ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ដង្ហែ​សព​លោក​ កែម ឡី​ ឆ្លុះ​បញ្ចាំង​ពី​ទឹកចិត្ត​យុត្តិធម៌​ និង​ស្នេហា​ជាតិ


ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូល​រួម​ជូន​ដំណើរ​លោក​កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ ២០១៦​នេះ។​សពអ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លោក កែម ឡី​ ត្រូវ​​យក​ទៅ​បូជា​នៅ​ឯស្រុក​កំណើត​របស់​លោក​នៅ​ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ។ លោក​ កែម​ ឡី​ត្រូវ​ឃាតករ​បាញ់​សម្លាប់​នៅ​ថ្ងៃទី១០​ ខែ​កក្កដា​កន្លងទៅ​នេះ។ ​(ឡេង ឡែន/VOA)
ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូល​រួម​ជូន​ដំណើរ​លោក​កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ ២០១៦​នេះ។​សពអ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លោក កែម ឡី​ ត្រូវ​​យក​ទៅ​បូជា​នៅ​ឯស្រុក​កំណើត​របស់​លោក​នៅ​ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ។ លោក​ កែម​ ឡី​ត្រូវ​ឃាតករ​បាញ់​សម្លាប់​នៅ​ថ្ងៃទី១០​ ខែ​កក្កដា​កន្លងទៅ​នេះ។ ​(ឡេង ឡែន/VOA)

ជាងពីរ​សប្តាហ៍​ទៅ​ហើយ​ ​សាធារណជន​ស្ទើតែ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ការ​សោកស្តាយ​ មិន​អស់​ចិត្ត​ និង​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ចំពោះ​ឃាតកម្ម​សម្លាប់​លោក កែម ឡី​ ហើយ​ទទូច​ឲ្យ​អាជ្ញាធរ​រក​យុត្តិធម៌ ​ដោយ​ស្វែងរក​ឲ្យ​ឃើញ​​ឃាតករ​ពិត។

ក្រោយ​ពី​ព្រឹត្តិ​ការណ៍​ដង្ហែ​សព​លោក​បណ្ឌិត​ កែម ឡី ​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ ​និង​ឋានៈ ស្ងើច​អំពី​វីរភាព​របស់​លោក ​ហើយ​កាន់តែ​ជឿជាក់​ថា ​មរណភាព​លោក​ កែម ឡី​ ពិតជា​ស័ក្តិសម​នឹង​មាន​ភាព​រន្ទឺ​ដល់​អន្តរជាតិ ​ដោយសារ​តែ​មាន​ការ​ផ្សព្វផ្សាយ​ខ្លាំង​ ពិសេស​តាមរយៈ​វិទ្យុប្រព័ន្ធ​អ៊ិនធឺណេត​ ព្រមទាំង​បណ្តាញ​សង្គម​ផង​ដែរ។​

កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​ប្រជាជនខ្មែរ​ជាច្រើន​សែន​នាក់​បាន​ចូលរួម​ដង្ហែសព​របស់​លោក​បណ្ឌិត ​កែម ឡី ​ដែលជា​អ្នក​វិភាគ​ព្រឹត្តិ​ការណ៍​សង្គម។​ លោក​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កណ្តាល​ទីក្រុង​ភ្នំពេញ​ កាល​ពីថ្ងៃទី​១០ ​ខែ​កក្កដា​កន្លង​ទៅ​នេះ។​

ជាងពីរ​សប្តាហ៍​ទៅ​ហើយ​ ​សាធារណជន​ស្ទើតែ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ការ​សោកស្តាយ​ មិន​អស់​ចិត្ត​ និង​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ចំពោះ​ឃាតកម្ម​សម្លាប់​លោក កែម ឡី​ ហើយ​ទទូច​ឲ្យ​អាជ្ញាធរ​រក​យុត្តិធម៌ ​ដោយ​ស្វែងរក​ឲ្យ​ឃើញឃាតករ​ពិត។

