ការបាត់បង់ជំនឿរបស់ពលរដ្ឋមកលើរដ្ឋាភិបាល តែងតែបង្ហាញឱ្យឃើញច្បាស់នៅរាល់ពេលដែលមានព្រឹត្តិការណ៍ធំៗកើតមានឡើង ដូចជាការធ្វើឃាតមនុស្សសំខាន់ៗក្នុងសង្គម។ នេះបើតាមការសង្កេតរបស់អ្នកវិភាគម្នាក់។
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ យល់ថា កត្តានេះបណ្តាលមកពីអំពើអយុត្តិធម៌ដែលពលរដ្ឋជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃដែលរួមមានការបង់ពន្ធ ការធ្វើចរាចរណ៍ ការលក់ដូរទំនិញនិងអំពើពុករលួយជាដើម បានជំរុញឱ្យមានការបាត់បង់ជំនឿបន្តិចម្តងៗលើការដឹកនាំរបស់រដ្ឋាភិបាលហើយ នៅពេលដែលមានករណីធំៗដូចជាឃាតកម្មលើមនុស្សសំខាន់ៗ ដូចជាលោក ជា វិជ្ជា លោក ឈុត វុទ្ធី និងលោក កែម ឡី កាន់តែធ្វើឱ្យពលរដ្ឋមិនមានជំនឿលើការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះឡើយ។
លោក ឱក សេរីសោភក្តិ៍ បន្ថែមថា រដ្ឋាភិបាលត្រូវយល់ទឹកចិត្តប្រជាពលរដ្ឋ ហើយការធ្វើទង្វើដែលបង្កការក្តៅក្រហាយ គឺកាន់តែធ្វើឱ្យទំនុកចិត្តកាន់តែធ្លាក់ចុះ។ ដូចជាករណីធ្វើឃាតលោក កែម ឡី អ្នកវិភាគសង្គមដ៏មានប្រជាប្រិយ៍ភាពកាលពីថ្ងៃទី១០ ខែកក្កដា លោក ឱក សេរីសោភក្តិ៍ យល់ស្របតាមការទាមទាររបស់មហាជនដែលគាំទ្រឱ្យមានការហៅអន្តរជាតិចូលរួមក្នុងការស៊ើបអង្កេត ព្រោះវានឹងធ្វើឱ្យការរកយុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះបានសុក្រិត និងពលរដ្ឋស្ងប់ចិត្ត។ ការណ៍នេះក៏អាចបង្កើនជំនឿលើរដ្ឋាភិបាល ហើយជៀសវាងការធ្វើអាជីវកម្មនយោបាយណាមួយផងដែរ៕