មានព័ត៌មានតិចតួចដែលគេដឹងអំពីជនសង្ស័យដែលត្រូវបានតុលាការចោទពីបទសម្លាប់អ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏មានប្រជាប្រិយភាពនៅប្រទេសកម្ពុជាគឺលោក កែម ឡី។
អ្វីដែលបងប្អូន ព្រះសង្ឃ និងមិត្តភក្តិដឹងអំពីជនជាប់ចោទឈ្មោះ អឿត អាង នោះគឺជននេះជាអតីតទាហានខ្មែរក្រហមវ័យ៤៤ឆ្នាំ ធ្លាប់បួសជាសង្ឃ ជាអ្នកលេងល្បែង ជាអ្នកបង្កបញ្ហា ហើយមិនមានលុយចាយគ្រប់គ្រាន់ទេ។
ព័ត៌មានអំពី អឿត អាង ដែលអះអាងថា ខ្លួនឈ្មោះ «ជួប សម្លាប់» បានធ្វើឲ្យមានសំណួរច្រើនជាងចម្លើយ។
សូមរំឭកថា នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែកក្កដាឆ្នាំនេះ លោក កែម ឡី បានដើរចូលទៅក្នុងហាង StarMart នៅស្ថានីយប្រេងឥន្ធនៈកាល់តិចមួយនៅរាជធានីភ្នំពេញ។
ដោយហាក់ដូចជាមិនមានមូលហេតុច្បាស់លាស់ អឿត អាង បានបាញ់លោក កែម ឡី ចំនួនពីរគ្រាប់។ គ្រាប់ចុងក្រោយបង្អស់បាញ់ចំក្បាលរបស់លោក កែម ឡី។ នេះគឺជាគ្រាប់ដែលជននេះប្រាកដក្នុងចិត្តថា លោក កែម ឡី នឹងត្រូវស្លាប់។
ក្រោយពីការបាញ់នោះ អឿត អាង បានសារភាពដោយប្រាប់សមត្ថកិច្ចថា ខ្លួនឈ្មោះ «ជួប សម្លាប់» ដែលជាឈ្មោះក្លែងក្លាយ។
ក្រោយការបាញ់ប្រហារនោះ អ្នកដែលបានឃើញ អឿត អាង បាននិយាយថា អឿត អាង បានជួបលោក កែម ឡី ហើយបាញ់សម្លាប់លោកតែម្តងគឺធ្វើសកម្មភាពដូចឈ្មោះរបស់ខ្លួន«ជួប សម្លាប់»។
មូលហេតុរបស់ អឿត អាង ក្នុងការបាញ់សម្លាប់លោក កែម ឡី នេះគឺពិបាកជឿ និងពិបាកយល់។
បន្ទាប់ពីការបាញ់ប្រហារនោះ អឿត អាង ហាក់ដូចជាមិនសូវខ្វល់នឹងការរត់គេចពីការចាប់ខ្លួនដោយសមត្ថកិច្ចទេ ហើយជននេះបានដើរចេញពីកន្លែងបាញ់ប្រហារដោយធម្មតា ធ្វើហាក់ដូចជាមិនមានអ្វីកើតឡើង។
ដោយមានកាំភ្លើងខ្លីតម្លៃថ្លៃនៅក្នុងដៃ បុរសក្រីក្រ និងជាអតីតទាហានខ្មែរក្រហមរូបនេះបានក្រវីកាណុងកាំភ្លើងទៅរកមនុស្សមួយក្រុមតូចដែលដើរតាមខ្លួន នៅពេលដែលជននេះដើរនៅតាមផ្លូវដ៏មមាញឹកបានប្រហែល៣០នាទី។
អឿត អាង ហាក់ដូចជាមិនមានការភ័យខ្លាចអំពីការចាប់ខ្លួនទេ។
