បន្ទាប់ពីមានការបោះឆ្នោតចំនួន ១៥ ជុំក្នុងរយៈពេល ៥ ថ្ងៃនិងមានការយល់ព្រមទៅតាមការទាមទាររបស់សមាជិកគណបក្សសាធារណរដ្ឋដែលប្រកាន់ទស្សនៈស្ដាំនិយមមក សមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ California លោក Kevin McCarthy នៅទីបំផុតត្រូវបានគេបោះឆ្នោតជ្រើសរើសឱ្យធ្វើជាប្រធានរដ្ឋសភាថ្មីរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ទី ៧ ខែមករាកន្លងទៅនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចេញសេចក្ដីថ្លែងការណ៍មួយអបអរសាទរលោក McCarthy ដោយនិយាយថា៖ «ខ្ញុំបានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការជាមួយនឹងសមាជិកគណបក្សសាធារណរដ្ឋនៅពេលណាដែលខ្ញុំអាច ហើយពលរដ្ឋជាម្ចាស់ឆ្នោតបានបង្ហាញយ៉ាងច្បាស់ថា ពួកគេរំពឹងថាសមាជិកគណបក្សសាធារណរដ្ឋនឹងត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការជាមួយនឹងខ្ញុំផងដែរ»។
កាលពីល្ងាចថ្ងៃសុក្រទី ៦ ខែមករា បន្ទាប់ពីការបោះឆ្នោតលើកទី ១៤ គេឃើញមានការបោះឆ្នោតឱ្យពន្យារពេលរដ្ឋសភារហូតដល់ថ្ងៃចន្ទទី ៩ ខែមករា ប៉ុន្តែការបោះឆ្នោតនោះក៏បានបរាជ័យផងដែរបន្ទាប់ពីសមាជិកគណបក្សសាធារណរដ្ឋបានផ្លាស់ប្ដូរយុទ្ធវិធីរបស់ពួកគេនិងបានសម្រេចនៅក្នុងការបោះឆ្នោតលើកទី ១៥ កាលពីថ្ងៃទី ៧ ខែមករាដើម្បីជ្រើសរើសប្រធានរដ្ឋសភាថ្មី។
នៅមុនការបោះឆ្នោតជ្រើសរើសលោក McCarthy នៅជុំទី ១៥ នេះ សមាជិកគណបក្សសាធារណរដ្ឋដែលប្រកាន់ទស្សនៈស្ដាំនិយមមួយក្រុមដែលមានគ្នាចំនួន ២០ នាក់បានបោះឆ្នោតទម្លាក់លោកនៅក្នុងការបោះឆ្នោតកន្លងមក ដោយសារតែពួកគេជឿថាលោកមិនមានលក្ខណៈអភិរក្សនិយមគ្រប់គ្រាន់។
នៅក្នុងការប្រឈមមុខដាក់គ្នាមិនធម្មតាមួយ លោក McCarthy បានផ្ដោះប្ដូរពាក្យសម្ដីជាមួយសមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ Florida លោក Matt Gaetz នៅក្នុងសាលប្រជុំរដ្ឋសភាបន្ទាប់ពីការបោះឆ្នោតលើកទី ១៤ បានបញ្ចប់ទៅ ដោយសារតែលោក Gaetz បានបោះឆ្នោត «អនុបវាទ» ជាជាងបោះឆ្នោតជ្រើសរើសលោក McCarthy ឱ្យធ្វើជាប្រធានរដ្ឋសភា។
គណបក្សសាធារណរដ្ឋមិនធ្លាប់បានបង្ហាញសញ្ញាណាមួយពីមុនមកទេថាលោក McCarthy នឹងលះបង់ការប្រកួតដើម្បីធ្វើជាប្រធានរដ្ឋសភាថ្មីនេះ។ នៅក្រោមលក្ខខណ្ឌដែលចែងក្នុងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ការកាន់តំណែងរបស់លោក McCarthy ជាប្រធានរដ្ឋសភានឹងធ្វើឱ្យលោកក្លាយជាបុគ្គលទីពីរដែលអាចស្នងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកបាន។
