ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក McCain នៅ​តែ​ឈរ​ដើម្បី​ប្រយុទ្ធ​ទោះ​ណា​ជា​លោក​កំពុង​មាន​ជំងឺ​ក៏​ដោយ


លោក John McCain ដែល​ជា​សមាជិក​ព្រឹទ្ធសភា​នៅ​ក្នុង​រដ្ឋ Arizona ស្តាប់​ការ​ណែនាំ​ខ្លួន​របស់​លោក​នៅ​ក្នុងការ​ប្រមូល​ផ្តុំ​សម្រាប់​​យុទ្ធនាការ​មួយ​នៅ​ក្នុង​ក្រុង Fayetteville រដ្ឋ North Carolina កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០០៨។
លោក John McCain ដែល​ជា​សមាជិក​ព្រឹទ្ធសភា​នៅ​ក្នុង​រដ្ឋ Arizona ស្តាប់​ការ​ណែនាំ​ខ្លួន​របស់​លោក​នៅ​ក្នុងការ​ប្រមូល​ផ្តុំ​សម្រាប់​​យុទ្ធនាការ​មួយ​នៅ​ក្នុង​ក្រុង Fayetteville រដ្ឋ North Carolina កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០០៨។

លោក John McCain ដែលជា​អ្នកសាធារណរដ្ឋ​បះបោរ​ម្នាក់​កំពុង​ប្រឈម​នឹង​ផ្នែក​មួយ​នៃ​ជីវិត​លោក​ដែល​មានបញ្ហា​ធ្ងន់ធ្ងរ—គឺ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​មហារីក​ខួរក្បាល។ ទីភ្នាក់ងារ​ព័ត៌មាន AP រាយការណ៍​អំពីជីវ​ប្រវត្តិ​របស់​លោក John McCain។

លោក McCain កំពុង​ផ្សព្វផ្សាយ​សៀវភៅ​ថ្មី​មួយដែល​បង្ហាញ​ឧត្តមគតិផ្ទុយ​ពី​វិធី​ដែល​ប្រធានាធិបតី Donald Trump ចាត់ចែងកិច្ចការ​ក្នុង​សេតវិមាន។ ​ការ​ច្រាន​ចោល​របស់​លោក McCain នូវ​ប្រវត្តិរបស់​លោកស្រី Gina Haspel ដែល​បាន​ត្រូវ​ស្នើឈ្មោះឱ្យ​កាន់​តំណែងជា​នាយិកា​ទីភ្នាក់ងារ CIA មាន​ទាក់ទិន​នឹងការ​ធ្វើ​ទារុណកម្ម​បាននាំ​ឱ្យលោកអតីត​អនុប្រធានាធិបតី Dick Cheney ចូល​រួមក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​ថ្មីៗអំពីការ​ជ្រមុជ​ក្បាល​ក្នុង​ទឹក​ដើម្បី​សួរ​ចម្លើយ​និង​វិធី​សួរ​ចម្លើយឯទៀតៗ​ដែល​បាន​ត្រូវ​ហាមប្រាម។ កាលពី​ថ្ងៃ​សុក្រទី​១៨ខែ​ឧសភា ពួក​មិត្តភក្តិបាន​ប្រមែប្រមូល​គ្នា​ការពារ​លោក McCain ប្រឆាំង​នឹង​ការ​និយាយ​លេង​សើច​ដ៏​ឃោរឃៅ​របស់​មន្ត្រី​សេតវិមាន​ម្នាក់ដែល​ថា​គោលជំហរ​របស់​លោកគ្មាន​សារៈសំខាន់ទេពីព្រោះ «លោកជិត​ស្លាប់ហើយ»។

ប្រសិន​បើនេះ​ជា​ការ​លា​គ្នា​យ៉ាងយូរ​របស់​ក្រុង ​Washington ដល់​កូនប្រុសសំណប់ម្នាក់​ វា​ក៏​ជា​ការ​លេច​ឡើងវិញ​នូវ​ការ​តូចចិត្តកាល​ពី​ពេល​មុនៗនិង​ខ្សែ​បន្ទាត់​នយោបាយ​មាន​កំហុស​ដែល​នៅ​តែ​ធ្វើឱ្យ​ប្រទេសជាតិ​មានការ​បែក​បាក់គ្នា​តទៅ​ទៀត។