សមនឹងឈ្មោះរបស់គាត់ដែលគាត់បានដាក់ដោយខ្លួនឯងនោះ «ជួប សម្លាប់» គឺទំនងជាមិនខ្វល់នឹងការជាប់ឈ្មោះជាឃាតករ ហើយក៏មិនខ្លាចប៉ូលិសចាប់ខ្លួនដែរ។
ក្រោយមក អឿត អាង បាននិយាយថា ការបាញ់ប្រហារនេះកើតឡើងដោយសារបំណុលរវាងលោកនឹងលោក កែម ឡី។ អឿត អាង និយាយដូច្នេះនៅក្នុងវីដេអូមួយដែលក្រោយមកត្រូវបានគេបង្ហោះនៅតាមប្រព័ន្ធបណ្ដាញសង្គម តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការបាញ់ប្រហារនោះ។
នៅក្នុងវីដេអូនោះ គាត់បានសារភាពថា គាត់បាញ់សម្លាប់លោក កែម ឡី ដោយសារតែលោក កែម ឡី ជំពាក់លុយខ្លួន៣០០០ដុល្លារសហរដ្ឋអាមេរិក ហើយមិនព្រមសង។
សាច់ញាតិ និងមិត្តភក្តិរបស់ អឿត អាង នៅខេត្តសៀមរាបបាននិយាយថា អឿត អាងមិនមានលុយឲ្យនរណាម្នាក់ខ្ចីនោះទេ។
មិនយូរប៉ុន្មានមុនការបាញ់ប្រហារនោះ អឿត អាង បានចាកចេញពីផ្ទះរបស់គាត់នៅខេត្តសៀមរាប ហើយបានធ្វើដំណើរមកទីក្រុងភ្នំពេញដោយប្រាប់ប្រពន្ធគាត់ថា រូបគាត់មកជួបបងប្អូន។
ប្រជាជនកម្ពុជាជាច្រើននាក់ជឿថា លោក កែម ឡី ត្រូវបានគេសម្លាប់ដោយសារលោកបានផ្តល់ការអត្ថាធិប្បាយទៅលើរបាយការណ៍មួយដែលចេញដោយអង្គការ Global Witness។ របាយការណ៍នោះបានបង្ហាញថា កូនរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងក្រុមគ្រួសារមានសម្បត្តិផ្ទាល់ខ្លួនរាប់រយលានដុល្លារ និងមានចំណែកក្នុងជំនួញជាច្រើនទាក់ទងនឹងកម្ពុជា។
នៅក្នុងប្រទេសដែលអ្នករិះគន់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន តែងតែត្រូវរងគ្រាប់កាំភ្លើងនោះ ប្រជាជនជាច្រើនបានសន្និដ្ឋានថា ការបាញ់ប្រហារនោះមានការជាប់ពាក់ព័ន្ធជាមួយរាជរដ្ឋាភិបាល។ ការសន្និដ្ឋាននេះនាំឲ្យមានជំនឿដែលនាំឲ្យមានការអាក់អន់ចិត្តចំពោះរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក្នុងចំណោមយុវជនយុវនារីជំនាន់ក្រោយ។ ពួកគេអាក់អន់ចិត្តចំពោះការដឹកនាំមិនល្អរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
អឿតអាង ឬ «ជួប សម្លាប់» ក្លាយជាទាហាន។
