សាលាក្តីខ្មែរក្រហមនិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឯកភាពគ្នាសាងសង់ស្តូបមួយនៅក្នុងបរិវេណសារមន្ទីរជាតិទួលស្លែងសម្រាប់រំលឹកដល់ជនរងគ្រោះដែលត្រូវបានកាប់សម្លាប់នៅក្នុងអតីតគុកដ៏ប្រល័យរបស់ពួកខ្មែរក្រហមនេះ។
មនុស្សយ៉ាងតិច១២.៣៨០នាក់ត្រូវចាប់ខ្លួនមកឃុំឃាំងនៅមន្ទីរស ២១ ឬគុកទួលស្លែងនេះហើយពួកគេត្រូវធ្វើទារុណកម្មដើម្បីជំរិតសួរចម្លើយនិងត្រូវសម្លាប់ចោលក្នុងពេលក្រោយមក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមនៅថ្ងៃអង្គារនេះគម្រោងសាងសង់ស្តូបរំលឹកវិញ្ញាណខន្ធអ្នកទោសគុកទួលស្លែងនេះនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ទី១០ខែកក្កដានេះក្នុងឱកាសនៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងវប្បធម៌។
លោកនេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមឲ្យដឹងថាស្តូបរំលឹកវិញ្ញាណខន្ធនេះជាផ្នែកមួយនៃសំណងផ្លូវចិត្តដល់ជនរងគ្រោះ។
«ស្តូបនេះគឺស្ថិតនៅក្រៅគម្រោងសំណងក្រៅវិធានការតុលាការ។គឺជាគម្រោងសំណងមួយដែលភាគីពាក់ព័ន្ធនានាអាចនឹងចូលរួមធ្វើដើម្បីផ្តល់នូវសំណងសម្រាប់ជនរងគ្រោះ»។
គេនៅមិនទាន់ដឹងជាក់លាក់ថាតើស្តូបនេះនឹងមានទំហំប៉ុណ្ណា ហើយឈ្មោះរបស់ជនរងគ្រោះនឹងត្រូវចារឹកលើនោះដែរឬយ៉ាងណា។
លោកហាប់ ទូច អគ្គនាយកនៃនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបញ្ជាក់ថាកិច្ចពិភាក្សាលម្អិតលើបញ្ហាទាំងនេះនឹងធ្វើនៅពេលក្រោយ។
លោកបានបន្ថែមថា៖ «ក្រោយពីយើងចុះMOU ជាមួយអ.វ.ត.ក យើងនឹងរៀបចំសិក្ខាសាលារួមមួយជាមួយនឹងភាគីពាក់ព័ន្ធដើម្បីត្រួតពិនិត្យលើប្លង់ហ្នឹងបន្ថែមទៀតថាតើយើងគួរផ្តល់យោបល់យ៉ាងម៉េចដើម្បីឲ្យប្លង់នឹងអាចទទួលយកបាន»។
កាំង កេកអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែងត្រូវផ្តន្ទាទោសឲ្យជាប់គុកអស់មួយជីវិតសម្រាប់ការទទួលខុសត្រូវចំពោះអំពើឃោរឃៅក្នុងគុកទួលស្លែងនេះ។
លោកជុំ ម៉ី ប្រធានសមាគមជនរងគ្រោះដោយរបបខ្មែរក្រហមក្សេមក្សាន្តនិងជាអតីតអ្នកទោសគុកទួលស្លែងបានឲ្យដឹងថាអតីតជនរងគ្រោះបានស្នើឲ្យមានស្តូបនេះយូរមកហើយ។
«កសាងស្តូបនេះជាគំនិតរបស់សមាគមក្សេមក្សាន្តសុំឲ្យធ្វើសំណងក្នុងសារមន្ទីទួលស្លែង គឺសាងសង់ស្តូបនៅទីនោះ។ ឲ្យតែមានស្លាប់នៅទីនោះគឺមានឈ្មោះត្រូវឆ្លាក់នៅនោះ»។
អង្គភាពគាំពារជនរងគ្រោះរបស់សាលាក្តីខ្មែរក្រហមធ្លាប់បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយអង្គការមួយចំនួនដើម្បីរំលឹកដល់ជនរងគ្រោះដោយរបបខ្មែរក្រហមជាពិសេសតាមរយៈការតាំងពិព័ណ៌រូបថត៕