ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​រដ្ឋសភា​រដ្ឋ California​ ចាញ់ឆ្នោត​លើកទី​ ១១ ​សម្រាប់​តំណែង​ប្រធាន​រដ្ឋសភា​អាមេរិក


កៅអីរបស់ប្រធានរដ្ឋសភាអាមេរិកនៅទទេ ខណៈសមាជិករដ្ឋសភាជួបប្រជុំគ្នាដើម្បីបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភាថ្មី នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣។
កៅអីរបស់ប្រធានរដ្ឋសភាអាមេរិកនៅទទេ ខណៈសមាជិករដ្ឋសភាជួបប្រជុំគ្នាដើម្បីបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភាថ្មី នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣។

ក្រុម​សមាជិក​រដ្ឋសភា​ស្តាំ​និយម​ចំនួន​ ២០ ​នាក់ ​បាន​រារាំង​ម្តង​ទៀត​កាលពី​ថ្ងៃព្រហស្បតិ៍​នូវ​សមាជិក​រដ្ឋសភា​រដ្ឋ California​ លោក Kevin McCarthy ​មិន​ឲ្យ​ក្លាយ​ជា​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក ​ក្នុង​ការតវ៉ា​ដែល​កំពុង​បន្ត ​ដែល​ថា​លោក​មិនមាន​ជំហរ​រឹងមាំ​គ្រប់គ្រាន់​ចំពោះ​គោល​នយោបាយ​អភិរក្ស​និយម​ទេ។

ថ្ងៃទី​ ៣ ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​នៃ​រដ្ឋសភា​ដែល​មាន​សមាជិក​ ៤៣៥​ នាក់​ គឺ​ដូចគ្នា​នឹង​ពីរ​ថ្ងៃ​ដំបូង​ដែរ​ ដែល​លោក​ McCarthy ​សមាជិក​រដ្ឋសភា​រយៈពេល​ ១៦​ ឆ្នាំ​ និង​ជា​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​បច្ចុប្បន្ន​នៅ​រដ្ឋសភា​ មិន​អាច​រក​បាន​សំឡេង​គាំទ្រ​ភាគច្រើន​ចំនួន​ ២១៨ សំឡេង​ ដើម្បី​ឲ្យ​លោក​ឈ្នះ​តំណែង​នោះ​ឡើយ។

សមាជិក​រដ្ឋសភា​ជាប់ឆ្នោត​នៃ​គណបក្ស​សាធារណរដ្ឋ​សរុប​ចំនួន​ ២០១ ​នាក់​ បាន​គាំទ្រ​លោក​ក្នុង​ការបោះឆ្នោត​ជុំទី​ ៧ ​និង​ទី ៨​ ដែល​ជា​ចំនួន​សរុប​ដូចគ្នា​ដែល​លោក​មាន​នៅលើ​សន្លឹកឆ្នោត​ប្រាំមួយ​ដង​មុន​កាលពី​ថ្ងៃអង្គារ ​និង​ថ្ងៃពុធ​ បើទោះបីជា​លោក​បាន​ផ្តល់​សម្បទាន​ថ្មី​លើ​ច្បាប់​គ្រប់គ្រង​ប្រតិបត្តិការ​រដ្ឋសភា​ដល់​ក្រុម​អ្នកប្រឆាំង​ នៅក្នុង​ការប៉ុនប៉ង​ឥត​ប្រយោជន៍​ដើម្បី​យក​ឈ្នះ​ការគាំទ្រ​របស់​ពួកគេ។ នៅក្នុង​ការបោះឆ្នោត​ជុំទី​ ៩ ​ទី ១០ ​និង​ទី ១១ ​លោក McCarthy ​ទទួល​បាន​ ២០០​ សំឡេង ​ដោយសារតែ​សមាជិក​រដ្ឋសភា​គណបក្ស​សាធារណរដ្ឋ​ លោក​ Ken Buck​ អវត្តមាន​ដោយ​មាន​ការណាត់​ជួបពេទ្យ។

បន្ទាប់ពី​ជុំទី ១១ ​រដ្ឋសភា​បាន​បោះឆ្នោត​ពន្យារ​ពេល​រហូត​ដល់​ថ្ងៃត្រង់​ថ្ងៃសុក្រ។​

លោក​ McCarthy ​មិនបាន​បង្ហាញ​ចេតនា​ថា​ លោក​នឹង​ដក​បេក្ខភាព​ចេញពី​ការប្រកួត​ដើម្បី​ដឹកនាំ​រដ្ឋសភា​នោះ​ទេ។

គណបក្ស​សាធារណរដ្ឋ​មាន​អាសនៈ​សរុប​ចំនួន​ ២២២ ​ទល់នឹង​អាសនៈ​ចំនួន​ ២១២​ មកពី​គណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​សម័យ​ប្រជុំ​ថ្មី​នៃ​រដ្ឋសភា​នីតិកាល​ទី​ ១១៨ ​នេះ។

លោក​ McCarthy ​បាន​យល់ព្រម​តាម​ការទាមទារ​ជាច្រើន​របស់​សមាជិក​រដ្ឋសភា​ស្តាំ​និយម​ រួមទាំង​ការអនុញ្ញាត​ឱ្យ​សមាជិក​តែ​ម្នាក់​អំពាវនាវ​ឱ្យ​មាន​ការបោះឆ្នោត​ផ្ទៃក្នុង​រដ្ឋ​សភា​ដើម្បី​ដកតំណែង​ប្រធាន​រដ្ឋសភា ​ប្រសិនបើ​ពួកគេ​មិន​យល់ព្រម​លើ​គោលនយោបាយ​នីតិបញ្ញត្តិ​របស់​លោក​ ឬ​វិធី​ដែល​លោក​ដឹកនាំ​រដ្ឋសភា។

លោក​ក៏​បាន​សន្យា​នឹង​ពួកគេ​ផងដែរ​នូវ​ការចាត់តាំង​ឲ្យ​កាន់តំណែង​របស់​គណៈកម្មាធិការ​សំខាន់ៗ​ និង​ការ​បោះឆ្នោត​នៅ​សភា​ពេញអង្គ​លើ​អាទិភាព​ច្បាប់​មួយ​ចំនួន​របស់​ពួកគេ​ ដូចជា​ការដាក់​កម្រិត​អាណត្តិ​លើ​សមាជិក​រដ្ឋសភា ​និង​ការគ្រប់គ្រង​ព្រំដែន​ខ្លាំង​ជាង​មុន​ ដើម្បី​ទប់ស្កាត់​ជន​ចំណាកស្រុក​ដែល​គ្មាន​ឯកសារ​មិន​ឲ្យ​ចូល​សហរដ្ឋ​អាមេរិក​ឆ្លងកាត់​ព្រំដែន​ភាគ​និរតី​ជាមួយ​ម៉ិកស៊ិក៕

XS
SM
MD
LG