ប៉ូលិសអាល្លឺម៉ង់បានចាប់ខ្លួនជនសង្ស័យជាជនជ្រុលនិយមរដ្ឋឥស្លាមកាលពីថ្ងៃពុធនៅពេលដែលពួកអ្នកស៊ើបអង្កេតកំពុងស្វែងរកពីលទ្ធភាពនៃការជាប់ទាក់ទិនភេរវកម្មទៅនឹងការផ្ទុះ៣គ្រាប់ដែលបានត្រូវចំដាក់លើរថយន្តដឹកក្រុមកីឡាករ Borussia Dortmund នេះតាមការបញ្ជាក់របស់ពួកអាជ្ញាធរ។
ការផ្ទុះជាបន្តបន្ទាប់នេះដែលបានធ្វើឲ្យរង្គើររថយន្តរបស់ក្រុមកីឡាករ បានធ្វើឲ្យលោកMarc Bartraកីឡាកររបស់ក្រុម Dortmundនិងប៉ូលិសម្នាក់រងរបួស ហើយបានបង្ខំឲ្យក្រុមកីឡាករនោះផ្អាកការប្រកួតជាមួយក្រុមកីឡាករ Monacoនៅពេលរសៀលនោះ។
លោកស្រី Frauke Koehlerអ្នកនាំពាក្យរដ្ឋអាជ្ញាសហព័ន្ធនិយាយថា ជនសង្ស័យ២នាក់មកពីក្រុមឥស្លាមជ្រុលនិយមបានស្ថិតនៅក្នុងការផ្តោតការយកចិត្តទុកដាក់នៃការប្រតិបត្តិឧក្រិដ្ឋកម្មនេះ។ លោកស្រីនិយាយថា ជនសង្ស័យម្នាក់បានត្រូវចាប់ខ្លួន។
យោងទៅតាមរដ្ឋអាជ្ញារបស់អាល្លឺម៉ង់ បានប្រាប់ឲ្យដឹងថា លិខិតមួយច្បាប់បានទុកនៅកន្លែងកើតហេតុប្រាប់ឲ្យដឹងថា ការវាយប្រហារនោះប្រហែលបានធ្វើឡើងដោយពួកជ្រុលនិយមរដ្ឋឥស្លាម។
លោកស្រីអ្នកនាំពាក្យរដ្ឋអាជ្ញាបាននិយាយថា លិខិតនោះ មានការទាមទារឲ្យដកយន្តហោះចម្បាំងអាល្លឺម៉ង់ចេញពីប្រទេសតួកគី ហើយនិងមូលដ្ឋានទ័ពអាកាស Ramstein របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់ផង។ លោកស្រីនិយាយទៀតថា ប៉ូលិសបានរកឃើញលិខិតចម្លងដូចគ្នា៣ច្បាប់នៅជិតកន្លែងផ្ទុះគ្រាប់បែកដែលប្រាប់ឲ្យដឹងថា អ្នកវាយប្រហារមានជាប់ទាក់ទងនឹងក្រុមជនសកម្មប្រយុទ្ធរដ្ឋឥស្លាម។ ប៉ូលិសនៅកំពុងព្យាយាមធ្វើការសម្រេចថាតើលិខិតនោះពិតមែនដែរឬទេ៕