ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់ប្រទេសអាហ្សង់ទីន លោក Javier Milei បានធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យម្សិលមិញដើម្បីជួបជាមួយមន្ត្រីសហរដ្ឋអាមេរិកនិងមន្ត្រីអន្តរជាតិមួយចំនួនទៀត ជុំវិញប្រាក់កម្ចីសម្រាប់ប្រទេសរបស់លោក។ នេះបើតាមប្រភពការទូតមួយចំនួន ដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP។
អ្នកសេដ្ឋកិច្ចស្តាំនិយមរូបនេះ នឹងមកដល់ទីក្រុង New York សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ ក្នុងដំណើរទស្សនកិច្ចឯកជនមួយ មុនពេលធ្វើដំណើរមករដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃនេះ ដែលលោកគ្រោងនឹងជួបជាមួយមន្ត្រីការទូតអាមេរិកលោក Juan Gonzalez។ នេះបើតាមប្រភពទាំងនោះដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
លោក Gonzalez គឺឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការតំបន់អឌ្ឍគោលខាងលិច។ កម្មវិធីរបស់ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់ប្រទេសអាហ្សង់ទីនរូបនេះ មានរហូតដល់ថ្ងៃអង្គារស្អែក ដោយលោកនឹងត្រូវជួបសន្ទនាជាមួយមន្ត្រីនៃក្រសួងហិរញ្ញវត្ថុអាមេរិកផងដែរ។ នេះបើតាមប្រភពខាងលើដែលបានបញ្ជាក់។
លោក Milei មកអាមេរិកជាមួយក្រុមការងារមួយចំនួនរបស់លោក ដែលរួមមានលោក Luis Caputo ដែលជាទីប្រឹក្សាកិច្ចការហិរញ្ញវត្ថុរបស់លោក ហើយដែលត្រូវគេមើលឃើញថាទំនងនឹងអាចក្លាយជាសមាជិកគណៈរដ្ឋមន្ត្រីថ្មីមួយរបស់ប្រទេសអាហ្សង់ទីនផងដែរ។
ប្រធានាធិបតីដែលទើបជាប់ឆ្នោតថ្មីរបស់អាហ្សង់ទីនកាលពីថ្ងៃសុក្រ បានឆាតសាកសួរការងារមួយចំនួនជាមួយនាយិការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អ្នកស្រី Kristalina Georgieva ពីរដ្ឋធានីប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន។
រដ្ឋាភិបាលអាហ្សង់ទីនបានជាប់បំណុលមូនិធិរូបិយវត្ថុអន្តរជាតិ(IMF) ចំនួន៤៤ពាន់លានដុល្លារអាមេរិក និងបានធ្វើការចរចាជាមួយ IMF ក្នុងឆ្នាំ២០១៨ ដោយអតីតប្រធានាធិបតីអាហ្សង់ទីនពេលនោះគឺ លោក Mauricio Macri ហើយដែលពេលនេះលោកជាសម្ព័ន្ធមិត្តសំខាន់របស់ប្រធានាធិបតីដែលទើបជាប់ឆ្នោតថ្មី។
លោក Milei នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាហ្សង់ទីនផ្លូវការនៅថ្ងៃទី១០ ខែធ្នូខាងមុខនេះ ដោយចូលកាន់អំណាចជំនួសប្រធានាធិបតីអាហ្សង់ទីនបច្ចុប្បន្ន គឺលោក Peronist Alberto Fernandez ៕