ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថ្មី៖ ជលផល​អាង​ទឹក​ទន្លេ​មេគង្គ កំពុង​រង​សម្ពាធ​យ៉ាងខ្លាំង


រូបឯកសារ៖ អ្នក​នេសាទ​កំពុង​ចេញ​ទូក​ទៅ​នេសាទ​​នៅ​ទន្លេ​មេគង្គ​ ក្នុង​រាជធានី​ភ្នំពេញ នា​រសៀល​​​​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១។​ (កាន់ វិច្ឆិកា/វីអូអេ)

របាយ​ការណ៍​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ (Mekong River Commission ឬ MRC)​ បាន​រំលេច​ពី​ផល​ប៉ះពាល់​នៃ​សកម្ម​ភាព​របស់​មនុស្ស​ និង​បញ្ហា​នៃ​ការ​ប្រែប្រួលអាកាស​ធាតុ​ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម ដែល​«កំពុង​ដាក់​សម្ពាធ»លើ​ជលផល​ក្នុង​ទឹក។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​របាយ​ការណ៍​ចំនួន​ពីរ​ដែល​ចេញ​ផ្សាយនៅ​ថ្ងៃ​អង្គារ​នេះ គណៈ​កម្មការ​ទន្លេ​មេគង្គដែល​ជា​ស្ថាប័ន​អន្តរ​រដ្ឋា​ភិបាល​មួយ ដែល​មាន​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀត​ណាម​ជា​សមាជិក​បាន​បង្ហាញ​ថា​ ការ​នេសាទ​ហួស​កម្រិត​ និង​ការ​ខូចខាត​ទី​ជម្រក​បណ្តាល​មក​ពី​កំណើន​ប្រជាជន ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ការ​ប្រែប្រួល​អាកាស​ធាតុ «កំពុង​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​»លើ​ជល​ផល​អាង​ទន្លេ​មេគង្គ​ក្រោម។

របាយការណ៍​ពីរ​នេះ​មាន​ចំណង​ជើង​ថា «ស្ថានភាព​និង​និន្នាការ​នៃ​ភាព​សម្បូរ​បែប​និង​ភាព​ចម្រុះ​នៃ​មច្ឆា​ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម ចាប់​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៨» និង«ការ​តាម​ដាន​ផល​ប៉ះពាល់​សង្គម​និង​ការ​វាយ​តម្លៃ​ភាព​ងាយ​រង​គ្រោះ​ឆ្នាំ​២០១៨»។ របាយ​ការណ៍​ឲ្យ​ដឹង​ថា​ ក្រុម​គ្រួសារ​ នៅ​តែ​បន្ត​ពឹង​អាស្រ័យ​លើ​ធនធាន​ទឹក​ ដែល​កំពុង​រង​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង។

លោក អាន ពេជ្រហត្ថដា នាយ​កប្រតិបត្តិ​នៃ​លេខាធិការ​ដ្ឋាន MRC មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ «ការ​សិក្សា​ស្រាវ​ជ្រាវ​ទាំង​នេះ ​រំលេច​បន្ថែម​ពី​សារៈ​សំខាន់​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ ផល​ប្រយោជន៍​ថ្នាក់​ជាតិ និង​តំបន់​ដែល​មាន​តុល្យភាព និង​កិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់​កាន់​តែ​រឹងមាំ​បន្ថែម​ទៀត ដើម្បី​រក្សា​ការ​ពារ​ធនធាន​ទឹក និង​ធនធាន​ពាក់​ព័ន្ធ​នៃ​ទន្លេ​មេគង្គ»។

គណៈ​កម្មការ​ទន្លេ​មេគង្គ​ បាន​ផ្តល់​អនុសាសន៍​ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​ទាំង៤ ពង្រឹង​បទ​ប្បញ្ញត្តិ​ថ្នាក់​ជាតិ និង​អនុវត្ត​រួម​គ្នា​នូវ​យុទ្ធសាស្ត្រ​គ្រប់​គ្រង និង​អភិវឌ្ឍ​ជល​ផល​សម្រាប់​អាង​ទន្លេ​មេគង្គ​ទាំង​មូល។ គណៈ​កម្មការ​ទន្លេ​មេគង្គ​បញ្ជាក់​ថា ​ការ​សិក្សា​នេះ​ ក៏​បាន​ស្នើ​បន្ថែម​ទៀត​ឲ្យមាន​ផែន​កា​រគ្រប់​គ្រង​ទន្លេ​បែប​ចម្រុះនា​នា ដើម្បី​ដោះស្រាយ​រាល់​ហានិភ័យ​ពី​ការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​ដែល​កំពុង​កើន​ឡើង។

គួរ​បញ្ជាក់​ថា ​ទន្លេ​មេគង្គ​ដែល​មាន​ប្រភព​ទឹក​ពី​ប្រទេស​ចិន ហូរ​កាត់​ប្រទេស​មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម។ ទន្លេ​នេះ​ បាន​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​មនុស្ស​ជាង​៦០​លាន​នាក់ ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ទឹក​មួយ​នេះ៕

XS
SM
MD
LG