លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence បានប្រកាសនៅក្នុងរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតីអាមេរិកាំង ដូណាល់ ត្រាំ នឹងអញ្ជើញចូលរួមសន្និសីទកំពូល៣នៅក្នុងតំបន់អាស៊ីនៅខែវិច្ឆិកាខាងមុខនេះ។
លោកអនុប្រធានាធិបតីអាមេរិក Pence ដែលកំពុងស្នាក់នៅប្រទេសចុងក្រោយបង្អស់នៃបំពេញទស្សនកិច្ចរយៈពេល១០ថ្ងៃនៅក្នុងទ្វីបអាស៊ីបានមានប្រសាសន៍ថា លោកប្រធានាធិបតីត្រាំ មានគម្រោងចូលរួមសន្និសីទកំពូលអាមេរិក និងសមាគមន៍ប្រជា ជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន និងសន្និសីទកំពូលអាស៊ីខាងកើតនៅក្នុងប្រទេសហ្វីលីពីន និងសន្និសីទកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី និងមហាសមុទ្រប៉ាស៊ីហ្វិក (APEC) នៅក្នុងប្រទេសវៀតណាម។
បន្ទាប់ពីជំនួបជាមួយលោកអគ្គលេខាធិការសមាគមអាស៊ាន លោកអនុប្រធានាធិបតី Pence បានមានប្រសាសន៍ថា រដ្ឋបាលរបស់លោកប្រធានាធិបតីត្រាំ នឹងសហការណ៍ជាមួយសមាគមន៍អាស៊ានដើម្បីលើកកម្ពស់សន្តិភាព និងធ្វើឲ្យមានស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូងដើម្បីធ្វើឲ្យប្រាកដថាលំហូពាណិជ្ជកម្មមានភាពរលូននៅក្នុងតំបន់នោះ។
ប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍កំពុងស្វះស្វែងរកកិច្ចព្រមព្រៀងរយៈពេលយូរដើម្បីដោះស្រាយជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។ តំបន់នោះប្រឈមបញ្ហាថ្មីនៅពេលដែលចិនចាត់វិធានការដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់នៅពេលដែលគោលនយោបាយតំបន់អាស៊ីរបស់សហរដ្ឋអាមេរិកនៅពេលបច្ចុប្បន្ននេះបានផ្តោតទៅលើការកើនឡើងនូវការតានតឹងនៅលើឧបទ្វីកូរ៉េ។ លោកអនុប្រធាធិបតី អាមេរិក Pence បានសរសើរប្រទេសឥណ្ឌូនេស៊ីចំពោះអ្វីដែលលោកបានហៅថា ប្រទេសកាន់សាសនាឥស្លាមនិយមផ្លូវកណ្តាលនៅពេលដែលលោកអនុប្រធានាធិបតីជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo៕