លោក McCarthy វ័យ ៥៧ ឆ្នាំ បានព្យាយាមអស់រយៈពេលជាច្រើនឆ្នាំមកហើយដើម្បីធ្វើយ៉ាងណាឱ្យបានកាន់តំណែងជាប្រធានរដ្ឋសភា។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ លោកបានជួបម្ដងហើយម្ដងទៀតជាមួយនឹងក្រុមជំទាស់នឹងលោកក្នុងជួរគណបក្សសាធារណរដ្ឋរបស់លោកដើម្បីទទួលបានការគាំទ្រពីពួកគេ។
លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភាដែលជាគណបក្សមានសំឡេងភាគច្រើន បានព្រមាននៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ការងារក្នុងក្ដីស្រមៃរបស់លោក McCarthy អាចនឹងក្លាយជាសុបិនអាក្រក់សម្រាប់ប្រជាពលរដ្ឋអាមេរិកាំង»។
លោក Schumer បានថ្លែងទៀតថា ដើម្បីអាចទទួលបានសំឡេងឆ្នោតដែលត្រូវការ «លោក McCarthyសុខចិត្តធ្វើតាមការទាមទាររបស់ក្រុមមួយខាងគណបក្សសាធារណរដ្ឋ»។
លោក Schumer និយាយដូច្នេះថា៖ «ការយល់ព្រមរបស់លោក Kevin McCarthy តាមការទាមទាររបស់ក្រុមជ្រុលនិយមនៅក្នុងជួរគណបក្សរបស់លោកទំនងជានឹងធ្វើឱ្យកាន់តែអាចទៅរួចដែលថា រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋដែលគាំទ្រទស្សនៈ «ធ្វើឱ្យអាមេរិកអស្ចារ្យម្ដងទៀត» នឹងធ្វើឱ្យមានការបិទរដ្ឋាភិបាល ឬក៏បង្កឱ្យមានគុណវិបត្តិដែលមានផលប៉ះពាល់ដ៏មហន្តរាយដល់ប្រទេសជាតិរបស់យើង»។
ទស្សនៈ «ធ្វើឱ្យអាមេរិកអស្ចារ្យម្ដងទៀត» នេះ គឺជាឃ្លាមួយដែលជាប់ទាក់ទិននឹងលោកអតីតប្រធានាធិបតី Donald Trump។ កន្លងមក លោក Trump បានប្រកាសអំពីគោលបំណងរបស់លោកក្នុងការឈរឈ្មោះជាប្រធានាធិបតីម្ដងទៀតនៅឆ្នាំ ២០២៤ ខាងមុខ។
គណបក្សសាធារណរដ្ឋមានសមាជិករដ្ឋសភាលើសគណបក្សប្រជាធិបតេយ្យតែបន្ដិចបន្ដួចប៉ុណ្ណោះ គឺចំនួន ២២២ នាក់ទល់ ២១២ នាក់នៅក្នុងរដ្ឋសភានីតិកាលទី ១១៨ នេះដោយមានអាសនៈមួយនៅទំនេរ។
សមាជិកគណបក្សសាធារណរដ្ឋដែលគាំទ្រការបោះឆ្នោតជ្រើសរើសលោក McCarthy បាននិយាយថា ពួកគេចង់កាត់បន្ថយអំណាចរបស់ការិយាល័យប្រធានរដ្ឋសភា និងផ្ដល់អំណាចដល់សមាជិករដ្ឋសភាច្រើនជាងមុនក្នុងការបង្កើតនិងអនុម័តច្បាប់។
លោក McCarthy បានសុខចិត្តធ្វើតាមការទាមទារមួយចំនួនរបស់សមាជិកគណបក្សសាធារណរដ្ឋដែលប្រកាន់ទស្សនៈស្ដាំនិយម ដែលក្នុងនោះរួមមានដូចជាការអនុញ្ញាតឱ្យសមាជិករដ្ឋសភាតែម្នាក់អាចស្នើសុំឱ្យមានការបោះឆ្នោតទម្លាក់លោក McCarthy ពីតំណែងជាប្រធានរដ្ឋសភាបាន ប្រសិនបើពួកគេមិនយល់ព្រមទៅតាមគោលនយោបាយរបស់លោក ឬរបៀបដែលលោកដឹកនាំរដ្ឋសភា។
លោក McCarthyក៏បានសន្យាជាមួយនឹងសមាជិកគណបក្សសាធារណរដ្ឋដែលប្រកាន់ទស្សនៈស្ដាំនិយមទាំងនោះផងដែរនូវការងារសំខាន់ៗរបស់គណៈកម្មាធិការរដ្ឋសភា និងការបោះឆ្នោតពេញអង្គរបស់រដ្ឋសភាទៅលើច្បាប់អាទិភាពមួយចំនួនរបស់ពួកគេ ដូចជាការកំណត់អាណត្តិរបស់សមាជិករដ្ឋសភា និងការគ្រប់គ្រងព្រំដែនខ្លាំងជាងមុនដើម្បីកាត់បន្ថយជនអន្ដោប្រវេសន៍ខុសច្បាប់មិនឱ្យចូលមកកាន់សហរដ្ឋអាមេរិកតាមច្រកព្រំដែនប៉ែកនិរតីជាមួយនឹងប្រទេសម៉ិកស៊ិកជាដើម។