លោក​ កែម ឡី ​ដែល​ជា​អ្នក​វិភាគ​នយោបាយ ​ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​តាមរយៈ​បទវិភាគ​ទៅ​តាម​ចំណេះដឹង​ និង​គំនិត​ជ្រៅជ្រះ​របស់​លោក​ក្នុង​ការ​វែកញែក​ពី​ចំណោទ​បញ្ហា​ក្នុង​សង្គម​ រួមទាំង​សកម្មភាព​ទាំងឡាយ​របស់​លោក​ក្នុង​ការ​ចូលរួម​រក​ដំណោះ​ស្រាយ​បញ្ហា​ទាំង​នោះ។​

គ្រួសារ​នៃ​សព​អម​ដំណើរ​ដោយ​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូលរួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​នេះ។​
គ្រួសារ​នៃ​សព​អម​ដំណើរ​ដោយ​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូលរួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​នេះ។​

ប្រជាពល​រដ្ឋ​កម្ពុជា​ ​ដែល​ VOA​ ​បាន​ជួប​សម្ភាស​នា​ថ្ងៃច័ន្ទ​នេះ​ បានបង្ហាញ​ពី​ទឹក​ចិត្ត​អាណិត​ ការ​ស្រឡាញ់​ និង​សេចក្តី​គោរព​ចំពោះ​បណ្ឌិត​ កែម ឡី ​បើ​ទោះ​ជា​មាន​មហា​ជន​មួយ​ចំនួន​ពុំ​ដែល​ជួប ​ឬ​ស្គាល់ ​ឬធ្វើ​ការ​ជាមួយ​លោក ​កែម ឡី​ដោយ​ផ្ទាល់​ក៏​ដោយ។​

លោក​ គង់ ផល ​វ័យ​៣៥​ឆ្នាំ ​ជា​អាជីវករ​ក្បែរ​ផ្សារ​សាមគ្គី ​បាន​ឲ្យ​ដឹង​ថា ​គាត់​នៅ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​លោក ​កែម ឡី។​

«គាត់ ​[លោក​កែម ឡី] ​ជា​មនុស្សដ៏​អស្ចារ្យ ​ព្រោះ​ម្សិលមិញ​នេះ​មាន​មនុស្ស​ចូលរួម​ច្រើន​ ស្រុក​ខ្មែរ​យើង​ដូចមាន​តែ​ សម្តេច​ឪ ​យើង​មួយ ​ហើយ​គាត់​មួយ​ហ្នឹង។​ ​ក្រៅពី​ហ្នឹង​មាន​មក​ពី​ណា?​ ខ្ញុំ​សោកស្តាយ​គាត់​ខ្លាំង​ ព្រោះអី​គាត់​ហ្នឹង​ជា​មនុស្ស​ល្អ។​ បើមាន​មនុស្ស​ដូចគាត់​ច្រើន​មិន​ដឹង​សង្គម​រីក​ចម្រើន​ម៉េច​ទេ»។

លោក​នៅតែ​សង្ឃឹម​ថា​ នៅ​កម្ពុជា​នៅតែ​មាន​អ្នកចេះ​ច្រើន​ដែល​នឹង​អាច​ចូលរួម​អភិវឌ្ឍ​សង្គម​ ប្រសិន​បើ​សង្គម​ផ្តល់​សិទ្ធិ​សេរីភាព​ដល់​ពួក​គាត់។​

«ស្រុក​ខ្មែរ​យើង​អ្នក​ចេះ​មិន​អត់​ទេ​ សម្បូរ​ណាស់! ​គ្រាន់តែ​គេ​មិន​ចង់​ចេញ​មុខ។​ ​បើ​សង្គម​ឲ្យ​សិទ្ធិ​សេរីភាព​ដល់​គេ​និយាយ​ពេញ​គឺ​មាន​ ព្រោះ​ថា​ សង្គម​អភិវឌ្ឍ​ខ្លាំង​ត្រូវ​ឲ្យ​អ្នក​ចេះដូច​គាត់​ហ្នឹងហ៊ាន​និយាយ ​ហ៊ាន​ចេញ​មុខ។​ ប៉ុន្តែ​បើ​គេ​ហ៊ាន​ចេញ​មុខ​វា​ក៏វា​ពិបាក​ តែ​ឲ្យ​គាត់​ហ៊ាន​ដើម្បី​ប្រជាជាតិ​យើង»។

