ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​អំពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង​គ្មាន​ការមូលមតិ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

គម្រោង​ទំនប់វារី​អគ្គិសនី​ដនសាហុង​នៅតែ​មានរឿងចម្រូង​ចម្រាស

លោក​ស៊ុន ថាយ៉ា​ពឹង​ផ្អែក​ទៅលើ​របរ​ដឹក​ភ្ញៀវ​ទេសចរណ៍​តាម​ទូក​នេះ​ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​អស់រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។​

អ្នក​នេសាទ​ជនជាតិ​ឡាវ​រូបនេះ​មាន​ប្រសាសន៍​ថា ជាមធ្យម​លោក​អាច​រក​ប្រាក់​ចំណូល​បាន​ប្រមាណ​២០​ម៉ឺន​គីប ​ឬ​ស្មើ​នឹង​ប្រមាណ​២៥​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ពី​សេវា​កម្ម​នាំ​ភ្ញៀវ​ទេសចរណ៍​មក​មើល​ផ្សោត​នៅ​ទី​នេះ​គឺ​នៅ​តាម​បណ្តោយ​ព្រំដែន​ឡាវ-ខ្មែរ។​

នៅ​ពេល​ដែល​គ្មាន​អ្នក​ទេសចរណ៍​មក​លេង ​ លោក​ថាយ៉ា​ងាក​ទៅ​ធ្វើ​នេសាទ​ជំនួស​វិញ​ដើម្បី​ទ្រទ្រង់​ជីវភាពគ្រួសារ​របស់​លោក។​

ប៉ុន្តែ​នៅ​ពេល​នេះ​ ឪពុក​នៃ​កូន​៤នាក់​រូប​នេះ​មាន​ប្រសាសន៍​ថា ​ជីវភាព​រស់​នៅ​របស់​លោក​កំពុង​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​រដ្ឋាភិបាល​ឡាវ​បាន​គ្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​មួយ​នៅ​ក្បែរ​នេះ​ គឺ​នៅលើ​ច្រក​ដនសាហុង​ ដែល​ជា​ច្រក​ដ៏​សំខាន់​មួយ​នៃ​ទន្លេ​មេគង្គ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​តែ​២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​នេះ។​

«ខ្ញុំ​មិន​ដឹង​ថា​ ត្រូវ​ធ្វើ​អ្វី​ទេ​ នៅពេល​ដែល​គេ​សាងសង់​ទំនប់​នេះ។​ ប៉ុន្តែ​ខ្ញុំ​នឹង​រង់ចាំ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ការងារ​ឲ្យ​ខ្ញុំ​ធ្វើ។ ​ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ​ថា ​ខ្ញុំ​មិន​ចូល​ចិត្តទំនប់​នេះ ​ហើយ​ខ្ញុំ​ក៏​មិន​អាច​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ទំនប់​នេះ​ដែរ»។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

រដ្ឋាភិបាល​ឡាវ​លើក​ឡើង​ថា ​គម្រោង​ទំនប់​នេះ​នឹង​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ឡាវ ដោយសារ​ប្រទេស​ឡាវ​អាច​លក់​អគ្គិសនី​ ដែល​ទទួល​បាន​ពី​ទំនប់​នេះ​ទៅ​ឲ្យ​ប្រទេស​ជិតខាង​ ដូចជា​ប្រទេស​ថៃ​ជា​ដើម។​

ប៉ុន្តែ​គម្រោង​ទំនប់​ដែល​អាច​ផ្តល់​ថាមពល​២៦០​មេហ្គាវ៉ាត់​នេះ​បាន​ទាក់ទាញ​ការ​រិះគន់​និង​ការ​ព្រួយ​បារម្ភ​យ៉ាង​ច្រើន​ ​មិន​ត្រឹម​តែ​ពី​សំណាក់​អ្នក​នេសាទ​ឡាវ ​ដូច​ជា​លោក​ថាយ៉ា​ប៉ុណ្ណោះ​ទេ​គឺ​ទាំង​ពី​សំណាក់​មន្ត្រី​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​សហគមន៍​តាម​ដង​ទន្លេមេគង្គ​ចាប់​តាំង​ពី​ប្រទេស​ថៃ​រហូត​ដល់​ប្រទេស​កម្ពុជា ​និង​វៀតណាម​ថែម​ទៀត​ផង។​

នៅ​ក្នុង​ប្រទេស​ថៃ​នេះ ​ប្រជា​សហគមន៍​ដែល​រស់​នៅ​តាម​ដង​ទន្លេមេគង្គ​លើក​ឡើង​ថា ​ប្រសិន​បើ​ត្រូវ​បាន​សាងសង់​មែន ​ទំនប់​ដនសាហុង​របស់​ប្រទេស​ឡាវ​នឹង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គេ ដែល​ពឹង​អាស្រ័យ​ជា​សំខាន់​ទៅ​លើ​ផល​នេសាទ ​និង​ធនធាន​ធម្មជាតិ​ដទៃ​ទៀត​របស់​ទន្លេ​មេគង្គ។​

