ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

IMF អនុម័ត​ថវិកា​សង្គ្រោះ​សេដ្ឋកិច្ច​ជិត ៣ ពាន់​លាន​ដុល្លារ​សម្រាប់​ស្រីលង្កា


IMF អនុម័ត​ថវិកា​សង្គ្រោះ​សេដ្ឋកិច្ច​ជិត ៣ ពាន់​លាន​ដុល្លារ​សម្រាប់​ស្រីលង្កា។
IMF អនុម័ត​ថវិកា​សង្គ្រោះ​សេដ្ឋកិច្ច​ជិត ៣ ពាន់​លាន​ដុល្លារ​សម្រាប់​ស្រីលង្កា។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​អនុម័ត​កញ្ចប់​ថវិកា​សង្គ្រោះ​ជិត ៣ ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​ស្រីលង្កា បន្ទាប់ពី​មាន​ការ​ចរចា​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​ជាមួយ​នឹង​ប្រទេស​ដី​កោះ​នៅ​អាស៊ី​ខាង​ត្បូង​ដែល​មាន​វិបត្តិ​សេដ្ឋកិច្ច​មួយ​នេះ។

មូលនិធិ IMF បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​ផ្ដល់​ថវិកា​ភ្លាមៗ​ប្រហែល ៣៣៣ លាន​ដុល្លារ​ទៅ​ឱ្យ​រដ្ឋាភិបាល​ស្រីលង្កា និង​បាន​បញ្ជាក់​ថា ស្រីលង្កា​ត្រូវតែ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​មួយ​ចំនួន​និង​យុទ្ធសាស្ត្រ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ជួយ​សង្គ្រោះ​នេះ។

កញ្ចប់​ថវិកា​សង្គ្រោះ​នេះ​ត្រូវ​បាន​អនុម័ត​បន្ទាប់ពី​ប្រទេស​ចិន ឥណ្ឌា និង​ជប៉ុន ដែល​ជា​ប្រទេស​ផ្ដល់​កម្ចី​ច្រើន​ជាង​គេ​បំផុត​ឱ្យ​ប្រទេស​ស្រីលង្កា បាន​យល់ព្រម​ចំពោះ​យុទ្ធសាស្ត្រ​រៀបចំ​លក្ខខណ្ឌ​បំណុល​ឡើង​វិញ។

ខុទ្ទកាល័យ​របស់​ប្រធានាធិបតី​ស្រីលង្កា​លោក Ramil Wickremesinghe បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​នេះ​នឹង​ធ្វើ​ឱ្យ​ថវិកា​សង្គ្រោះ​ដែល​បាន​មកពី​មូលនិធិ IMF និង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ផ្សេង​ទៀត​សម្រាប់​ប្រទេស​ស្រីលង្កា​ឡើង​ដល់ ៧ ពាន់​លាន​ដុល្លារ។

លោក Wickremesinghe បាន​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​មួយ​ចំនួន​រួច​ហើយ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ដំឡើង​ពន្ធ​លើ​ប្រាក់​ចំណូល​និង​ការ​បញ្ចប់ការ​ឧបត្ថម្ភធនដ៏​ច្រើន​របស់​រដ្ឋាភិបាល​សម្រាប់​វិស័យ​ប្រេង​ឥន្ធនៈ​និង​អគ្គិសនី​ផងដែរ។

សេដ្ឋកិច្ច​ផ្អែក​លើ​ទេសចរណ៍​របស់​ប្រទេស​ស្រីលង្កា​បាន​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ ក៏ដូចជា​ការ​សម្រេចចិត្ត​មួយ​ចំនួន​ដែល​ជះ​ផល​អាក្រក់​ដែល​ធ្វើ​ឡើង​ដោយ​លោក​អតីត​ប្រធានាធិបតី Gotabaya Rajapaksa ដែល​បាន​ធ្វើ​ឱ្យ​ហិនហោច​ដល់​ថវិកា​បម្រុង​បរទេស​របស់​ប្រទេស​ស្រីលង្កា​និង​ធ្វើ​ឱ្យ​ប្រទេស​នេះ​គ្មាន​លទ្ធភាព​ក្នុង​ការ​នាំចូល​ម្ហូប​អាហារ ប្រេង​ឥន្ធនៈ ឬ​ក៏​ថ្នាំពេទ្យ​ផ្សេងៗ។ ពលរដ្ឋ​ស្រីលង្កា​ត្រូវ​ទ្រាំទ្រ​ជាមួយ​នឹង​ការ​គ្មាន​ថាមពល​ប្រើប្រាស់​រយៈពេល​វែង​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ។

វិបត្តិ​សេដ្ឋកិច្ច​នៅ​ស្រីលង្កា​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​បះបោរ​របស់​ប្រជាពលរដ្ឋ​ដែល​ជា​រឿយៗ​មាន​លក្ខណៈ​ហិង្សា​ដែល​ធ្វើ​ឱ្យ​លោក Gotabaya Rajapaksa គេច​ចេញ​ពី​ប្រទេស​និង​លាលែង​ពី​តំណែង ដែល​ធ្វើ​ឱ្យ​ការ​ក្ដោបក្ដាប់​អំណាច​នយោបាយ​រយៈពេល ២ ទសវត្សរ៍​របស់​គ្រួសារ​លោក​ឈាន​ដល់​ទី​បញ្ចប់។

បងប្អូន​ប្រុស​របស់​លោក​ដែល​មាន​ឈ្មោះ Mahinda និង​ឈ្មោះ Basil ក៏​បាន​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ផង​ដែរ នៅ​ចំ​ពេល​ដែល​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នេះ៕


ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP , Reuters និង​ AFP។

XS
SM
MD
LG