លោកជំទាវទីមួយសហរដ្ឋអាមេរិក Melania Trump បានប្រគល់រង្វាន់ស្ត្រីអង់អាចក្លាហានអន្តរជាតិដល់ស្ត្រី១៣នាក់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធម្សិលមិញ។
លោកជំទាវ Trump បានមានប្រសាសន៍ថា «ស្ត្រីដែលបានទទួលរង្វាន់កិត្តិយសទាំងនេះដែលស្ថិតនៅវេទិកាជាមួយខ្ញុំបានប្រយុទ្ធដើម្បីសិទ្ធិរបស់ខ្លួន ហើយនិងដើម្បីសិទ្ធិអ្នកដទៃទៀត។ ក្នុងការប្រយុទ្ធនីមួយៗ ដូចជាជាមួយរដ្ឋាភិបាល តុលាការ ភាពលម្អៀងខាងយេនឌ័រ ភេរវកម្ម សង្គ្រាម និងអំពើពុករលួយ ហើយនៅពេលនេះបានប្រឈមទោសពៃរ៍យ៉ាងខ្លាំងរួមមានការចាប់ដាក់គុក និងស្លាប់។ ដោយការសាមគ្គីភាពគ្នាជាមួយសហគមន៍អន្តរជាតិ សហរដ្ឋអាមេរិក ត្រូវតែបញ្ជូនសារយ៉ាងច្បាស់ថា យើងកំពុងមើលអំពីបញ្ហានេះ។ ដូច្នេះ វាជាកាតព្វកិច្ចរបស់យើងដើម្បីបន្តធ្វើឲ្យបានការយកចិត្តទុកដាក់នូវជ័យជម្នះនីមួយៗដែលបានធ្វើឡើងដោយស្ត្រី គ្រប់ការព្យាយាមទាំងអស់ ដែលនាំឲ្យមានការផ្លាស់ប្តូរពិតប្រាកដដើម្បីប្រយុទ្ធសម្រាប់អ្នកដែលមិនអាចប្រយុទ្ធដើម្បីខ្លួនឯង»។
រង្វាន់ស្ត្រីអន្តរជាតិរបស់លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកផ្តល់កិត្តិយសដល់ស្ត្រីនៅជុំវិញពិភពលោកដើម្បីបង្ហាញនូវភាពអង់អាចក្លាហាន និងភាពជាមេដឹកនាំនៅការគាំទ្ររបស់ពួកគេដើម្បីសន្តិភាព យុត្តិធម៌ សិទ្ធិមនុស្ស សមភាពខាងយេនឌ័រហើយនិងការផ្តល់អំណាចដល់ស្ត្រី ដែលជារឿយៗមានភាពគ្រោះថ្នាក់យ៉ាងខ្លាំង។
ចាប់តាំងពីការបង្កើតរង្វាន់នេះនៅឆ្នាំ២០០៧មក កម្មវិធីនេះ បានផ្តល់រង្វាន់ដល់ស្ត្រីជាង១រយនាក់មកប្រទេស៦០។
លោកជំទាវ Trump បានប្រគល់រង្វាន់នេះជាមួយលោក Thomas Shannon អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការនយោបាយ៕