ប្រហែល​គ្មាន​នរណា​ម្នាក់គួរ​រំពឹង​ថា​ទទួល​អ្វីដែល​តិច​បំផុត​ពី​សមាជិក​ព្រឹទ្ធសភា​ស.រ.អា.វ័យ៨១ឆ្នាំ​រូប​នេះ​ដែល​អាច​មាន​អារម្មណ៍​មិន​ល្អ​និង​រញ៉ាំរញ៉ូវ ក៏​ប៉ុន្តែ​មាន​មនុស្ស​ច្រើន​នាក់ ទាំង​ខាង​ក្នុង​និង​ខាង​ក្រៅ​វិស័យនយោបាយ យល់​ថា​ជា​វីរបុរស​អាមេរិកាំង​ម្នាក់។​

លោកអតីត​អនុ​ប្រធានាធិបតី ​Joe Biden បាន​មានប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រទី​១៨​ខែ​ឧសភា​ថា​នៅ​ពេល​ដែលលោក McCain ​«ប្រយុទ្ធដើម្បី​ជីវិត​លោក លោក​សក្តិសម​ទទួល​ការ​កោតសរសើរ​ជាង​នេះ»។

លោក Biden បាន​មាន​ប្រសាសន៍​ថា ​«ពួក​ក្មេងៗ​ជំនាន់​ក្រោយ​របស់​យើង​រៀន​ពី​ឧទាហរណ៍​របស់យើង។​ សំណួរ​គឺ​ថា​តើ​ជា​ឧទាហរណ៍​របស់​នរណា? ខ្ញុំ​មានការ​ច្បាស់លាស់ក្នុង​ចិត្ត​ថា​វា​ជា​ឧទាហរណ៍​របស់​ John»។

លោក Paul Ryan ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​បានមាន​ប្រសាសន៍​ថា «កេរ្តិ៍តំណែល​របស់​លោកវែង​ឆ្ងាយ​ដែល​ធ្វើឱ្យ​លោក John McCain ជា​វីរបុរស​ម្នាក់​សម្រាប់​យើង​ទាំង​អស់គ្នា»។

កាល​ពី​ខែ​កក្កដាពួក​វេជ្ជបណ្ឌិត​បាន​រក​ឃើញ​ថា​លោក McCain មាន​ជំងឺមហា​រីក​ខួរក្បាល។ ​លោក​បាន​ចាក​ចេញ​ពី​រដ្ឋធានី Washington កាល​ពី​ខែធ្នូ ហើយ​មាន​មនុស្ស​តិច​តួច​ដែល​រំពឹង​ថា​លោកនឹង​ត្រឡប់មកវិញ។ របាយការណ៍​អំពី​សុខភាព​របស់​លោកមាន​ការ​ប្រែប្រួល​រៀង​រាល់ពីរបី​ថ្ងៃ។​

ពួក​ភ្ញៀវបាន​ទៅ​សួរ​សុខទុក្ខ​លោក McCain នៅ​ឯចម្ការ​គ្រួសារ​លោក​នៅ​ក្នុង​រដ្ឋ Arizona ដោយ​មាន​រួមបញ្ចូល​ទាំង​លោក Michael Bloomberg អតីត​អភិបាល​បុរី​ New York ដែល​បានអញ្ជើញ​ទៅ​ទី​នោះ​កាល​ពី​ថ្ងៃ​សុក្រទី១៨ខែ​ឧសភា។

លោក Lindsey Graham សមាជិក​ព្រឹទ្ធសភា​ស.រ.អា.ខាងគណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ South Carolina ដែល​ជា​មិត្តភក្តិជិតស្និទ្ធនិង​ជា​សម្ព័ន្ធមិត្ត​នយោបាយ​បានទៅ​សួរសុខទុក្ខលោក McCain កាល​ពីសប្តាហ៍​ទី​បួន​នៃ​ខែ​ឧសភា​ហើយ​អស់​លោកទាំង​ពីរ​នាក់នេះ​បាន​មើល​ខ្សែកុន​ចាស់​មួយនិង​បាន​និយាយ​គ្នា​អំពីការ​ដិតជាប់​របស់​លោក McCain លើ​វិស័យ​នយោបាយ។​

លោក Graham បាន​មាន​ប្រសាសន៍​ថា​លោក​បាននិយាយ​ប្រាប់​លោក McCain ថា​លោក​នឹង​បន្សល់ទុក​ពី​ក្រោយ​នូវ​បញ្ជី​វែង​មួយនៃ​ពួក​សាធារណរដ្ឋ​និង​ពួក​ប្រជាធិបតេយ្យ​ដែល​លោក​បានជួយ​ណែនាំ​ក្នុង​ការ​ធ្វើ​ការងារ​ដោយមាន​រូម​បញ្ចូល​ទាំង​លោក Graham ខ្លួន​ឯង​ផងដែរ។