នៅក្នុងឃុំនគរភាស នៅចម្ងាយរាប់រយគីឡូម៉ែត្រពីទីរួមខេត្តសៀមរាប អ្នកដែលស្គាល់ អឿត អាង បាននិយាយថា ពួកគេស្ទើរតែមិនជឿថា អឿត អាង ជាអ្នកបង្កការបាញ់សម្លាប់នេះទេ។
រឿងដែលកាន់តែមិនគួរឲ្យជឿទៅទៀតនោះគឺការអះអាងរបស់ អឿត អាង ដែលថា ខ្លួនមានលុយ៣០០០ដុល្លារឲ្យគេខ្ចី ជាពិសេសគឺលោក កែម ឡី អ្នកវិភាគនយោបាយនៅក្នុងរាជធានីភ្នំពេញ។
សាច់ញាតិ និងមិត្តភក្តិបានប្រាប់ VOA ថា ពួកគេងឿងឆ្ងល់អំពីរឿងដែលថា អឿត អាង និងលោក កែម ឡី ស្គាល់គ្នានោះ។
លោក អ៊ុំ អឿង ជាមិត្តភក្តិជាង៣០ឆ្នាំរបស់ អឿត អាង បាននិយាយថា អឿត អាងបានទូរស័ព្ទមកប្រាប់លោកអំពីដំណឹងដែលថា ខ្លួនមានការងារថ្មីជាទាហាន។
លោក អ៊ុំ អឿង និយាយថា៖ «កន្លះខែពេលបាត់ខ្លួន ខ្ញុំតេអត់ដែលចូលសោះ។ ស្រាប់តែថ្ងៃមួយ មុនព្រឹត្តិការណ៍ប្រាំមួយថ្ងៃ គាត់តេមកខ្ញុំ។ តេមកខ្ញុំថា បង! បងឯងនៅណា? ខ្ញុំថា អញនៅផ្ទះ។ ឯងនៅណា? អញតេរកឯងមិនដែលចូល។ ខ្ញុំអាឡែងរៀន មិនដែលបានបើកទូរស័ព្ទ។ ចុះឯងធ្វើអី? ខ្ញុំធ្វើទាហានហើយបង។ ខ្ញុំឈប់ធ្វើបរិស្ថានហើយ»។
លោកបានបន្ថែមថា៖ «ឯងធ្វើទាហាននៅឯណា? ខ្ញុំធ្វើទាហាននៅភ្នំពេញ។ ចុះបានប្រាក់ខែប៉ុន្មាន? ៣០០[ដុល្លារ]។ អើបើបាន៣០០ ឯងរកការងារឲ្យឯងធ្វើការផងមក។ មានការងារល្អ ក្រែងឯងចាស់ទៅបានលុយអាត្រែតហូបនឹងគេ។ ទូរស័ព្ទក៏ត្រូវដាច់បាត់»។
លោក អ៊ុំ អឿង នៅចាំថា ទូរស័ព្ទនោះដាច់ ពេលនិយាយមិនទាន់ចប់ស្រួលបួល។
ក្រោយមក លោកអ៊ុំ អឿង បានឃើញមិត្តភ័ក្តិរបស់លោកនៅលើកញ្ចក់ទូរទស្សន៍។
លោកបាននិយាយរៀបរាប់ពីមិត្តភក្តិរបស់លោកដែលជាអតីតសង្ឃមួយអង្គដែលមានសណ្តានចិត្តល្អ ហើយផ្តល់ឲ្យអ្នកដទៃនូវអ្វីដែលគាត់មាន នៅពេលដែលពួកគេខ្វះខាត។
«ខ្ញុំស្លុតណាស់ ខ្ញុំអត់ហូបបាយកើតទេ»។
លោកបានបន្ថែមថា៖ «មានលុយមួយម៉ឺន ពីរម៉ឺន ឃើញកូនក្មេង ហុចឲ្យក្មេងៗគ្រប់គ្នា ហើយទិញនំឲ្យចាស់ៗហូប។ ខ្ញុំថា ចរិតមនុស្សនេះល្អណាស់»។
អ្នកស្រី ហឿម ហួត ជួបជាមួយ អឿត អាង កាលពីនៅដើមឆ្នាំនេះ ហើយពួកគេបានរៀបការកាលពីខែឧសភា។
