កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ រដ្ឋបាលរបស់លោកប្រធានាធិបតី Trump បាននិយាយអំពីរបៀបដោះស្រាយតឹងរ៉ឹងជាងមុនមួយចំពោះប្រទេសកូរ៉េខាងជើងដោយនិយាយថា ខ្លួនគ្មានការអត់ធ្មត់ទៀតទេជាមួយការរឹងទទឹងរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ដល់ការទាមទារយូរយារមកហើយឱ្យខ្លួនកាត់បន្ថយមហិច្ឆតាបរមាណូរបស់ផងខ្លួន។
លោកអនុប្រធានាធិបតីស.រ.អា. Mike Pence បានមានប្រសាសន៍កាលពីថ្ងៃពុធនៅលើនាវាផ្ទុកយន្តហោះស.រ.អា.មួយគ្រឿងក្នុងប្រទេសជប៉ុនថា «ពួកជនទាំងឡាយណាដែលប្រឆាំងនឹងការប្ដេជ្ញាចិត្ត ឬការប្រុងប្រៀបរបស់យើងគួរដឹងថាយើងនឹងយកជ័យជម្នះលើការវាយប្រហារណាមួយ ហើយនឹងជួបប្រទះជាមួយការប្រើប្រាស់អាវុធធម្មតា ឬអាវុធបរមាណូជាមួយការតបតយ៉ាងខ្លាំង និងមានប្រសិទ្ធិភាពពីប្រទេសអាមេរិក»។ ប្រសាសន៍នេះមានឡើងនៅក្រោយអត្ថាធិប្បាយរបស់លោកកាលពីថ្ងៃអង្គារនៅក្នុងក្រុងតូក្យូដោយលោកបានប្រកាសថា ស.រ.អា.នឹងមិននៅស្ងៀមទេរហូតដល់ពេលណាខ្លួនសម្រេចគោលដៅរបស់ខ្លួនក្នុងការធ្វើកុំឱ្យឧបទ្វីបកូរ៉េមានអាវុធបរមាណូ។ ហើយនៅពេលឈប់សំចតមួយនៅក្នុងក្រុងសេអ៊ូលកាលពីពេលមុននោះ លោកអនុប្រធានាធិបតីក៏បានមានប្រសាសន៍ដែរថា «រយៈពេលនៃការអត់ធ្មត់ខាងយុទ្ធសាស្ត្រចប់ហើយ» ដោយលោកនិយាយយោងដល់យុទ្ធសាស្ត្រស្ងាត់ស្ងៀមរបស់រដ្ឋបាលលោកប្រធានាធិបតីអូបាម៉ា។
ទស្សនកិច្ចរបស់លោក Pence នៅក្នុងតំបន់ឦសាននៃទ្វីបអាស៊ីមានឡើងនៅពេលដែលលោកឧត្តមសេនីយ៍ឯក H.R. McMaster ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីស.រ.អា.បាននិយាយប្រាប់កម្មវិធីទូរទស្សន៍អាមេរិកាំង ABC News ថា «មានជម្រើសទាំងអស់នៅលើតុ» ក្នុងប្រទេសកូរ៉េខាងជើង។ ក៏ប៉ុន្តែទោះ ជាយ៉ាងណាក៏ដោយ ក៏លោក McMaster បានសម្តែងសេចក្តីសង្ឃឹមថានឹងគ្មានសេចក្តីត្រូវការឱ្យមានការវាយប្រហារយោធាមួយប្រឆាំងនឹងប្រទេសកូរ៉េខាងជើងទេ។
នៅក្នុងការផ្សព្វផ្សាយតាម Twitter ពីរកាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី Donald Trump បាននិយាយយោងដល់របបគ្រប់គ្រងក្រុងព្យុងយ៉ាងថា ជា «ការគំរាមកំហែង» មួយដែល «បង្កបញ្ហា»។ ដោយធ្វើការវាយប្រហារតាមពាក្យសម្តីដល់របៀបដោះស្រាយរបស់លោកអូបាម៉ា លោក Trump បានសរសេរថា
«រយៈពេល៩០ថ្ងៃដំបូងដែលខ្ញុំបានកាន់តំណែងប្រធានាធិបតីស.រ.អា.បានលាតត្រដាងឱ្យឃើញបរាជ័យទាំងស្រុងនៃគោលនយោបាយការបរទេសក្នុងពេល៨ឆ្នាំកន្លងទៅនេះ»៕