ និង​បាន​ជំរុញ​ឱ្យ​លោក Milei ផ្ញើ​លិខិត​ទៅ​លោក Xi នៅ​ថ្ងៃ​បន្ទាប់។

ខណៈ​ពេល​ដែល​ខ្លឹមសារ​លិខិត​របស់​លោក Milei មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ប្រព័ន្ធ​ផ្សព្វផ្សាយ​អាហ្សង់ទីន​បាន​បង្ហាញ​ថា លិខិត​នោះ​រួម​មាន​ខ្លឹមសារ​អំពី​ការ​ដោះដូរ​រូបិយប័ណ្ណ​រវាង​ប្រទេស​ទាំង ២ ដែល​ដាក់​ឱ្យ​អនុវត្ត​ដោយ​មេដឹកនាំ​មុន​លោក Milei។

ការ​ដោះដូរ​រូបិយប័ណ្ណ RMB របស់​ចិន ឬ​រូបិយប័ណ្ណ​យ៉ន់ និង​ប្រាក់​ប៉េសូ​អាហ្សង់ទីន​ជា​ការ​រៀបចំ​មួយ​ដែល​ប្រទេស​ទាំង ២ បង្កើត​ចំនួន​រូបិយប័ណ្ណ​ជាក់លាក់​ណា​មួយ​សម្រាប់​ភាគី​ម្ខាង​ទៀត ហើយ​បង្កើត​បាន​ជា «ប្រភេទ​ឥណទាន​មិន​ស្វ័យប្រវត្តិ» មួយ​ផ្តល់​ឱ្យ​ដោយ​អាជ្ញាធរ​ចិន​ទៅ​កាន់​រដ្ឋាភិបាល​អាហ្សង់ទីន។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាហ្សង់ទីន។

មុន​កិច្ចប្រជុំ​របស់​លោក Milei ជាមួយ​លោក Wu Weihua អ្នក​តំណាង​របស់​ចិន​បាន​ប្រាប់​ក្រុម​ការងារ​របស់​លោក Milei ថា ដើម្បី​អនុវត្ត​ប្រភេទ​ឥណទាន​នោះ​បាន រួម​ទាំង​ការ​ទូទាត់​បំណុល​ទៅ​ឱ្យ IMF នៅថ្ងៃទី២១ ខែធ្នូ លោក Xi ត្រូវ​ការ​ដឹង​ពី​គោលជំហរ​របស់​លោក Milei។

បើ​យោង​តាម​សារព័ត៌មាន Infobae ដែល​ជា​សារព័ត៌មាន​ដ៏​មាន​ឥទ្ធិពល​នៅ​អាហ្សង់ទីន​ដែល​បាន​តាមដាន​យ៉ាង​ដិតដល់​លើ​ការ​វិវត្ត​នៃ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​ប៊ុយណូស៊ែ​ និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង អ្នក​ដែល​ត្រូវ​បាន​លោក Milei តែងតាំង​ ឱ្យ​ធ្វើ​ជា​ប្រធាន​ធនាគារ​កណ្តាល​របស់​ប្រទេស​បាន​បើក​កិច្ចប្រជុំ​បិទទ្វារ​ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន​លោក Wang Wei និង​បាន​ពិភាក្សា​អំពី​ការ​ដោះដូរ​រូបិយប័ណ្ណ ពោល​គឺ​ប្រភេទ​ឥណទាន​ដែល​ធ្លាប់​មាន ប៉ុន្តែ​ត្រូវ​ការ​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជា​មុន​សិន មុន​ពេល​រដ្ឋាភិបាល​របស់​លោក Milei អាច​យក​ទៅ​ប្រើប្រាស់​បាន។

អ្នក​ការទូត​ចិន​បាន​ស្តាប់​មន្ត្រី​អាហ្សង់ទីន​មុន​នឹង​ផ្តល់​ចម្លើយ​សាមញ្ញ​មួយ​ថា អាហ្សង់ទីន​ត្រូវ​តែ​បញ្ជាក់​ពី​អ្វី​ដែល​ខ្លួន​នឹង​ធ្វើ​ជាមួយ​ធនាគារ​កណ្តាល​របស់​ខ្លួន ពីព្រោះ​ប្រាក់​យ៉ន់​នឹង​ត្រូវ​ផ្ទេរ​ទៅ​ទីនោះ ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវ​យល់​ពី​អ្វី​ជា​របៀបវារៈ​ការទូត​របស់​លោក Milei និង​រដ្ឋមន្ត្រី​ការបរទេស​របស់​លោក​គឺ​អ្នកស្រី Diana Mondino។

នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត ទាំង​លោក Milei និង​គណបក្ស​នយោបាយ​ដែល​លោក​បាន​បង្កើត បាន​និយាយ​យ៉ាង​ម៉ឺងម៉ាត់​ថា​ ពួកគេ​មិន​ចាប់​អារម្មណ៍​ក្នុង​ការ​ជំរុញ​របៀបវារៈ​របស់​ប្រទេស​កុម្មុយនីស្ត​[ចិន]​នោះ​ទេ។ លោក Milei ក៏​បាន​ប្តេជ្ញា​ទទួល​យក​ប្រាក់​ដុល្លារ​អាមេរិក​ជា​រូបិយប័ណ្ណ​ផ្លូវ​ការ​របស់​ប្រទេស និង​បិទ​ធនាគារ​កណ្តាល​របស់​ខ្លួន ដែល​លោក​បាន​កំណត់​ថា បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​វិធីសាស្ត្រ​មិន​ម៉ឺងម៉ាត់​ចំពោះ​គោលនយោបាយ​សារពើពន្ធ និង​រូបិយវត្ថុ ដែល​បណ្តាល​ឱ្យ​មាន​អតិផរណា​មិន​ស្ថិតស្ថេរ​នៅ​ក្នុង​ប្រទេស។

ក្រោយ​ពេល​មាន​ការ​រាយការណ៍​ពី​លោក Santiago Bausili ប្រធាន​ធនាគារ​កណ្តាល​អាហ្សង់ទីន លោក Milei មិន​បាន​រំពឹង​ថា អ្នក​តំណាង​របស់​លោក Xi នឹង​និយាយ​ចំៗ​និង​ម៉ឺង​ម៉ាត់​ជាមួយ​នឹង​លក្ខខណ្ឌ​របស់​ពួកគេ។

នៅត្រឹម​ពេល​ដែល​លោក Milei ទទួល​បេសកជន​របស់​លោក Xi នៅ​វិមាន​ Casa Rosada ដែល​ជា​ វិមាន​ប្រធានាធិបតី​អាហ្សង់ទីន នៅ​ថ្ងៃទី១១ ខែធ្នូ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​លោក Milei គឺ​លោក Luis Caputo ក៏​កំពុងមមាញឹក​ចរចា​ជាមួយ​ធនាគារ CAF ផង​ដែរ។

នៅ​ថ្ងៃទី១៤ ខែធ្នូ សារព័ត៌មាន Reuters និង Infobae បាន​រាយការណ៍​ថា អ្នក​តំណាង​របស់​លោក Milei បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ធនាគារ CAF សម្រាប់​ប្រាក់កម្ចីបណ្តោះអាសន្ន​ចំនួន ៩៦០ លាន​ដុល្លារ​ដើម្បី​ជួយ​រដ្ឋាភិបាល​អាហ្សង់ទីន​ថ្មី​ធ្វើ​ការ​ទូទាត់​បំណុល​របស់ IMF នៅ​ថ្ងៃទី២១ ខែធ្នូ។ នៅ​ថ្ងៃទី១៥ ខែធ្នូ ធនាគារ CAF បាន​ប្រកាស​ពី​កិច្ចព្រមព្រៀង​នេះ​ជា​សាធារណៈ​តាមរយៈ​ការ​បង្ហោះ​នៅ​លើ​បណ្តាញ X ដែល​ពី​មុន​ត្រូវ​បាន​គេ​ស្គាល់​ថា​ Twitter។

ការិយាល័យ​របស់ Milei បាន​ប្រកាស​កិច្ចព្រមព្រៀង​ជាមួយ​ធនាគារ CAF ថា ជា «ជ័យជម្នះ​ដ៏​សំខាន់​លើក​ដំបូង» របស់​រដ្ឋាភិបាល​ថ្មី។

លោក Christopher Ecclestone ដែល​ជា​អ្នក​យុទ្ធសាស្ត្រ​ និង​ជា​អ្នក​សង្កេតការណ៍​យូរ​មក​ហើយ​លើ​សេដ្ឋកិច្ច​នយោបាយ​អាហ្សង់ទីន​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​បាន​ប្រាប់ VOA ថា៖ «មើល​ទៅ​ទំនង​ជា ​ប្រទេស​ចិន​បានដាក់​លក្ខខណ្ឌ​ជ្រុល»។

