នាយករដ្ឋមន្រ្តី Dmitry Medvedev នៃប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃច័ន្ទនេះថា វៀតណាមបានខិតចូលកាន់តែជិតទៅនឹងការព្រមព្រៀងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ីដែលដឹកនាំដោយរុស្ស៊ី។
លោក បានទស្សន៍ទាយថា ពាណិជ្ជកម្មប្រចាំឆ្នាំរបស់រុស្ស៊ីជាមួយវៀតណាម អាចកើនឡើង៤ដងទៅដល់១០ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំទៀត។ភាគីទាំង២ ក៏បានព្រមព្រៀងគ្នាក្នុងការពង្រីកការរុករកប្រេង និងឧស្ម័ននៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះផងដែរ។
លោក Medvedev កំពុងបំពេញទស្សនៈកិច្ចជាផ្លូវការរយៈពេល២ថ្ងៃទៅកាន់ប្រទេសវៀតណាមដែលដឹកនាំដោយគណបក្សកុម្មុយនិស្ត ហើយបានធ្វើការចរចាជាមួយនាយករដ្ឋមន្រ្តី Nguyen Tan Dung ។
ដោយមានការព្រួយកង្វល់ពីការកើនឡើងនូវឥទ្ធិពលរបស់ចិន រដ្ឋាភិបាលវៀតណាម បានស្វះស្វែងពង្រឹងចំណងទាក់ទងពាណិជ្ជកម្ម និងយោធាជាមួយមហាអំណាចពិភពលោក រួមមានសហរដ្ឋអាមេរិកដែលជាអតីតសត្រូវ និងប្រទេសជប៉ុន។ វៀតណាមនិងប្រទេសផ្សេងៗទៀតនៅតំបន់អាស៊ីអាគ្នេយ៍ មានការច្របូកច្របល់នឹងនៅក្នុងជម្លោះជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងជុំវិញការទាមទារកាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាលនោះនៅសមុទ្រចិនខាងត្បូង។
លោក Medvedev បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាមនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុបឬ (EEU)ជាសហគមន៍សេដ្ឋកិច្ចដែលរួមមានប្រទេសបេឡារុស និងកាហ្សាក់ស្ថាន នឹងជួយលើកកម្ពស់ចំណងទាក់ទងសេដ្ឋកិច្ច៕