ពួកអ្នកអភិរក្សនិយមរបស់លោកស្រីអធិការបតី Angela Merkel បានយកឈ្នះលើគូប្រជែងឆ្វេងកណ្តាលនិយមរបស់ខ្លួន នៅក្នុងរដ្ឋដ៏សំខាន់មួយក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ នៅតំបន់ដែលមានប្រជាជនច្រើនបំផុតនៅក្នុងប្រទេសនេះ។
លទ្ធផលនៃការស្ទង់មតិក្រោយការបោះឆ្នោតបង្ហាញថា គណបក្សសហភាពប្រជាធិបតេយ្យអ្នកកាន់សាសនាគ្រិស្តរបស់លោកស្រី Merkel ទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងរដ្ឋ North Rhine-Westphalia ដែលជារដ្ឋកំណើតនិងជាកន្លែងទទួលបានជ័យជម្នះកាលពីលើកមុនៗរបស់មេដឹកនាំគូប្រជែងរបស់លោកស្រី គឺលោក Martin Schulz ខាងគណបក្សអ្នកប្រជាធិបតេយ្យសង្គម ដែលជាគូប្រជែងនឹងមេដឹកនាំអាល្លឺម៉ង់នៅក្នុងការបោះឆ្នោតជាតិនៅចុងខែកញ្ញាខាងមុខនេះ។
លោក Schulz បានទទួលស្គាល់ថាលោកចាញ់កាលពីថ្ងៃអាទិត្យ ដោយនិយាយថា «នេះគឺជាថ្ងៃដ៏លំបាកមួយសម្រាប់គណបក្សអ្នកប្រជាធិបតេយ្យសង្គម ហើយក៏ជាថ្ងៃលំបាកមួយសម្រាប់រូបខ្ញុំផ្ទាល់ផងដែរ។ ខ្ញុំមកពីរដ្ឋមួយដែលយើងបានបរាជ័យយ៉ាងខ្លាំងនៅថ្ងៃនេះ»។
លោកបានជំរុញឲ្យគណបក្សរបស់លោកផ្តោតទៅលើការបោះឆ្នោតនៅថ្ងៃទី២៤ ខែកញ្ញា ដោយថ្លែងថា៖ «យើងនឹងពង្រឹងប្រវត្តិគណបក្សរបស់យើងបន្ថែមទៀត។ យើងត្រូវតែធ្វើវា»។
លទ្ធផលនៃការស្ទង់មតិក្រោយការបោះឆ្នោតនេះបានបង្ហាញថា គណបក្សអ្នកប្រជាធិបតេយ្យកាន់សាសនាគ្រិស្តបានទទួលសំឡេងឆ្នោតគាំទ្រ ៣៤,៥ ភាគរយ នៅក្នុងការបោះឆ្នោតក្នុងរដ្ឋ North Rhine-Westphalia ដែលមានប្រជាជនរស់នៅ១៧លាន៩សែននាក់ ស្មើនឹងជិត១/៤នៃប្រជាជនក្នុងប្រទេសអាល្លឺម៉ង់ ហើយគណបក្សអ្នកប្រជាធិបតេយ្យសង្គមទទួលបានសម្លេងឆ្នោត៣០,៥ភាគរយ។ គណបក្សដទៃទៀតទទួលបានលទ្ធផលតិចជាងមេដឹកនាំគណបក្សទាំង២យ៉ាងខ្លាំង៕