កញ្ញា​ មុំ មុនី ​ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ឲ្យ​ដឹង​ថា ​ទោះ​ជា​កញ្ញា​មិន​សូវ​បាន​តាម​ដាន​ព័ត៌មាន​សង្គម ​ឬ​ស្តាប់​បទ​វិភាគ​របស់លោក កែម​ ឡី​ ជា​រឿយៗ​ក៏​ដោយ ​ក៏​កញ្ញា​ស្គាល់​អំពី​គាត់​ដោយ​ប្រយោល​ដែរ។​

«តាម​ពិត​ទៅ​ខ្ញុំ​មិន​សូវ​ស្គាល់​គាត់​ទេ។​ ខ្ញុំ​ស្គាល់​គាត់​ដំបូង​កាល​ពី​ឆ្នាំ​២០១២។​ ទាល់តែ​ចាប់​ផ្តើម​មហា​វិទ្យា​ល័យ ​[ទើប]​ខ្ញុំ​ស្គាល់​គាត់​ ដោយសារ​គ្រូ​ចូល​ចិត្ត​និយាយ​ពី​គាត់។ ​តែ​មិន​ស្គាល់​ច្បាស់​ហើយ​ក៏​មិន​ចាប់​អារម្មណ៍​ថា ​គាត់​ជា​អ្នក​ណា​ ដឹង​តែថា​ គាត់​ជា​អ្នក​វិភាគ​ ហើយ​វិភាគ​រឿងន​យោបាយ»។

ទោះជា​មិន​បាន​ទៅ​ដង្ហែ​ក្បួន​ជូន​ដំណើរ​លោក​ កែម ឡី​ ក៏ដោយ​ ​ក៏​កញ្ញា​បាន​អើត​មើល​តាម​ដាន​តាម​បង្អួច​ពី​កន្លែង​ធ្វើការ ​ពេល​ធ្វើការ​ថែម​ម៉ោង។ ​កញ្ញា​ មុនី​បន្ថែម​ថា៖​

«បើ​គិត​ទៅគាត់​ដូចជា​វីរជន​មួយ​រូប​ដែរ។​ ប្រសិន​បើ​ប្រៀប​ធៀប​គាត់​នឹង​វីរជន​ក្រឡា​ហោម​គង់​ពី​សម័យ​មុន ​គឺ​គាត់​មាន​ភាព​ក្លាហាន​ដូច​គ្នា។​ ទី១​ គឺ​គាត់​លះបង់​ជីវិត​គាត់​ដោយ​មិន​រអា។​ ទី២​ គាត់​ដឹង​ថា​ គេ​ចង់​សម្លាប់​គាត់​ តែ​គាត់​និយាយ​ពី​អ្វី​ដែល​គាត់​បាន​ដឹង​ បាន​ឮ​ បាន​ឃើញ​ និយាយ​ចេញ​អស់។​ ពិតជា​សោក​ស្តាយមែនទែន​ពី​ការ​បាត់បង់​វីរជន​ម្នាក់​នៅ​ស្រុក​ខ្មែរ»។​

លោកស្រី​ អុំ ពៅ ​អាយុ​៥០​ឆ្នាំ ​ជាស្ត្រីមេផ្ទះ​មួយ​រូប​ដែល​បាន​ចូលរួម​ដង្ហែ​ក្បួន​ជូន​ដំណើរ​សព​លោក ​កែម ឡី​ ដែរ​នោះ​ បាន​ឲ្យ​ដឹង​ថា ​លោក​ស្រី​ចាត់​ទុក​លោក​ កែម ឡី ដូច​វីរបុរស។​

