ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​រាយការណ៍​ថា​ការ​ផលិត​អាភៀន​នៅ​អាហ្វហ្គានីស្ថាន​ធ្លាក់​ចុះ​៤៨%


រូបភាព​ដែល​ថត​ដោយ​ការិយាល័យ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿង​ញៀន​ និង​ឧក្រិដ្ឋកម្ម ឬ​ហៅ​កាត់​ថា​ UNODC កាលពី​ខែកុម្ភៈ ឆ្នាំ២០១៦ បង្ហាញ​ពី​ចំការ​អាភៀន​នៅ​ខេត្ត Phongsali ដែល​ជា​ខេត្ត​ភាគ​ខាង​ជើង។
រូបភាព​ដែល​ថត​ដោយ​ការិយាល័យ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿង​ញៀន​ និង​ឧក្រិដ្ឋកម្ម ឬ​ហៅ​កាត់​ថា​ UNODC កាលពី​ខែកុម្ភៈ ឆ្នាំ២០១៦ បង្ហាញ​ពី​ចំការ​អាភៀន​នៅ​ខេត្ត Phongsali ដែល​ជា​ខេត្ត​ភាគ​ខាង​ជើង។

ការិយាល័យ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿង​ញៀន​ និង​ឧក្រិដ្ឋកម្ម (UNODC) បាន​និយាយ​ថា​ បរិមាណ​ផលិតផល​អាភៀន​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ក្នុង​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះ​៤៨%។​

ការិយាល័យ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿង​ញៀន​ និង​ឧក្រិដ្ឋកម្ម ឬ​ហៅ​កាត់​ថា​ UNODC បាន​និយាយ​ថា​ បរិមាណ​ផលិតផល​អាភៀន​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ក្នុង​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះ​៤៨%។​

លោក Andrey Avetisyan តំណាង​ប្រចាំ​តំបន់​របស់​បេសកកម្ម​អង្គការ​សហប្រជាជាតិ​ប្រឆាំង​គ្រឿង​ញៀន​បាន​និយាយ​ថា​ ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ផលិតផល​អាភៀន​គឺ​ដោយ​សារ​តែ​ការ​រួម​សហការ​ល្អពី​កង​សមត្ថកិច្ច ​និង​អ្នក​ធ្វើ​គោលនយោបាយ​របស់​ប្រទេស​អាហ្វហ្គានីស្ថាន។

លោក​បាន​និយាយ​ថា ​ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំ​មក​នេះ​ មាន​ការ​ធ្លាក់​ចុះយ៉ាង​ខ្លាំង​នូវ​ការ​ដាំ និង​ការ​ផលិត​អាភៀន​ក្នុង​ប្រទេស​នេះ។​

«មាន​ការ​ធ្លាក់​ចុះ​យ៉ាង​សំបើម​នូវ​សក្ដានុពល​ផលិតផលអាភៀន​ដល់​៤៨%។ យើង​មាន​អាភៀន ​ត្រឹមតែ​៣.៣០០​តោន​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​នេះ ​ធៀប​នឹង​ឆ្នាំ​មុន​គឺ ៦.៤០០​តោន‍»។​

លោក​ Avetisyan បាន​ប្រាប់​អ្នក​កាសែត​ថា​ ការ​ដាំ​អាភៀន​ក្នុង​ឆ្នាំ​២០១៥​ក៏​បាន​ធ្លាក់​ចុះ​១៩%​នៅ​ទូទាំង​ប្រទេស​ ប៉ុន្តែ​វា​បាន​កើន​ឡើង​នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដោយ​សារ​តែ​មាន​បញ្ហា​អសន្តិសុខ​នៅ​កន្លែង​ខ្លះ។

ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា​ មាន​ការ​ធ្លាក់​ចុះ​១៦%​ នៅ​ខេត្ត Helmand ដែល​ជា​កន្លែង​ផលិត​អាភៀន​ធំ​ជាង​គេ​នៅ​ខេត្ត​ភាគ​ខាង​ត្បួង​ប្រទេស​នេះ​ ហើយ​មាន​ការ​ធ្លាក់​ចុះ​ទាំង​នៅ​តំបន់​ខាង​ត្បូង​ និង​ខាង​កើត​ប្រទេស​ដែល​គេ​ស្គាល់​ថា​ជាតំបន់​ផលិត​គ្រឿង​ញៀន​ខុស​ច្បាប់។

ទោះ​បី​ជា​មាន​ការ​ធ្លាក់​ចុះ​បែប​នេះ​ក៏​ដោយ ​ក៏​បញ្ហា​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​តែ​ជា​បញ្ហា​ដ៏​ធំមួយ​ ហើយ​ជោគជ័យ​ក្នុង​ការ​ដោះស្រាយ​វា​ ត្រូវ​ការ​ ការ​សហការ​យ៉ាង​ជិតស្និទ្ធ​ពី​សំណាក់​រដ្ឋាភិបាល​ និង​សហគមន៍​អន្តរជាតិ។

លោក Avetisyan និយាយ​ថា៖ «យើង​មិន​គួរ​មើល​ស្រាល​ ការ​ប្រឈម​នានាដើម្បី​បញ្ឈប់​ការ​ដាំ​អាភៀន​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​ការ​ពាក់ព័ន្ធ​របស់​វា​ជា​មួយ​បញ្ហា​សន្តិសុខ​ និង​ការ​អភិវឌ្ឍ​ដែល​ជា​បញ្ហា​ដ៏​ធំ​មួយ​នោះ​ទេ។ ​បញ្ហា​ប្រឈម​នេះ​នឹង​ត្រូវ​ការ​ ការ​តាំង​ចិត្ត​ និង​ការ​សហការ​យ៉ាង​ខ្លាំង​ពី​បណ្ដា​ភាគី​ពាក់ព័ន្ធ​ដើម្បី​មើល​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតកម្ម​គ្រឿងញៀន​ខុស​ច្បាប់»។

ការិយាល័យ UNODC បាន​គូស​បញ្ជាក់​ថា​ ប្រសិទ្ធភាព​នៃ​ការ​ពង្រឹង​សមត្ថកិច្ច​ ការ​ធ្វើ​ឲ្យ​សេវា​មណ្ឌល​កែប្រែ​ប្រសើរ​ឡើង​ និង​ការ​ផ្សព្វផ្សាយ​ ការ​រិះរក​ប្រភព​សេដ្ឋកិច្ច​ផ្សេង​ដល់​កសិករ​អាហ្វហ្គានីស្ថាន​ទាំងអស់​នេះ​គឺ​ជា​ផ្នែក​សំខាន់​នៃ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ (ទូលំទូលាយ) នេះ។

​ប្រទេស​អាហ្វហ្គានីស្ថាន​ផលិត​អាភៀន​ជាង​៨០%​នៃ​ផលិតផល​អាភៀន​សរុប​ក្នុង​ពិភពលោក​ ហើយ​កម្រៃ​ពី​ការ​ជួញដូរគ្រឿង​ញៀន​ខុស​ច្បាប់​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ ជាហិរញ្ញវត្ថុ​សំខាន់​ដែល​បាន​ផ្ដល់​ឲ្យ​ក្រុមសកម្ម​ប្រយុទ្ធ​តាលីបង់ និង​ជំរុញ​ឲ្យ​មាន​អំពើ​ពុករលួយ ក្នុង​ប្រទេស​នេះ៕

ប្រែ​សម្រួល​ដោយ មាន ឥស្សរាយស

XS
SM
MD
LG