លោក​ភួរ៉ាពង់ ពូម៉ុន​គឺ​ជា​នាយក​សមាគម​ Living River Siam​ មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឈៀង ម៉ៃ ប្រទេស​ថៃ ហើយ​ដែល​ធ្វើការ​ជាមួយ​ប្រជា​សហគមន៍​ថៃ។​

«នៅ​ក្នុង​ប្រទេស​ថៃ ​យើង​មាន​ខេត្ត​ចំនួន​៨​ដែល​ជាប់​ទន្លេ​មេគង្គ​ ​ហើយ​ប្រជាជន​នៅ​ទីនេះ​បាននិងកំពុង​រស់នៅ​និង​ពឹង​អាស្រ័យ​លើ​ទន្លេ​នេះ​ជា​ច្រើន​ជំនាន់​មក​ហើយ ​ជាពិសេសទៅ​លើ​ជលផល ​ការ​ដាំ​បន្លែ​បង្ការនៅ​តាម​ច្រាំង​ទន្លេ​ និង​ការ​ដឹក​ជញ្ជូន។ ​ដូច្នេះ​ទំនប់​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​ជាច្រើនទៅ​លើ​មិន​ត្រឹម​តែ​ប្រជាជន​ថៃ​ប៉ុណ្ណោះទេ ​គឺ​ថែម​ទាំង​តំបន់​ទាំងមូល»។​

ប្រសិន​បើ​ត្រូវ​គេ​សាងសង់​ ទំនប់​ដនសាហុង​នឹង​រាំង​ខ្ទប់​ច្រក​ដ៏​សំខាន់​ជាង​គេ​នៃទន្លេ​មេគង្គ​ដែល​អ្នក​ជំនាញ​ឯករាជ្យ​និយាយ​ថា ​ច្រក​នោះ​អាច​អនុញ្ញាត​ឲ្យ​ត្រី​ផ្លាស់​ទី​បាន​គ្រប់​រដូវ ​ពេញ​មួយ​ឆ្នាំ។​

ក្រុម​អ្នក​ជំទាស់​នឹង​ការ​សាង់​សង់​ទំនប់​នេះ​លើក​ឡើង​ថា ទោះបី​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ទំនប់​នេះ​មាន​ចេតនា​កែច្នៃ​ច្រក​ចំនួន​ពីរ​ផ្សេង​ទៀត​គឺ​ច្រក​សាដាម ​និងហ្សាងភឿក​ដើម្បី​ជំនួស​ច្រក​ដនសាហុង​ក៏​ដោយ ​ក៏​ច្រក​ជំនួស​ទាំង​ពីរ​នោះ​មិន​សមស្រប​សម្រាប់​ប្រភេទ​ត្រី​ភាគច្រើន​ហែល​ឆ្លង​កាត់​ឡើយ។​

លោក​តឹក វណ្ណារ៉ា​គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ ​NGO Forum ​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

«ច្រក​សាដាម និង​ហ្សាងភឿក​ហ្នឹង ​វា​ហូរ​ដែរ ប៉ុន្តែ​ច្រក​ទាំង​ហ្នឹង​មាន​ត្រី​ប្រភេទ​តិច​បំផុត​ដែល​អាច​ឆ្លង​កាត់​បាន។ ​អញ្ចឹង​ផល​ប៉ះពាល់​ទៅ​លើ​ប្រជាជន​ជាង​៦០​លាន​នាក់​គឺ​ធនធាន​ត្រី​ អញ្ចឹង​នៅ​ក្រោម​ទំនប់​ហ្នឹង​គឺ​ជា​តំបន់​រ៉ាមសារ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​របស់​ប្រទេស​កម្ពុជា​ ដែល​មាន​អន្លង់ជ្រៅៗ​សម្រាប់​ត្រី​ពង ​កូន​ និង​ហូរ​ទៅ​ទន្លេសាប។ ​ប្រសិន​បើ​មាន​ការ​សាងសង់​ទំនប់​ដនសាហុង ​ចរាចរ​ត្រី​ត្រូវ​ផ្អាក ច្រើន​ប្រភេទ​ណាស់ អញ្ចឹង​ត្រី​ត្រូវ​បាត់បង់»។

នៅ​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​មួយ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​ធ្នូ​នៅ​ក្នុង​ទីក្រុង​ប៉ាក់សេ ​ប្រទេស​ឡាវ ​តំណាង​បណ្តាញ​ទន្លេ​វៀតណាម​គឺ​កញ្ញា​ Duong Thien ​បាន​អំពាវ​ឲ្យ​មាន​ការ​លុប​ចោល​គម្រោង​សាងសង់​ទំនប់​ដនសាហុង​នេះ។​