កាលពី​ថ្ងៃទី១៩ ខែធ្នូ ប្រព័ន្ធ​ផ្សព្វផ្សាយ​អាហ្សង់ទីន​បាន​រាយការណ៍​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្កក​ការ​ដោះដូរ​រូបិយប័ណ្ណ​ដែល​ខ្លួន​បាន​ផ្តល់​ជូន​ដល់​ប្រទេស​អាហ្សង់ទីន​ក្នុង​អំឡុង​កិច្ចប្រជុំ​ខែតុលា​នៅ​ទីក្រុង​ប៉េកាំង​រវាង​លោក Xi និង​លោក Alberto Fernandez អ្នក​កាន់​តំណែង​មុន​លោក Milei។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អាហ្សង់ទីន​បាន​រាយការណ៍​ថា​ មួយ​ថ្ងៃ​មុន​នោះ រដ្ឋាភិបាល​ប៉េកាំង​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​ទីក្រុង​ប៊ុយណូស៊ែ​ឱ្យ​ត្រឡប់​ទៅ​រដ្ឋធានី​របស់​ខ្លួន​វិញ។ គេ​មិន​ច្បាស់​ទេ​ថា ​តើ​ការ​វិលត្រឡប់​របស់​អ្នក​ការទូត លោក Wang Wei ទៅ​កាន់​ប្រទេស​ចិន​ជា​កាយវិការ​មិន​ពេញ​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​រដ្ឋាភិបាល​ក្រុង​ប៊ុយណូស៊ែ ឬ​ជា​ឱកាស​សម្រាប់​អាជ្ញាធរ​នៅ​ទីក្រុង​ប៉េកាំង​ដើម្បី​ស្តាប់​អ្នក​តំណាង​ក្រៅ​ប្រទេស​របស់​ខ្លួន​មុន​ពេល​ចាត់​វិធានការ​បន្ទាប់។

ដូច​ដែល​លោក Ecclestone បាន​មើល​ឃើញ «ប្រទេស​ចិន​ត្រូវ​ការ​មិត្ត​ទាំង​អស់​ដែល​ខ្លួន​រាប់អាន​បាន និង​សូម្បីតែ​អ្នក​មិនមែន​ជា​មិត្ត​ក៏​ដោយ» ដោយសារ​តែ​ភាព​មិន​ពេញ​និយម​របស់​ចិន​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​នយោបាយ​អន្តរជាតិ។

លោក Ecclestone បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ពី​ទីក្រុង​ឡុងដ៍​ថា៖ «ប្រសិនបើ​លោក Milei មិន​មាន​អរិភាព​ទេ លោក​ជា​មិត្ត​ម្នាក់​នៅ​ក្នុង​បរិបទគម្រោង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង»។ លោក​បាន​បន្ថែម​ថា អ្វី​ដែល​ល្អ​បំផុត​ដែល​ចិន​អាច​សង្ឃឹម​បាន គឺ​ប្រទេស​ដែល​មិន​មាន​អរិភាព។ តាម​គំនិត​របស់​អ្នក​វិភាគ ការ​មាន​ត្រឹម​ប្រទេស​មិន​អរិភាព​ ក៏ជា​ការ​សម្រេច​បាន​មួយ​ជំហាន​សម្រាប់​ទាំង​លោក Xi និង​អ្នក​ការទូត​របស់​លោក។

លោក​បាន​បន្ថែម​ថា៖ «លោក Milei និយាយ​បែបអរិភាព [ក្នុង​អំឡុងពេល​យុទ្ធនាការ​ប្រធានាធិបតី​របស់​លោក] ឥឡូវ​នេះ​លោក​មិន​មែន​ជា​អរិភាព​ទេ។ អ៊ីចឹង​ [នោះ] ត្រូវ​តែ​ជា​រឿង​ឈ្នះ​សម្រាប់​លោក Xi»។

នៅ​ក្នុង​សញ្ញា​មួយ​ដែល​ថា រដ្ឋាភិបាល​អាហ្សង់ទីន​ថ្មី​ប្តេជ្ញា​បន្ត​ទំនាក់ទំនង​ការទូត​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ឯកអគ្គ​រដ្ឋទូត​អាហ្សង់ទីន​ថ្មី​ប្រចាំ​នៅ​ប្រទេស​ចិន​ត្រូវ​បាន​តែងតាំង​ក្នុង​រយៈពេល​ថ្មីៗ​នេះ។ មុន​នោះ​ គេ​បាន​រាយការណ៍​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​សម្តែង​ការបារម្ភចំពោះ​ការ​ដែល​ឯកអគ្គ​រដ្ឋទូត​អាហ្សង់ទីន​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​រដ្ឋាភិបាលមុន​ ត្រូវ​បាន​ហៅ​ត្រឡប់​ទៅ​វិញ ដោយ​ទុក​ឱ្យ​ស្ថានទូត​មាន​តំណាង​ការទូត​កម្រិត​ទាប​ប៉ុណ្ណោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG