ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ចូលរួម​បុណ្យ​សព​លោក​កែម ឡី​ មាន​សុទិដ្ឋិនិយម​ថា​ កូន​ខ្មែរ​នឹង​យក​គម្រូ​តាម​លោក​ កែម ឡី


 ប្រជាពលរដ្ឋរាប់ម៉ឺននាក់ចូលរួមជូនដំណើរលោកកែម ឡី នៅថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ ២០១៦នេះ។
ប្រជាពលរដ្ឋរាប់ម៉ឺននាក់ចូលរួមជូនដំណើរលោកកែម ឡី នៅថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ ២០១៦នេះ។

ការ​បញ្ចុះសព​របស់​លោក​ កែម ឡី​ វ័យ​៤៦​ឆ្នាំ​ កើត​មាន​ឡើង​ នៅក្រោយ​ពិធី​ហែ​ក្បូន​សព​របស់​លោក​ពី​វត្តចាស់​ ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វា​ រាជធានី​ភ្នំពេញ​ មក​កាន់​ខេត្ត​តាកែវ​កាលពី​ថ្ងៃ​អាទិត្យ​ ដោយ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់​បាន​ចូលរួម​ហែ​ហម​អម​ដំណើរ។

បន្ទាប់​ពីក្រុម​គ្រួសារ​សាច់​ញាតិ​បាន​តម្កល់​សព​លោក ​កែម ឡី​ អស់​រយៈពេលជាង​ពីរ​សប្តាហ៍​ សព​របស់​អ្នក​វិភាគ​ដ៏ល្បីល្បាញ​រូប​នេះ​ត្រូវ​បាន​បញ្ចុះ​ជាមួយ​នឹង​ក្តី​សោក​សង្រេង​ និង​អាឡោះ​អាល័យ​ទៅ​ក្នុង​ដី​ស្ថិត​ក្នុង​បរិវេណ​នៃ​គេហដ្ឋាន​របស់​លោក​នៅ​ក្នុង​ឃុំ​លាយបូ​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ ​កាលពី​ព្រឹកថ្ងៃ​ច័ន្ទ ​ទី២៥​ ខែ​កក្កដា​ ឆ្នាំ​២០១៦។​ ទីកន្លែង​នេះ​គឺ​ជា​ស្រុក​កំណើត​របស់​លោក ​កែម ឡី​ ដែល​បាន​បាត់​បង់​ជីវិត ​ដោយ​ការ​បាញ់​ប្រហារ​នៅ​កណ្តាល​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ​នាថ្ងៃ​ទី​១០ ​ខែ​កក្កដា​កន្លង​ទៅ។​

ការ​បញ្ចុះសព​របស់​លោក​ កែម ឡី​ វ័យ​៤៦​ឆ្នាំ​ កើត​មាន​ឡើង​ នៅក្រោយ​ពិធី​ហែ​ក្បូន​សព​របស់​លោក​ពី​វត្តចាស់​ ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វា​ រាជធានី​ភ្នំពេញ​ មក​កាន់​ខេត្ត​តាកែវ​កាលពី​ថ្ងៃ​អាទិត្យ​ ដោយ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់​បាន​ចូលរួម​ហែ​ហម​អម​ដំណើរ។

ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ចូលរួម​ពិធី​បុណ្យសព​ និង​បញ្ចុះ​សព​របស់​លោក​ កែម ឡី​បាន​សម្តែង​ក្តី​អាឡោះ​អាល័យ​ និង​សោកស្តាយ​ជា​ពន់​ពេក​ចំពោះ​ការ​ស្លាប់​របស់​លោក។​ ​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​សម្រក់​ទឹកភ្នែក​ និង​ខ្លះ​ទៀត​បាន​សម្តែងក្តី​ខឹង​សម្បារ​ នៅ​ក្នុង​ពេល​ដែល​គេ​ត្រៀម​លើក​សព​លោក​ទៅ​បញ្ចុះ។​

ព្រះសង្ឃ​សូត្រមន្ត​នៅពេល​ដែល​មឈូស​របស់​លោក កែម ឡី ត្រូវបាន​គេ​លើក​យក​ទៅ​ដាក់​នៅលើ​ផ្នូរ​នៅព្រឹក​ថ្ងៃច័ន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦។ (ផន បុប្ផា/VOA)
ព្រះសង្ឃ​សូត្រមន្ត​នៅពេល​ដែល​មឈូស​របស់​លោក កែម ឡី ត្រូវបាន​គេ​លើក​យក​ទៅ​ដាក់​នៅលើ​ផ្នូរ​នៅព្រឹក​ថ្ងៃច័ន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦។ (ផន បុប្ផា/VOA)

ប៉ុន្តែ​អ្វី​ដែល​អ្នក​ចូលរួម​ពិធី​បុណ្យសព​លោក​ កែម ឡី​ រំពឹង​ថា​ នឹង​ធ្វើទៅ​ថ្ងៃ​ខាង​មុខ​នោះ​ គឺ​ការ​បន្ត​អនុវត្ត​នូវ​អ្វីដែល​លោក​ កែម​ ឡី​ បាន​ធ្វើនៅ​ គ្រា​លោក​មាន​ជីវិត​ និង​ការ​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​បន្ត​តាមដាន​ និង​ជួយ​ដោះស្រាយ​ទំនាស់​រវាងខ្មែរ​ និង​ខ្មែរ​ក្នុង​ការ​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក​ ខណៈ​ដែល​ការ​ស្វែងរក​យុត្តិធម៌​ជូន​លោក​ កែម ឡី​ ហាក់​ដូចជា​ពុំ​មាន​ពន្លឺ​នោះ។​

ពួក​គេ​បាន​ប្រៀប​ធៀប​ករណី​ឃាតកម្មលោក​ កែម​ ឡី​ និង​ករណី​ឃាតកម្ម​កន្លង​មក​ ដែល​បាន​កើត​ឡើង​ចំពោះ​លោក​ ជា វិជ្ជា​ មេដឹកនាំ​សហជីព​ និង​អ្នក​ការពារ​សម្បត្តិ​ធម្មជាតិ​គឺ​លោក​ ឈុត វុទ្ធី។

ក្រោយ​ពីការ​បញ្ចុះ​សព​លោក​ កែម​ ឡី លោក​ សាម អ៊ីន​ អតីត​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ធ្លាប់​ចូលរួម​ធ្វើ​ការងារ​សង្គម​ជាមួយ​លោក​ កែម ឡី ​ហើយ​បច្ចុប្បន្ន​ជា​អគ្គ​លេខា​ធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ប្រាប់​ VOA​ ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​គួរ​បន្ត​ជួយ​កែប្រែ​សង្គម​ទៅ​តាម​អ្វី​ ដែល​លោក​កែម ឡី​ បាន​វិភាគ​ឃើញ​កាល​គ្រា​លោក​នៅ​មាន​ដង្ហើម​ ជាជាង​ការ​រង់ចាំ​យុត្តិធម៌​ ដែល​ពិបាក​នឹង​ទទួល​បាន​នោះ។​

«យើង​ក៏​មាន​សង្ឃឹម​តិចតួច​ដែរ ​ចំពោះ​យុត្តិធម៌​ការ​សម្លាប់​លោក​បណ្ឌិត​ កែម ឡី​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ អ្វី​ដែល​សំខាន់​ជាង​ការ​ស្វែងរក​យុត្តិធម៌​នេះ​គឺ​ការ​បន្ត​បេសក​កម្ម​ ការ​បន្ត​ស្មារតី​ ការ​បន្ត​វីរភាព​របស់​បណ្ឌិត​ កែម ឡី​ ទៅថ្ងៃ​មុខ​បាទ»។​

អ្នកស្រី​ ចៀន ហេង​ វ័យ​៣៥ឆ្នាំ​ ​ជាពល​រដ្ឋ​ខ្មែរ​មក​ពីស្រុក​កោះធំ​ ខេត្ត​កណ្តាល​ បាន​និយាយ​ថា ការ​ស្លាប់​របស់​លោក​ កែម ឡី​ បាន​បង្ហាញ​ថា​ ប្រជាជាតិ​ខ្មែរ​ពុំទាន់​មាន​ការ​ចេះ​ទទួល​យក​គំនិត​រិះគន់ ​ដើម្បី​ស្ថាបនា​សង្គម​របស់​ខ្លួន​ទេ តែ​បែរ​ជា​ជ្រើស​រើស​យក​ការ​ផ្តាច់​ជីវិត​ដើម្បី​បញ្ចប់​បញ្ហា។​ អ្នកស្រី​និយាយ​ថា​ បរទេស​ត្រូវ​ផ្តោត​ការ​តាមដាន​មក​លើ​សង្គម​ខ្មែរ​ឲ្យ​បាន​ដិត​ដល់​ ព្រោះ​ខ្មែរ​នៅ​មិន​ទាន់​អាច​ដោះ​ស្រាយ​បញ្ហា​រវាង​គ្នា​និងគ្នា​បាន​នៅ​ឡើយ​ទេ។

សម្រាប់​ការ​រក​យុត្តិធម៌​ដល់​លោក ​កែម ឡី​ អ្នកស្រី​និយាយ​ថា៖​

«ដូច​មិន​សង្ឃឹម​ទេ​ពូ​ បើ​រាល់​ដង​តែ​អ្នក​ល្អៗ​ ស្លាប់​អស់​មិន​ដែល​រក​ឃាតករ​ឃើញ​ទេ»។​

នៅ​មុន​ពេល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ​ ​លោក​ កែម ឡី​ គឺ​ជា​អ្នក​ធ្វើការ​អត្ថាធិប្បាយ​វែក​ញែក​រឿង​សង្គម​ និង​នយោបាយ​ដែល​បាន​មក​ពី​ការ​ស្រាវជ្រាវ​របស់​លោក​ និង​ការ​ចូលរួម​បម្រើ​ការងារ​ទាំង​ក្នុង​កិច្ច​ការងារ​រដ្ឋ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។​ លោក​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ចំៗ​ ចំពោះ​រឿង​រសើប​មួយ​ចំនួន​របស់​រដ្ឋាភិបាល​ ទាក់​ទង​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ និង​ការ​ដឹកនាំ​ប្រទេស​ដែល​មិន​ទាន់​ស្របទៅ​តាម​គន្លង​ប្រជា​ធិបតេយ្យ​ពេញ​លេញ។

ប្រជាពលរដ្ឋ​មក​ចោមរោម​សព​លោក​ កែម ឡី​ នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈកាល់តិច ​នៅ​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​លោក​ត្រូវ​ក្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅថ្ងៃ​អាទិត្យ​ ទី​១០ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)
ប្រជាពលរដ្ឋ​មក​ចោមរោម​សព​លោក​ កែម ឡី​ នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈកាល់តិច ​នៅ​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​លោក​ត្រូវ​ក្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅថ្ងៃ​អាទិត្យ​ ទី​១០ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)

លោក​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ពីរ​គ្រាប់​ស្លាប់ភ្លាមៗ​ នៅ​ឯកន្លែង​លក់​ទំនិញ​មួយ​ស្ថិត​ក្នុង​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់តិច​ ក្បែរ​ភ្លើង​ស្តុប​បូកគោ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ គឺ​នៅគ្រា​ដែល​លោក​ទៅ​ទទួល​កាហ្វេ​នៅ​ទីនោះ។​

ខ្មាន់​កំាភ្លើង​ដែល​មហា​ជន​ទូទៅ​នៅ​សង្ស័យ​ថា​ មិនមែន​ជា​ឃាតករ​ពិត​ប្រាកដ​នោះ ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាមៗ​ ក្រោយ​ការ​បាញ់​ប្រហារ​លោក​ កែម ឡី។​ ខ្មាន់​កាំភ្លើង​បាន​សារ​ភាព​ប្រាប់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថា​ ខ្លួន​ឈ្មោះ​ ជួប សម្លាប់​ ដែល​ពុំមាន​នរណា​ជឿ​បាន​នោះ​ទេ​ រួមទាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច។​

ការ​បាញ់​ប្រហារ​លោក​ កែម ឡី​ នេះ​បាន​កើត​ឡើង​ ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុណ្ណោះ​ក្រោយ​ការ​អធិប្បាយ​របស់​លោក​ទៅ​លើ​របាយ​ការណ៍​របស់​អង្គការ​ Global Witness ​ដែល​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ការ​កសាង​ទ្រព្យ​សម្បតិ្ត​ដ៏​មហាសាល​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​បាន​ស្ថិត​ក្នុង​អំណាច​ជាង​បី​ទសវត្សរ៍​មក​ហើយ​នោះ។​

លោក​ សុខ ទូច ​ជា​សាកលវិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ ដែល​បាន​ចូលរួម​ពិធី​បញ្ចុះ​សព​លោក​ កែម ឡី។​ បន្ទាប់​ពី​សព​លោក ​កែម ឡី​ ត្រូវ​បាន​គេ​បញ្ចុះ​រួចរាល់​នោះ​ ​លោក​ សុខ ទូច​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ស្វែង​រក​ឲ្យ​ឃើញ​នូវ​មូលហេតុ​ពិតប្រាកដ​នៃ​ការ​បាញ់​ស្លាប់​លោក​ កែម ឡី។​

លោក​ថ្លែង​ថា​ ប្រសិន​បើ​រាជ​រដ្ឋាភិបាល​ខកខាន​មិន​បាន​រក​ឃើញ​ការណ៍​ពិត​នៃ​ការ​បាញ់​ប្រហារ​នេះ​ទេ​ ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​ក្លាយ​ជា​តុលាការ​កាត់​សេចក្តី​លើ​រាជ​រដ្ឋាភិបាល​តាម​ការបោះ​ឆ្នោត​នាឆ្នាំ​២០១៨។​

លោក​អះអាង​ថា​ មាន​មនុស្ស​ប្រមាណ​២លាន​នាក់​បាន​ចូលរួម​កាន់​ទុក្ខ​ និង​ហែហម​សព​លោក​ កែម ឡី​ និង​សម្តែង​ក្តី​សោកស្តាយ​ចំពោះ​ការ​ស្លាប់​អ្នក​វិភាគ​រូបនេះ​ ហេតុដូច្នេះ​ រាជ​រដ្ឋាភិបាល​ត្រូវតែ​ធ្វើ​យ៉ាងណា​ បកស្រាយ​ឲ្យ​បាន​ច្បាស់​ចំពោះ​ការ​ស្លាប់​នេះ​ ប្រាប់​មហាជន​ខ្មែរ​ដែល​ចាប់​មាន​ការ​យល់​ដឹង​ច្រើន​ជាង​ពេលណាៗ​ទាំង​អស់នោះ។​ លោក​បន្ថែម​ថា​ ​យុវជន​ខ្មែរ​ក៏​ត្រូវ​មាន​ការ​គិត​គូរ​ពិចារណា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ​ ​ជា​ជាង​ធ្វើការ​សម្រេច​ចិត្ត​ទៅ​តាម​តែ​អារម្មណ៍​របស់​ខ្លួន។​

«យុវជន​ត្រូវ​រៀន​កុំ​ប្រើ​អារម្មណ៍​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ជាតិ​យើង។​ លោក​ទៅហើយ​ នៅ​យើង​ដែល​ជា​អ្នក​បន្ត​បេសកកម្ម​នេះ​ ដើម្បី​បុព្វហេតុ​ជាតិ​របស់​យើង​ ដើម្បី​សង្គម​របស់​យើង»។​

អ្នកស្រី ប៊ូ រចនា ភរិយា​សព​លោក​ កែម ឡី​ ​កាន់​ឱប​រូបថត​ស្វាមី​អ្នកស្រី​ ខណៈ​ពេល​អម​ដំណើរ​ដោយ​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូល​រួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​នេះ។
អ្នកស្រី ប៊ូ រចនា ភរិយា​សព​លោក​ កែម ឡី​ ​កាន់​ឱប​រូបថត​ស្វាមី​អ្នកស្រី​ ខណៈ​ពេល​អម​ដំណើរ​ដោយ​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូល​រួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​នេះ។

ថ្វី​ដ្បិត​តែ​អ្នក​ចូលរួម​បាន​ផ្តល់​នូវ​ការ​យល់​ឃើញ​ខុសៗ​គ្នា​ពី​ការ​ស្លាប់​របស់​លោក​កែម ឡី​ក្តី ក៏​អ្នក​ស្រី​ ប៊ូ រចនា ​ភរិយា​របស់​លោក ​កែម ឡី​ ពុំ​បាន​និយាយ​អ្វី​ច្រើន​ចំពោះ​ការ​ស្លាប់​ស្វាមី​អ្នក​ស្រី​នោះ​ទេ។ អ្នកស្រី​បាន​ប្រាប់​ VOA ​ថា​ អ្នកស្រី​មាន​ភាព​ធូរ​ស្បើយ​ក្នុង​ចិត្ត​ បន្ទាប់​ពី​សព​ស្វាមី​អ្នកស្រី​ត្រូវ​បាន​បញ្ចុះ​រួច​រាល់​ តាម​ការ​គ្រោង​ទុក​នៅ​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់។​ អ្នក​ស្រី​និយាយ​ថា​ ស្វាមី​របស់​អ្នក​ស្រី​បាន​ទៅ​កាន់​ទីមួយ​ដែល​មាន​ភាព​ស្ងប់។​