អ្នកស្រី ហឿម ហួត ដែលមានវ័យ៤៥ឆ្នាំគឺជាអ្នកលក់សាច់ជ្រូកនៅក្នុងភូមិ។ អ្នកស្រីបាននិយាយថា អ្នកស្រីមិនសូវដឹងច្រើនអំពីប្រវត្តិរបស់ប្តីអ្នកស្រីដែលទើបតែការបានពីរខែនោះទេ។
អ្នកស្រីគ្រាន់តែដឹងតាមរយៈគ្រួសារថា អឿង អាង ធ្លាប់ធ្វើជាទាហានខ្មែរក្រហម ធ្លាប់ធ្វើការនៅថៃ និងធ្លាប់បួសជាសង្ឃនៅក្នុងខេត្តសៀមរាប ហើយនៅពេលចុងក្រោយបង្អស់ គាត់បានចូលរួមការងារជួយថែរក្សាព្រៃឈើ។
អ្នកស្រី ហឿម ហួត បានប្រាប់ VOA ថា៖ «ខ្ញុំមិនដឹង។ ខ្ញុំជាប្រពន្ធ តែខ្ញុំមិនដឹង»។
អ្នកស្រី ហឿម ហួត នៅចាំបានថា ពីរសប្តាហ៍មុនពេលដែលប្តីរបស់អ្នកស្រីឈ្មោះអឿត អាង ចាកចេញពីខេត្តសៀមរាប ប្តីរបស់អ្នកស្រីប្រាប់អ្នកស្រីថា គាត់ទៅជួបបងប្អូននៅទីក្រុងភ្នំពេញ។
មុនពេល អឿត អាង ចាកចេញពីខេត្តសៀមរាប អ្នកស្រី ហឿម ហួត និង អឿង អាងទាស់ពាក្យសម្តីគ្នាដោយសារតែ អឿត អាង លេងល្បែង។
អ្នកស្រីបាននិយាយថា អឿត អាង បានចាញ់ល្បែង ហើយត្រូវលក់ម៉ូតូថ្មីដើម្បីសងបំណុលគេ។ អ្នកស្រីបានទិញម៉ូតូនេះឲ្យប្តីរបស់អ្នកស្រី។
«គាត់ថា គាត់ទៅលេងភ្នំពេញ ទៅជុំបងប្អូនបងធម៌។ ទៅក៏ទៅ ខ្ញុំក៏មិនដែលបានសួរ បាននាំអីទេ»។
អ្នកស្រី ហឿម ហួត បាននិយាយថា ប្តីរបស់អ្នកស្រីមិនបានប្រាប់អំពីមូលហេតុ និងឈ្មោះអ្នកដែលគាត់ទៅជួបនោះទេ។
រឿងមួយដែលអ្នកស្រី ហឿម ហួត ប្រាកដក្នុងចិត្តនោះគឺថា អឿត អាង អត់មានលុយទេ។
«គាត់ចាយតែលុយខ្ញុំ។ គាត់មានលុយមកពីណា?»
ព្រះតេជគុណ ស៊ឹម សួន ចៅអធិការវត្តធ្នង់ ដែលជាវត្តទីមួយដែល អឿត អាង បានទៅបួសជាសង្ឃ បានមានសង្ឃដីកាប្រាប់ VOA ថា អឿត អាង បានមកជ្រកកោននៅវត្តនេះជាលើកដំបូងនៅក្នុងឆ្នាំ២០១២។ ដោយសារ អឿត អាង មានអាកប្បកិរិយាមិនល្អ ចៅអធិការវត្តព្រះនាម ស៊ឹម សួន បានដេញ អឿត អាង ចេញពីវត្តនេះមួយឆ្នាំក្រោយមក។
ព្រះតេជព្រះគុណ ស៊ឹម សួន បានមានសង្ឃដីកាថា ព្រះអង្គដឹងថា អឿត អាង កាលពីមុនធ្លាប់ធ្វើជាទាហាន ហើយព្រះអង្គក៏បានសួរដើម្បីឲ្យប្រាកដថា អឿត អាង មិនពាក់ព័ន្ធនឹងកងទ័ព ឬមិនពាក់ព័ន្ធរឿងស្នេហា។
