ទូកមួយ ដែលមានជនចំណាកស្រុកជិះពេញ ហើយដែលបានចេញដំណើរពីប្រទេសលីប៊ីឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី បានលិច។ អាជ្ញាធរបារម្ភថា មានមនុស្សប្រមាណ ២០០នាក់ត្រូវបានស្លាប់ តែគេមិនទាន់ដឹងអំពីចំនួនមនុស្សពិតប្រាកដទេ។
មន្ត្រីនានានិយាយថា ឆ្មាំសមុទ្រប្រទេសលីប៊ីបានសង្គ្រោះមនុស្សជាង ២០០នាក់ផ្សេងទៀតពីទូកមួយទៀតនៅក្នុងសមុទ្រជិតទីក្រុង Zuwara ប្រទេសលីប៊ីកាលពីយប់ថ្ងៃព្រហស្បតិ៍។ មន្រ្តីសន្តិសុខនិយាយថា ភាគច្រើននៃជនចំណាកស្រុកទាំងនោះ គឺមកពីតំបន់វាលខ្សាច់សាហារ៉ានៅអាហ្វ្រិកខាងត្បូង ប្រទេសបាគីស្ថាន ស៊ីរី ម៉ាឡេស៊ី និងបង់ក្លាដែស។
ជនចំណាកស្រុកម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ទូកនេះមានស្ថានភាពគ្រោះថ្នាក់។ គាត់និយាយថា គេតែងតែនិយាយថា ការធ្វើដំណើរពីប្រទេសលីប៊ីគឺ ជាដំណើរមរណៈ តែឥឡូវគេហៅថា ផ្នូរខ្មោចនៅសមុទ្រមេឌីទែរ៉ានេ។ អាជ្ញាធរនិយាយថា មនុស្សយ៉ាងតិច២.៤០០នាក់បានស្លាប់នៅពេលព្យាយាមធ្វើដំណើរទៅទ្វីបអឺរ៉ុបតាមទូកនៅឆ្នាំនេះ ដែលជាតួលេខមនុស្សស្លាប់ច្រើនជាងឆ្នាំមុន៕