ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ម៉ិកស៊ិក​និង​អនុប្រធានាធិបតី​អាមេរិក​ពិភាក្សា​អំពី​បញ្ហា​ចំណាក​ស្រុក​និង​ជំរុញ​សេដ្ឋកិច្ច​អាមេរិក​កណ្តាល​


ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​លោក​ Andres Manuel Lopez Obrador​ សន្ទនា​តាម​ទូរស័ព្ទ​​ពី​រដ្ឋធានី​ម៉ិកស៊ីកូ​ជាមួយ​អនុប្រធានាធិបតី​អាមេរិក​អ្នកស្រី Kamala Harris កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២១។
ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​លោក​ Andres Manuel Lopez Obrador​ សន្ទនា​តាម​ទូរស័ព្ទ​​ពី​រដ្ឋធានី​ម៉ិកស៊ីកូ​ជាមួយ​អនុប្រធានាធិបតី​អាមេរិក​អ្នកស្រី Kamala Harris កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២១។

ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​លោក​ Andres Manuel Lopez Obrador​ និង​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នក​ស្រី Kamala Harris ​បាន​និយាយ​គ្នា​កាលពី​ថ្ងៃ​ច័ន្ទ​អំពី​បញ្ហា​ចំណាក​ស្រុកជំងឺ​កូវីដ១៩​និង​ភាព​ចាំបាច់​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​តំបន់​អាមេរិក​កណ្តាល។ ​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សេតវិមាន​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដ៏​ខ្លី​មួយ​តាម​ Twitter​ លោក ​Lopez Obrador ​បាន​បញ្ជាក់​ថា​ នោះជា​ការ​សន្ទនា​យ៉ាង​ល្អ​ហើយ​ថា​លោក​នឹង​ផ្តល់​សេចក្តី​លម្អិត​នៅ​ថ្ងៃ​អង្គារ។​

សេតវិមាន​បាន​បញ្ជាក់​ថា​មេដឹកនាំ​ទាំង​២​បាន​ពិភាក្សា​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ដែល​បន្ត​មាន​ឡើង​ដើម្បី​ដោះស្រាយ​«ភាព​មិន​ប្រក្រតី​នៃ​ការ​ធ្វើ​ចំណាក​ស្រុក»​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​សហ​រដ្ឋ​អាមេរិក​និង​ប្រទេស​ម៉ិកស៊ិក​ហើយ​បាន​ព្រមព្រៀង​គ្នា​ផ្តោត​លើ​ការ​លើក​ស្ទួយ​សេដ្ឋកិច្ច​តំបន់​អាមេរិក​កណ្តាល​តាម​រយៈ​ការ​វិនិយោគទុន​ក្នុង​វិស័យ​កសិកម្ម​និង​បញ្ហា​អាកាសធាតុ។​

អ្នក​ស្រី ​Harris ​បាន​ប្រាប់​លោក​ Lopez Obrador ​អំពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​សហ​រដ្ឋ​អាមេរិក​រួម​មាន​យុទ្ធសាស្ត្រ​របស់​សហ​រដ្ឋ​អាមេរិក​ចេញ​នៅ​ថ្ងៃ​ទី២៩​ខែ​កក្កដា​ដើម្បី​ដោះស្រាយ​បុព្វហេតុ​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​នៅ​អាមេរិក​កណ្តាល។​

សេតវិមាន​បាន​បញ្ជាក់​ថា​អ្នកស្រី​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក៏​បាន​ប្រាប់​លោក ​Lopez Obrador ​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​តាំង​ចិត្ត​បញ្ជូន​វ៉ាក់សាំង​កូវីដ១៩​បន្ថែម​ទៅ​ឲ្យ​ប្រទេស​ម៉ិកស៊ិក​បន្ថែម​ពី​លើ​វ៉ាក់សាំង​៤​លាន​ដូស​ដែល​បាន​ផ្តល់​ឱ្យ​រួច​ហើយ។​

ថ្លែង​មុន​ការ​សន្ទនា​តាម​ទូរសព្ទនោះ មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ម្នាក់​បាន​និយាយ​ថា​វ៉ាក់សាំង​ទាំង​នេះ​អាច​មក​ពី​ក្រុមហ៊ុន​ជាច្រើន​រួមមាន​វ៉ាក់សាំង​ ​Moderna​ និង ​AstraZeneca។​

ថ្លែង​នៅឯ​សន្និសីទ​កាសែត​លោក​ប្រធានាធិបតី​ម៉ិកស៊ិក​បាន​និយាយ​ថាការ​ចាក់​វ៉ាក់សាំង​នៅ​តាម​បណ្តោយ​ព្រំដែន​ម៉ិកស៊ិក​ជាមួយ​សហរដ្ឋ​អាមេរិក​បាន​បន្ថយ​ចំនួន​មនុស្ស​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​និង​ស្លាប់​ពេល​មាន​កំណើន​ការឆ្លង​នៅ​ប្រទេស​ទាំង២៕

XS
SM
MD
LG