អឿត អាង បាននិយាយថា គាត់ឈប់ធ្វើជាទាហានហើយ ហើយបានបែកបាក់នឹងប្រពន្ធដើមរបស់គាត់ដែលនៅពេលបច្ចុប្បន្ននេះកំពុងធ្វើការជាកម្មករនៅក្នុងប្រទេសថៃ។ ប៉ុន្តែសកម្មភាពរបស់ អឿត អាង ក្នុងពេលប៉ុន្មានខែក្រោយមក បានបង្ហាញពីការមិនគោរពតាមអ្វីដែលគាត់បាននិយាយ។
ព្រះតេជព្រះគុណ ស៊ុម សាម៉ន ព្រះសង្ឃថ្នាក់ស្រុក បានមានសង្ឃដីកាថា អឿត អាង បានទៅបួសនៅវត្តចំនួនបី។ ហើយវត្តពើងតានន់ គឺជាវត្តចុងក្រោយគេបង្អស់ ដែលអឿត អាង ស្នាក់នៅ មុនពេលជននេះត្រូវផ្សឹក។
នៅវត្តពើងតានន់ អឿត អាង ត្រូវបានគេចោទប្រកាន់ថា មានលាក់គ្រាប់កាំភ្លើងនៅក្រោមដុំថ្មនៅក្នុងបរិវេណវត្ត និងមានទំនាក់ទំនងជាមួយស្ត្រីម្នាក់។ គណៈកម្មការវត្តបានព្យាយាមផ្សឹក អឿត អាង តែ អឿត អាង បដិសេធ។
ព្រះតេជព្រះគុណ ស៊ុម សាម៉ន មានសង្ឃដីកាថា អឿត អាង បានធ្វើឲ្យអ្នកនៅក្នុងវត្តមានការភ័យខ្លាច។
«លោកតែងនិយាយដែរនិយាយថា ប្រជាជនភូមិនេះ បើអាត្មាភាពនៅជាឧបាសកនឹងយកកាំភ្លើងមកបាញ់សម្លាប់ចោលទាំងអស់ គ្មានទុកមួយទេ។ ហើយលោកនេន បើសិនជាចចេសមិនតាមលោក លោកថា មើល! ករុណាយកកាំភ្លើងករុណាមក ករុណាបាញ់ចោល»។
អឿង អាង កាចពេលស្រវឹង។
លោក ឯក អៀម ត្រូវជាពូរបស់ អឿត អាង និងជាមេភូមិទន្លេសរ បាននិយាយថា អឿត អាង កាចនៅពេលស្រវឹង។ លោក ឯក អៀម បន្ថែមថា ក្មួយរបស់លោកបានទៅធ្វើការនៅប្រទេសថៃជាមួយប្រពន្ធដើម ហើយបន្ទាប់ពីមានការលែងលះគ្នា។ អឿត អាង ក៏បានសម្រេចចិត្តបួសជាសង្ឃ។
«មនុស្សនោះ បើតាមសណ្តានចិត្តទៅ វាមិនសូវល្អប៉ុន្មានដែរ។ ពេលផឹកស៊ីទៅ ក៏មានសម្តីមិនសូវល្អអញ្ចេះ»។
លោក ឯក អៀម បានបន្ថែមថា៖ «គេមកម្តងៗ គេដែលអាក្រក់អ្ហេ? គេធ្វើតែល្អ! ប៉ុន្តែគេទៅផុត មិនដឹងថា យ៉ាងណាទេ»។
ម្តាយរបស់ អឿត អាង គឺលោកស្រី ឯក តាប់ អាយុ៦៤ឆ្នាំ បាននិយាយថា កូនរបស់គាត់មិនប្រព្រឹត្តអំពើឃាតកម្មនោះដោយចិត្តឯងទេ។
«ខ្ញុំថា មានអ្នកនៅពីក្រោយហើយ!»
លោកស្រី ឯក តាប់ បានអំពាវនាវឲ្យរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលជួយកូនប្រុសរបស់គាត់៕