ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​នានា​នៅ​លើ​ពិភពលោក​អបអរសាទរ​លោក Macron សម្រាប់​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង


អ្នក​គាំទ្រ​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​បារាំង Emmanuel Macron អបអរ​សាទរ​នៅ​ក្បែរ​សារៈមន្ទីរ Louvre បន្ទាប់​ពី​មាន​ការ​ប្រកាស​លទ្ធផល​នៅ​ក្នុង​ការ​បោះឆ្នោត​វគ្គ​ទី២ សម្រាប់​តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ២០១៧ ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង​ កាលពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧។
អ្នក​គាំទ្រ​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​បារាំង Emmanuel Macron អបអរ​សាទរ​នៅ​ក្បែរ​សារៈមន្ទីរ Louvre បន្ទាប់​ពី​មាន​ការ​ប្រកាស​លទ្ធផល​នៅ​ក្នុង​ការ​បោះឆ្នោត​វគ្គ​ទី២ សម្រាប់​តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ២០១៧ ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង​ កាលពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧។

មេដឹកនាំ​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភពលោក និង​បុគ្គល​នយោបាយ​សំខាន់ៗ​ដទៃ​ទៀត បាន​ផ្ញើ​សារ​អបអរ​សាទរ​ដល់​លោក Emmanuel Macron ប្រធានាធិបតី​បារាំង​ថ្មី​ដែល​ទើប​នឹង​ជាប់​ឆ្នោត សម្រាប់​ជ័យជម្នះ​របស់​លោក​លើ​លោកស្រី Marine Le Pen។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ Twitter ថា៖ «អបអរសាទរ​ចំពោះ​លោក Emmanuel Macron ចំពោះ​ជ័យជម្នះ​ដ៏​ធំធេង​របស់​លោក​ក្នុង​ការ​ក្លាយជា​ប្រធានាធិបតី​បារាំង​នា​អាណត្តិ​បន្ទាប់។ ខ្ញុំ​រីករាយ ​និង​រង់ចាំ​ធ្វើ​ការ​ជាមួយ​លោក!‍»។

លោក Trump មិន​បាន​គាំទ្រ​បេក្ខជន​ណា​មួយ​ជា​សាធារណៈ​នៅ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង​នោះ​ទេ ប៉ុន្តែ មាន​ពាក្យ​លេច​ឭ​ថា ជា​ទូទៅ លោក​គាំទ្រ​ទស្សនៈ​របស់​លោកស្រី Marine Le Pen។

អតីត​បេក្ខជន​ប្រធានាធិបតី​អាមេរិក លោកស្រី Hillary Clinton មេដឹកនាំ​ការពារ​សិទ្ធិ​ពលរដ្ឋ​អាមេរិកាំង លោក Jesse Jackson និង​អភិបាល​ក្រុង New York លោក Bill de Blasio ក្នុង​ចំណោម​បុគ្គល​សំខាន់ៗ​ដទៃ​ទៀត បាន​អបអរសាទរ​លោក Macron និង​ពលរដ្ឋ​បារាំង សម្រាប់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​លើក​នេះ។

ចំណែក​ឯ​លោកស្រី Angela Merkel អធិការបតី​អាល្លឺម៉ង់ បាន​និយាយ​ថា៖ «ជ័យជម្នះ​របស់​លោក Macron គឺ​ជា​ជ័យជម្នះ​សម្រាប់​ទ្វីប​អឺរ៉ុប​ដ៏​ខ្លាំងក្លា និង​រួបរួម​មួយ និង​ជា​ជ័យជម្នះ​សម្រាប់​មិត្តភាព​រវាង​ប្រទេស​បារាំង និង​ប្រទេស​អាល្លឺម៉ង់‍»។

ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប លោក Jean-Claude Juncker បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ Twitter ថា៖ «សហភាព​អឺរ៉ុប​មាន​សេចក្ដី​រំភើប ដែល​ពលរដ្ឋ​បារាំង​បាន​ជ្រើសរើស​អនាគត​មួយ​សម្រាប់​ទ្វីប​អឺរ៉ុប‍»។

ក្រៅ​ពី​នេះ មេដឹកនាំ​សំខាន់ៗ​ដទៃ​ទៀត​នៅ​លើ​ពិភពលោក ដូចជា​មេដឹកនាំ​ជប៉ុន ចិន កាណាដា អូស្ត្រាលី ជា​ដើម ក៏​បាន​ផ្ញើ​សារ​អបអរសាទរ​ចំពោះ​ជ័យជម្នះ​របស់​លោក Macron ផង​ដែរ៕

XS
SM
MD
LG