លោក Graham បានថ្លែង​ថា​លោក​បាន​និយាយ​ប្រាប់មិត្ត​លោកថា «កេរ្តិ៍តំណែល​របស់​អ្នក​គឺ​ពួកមនុស្ស​ដែល​អ្នក​មាន​ផលប៉ះពាល់។ ​លោក John McCain នឹង​មាន​កេរ្តិ៍តំណែល​ច្រើន»។

នៅ​ពេល​នេះ មិនមែន​មនុស្ស​គ្រប់គ្នា​ចង់ស្តាប់​លោក McCain និយាយ​ទេ។​

ពួក​សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​ខាង​គណបក្ស​សាធារណ​រដ្ឋ​ភាគ​ច្រើន​មិនបាន​ធ្វើតាម​ការ​ណែនាំ​របស់​លោក​ McCain ឱ្យ​ច្រាន​ចោលលោកស្រី​ Haspel ដែល​ជា​ប្រធាន​នៃ​មូលដ្ឋាន​កន្លែង​ឃុំឃាំង​មួយដែល​នៅ​ទី​នោះ​ពួក​ជន​ជាប់​សង្ស័យថា​ជា​ភេរវជន​បាន​ត្រូវ​ជ្រមុជ​ក្បាល​ក្នុង​ទឹក​នៅ​ពេល​សួរ​ចម្លើយ។​ លោក McCain បានស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​ច្រើន​ឆ្នាំក្នុង​សង្គ្រាម​វៀតណាម។​

ប្រធានាធិបតី​ Trump បាន​ស្នើ​ឱ្យមាន​វិធី​សួរ​ចម្លើយដ៏​ឃោរឃៅនេះ​ជា​ថ្មី​ឡើង​វិញ។ ​ហើយ​លោក Cheney ដែល​ជា​អ្នក​បង្កើត​យុទ្ធសាស្ត្រ​ម្នាក់នៅ​ក្រោយ​ព្រឹត្តិការណ៍​ភេរវកម្ម​ថ្ងៃទី​១១​ខែ​កញ្ញា​ឆ្នាំ២០០១ បាននិយាយ​ថា​លោកចង់​រក្សា​ទុក​កម្មវិធី​នេះ​ឱ្យ​នៅ​សកម្ម ប្រុង​ប្រៀប​នឹង​អនុវត្ត​កម្មវិធីនេះ​ហើយ​លោកមិន​យល់ថា​វាជា​ការ​ធ្វើ​ទារុណកម្ម​ទេ។​

លោក Cheney បាន​និយាយ​ប្រាប់កម្មវិធីទូរទស្សន៍ Fox Business ថា «មនុស្សចង់​វិល​ត្រឡប់​ទៅ​ក្រោយ​និង​ខិតខំ​ព្យាយាម​សរសេរ​ប្រវត្តិសាស្ត្រ​ជា​ថ្មី ក៏​ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​មាន​អំណាច​ ខ្ញុំ​នឹងបើក​ឱ្យ​ធ្វើ​សកម្មភាព​នេះ​ទៀត»។

នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​ដដែល​នេះ​កាលពី​សប្តាហ៍ទីបី​នៃ​ខែឧសភា​ លោក Tom McInerny ដែល​ជា​ឧត្តមសេនីយ៍​ចូល​និវត្តន៍​នៃ​កង​ទ័ពអាកាស​ស.រ.អា.បាន​ហៅ​លោក​ McCain ថា ​«សត្វស្លាប​យំ​ពិរោះ​ឈ្មោះ John» ដោយសារ​លោក​បាន​ផ្តល់​ព័ត៌មាន​ដល់​ពួក​វៀតណាម​ខាង​ជើង​នៅ​ពេល​លោក​ជា​ឈ្លើយសង្គ្រាម។​ លោក McCain បាន​មាន​ប្រសាសន៍​ថា​លោក​បាន​ផ្តល់​ព័ត៌មាន​មិន​ត្រឹមត្រូវ​ទេ​នៅ​ក្រោយលោក​បានត្រូវ​ធ្វើ​ទារុណកម្ម។ ទូរទស្សន៍​ Fox បាន​និយាយ​ថាពួក​គេ​នឹងមិន​អញ្ជើញ​លោក McInerny ឱ្យ​មក​និយាយ​ក្នុង​បណ្តាញ​ពាណិជ្ជកម្ម​ឬ​បណ្តាញ​ព័ត៌មាន​របស់​ពួក​គេ​ទេ។​

