ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ពិនិត្យ​ផ្នែក​វេជ្ជសាស្ត្រ​ថា ការ​ស្លាប់​របស់​លោក Brooks ជា​អំពើ​មនុស្ស​ឃាត


បាតុករ​ម្នាក់​ស្រែក​នៅ​ក្នុង​ការ​តវ៉ា​កាលពី​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នៅ​ក្បែរ​ភោជនីយដ្ឋាន Atlanta Wendy's ទី​កន្លែង​ដែល​លោក Rayshard Brooks ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់។

ក្រុម​អ្នក​តវ៉ា​គ្រោង​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​អាគារ​សភា​របស់​រដ្ឋ Georgia ដើម្បី​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ និង​វិធានការ​ដោះស្រាយ​បញ្ហា​បោះ​ឆ្នោត។

ការ​តវ៉ា​នេះ​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​មុន​ពេល​ដែល​មន្ត្រី​ប៉ូលិស​ទីក្រុង Atlanta ម្នាក់ បាន​បាញ់​លោក Rayshard Brooks បណ្ដាល​ឲ្យ​ស្លាប់​នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន​មួយ​កន្លែង កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

ការ​ស្លាប់​នេះ​គឺ​ជា​ហេតុការណ៍​ថ្មី​ចុងក្រោយ​បង្អស់​នៃ​ការ​ស្លាប់​របស់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​មួយ​ចំនួន​ទៀត ដែល​បាន​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​នៅ​ទូទាំង​ប្រទេស​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ទង្វើ​មិន​ត្រឹមត្រូវ​របស់​ប៉ូលិស និង​បញ្ហា​រើសអើង​ជាតិ​សាសន៍​ជា​ប្រព័ន្ធ។

អ្នក​ពិនិត្យ​ផ្នែក​វេជ្ជសាស្ត្រ​ម្នាក់​នៅ​សង្កាត់ Fulton រដ្ឋ Georgia បាន​សម្រេច​បញ្ជាក់​ថា ការ​ស្លាប់​របស់​លោក Brooks គឺ​ជា​អំពើ​មនុស្ស​ឃាត។

ទាក់ទិន​នឹង​ហេតុការណ៍​នេះ លោក Brooks បាន​សហការ​ជាមួយ​ប៉ូលិស​ក្នុង​ពេល​ប៉ូលិស​ធ្វើ​តេស្ត​ជាតិ​ស្រវឹង ប៉ុន្តែ​ក្រោយ​មក បាន​ជម្នះ​មិន​ឲ្យ​ប៉ូលិស​ចាប់​ខ្លួន និង​បាន​រត់​គេច។ ការ​ធ្វើ​កោសល្យវិច័យ​របស់​អ្នក​ពិនិត្យ​ផ្នែក​វេជ្ជសាស្ត្រ​បាន​រក​ឃើញ​ថា លោក Brooks ត្រូវ​គ្រាប់​កាំភ្លើង​ចំនួន​ពីរ​គ្រាប់​នៅ​ចំ​ខ្នង និង​បាន​ស្លាប់​ដោយសារ​ការ​ខូចខាត​សរីរាង្គ និង​បាត់បង់​ឈាម៕

XS
SM
MD
LG