«យើង​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ឡាវ​លុប​ចោល​ជា​បន្ទាន់​នូវ​គម្រោង​ដនសាហុង​នេះ​ ហើយ​ក៏​សុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ ថៃ និង​កម្ពុជា​ចាត់​វិធាន​ការ​ចាំ​បាច់​នានា​ដើម្បី​រក្សា​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ក្នុង​ការ​ការពារ​ទន្លេ​មេគង្គ​ និង​ប្រជាជន​នៃ​ទន្លេ​មេគង្គ»។​

គណៈ​កម្មការ​ជាតិ​ទន្លេ​មេគង្គ​វៀតណាម​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ពន្យារ​ពេល​គម្រោង​សាង​សង់​ទំនប់​នេះ​ដើម្បី​ធ្វើការ​សិក្សា​បន្ថែម​ទៀត​អំពី​ផល​ប៉ះពាល់​ឆ្លង​ព្រំដែន​ ជាពិសេសទៅ​លើ​ចរាចរ​ត្រី។​

អ្នក​នាង ​Nguyen Hong Phuong ​គឺ​ជា​នាយក​រង​នៃ​គណៈ​កម្មការ​នេះ។​

«យើង​ត្រូវ​ការ​ពេល​តាម​ដាន​ច្រើន​ថែម​ទៀត​គឺ​មិន​មែន១​ឆ្នាំ ឬ​២​ឆ្នាំ​ទេ​ តែ​យើង​ត្រូវ​ការ៥​ឬ​១០​ឆ្នាំ​ដើម្បី​តាម​ដាន​ពី​របៀ​ប​ដែល​ត្រូវ​ផ្លាស់ទី​របស់​ត្រី​ និង​មើល​ថា ​តើ​ច្រក​ជំនួស​ទាំង​ពីរ​នោះ​សមស្រប​ឬ​អត់។ ​យើង​មិន​អាច​សន្និដ្ឋាន​ជាមុន​បាន​ទេថា ​ច្រក​ទាំង​នោះ​សមស្រប​សម្រាប់​ឲ្យ​ត្រី​ធ្វើ​ចរាចរ​នោះ»។​

ដូច​គ្នា​ដែរ ​សមាជិក​គណៈ​កម្មការ​ជាតិ​ទន្លេ​មេគង្គ​ថៃ​គឺ​លោក​ឆៃ​យ៉ុត ស៊ូគស្រ៊ី ​មាន​ប្រសាសន៍​ថា​ គេ​ត្រូវ​ការ​ព័ត៌មាន​ច្រើន​ថែម​ទៀត​ដើម្បី​ឲ្យ​យល់​ច្បាស់​ពី​ទំនាក់​ទំនង​នៃ​ប្រព័ន្ធ​ដ៏​ស្មុគស្មាញ​នៅក្នុង​តំបន់​កោះ​បួនពាន់​ដែល​គម្រោង​ទំនប់​ដនសាហុង​នោះ​ស្ថិត​នៅ។​

«សូម្បី​តែ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ទំនប់​ហ្នឹង​ក៏​លើក​ឡើង​ដែរ​ថា​ តំបន់​នោះ​ស្មុគស្មាញ​មែន​ទែន ​ហើយ​ក៏​ជា​តំបន់​ពិសេស​ ដូច្នេះ​បើ​ផ្អែក​តាម​ទស្សន​ទាន​ខាង​បច្ចេក​ទេស ​នៅពេល​ដែល​អ្នក​ធ្វើ​អ្វី​មួយ​នៅក្នុង​ប្រព័ន្ធ​ដ៏​សាំញ៉ាំ​នោះ​ អ្នក​ប្រាកដ​ជា​ត្រូវ​ការ​ព័ត៌មាន​យ៉ាង​ច្រើន»។​

គណៈ​កម្មការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​ក៏​បាន​សម្តែង​ក្តី​កង្វល់​របស់​ខ្លួន​ជុំវិញ​គម្រោង​ទំនប់​ដនសាហុង​នេះ​ដែរ។ ​លោកគល់ វឌ្ឍនា​គឺ​ជា​អគ្គ​លេខាធិការ​នៃ​គណៈ​កម្មការ​នេះ។​