កាលពី​ថ្ងៃ​សុក្រ​ទី១៨​ខែ​ឧសភា ដៃគូ​ម្នាក់​យូរយារ​មក​ហើយ​របស់លោក McCain គឺលោក Rand Paul សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ Kentucky បាន​បញ្ជាក់​ជាថ្មី​អំពី​ការ​ជំទាស់​របស់​លោក​ដល់​ការ​តែង​តាំង​លោកស្រី​ Haspel។

នៅ​ក្នុងការ​ពន្យល់អំពី​ការ​ជំទាស់​របស់​លោក លោក Paul បាន​និយាយ​ថា «យើង​មិនគួរ​ផ្តល់​រង្វាន់ឱ្យ​នរណា​ដែល​បានចូល​រួម​ក្នុង​ការ​ធ្វើទារុណកម្ម ហើយ​ជា​ការពិត​នៅ​តែ​មាន​បញ្ហា​មិនហ៊ាន​និយាយ​ថា​ការ​ធ្វើទារុណកម្ម​ជា​អំពើ​អសីលធ៌ម»។

កាល​ពី​ពីរបី​ឆ្នាំ​មុន​នេះ​ លោក McCain បាន​ហៅ​លោក Paul និង​លោក Ted Cruz សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​ខាងគណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ Texas ថា​ជា «មនុស្ស​ខុស​គេ» ដោយសារ​អស់​លោក​ទាំង​ពីរ​នាក់នេះ​បាន​តវ៉ា​ប្រឆាំង​នឹង​ការ​ស្នើតែងតាំង​លោក​ John Brennan ជានាយកទី​ភ្នាក់ងារ CIA។​ នៅ​ពេល​ក្រោយ​មក​លោក McCain បាន​សុំ​អភ័យទោស។​

នៅ​ក្រោយ​លោក McCain បានចូល​សម្រាន្ត​ក្នុង​មន្ទីរពេទ្យ​ដោយសារ​មាន​ជំងឺដំបៅ​ក្លាយ​ក្នុងពោះវៀន លោក Graham បាននិយាយ​ថា​លោក​ខ្វល់ខ្វាយ​អំពី​សុខភាពមិត្តភក្តិ​ចាស់​របស់​លោក។​ ក៏ប៉ុន្តែ​នៅ​ក្រោយ​បានជួប​លោកក្នុង​សប្តាហ៍​ទី​បី​នៃ​ខែឧសភា​ លោក Graham បាន​ថ្លែង​ថា​លោក McCain នឹង «នៅ​ជាមួយ​យើង​ក្នុងមួយ​រយៈពេល​ទៀត»។

អស់​លោកទាំង​ពីរ​នាក់នេះ​មិនទាន់​បាន​និយាយ​លា​គ្នាទេ។​ លោក Graham បាន​និយាយ​ថាជា​ការ​ពិត «គ្មាន​ការនិយាយ​គ្នាអំពី​ពិធី​បុណ្យសពទេ មាន​ការ​និយាយ​គ្នា​អំពី​អនាគត»។

លោក McCain និង​លោក Graham បាន​មើលកុន​បែប Western មួយ​មាន​ចំណង​ជើងថា «The Man Who Shot Liberty Valance» ដោយ​លោក McCain បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ប្រើ​ពាក្យពេចន៍​ដែល​មិនអាច​ត្រូវ​និយាយ​ជា​ថ្មី​បានទេ។ អស់​លោក​ទាំង​ពីរ​នាក់នេះ​ក៏បាន​និយាយ​គ្នា​អំពី​សៀវភៅរបស់​លោក McCain ដែល​លោក Graham បាន​និយាយ​ថា​បានចេញ​ផ្សាយ​ចំពេល​ល្អ។​ លោក Graham បានថ្លែង​ថា ​«ខ្ញុំ​បាន​និយាយ​ប្រាប់លោក McCain ថា​គេ​គួរ​តម្រូវ​ឱ្យ​មនុស្ស​គ្រប់រូប​អាន​សៀវភៅនេះ»។

លោក Graham​ បាន​មាន​ប្រសាសន៍​ថា​សៀវភៅនេះ​ជា​រឿង​មួយអំពី​ប្រទេស​អាមេរិក​ហើយ «ទោះ​ណា​ជា​យើង​បាន​រួម​ចំណែក​ក្នុង​ការ​ធ្វើកំហុសក៏​ដោយ​ក៏​យើង​តែងតែ​ខិតខំ​ព្យាយាម​ធ្វើ​ប្រទេស​នេះ​ឱ្យ​ជា​សហព័ន្ធ​មួយល្អ​ប្រសើរ​ជាង​មុនដែរ»៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG