ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក​ស្រី ​Harris ​​សង្កត់​ធ្ងន់​ពី«ក្ដី​សង្ឃឹម» ​ឲ្យ​ពលរដ្ឋ​​អាមេរិក​ឡាទីន​​មិនធ្វើ​ចំណាក​ស្រុក​មក​សហរដ្ឋ​អាមេរិក


អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោកស្រី Kamala Harris ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​ជាតិ​ ក្នុង​ទីក្រុង Guatemala City ប្រទេស​ក្វាតេម៉ាឡា ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។

លោក​ស្រី​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​Kamala Harris​ និយាយ​ថា ​លោក​ស្រី​នឹង​ពិភាក្សា​អំពី​តួនាទី​របស់​ប្រទេស​ម៉ិកស៊ិក​នៅ​ក្នុង​តំបន់ នៅ​ពេល​លោក​ស្រី​ជួប​ជា​មួយ​លោកប្រធានាធិបតី​ Andrés Manuel López Obrador ​នៅ​ក្នុង​រដ្ឋ​ធានី​ម៉ិកស៊ីកូ​ នៅ​ថ្ងៃ​អង្គារ ​បន្ទាប់​ពីជំនួប​ជាមួយ​មេដឹក​នាំ​ប្រទេសក្វាតេម៉ាឡា ​ជា​ផ្នែក​មួយនៃ​ដំណើរ​ទស្សនកិច្ច​ដែល​ផ្ដោត​លើ​ការ​ដោះស្រាយ​កំណើន​ការ​ធ្វើ​អន្តោប្រវេសន៍​មកព្រំដែន​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក។​

មុន​ពេល​ឡើង​យន្តហោះ​ទៅ​កាន់​ប្រទេសម៉ិកស៊ិក​នៅ​យប់​ថ្ងៃ​ច័ន្ទ ​លោក​ស្រី​ថ្លែង​អំពី​កិច្ច​សហការជិត​ស្និទ្ធ​រវាង​ប្រទេស​ទំាង​ពីរ ​និង​បាន​និយាយ​ថា ​របៀប​វារ:នៅ​ថ្ងៃ​អង្គារនឹង​រួម​បញ្ចូលទំនាក់​ទំនង​សេដ្ឋកិច្ច​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ស្ដីពី​វ៉ាក់សំាង​កូវីដ១៩។​

លោកស្រី​ថ្លែង​ថា៖ «ទំនាក់ទំនង​ជា​មួយ​ប្រទេស​ម៉ិកស៊ិក ​យើង​មាន​ភាព​ជា​ដៃគូ​ដ៏​យូរ​អង្វែង។ ​អ្នក​ដឹង​ទេ​ ក្រៅ​ពី​ប្រទេស​កាណាដា ​យើងជា​អ្នកជិត​ខាង​នឹង​គ្នា​បំផុត»។

នៅ​ក្នុង​ប្រទេស​ក្វាតេម៉ាឡាកាល​ពី​ថ្ងៃ​ច័ន្ទ ​លោក​ស្រី ​Harris ​បាន​សង្កត់​ធ្ងន់​ពី​កិច្ច​ប្រឹង​ប្រែង​ថ្មី​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ​និង​បញ្ចុះ​បញ្ចូល​ពលរដ្ឋ​អាមេរិក​ឡាទីន​ឲ្យនៅ​ក្នុង​ប្រទេស​ ជាជាងប្រថុយ​គ្រោះ​ថ្នាក់​ធ្វើ​ដំណើរ​មក​កាន់​សហ​រដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក​ក៏​បាន​ប្ដេជ្ញា​ផ្ដល់​ជំនួយ​ចំនួន ​៣១០ ​លាន​ដុល្លារ​ដើម្បី​ជួយ​ជន​ភៀស​ខ្លួន​ និង​ដោះស្រាយ​បញ្ហា​ខ្វះ​ស្បៀង​អាហារ​ផង​ដែរ។ ក្នុង​ពេល​ថ្មីៗ​នេះ លោក​ស្រី​ក៏ទទួល​បាន​ការ​ប្ដេជ្ញា​ចិត្ត​ពី​ក្រុមហ៊ុន និង​អង្គការនៅ​អាមេរិក​ឲ្យ​វិនិយោគ​នៅតាម​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាមេរិក​កណ្ដាល ​ដើម្បី​លើក​កម្ពស់​ឱកាស​សេដ្ឋកិច្ច​និង​ការ​បណ្តុះបណ្តាល​ការងារ​ផង​ដែរ។​

សហរដ្ឋ​អាមេរិក​ក៏​បាន​ឲ្យ​ដឹង​កាល​ពី​សប្ដាហ៍​មុន​ដែរ​ថា​ ខ្លួន​នឹង​ប្រគល់​វ៉ាក់សំាង​កូវីដ១៩​ចំនួន​កន្លះ​លាន​ដូស​ទៅ​ឲ្យ​ប្រទេស​ក្វាតេម៉ាឡា ​និង​មួយ​លាន​ដូស​ឲ្យ​ទៅ​ប្រទេស​ម៉ិកស៊ិក៕

XS
SM
MD
LG