«យើង​រស់​នៅ​ក្នុង​ស្ថាប័ន​ MRC​ នេះ​ គឺ​រស់​ក្នុង​លក្ខណៈ​ជា​អ្នក​ភូមិ​ផង​របង​ជាមួយ​គឺ​មាន​ការ​គិត​គូរ​គ្នា​ទៅវិញ​ទៅមក ​ក៏​ប៉ុន្តែ​យើង​ត្រូវការ​គម្រោង​ណា​មួយ​ដែល​បង្កើត​មក​ហើយបាន​ផល​ប្រយោជន៍​ ហើយ​វា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​អ្នក​ពាក់​ព័ន្ធ​ផ្សេងៗ​ ​ក៏​ដូចជា​រដ្ឋ​ផ្សេងៗ ​ឬ​ក៏​ផល​ប៉ះពាល់​ហ្នឹង​ ​វា​ត្រូវ​តែ​តូច​ដែល​អាច​ទទួល​យក​បាន»។​

ទោះ​ជាយ៉ាង​នេះ​ក្តី ​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ទំនប់​ដនសាហុង​គឺ​ក្រុមហ៊ុន​ ​Mega First​ របស់​ប្រទេស​ម៉ាឡេស៊ី​ បាន​និយាយ​ថា ប្រជា​ពលរដ្ឋ​មិន​គួរ​បារម្ភ​ចំពោះ​គម្រោង​នេះ​ទេ ដោយសារ​ទំនប់​នេះ​នឹង​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅលើ​បណ្តា​ប្រទេស​ទាំង​នៅ​ខ្សែទឹក​ខាងក្រោម​ ទាំង​ខ្សែ​ទឹក​ខាង​លើ​ឡើយ។​

លោក​ Peter Hawkins​ គឺ​ជា​នាយក​ផ្នែក​បរិស្ថាន​របស់​ក្រុមហ៊ុន​នេះ។​

«ការ​ព្រួយបារម្ភ​ទាំង​នោះ​គឺ​មិន​ពិត​ប្រាកដ​ទេ។ ​មូលហេតុ​គឺ​ដោយសារ​បើ​តាម​មាត្រដ្ឋាន​នៃ​ការ​អភិវឌ្ឍ​វារី​អគ្គិសនី ​គម្រោង​នេះ​តូច​ណាស់​គឺ​តូច​មែន​ទែន បើ​ធៀប​ទៅ​នឹង​ទំនប់​ធំៗដទៃ​ទៀត​នៅ​ខ្សែ​ទឹក​ខាង​លើ​ក្នុង​ប្រទេស​ឡាវ ​និងជា​ពិសេស​នៅ​ក្នុង​ប្រទេស​ចិន​នោះ»។

រដ្ឋាភិបាល​ឡាវ​ក៏​ទំនង​ជា​នឹង​មិន​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ការ​ព្រួយ​បារម្ភ​ទាំង​នោះ​ដែរ។ ​ពួកគេ​និយាយ​ថា ​ប្រទេស​ឡាវនឹង​បន្ត​គម្រោង​សាងសង់​ទំនប់​ដនសាហុងនេះ ​ទោះ​បី​ជា​មាន​ការ​ជំទាស់​ពី​បណ្តា​សមាជិក​ផ្សេង​ទៀត​ដែល​ជា​រដ្ឋ​ភាគី​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ក៏​ដោយ។​

លោក​ដាវវង់​ ផនកែវ ​គឺ​ជា​អគ្គ​នាយក​នៃ​នាយកដ្ឋាន​ផែនការ​និង​គោល​នយោបាយ​ថាមពល​របស់​ប្រទេស​ឡាវ។​

«យើង​ដឹង​ពី​ការ​ព្រួយ​បារម្ភ​ទាំង​នោះ ​ប៉ុន្តែ​យើង​បាន​សិក្សា​គម្រោង​នេះ​តាំង​ពី​ឆ្នាំ​២០០៦​មក​ម៉្លេះ​ ហើយ​យើង​មាន​ទិន្នន័យ​ជា​ច្រើន។ ​យើង​ប្រាកដ​ក្នុង​ចិត្ត​ណាស់​ថា​ វិធាន​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដែល​យើង​នឹង​ធ្វើ​ និង​មាន​ឥទ្ធិពល​តិចតួចបំផុត​ទៅ​លើ​ប្រទេស​នៅ​ខ្សែ​ទឹក​ខាងក្រោម​និង​ខាង​លើ»។

ទោះ​ជា​យ៉ាង​នេះ​ក្តី ​ប្រជា​ពលរដ្ឋ​ ដូចជា​លោក​ថាយ៉ា ដែល​ជា​អ្នក​នេសាទ​ និង​ជា​អ្នក​រត់​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍ ​និយាយ​ថា​ ពួក​គេ​គ្រាន់តែ​ចង់​ឲ្យ​នៅ​មាន​ត្រី​សម្រាប់​ឲ្យ​ពួកគេ​អាច​បន្ត​នេសាទ​បាន ​និង​នៅ​មាន​ផ្សោត​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរណ៍​អាច​មក​ទស្សនា​បាន​តទៅទៀត​ប៉ុណ្ណោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG