នាយករដ្ឋមន្រ្តីរុស្ស៊ីនិយាយថា គោលបំណងយោធារបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរី គឺដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន ហើយផ្តួលក្រុមរដ្ឋឥស្លាម និងមិនមែនរក្សាអំណាចរបស់ប្រធានាធិបតី Bashar Al-Assad ទេ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ Rossiya TV កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្រ្តី Dmitry Medvedev បាននិយាយថា វាអាស្រ័យលើប្រជាពលរដ្ឋស៊ីរីធ្វើការសម្រេចលើមេដឹកនាំរបស់ខ្លួន មិនមែនសម្រេចពីក្រុមរដ្ឋឥស្លាមទេ។
លោក Medvedev ក៏បានរិះគន់សហរដ្ឋអាមេរិកនៅក្នុងកិច្ចសម្ភាសន៍មួយទៀតនៅស្ថានីយ៍ទូរទស្សន៍រដ្ឋរុស្ស៊ីចំពោះការបដិសេធពុំធ្វើការចរចាជាមួយរុស្ស៊ី និងស៊ីរី។
លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ាបានធ្វើអត្ថាធិប្បាយកាលពីមុនស្តីយុទ្ធនាការរបស់រុស្ស៊ីក្នុងប្រទេសស៊ីរីថា យុទ្ធនាការនេះមិនមានដំណើរការ ពីព្រោះរុស្ស៊ីកំពុងព្យាយាមគាំទ្ររបបមួយ ដែលនៅក្នុងកែវភ្នែករបស់ពលរដ្ឋស៊ីរីភាគច្រើន ជារបបខុសច្បាប់៕