អាជ្ញាធរប្រឆាំងគ្រឿងញៀនកម្ពុជា ក្នុងប្រតិបត្តិការស្រាវជ្រាវនិងបង្រ្កាបការជួញដូរគ្រឿងញៀនដែលធ្វើឡើងកាលពីសប្តាហ៍កន្លងទៅ បានចាប់ខ្លួនមេខ្លោងផលិតគ្រឿងញៀនចំនួនបួននាក់ និងរឹបអូសបានគ្រឿងញៀនជិត៥៥គីឡូក្រាម ជាចំនួនដ៏ច្រើនដែលអាជ្ញាធរកម្រជួបប្រទះ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិកម្ពុជា។
នៅក្នុងសនិ្នសីទព័ត៌មានមួយ ដែលធ្វើឡើងនៅឯមន្ទីរប្រឆាំងគ្រឿងញៀនរបស់អគ្គស្នងការនគរបាលជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា មេខ្លោងធំៗចំនួន៤នាក់ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជាលក្ខណៈឆ្លងដែននេះ រួមមានឈ្មោះលី យ៉ុង (Ly Yong) តេង យ៉ានភីង (Deng Yuan Ping) ជនជាតិចិន និងផល រ៉ានីហៅខេខេ អាយុ២២ឆ្នាំជនជាតិខ្មែរដែលជាប្រពន្ធរបស់ល៉ីវ ស៊ឺ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តស្ទឹងត្រែង។
«នេះគឺថា ជាការជួញដូរធំមួយដែលធ្លាប់បង្រ្កាបហើយ ប៉ុន្តែអានេះបរិមាណវាច្រើនជាងលើកមុន»។
លោកនាយឧត្តមសេនីយ៍ម៉ក់ ជីតូ ដែលជាអគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងដែរថា មេខ្លោងចំនួនពីរនាក់គឺលី យ៉ុង (Ly Yong) និងតេង យ៉ានភីង (Deng Yuan Ping) ជាអ្នកមានជំនាញក្នុងការកែច្នៃនិងបង្កើនបរិមាណគ្រឿងញៀនដើម្បីចែកចាយបន្ត។
«នេះគឺជាអ្នកបច្ចេកទេសពីស្រុកចិន។ បចេ្ចកទេសគាត់ គាត់អាចច្នៃ កែច្នៃបង្កើនគុណភាពបានន័យថា នេះជាការបង្កើនបរិមាណហើយនិងគុណភាព»។
មន្រ្តីជំនាញប្រឆាំងគ្រឿងញៀនបានធ្វើការអង្កេតស្រាវជ្រាវអស់រយៈពេលបីខែនៅតាមគោលដៅចំនួន៥ដោយផ្តើមសហការជាមួយអាជ្ញាធរខេត្តស្ទឹងត្រែងដែលជាគោលដៅទីមួយ។ អាជ្ញាធរបានបើកយុទ្ធនាការបង្រ្កាបក្នុងរាជធានីភ្នំពេញដែលមានបួនគោលដៅ ដោយការបង្រ្កាបនេះធ្វើឡើងពេញមួយថ្ងៃគឺនៅថ្ងៃទី១៦មិថុនា និងរឹបអូសបានគ្រឿងញៀនមេតំហ្វេតាមីនប្រភេទទឹកកក និងគ្រាប់ហើយនឹងហេរ៉ូអ៊ីន។ នេះបើតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ម៉ក់ ជីតូ។
លោកបន្ថែមថា៖«នេះជាលំហូរចូលមកពីតំបន់ត្រីកោណមាស និងឡាវចូលមកយើងតាមស្ទឹងត្រែងមកដល់ភ្នំពេញ។ មកដល់ភ្នំពេញពួកនេះច្នៃបង្កើនបរិមាណឲ្យទៅជាច្រើនឧទាហរណ៍ គ្រឿងញៀន៥០គីឡូ ក្រាមវាធ្វើបានពី១០០ទៅ១៥០គីឡូក្រាម ហើយបានបែងចែកលក់នៅក្នុងក្លឹប និងបញ្ជូនទៅដល់តៃវ៉ាន់»។
ក្រោយការចាប់ឃាត់ខ្លួនជនទាំងបួនរូបនេះ អាជ្ញាធរប្រឆាំងគ្រឿងញៀននឹងបន្តស្រាវជ្រាវរកជនដែលពាក់ព័ន្ធផ្សេងទៀតទាំងក្នុងនិងក្រៅប្រទេសនៅក្នុងសំណុំរឿងដដែលនេះ។
មន្រ្តីតុលាការ ដែលចូលរួមក្នុងសន្និសីទនេះ បានបញ្ជាក់ថាជនល្មើសទាំងបីរូបដែលអាជ្ញាធរចាប់បាននៅរាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅតុលាការដើម្បីធ្វើការសាកសួរហើយ។
លោកអ៊ូ វីរៈ នាយកនៃអង្គការតាក់តែងគោលនយោបាយមួយក្នុងប្រទេសកម្ពុជាឈ្មោះវេទិកាអនាគត (Future Forum) បានមានប្រសាសន៍ប្រាប់វីអូអេថា ការបង្រ្កាបគ្រឿងញៀននេះនឹងបន្តកើតមានរហូត ហើយថា រដ្ឋាភិបាលគួររៀបចំគោលនយោបាយមួយដើម្បីគ្រប់គ្រងការប្រើប្រាស់គ្រឿងញៀនឲ្យដូចនឹងការគ្រប់គ្រងគ្រឿងស្រវឹង។ លោកអះអាងថា សកម្មភាពជួញដូរនេះមិនអាចលុបបំបាត់បានទេ ពីព្រោះប្រទេសធំៗដូចជាសហរដ្ឋអាមេរិកក៏ពុំអាចលុបបំបាត់បានដែរ។
«ក្នុងពិភពលោកអត់មានប្រទេសណាប្រឆាំងគ្រឿងញៀនតាមបែបចាប់ញាត់ដាក់គុកដូចសហរដ្ឋអាមេរិកទេ។ សហរដ្ឋអាមេរិកខ្ពស់ជាងគេបង្អស់នៅក្នុងពិភពលោក។ ប៉ុន្តែសហរដ្ឋអាមេរិកគឺជាប្រទេសបរាជ័យបំផុតក្នុងការបង្ក្រាបគ្រឿងញៀន។ អញ្ចឹងយើងគួររៀនមើលបទពិសោធន៍ពិភពលោកហ្នឹង ហើយអាចយកមករៀបចំបានហើយ។ ដូចខ្ញុំថា អញ្ចឹង ការចាប់ដាក់គុកមួយពីរហ្នឹងគឺមិនអាចជារឿងគ្រប់គ្រាន់ទេ គឺត្រូវប្តូរគំនិតគ្រប់គ្រង ឬគោលនយោបាយ ដូចខ្ញុំលើកឡើង»។
លោកអ៊ូ វីរៈថ្លែងទៀតដែរថា អាជ្ញាធរកម្ពុជាមកទល់នឹងពេលបច្ចុប្បន្ននេះក៏នៅពុំទាន់មានសមត្ថភាពបង្រ្កាបសកម្មភាពជួញដូរគ្រឿងញៀននេះឲ្យធ្លាក់មកក្នុងចំនួនតិចតួចបានដែរ ដោយសារការសូកប៉ាន់របស់អ្នកជួញដូរគ្រឿងញៀនទៅដល់អាជ្ញាធរនៅតែបន្តកើតមាន។
«រដ្ឋាភិបាលយើង កាលពីមុនអត់មានសមត្ថភាពទេ។ គាត់អត់មានសមត្ថភាពក្នុងការគ្រប់គ្រង។ ឥឡូវនេះក៏អត់មានសមត្ថភាពដែរដោយសារលុយគ្រឿងញៀនគឺជាលុយខ្មៅងងឹត ហើយអញ្ចឹងងាយស្រួលក្នុងការប្រើប្រាស់ក្នុងការសូកពន្ធ ឬមួយសូកប៉ាន់ប៉ូលិសទិញចៅក្រមទិញអី។ នៅក្នុងអាមេរិកខាងត្បូងអីគឺអញ្ចឹងដូចគ្នា គឺទិញអស់ ហើយ។ អ្នកដែលអត់ព្រមលក់គឺគេសម្លាប់ចោលទៀត។ បើចៅក្រមណាអត់ព្រមយកលុយគេ គេបាញ់ចោលតែម្តង»។
ក្នុងប្រទេសកម្ពុជាមិនមែនត្រឹមតែអ្នកជួញដូរគ្រឿងញៀនទេដែលត្រូវបានអាជ្ញាធរចាប់ដាក់ក្នុងពន្ធនាគារដោយនោះ។ មន្ត្រីអាជ្ញាធរបង្រ្កាបគ្រឿងញៀនក្នុងប្រទេសនេះក៏ត្រូវបានអាជ្ញាធរគ្នាឯងចាប់ដាក់ពន្ធនាគារផងដែរ។
កាលពីបីឆ្នាំកន្លងទៅនេះ លោកមឹក តារា អតីតអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន ត្រូវបានចាប់ខ្លួនជាមួយនិងមន្ត្រីប្រឆាំងគ្រឿងញៀនម្នាក់ទៀតទាក់ទងនឹងការជួញដូរគ្រឿងញៀន។ នៅក្នុងពេលនោះ តុលាការខេត្តបន្ទាយមានជ័យរបស់ប្រទេសកម្ពុជាដែលជាប់នឹងប្រទេសថៃ បានកាត់ទោសលោកមឹក តារាឲ្យជាប់ពន្ធនាគារមួយជីវិតអំពីបទពុករលួយទាក់ទងនឹងការជួញដូរគ្រឿងញៀននេះ។ លុយរាប់សែនដុល្លារ និងដីធ្លីរបស់មន្រ្តីប្រឆាំងគ្រឿងញៀនរូបនេះក៏ត្រូវបានរឹបអូសដោយសាលក្រមរបស់តុលាការដែរ៕