«ខ្ញុំ​មាន​អារម្មណ៍​ថា​ ពេល​យើង​ដាក់​គាត់​រួចរាល់​ហើយអញ្ចឹង​ យើងអារម្មណ៍​យើង​បានស្ងប់​ ព្រោះ​ពេល​គាត់​នៅ​អញ្ចឹង អារម្មណ៍​យើង​ចេះតែ​គិត​ឃើញ​អញ្ចឹង​ទៅ។ ​និយាយរួម​ទៅ​ យើង​ពិបាក​ចិត្ត​អញ្ចឹង​ទៅ​ណ៎ា។​ ដល់​ពេល​យើង​ឲ្យ​គាត់​ទៅ​បាន​សុខ​ ធ្វើ​ឲ្យ​គាត់​តាម​ប្រពៃណី​អញ្ចឹង​ទៅ។​ យើង​បាន​សុខ​ក្នុង​ចិត្ត​ ព្រោះ​គាត់​បាន​ទៅ​ឋាន​សុខ​ហើយ»។​

នៅ​ក្នុង​ការ​ធ្វើ​ពិធី​បញ្ចុះ​សព​របស់​លោក ​កែម ឡី​ កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ក៏​មាន​ការ​ចូលរួម​ពី​ក្រុម​ការងារ​របស់​លោក ​កែម ឡី​ ដែល​បាន​រួមគ្នា​បង្កើត​បណ្តាញ​មួយ​ឈ្មោះ​ថា​ «ខ្មែរ​ដើម្បី​ខ្មែរ» ដែល​ក្រោយ​មក​បាន​វិវត្ត​ខ្លួន​ទៅជា​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន។​ លោក​ កែម ឡី​ បាន​ដកខ្លួន​មិន​ចូលរួម​ជាមួយ​ចលនា​នយោបាយ​ថ្មីថ្មោង​នេះ​ទេ។

រូបថត​របស់​លោក ​កែម ឡី ត្រូវបានគេ​លើក​យក​ទៅ​ដាក់​នៅ​មុខ​ផ្នូរ មុនពេល​បញ្ចុះ​សព​នៅព្រឹក​ថ្ងៃច័ន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦។​ (ផន បុប្ផា/VOA)
រូបថត​របស់​លោក ​កែម ឡី ត្រូវបានគេ​លើក​យក​ទៅ​ដាក់​នៅ​មុខ​ផ្នូរ មុនពេល​បញ្ចុះ​សព​នៅព្រឹក​ថ្ងៃច័ន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦។​ (ផន បុប្ផា/VOA)

ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​បាន​ចូលរួម​តាំងពី​ការ​ហែក្បួន​សព​រហូត​ដល់​ការ​បញ្ចុះ​សព​លោក​ កែម ឡី​ បាន​ថ្លែង​ថា​ អស់ពី​លោក ​កែម ឡី ​ទៅ​ ក៏នឹង​មាន​លោក ​កែម ឡី​ ជា​ច្រើន​នាក់​ផ្សេង​ទៀត​ ដែល​នឹង​មក​និយាយ​ប្រាប់​ពលរដ្ឋ​ខ្មែរ​អំពី​ចំណុច​ខ្សោយ​របស់​រាជ​រដ្ឋាភិបាល​នៅ​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស។​ ពួក​គេ​ថា​ ទោះជា​លោក​ កែម ឡី​ បាន​ស្លាប់​ទៅ​ហើយ​ក្តី​ តែ​វីរភាព​របស់​លោក​ ក្នុង​ការ​និយាយ​រិះគន់​រាជ​រដ្ឋាភិបាល​ និង​អ្នក​នយោបាយ​នៅ​តែ​ស្ថិត​ក្នុង​ការ​ចងចាំ​របស់​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ជា​និច្ច។​

ពាក្យពេចន៍​មួយ​ប្រយោគដែល​អ្នកវិភាគ​សង្គម​រូប​នេះ​បាន​បន្សល់​ទុក​ ហើយ​ដែល​ត្រូវ​បាន​អ្នក​គោរព​ គាំទ្រ​ និង​ស្រឡាញ់រូប​លោក​ព្យាយាម​ចងចាំ​ទុក​នោះ​ គឺ​«ជូត​ទឹក​ភ្នែក​របស់​អ្នក​ រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត»៕

XS
SM
MD
LG