«តាម​ខ្ញុំ​មើល​ទិដ្ឋភាព​ហ្នឹង​ទៅ​ដូច​គាត់​ជា​វីរៈបុរស​មួយអញ្ចឹង​ណា៎។​ ប្រជាជន​យើង​អាណិត​គាត់ ​ស្រឡាញ់គាត់ ​គោរព​គាត់​ អញ្ចឹង​បាន​ចេះតែ​នាំគ្នា​ទៅ​ហែ​សព​គាត់​ហ្នឹង​ណា៎។​ ខ្ញុំ​មាន​ទស្សនៈ​ដូច​អ្នក​ទៅ​អញ្ចឹង​ដែរ ​គាត់​ពិត​ជា​វីរបុរស​មែន។​ ក្រោយ​គាត់ស្លាប់​ អ៊ុំ​ជឿ​ អញ្ចឹង​ទៅ​ មាន​ចិត្ត​អាណិត។​ ​អ៊ុំទៅ ​[ចូលរួម​ដង្ហែ]»។​

ស្រ្តី​មេ​ផ្ទះ​ម្នាក់​ទៀត​ អាយុ​៣២​ឆ្នាំ​គឺ​អ្នកស្រី​ ចាន់ សុម៉ាលី ​ដែល​ជា​អតីត​និស្សិត​បញ្ចប់​បរិញ្ញា​ប័ត្រ​គ្រប់​គ្រង​គម្រោង។ ​អ្នកស្រី​ចងចាំ​អំពី​ការ​វិភាគ​របស់​លោក​ កែម ឡី​ ជាលើក​ចុង​ក្រោយ។​

«ចំពោះ​ការ​ចងចាំ​របស់​ខ្ញុំ​ គឺ​ការ​ដែល​គាត់​វិភាគ​លើក​ចុង​ក្រោយ​លើ​របាយ​ការណ៍ ​Global Witness ​និង​រឿង​ព្រំដែន​១០០​រាត្រី ​គឺ​គម្រោង​ផែនការ​របស់​គាត់​នៅ​ថ្ងៃ​អនាគត​ដែល​គាត់​ធ្វើ​បាន​១៥​រាត្រី​មក​ហើយ​ហ្នឹង»។​

ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូល​រួម​ជូន​ដំណើរ​លោក​កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ ២០១៦​នេះ។
ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូល​រួម​ជូន​ដំណើរ​លោក​កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ ២០១៦​នេះ។

មេរៀន​ក្រោយ​ការ​ស្លាប់​របស់​លោក​ កែម ឡី​ ចំពោះ​អ្នកស្រី​គឺ​ការ​អប់រំ។ ​អ្នកស្រី​យល់​ថា ​ប្រជាជន​ខ្មែរ​ទាំង​ឡាយ​គួរ​យល់​ដឹង​អំពី​បញ្ហា​សង្គម​ឲ្យ​ទូលំ​ទូលាយ។​

«ជាស្ត្រី​មេផ្ទះ​ យើង​ក៏​ត្រូវ​ឲ្យ​ដឹង​ទូលំទូលាយ​ពី​បញ្ហា​សង្គម​ ព្រោះ​យើង​មាន​តួនាទី​អប់រំ​កូន​ចៅ​របស់​យើងឲ្យ​ចេះ​ថ្លឹង​ថ្លែង​ ហើយ​គួរ​យើង​ជា​អ្នក​អនុវត្ត​ការងារ​អភិវឌ្ឍ​សង្គម​ទៅ​ថ្ងៃ​អនាគត»។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​មក​ដល់​បច្ចុប្បន្ន​ ឃាតករ​ពិត​ដែល​សម្លាប់​លោក ​កែម ឡី​មិន​ទាន់​ត្រូវ​បាន​គេ​វែក​មុខ​ជា​សាធារណៈ​នៅ​ឡើយ​ទេ។ ​យ៉ាងណា​ក៏ដោយ​ មក​ទល់​ពេល​នេះ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​បាន​ជន​សង្ស័យ​មួយ​រូប​ដែល​សារភាពថា​ ខ្លួន​ឈ្មោះ​ ជួប សម្លាប់។ VOA​ បាន​រាយ​ការណ៍​កន្លង​មក​ថា បុរស​ម្នាក់​នោះ​ត្រូវ​បាន​គេ​សម្គាល់​ថា ​ឈ្មោះ​ អឿត អាង៕

XS
SM
MD
LG