ការជ្រើសរើសលោក McCarthy ឱ្យធ្វើជាប្រធានរដ្ឋសភានៅក្នុងការបោះឆ្នោតជុំទី ១៥ នេះគឺជាលើកដំបូងបង្អស់ក្នុងរយៈពេល ១០០ ឆ្នាំចុងក្រោយនេះដែលគ្មានសមាជិកគណបក្សណាមួយទាំងគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យឈ្នះបានតំណែងជាប្រធានរដ្ឋសភានៅក្នុងការបោះឆ្នោតជុំទីមួយ។
ការបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភាគឺជារឿងដំបូងបង្អស់ដែលរដ្ឋសភាត្រូវធ្វើនៅពេលដែលនីតិកាលថ្មីរបស់ខ្លួនចាប់ផ្ដើម។ ប្រសិនបើគ្មានប្រធានរដ្ឋសភា នោះសមាជិករដ្ឋសភាទាំងអ្នកជាប់ឆ្នោតថ្មីនិងអ្នកជាប់ឆ្នោតជាថ្មីនៅក្នុងការបោះឆ្នោតរដ្ឋសភានៅទូទាំងប្រទេសកាលពីខែវិច្ឆិកាកន្លងទៅនេះ មិនអាចស្បថចូលកាន់តំណែងបានទេ។
បន្ទាប់ពីទទួលបានសន្លឹកឆ្នោតគាំទ្រគ្រប់គ្រាន់សម្រាប់តំណែងជាប្រធានរដ្ឋសភា លោក McCarthy បានធ្វើជាអធិបតីនៅក្នុងពិធីស្បថចូលកាន់តំណែងរបស់សមាជិករដ្ឋសភាទាំង ៤៣៤ រូប។
លោក McCarthy ចូលកាន់តំណែងជាប្រធានរដ្ឋសភានេះបន្ដពីអ្នកស្រី Nancy Pelosiខាងគណបក្សប្រជាធិបតេយ្យ ដែលអ្នកស្រីនៅតែធ្វើជាសមាជិករដ្ឋសភានៅពេលបច្ចុប្បន្ននេះ។
នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភាថ្មីនេះ អ្នកស្រី Pelosi បានបោះឆ្នោតគាំទ្រសមាជិករដ្ឋសភាលោក Hakeem Jeffries ដែលជាមេដឹកនាំថ្មីរបស់គណបក្សប្រជាធិបតេយ្យនៅរដ្ឋសភា ដែលជាគណបក្សមានសំឡេងភាគតិច។ សមាជិកគណបក្សប្រជាធិបតេយ្យទាំងអស់បានបោះឆ្នោតឱ្យលោក Jeffries ធ្វើជាប្រធានរដ្ឋសភា ប៉ុន្តែលោកគ្មានឱកាសទទួលបានជ័យជម្នះនោះទេ ដោយសារតែគ្មានសមាជិកគណបក្សសាធារណរដ្ឋណាម្នាក់បោះឆ្នោតឱ្យលោកដើម្បីឱ្យលោកអាចទទួលបានសំឡេងឆ្នោតគាំទ្រភាគច្រើនចំនួន ២១៨ ដែលត្រូវការនោះ។
គណបក្សប្រជាធិបតេយ្យដែលមានអាសនៈ ៥០ ទល់នឹងអាសនៈ ៥០ របស់គណបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភាក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានទទួលសំឡេងឆ្នោតគាំទ្រច្រើនជាងមុននៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីកាលពីខែវិច្ឆិកាកន្លងទៅនេះ ដោយធ្វើឱ្យពួកគេទទួលបានអាសនៈភាគច្រើនចំនួន ៥១ ទល់នឹង ៤៩ ដែលអាសនៈទាំង ៥១ នេះគឺរាប់បញ្ចូលទាំងអាសនៈរបស់សមាជិកព្រឹទ្ធសភាឯករាជ្យ ៣ នាក់ដែលធ្វើការជាមួយនឹងគណបក្សប្រជាធិបតេយ្យផងដែរ។
សមាជិកព្រឹទ្ធសភាថ្មីបានស្បថចូលកាន់តំណែងកាលពីថ្ងៃអង្គារ ទី ៣ ខែមករាកន្លងទៅនេះ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា