ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

៤​នាក់​ស្លាប់ ​២៤​នាក់​នៅ​បាត់​ខ្លួន​ដោយសារ​ការ​បាក់ដី​នៅ​ជប៉ុន​


មន្ត្រី​ប៉ូលិស​កំពុង​ស្វែងរក​​និង​សង្គ្រោះ​ជន​រងគ្រោះ​ពី​ការ​បាក់ដី​​ដោយ​សារ​ភ្លៀង​ខ្លាំង​នៅ​ទី​ក្រុង Atami ប្រទេស​ជប៉ុន​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០២១។
មន្ត្រី​ប៉ូលិស​កំពុង​ស្វែងរក​​និង​សង្គ្រោះ​ជន​រងគ្រោះ​ពី​ការ​បាក់ដី​​ដោយ​សារ​ភ្លៀង​ខ្លាំង​នៅ​ទី​ក្រុង Atami ប្រទេស​ជប៉ុន​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០២១។

អ្នក​ជួយ​សង្គ្រោះ​នៅ​ថ្ងៃ​អង្គារ​កំពុង​បន្ត​ស្វែង​រក​មនុស្ស​២៤​នាក់​ដែល​បាត់​ខ្លួនបន្ទាប់​ពី​ការ​បាក់ដី​នៅ​ក្នុង​ទីក្រុង​រមណីយដ្ឋាន​ Atami​ ប្រទេស​ជប៉ុន​ដែល​មនុស្ស​៤នាក់​បាន​ស្លាប់​គិត​ត្រឹម​ថ្ងៃ​អង្គារ។ នេះ​បើ​តាម​អភិបាល​ក្រុង​នេះ។​

ដំបូង​មនុស្ស ​១៤៧​នាក់ ​បាត់​ខ្លួន។​ ប៉ុន្តែ​បន្ទាប់​ពី​មន្រ្តី​ទីក្រុង​បាន​បន្ថយ​តួលេខ​អ្នក​បាត់​ខ្លួន​មក​ត្រឹម​៦០​នាក់​និង​ប្រកាស​ជា​សាធារណៈ​អ្នក​ស្រុក​ភាគច្រើន​បាន​ឆ្លើយ​តប​ដែល​ធ្វើ​ឲ្យ​តួលេខ​នេះ​ចុះ​មក​ត្រឹម​២៤​នាក់។

​លោក ​Sakae Saito ​អភិបាល​ក្រុង​នេះ​បាន​និយាយ​ថា​ពួកគេ​ស្ថិត​នៅ​កន្លែង​ផ្សេង​នៅពេល​បាក់ដី​ឬ​ត្រូវ​ជម្លៀស​ចេញ​ដោយ​សុវត្ថិភាព។​

ទោះ​ជា​យ៉ាង​ណា​មនុស្ស​៤​នាក់​ត្រូវ​បាន​គេរក​ឃើញ​ថា​ស្លាប់ហើយ​២៥​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ។​កាលពី​ថ្ងៃ​ច័ន្ទ​ក្រុម​ជួយ​សង្គ្រោះ​ប្រមាណ​១.៥០០​នាក់​បាន​ជីកគំនរ​បាក់​បែក​នៅ​តំបន់​មួយ​នៃ​ទីក្រុង​មាត់​សមុទ្រ​ភាគ​កណ្តាល​នេះ​ដើម្បី​ស្វែង​រក​អ្នក​នៅ​រស់។

ការ​បាក់ដី​កាលពី​ថ្ងៃ​សៅរ៍​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ច្រើន​ថ្ងៃ​ដែលអ្នក​ព្យាករណ៍​អាកាសធាតុ​បាន​និយាយ​ថា​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាង​ចំនួន​ទឹក​ភ្លៀង​ធម្មតា​ពេញ​មួយ​ខែ​កក្កដា។ ​ផ្ទះ​និង​អគារ​ចំនួន​១៣០​ត្រូវ​បាន​បំផ្លាញ។

Atami ​គឺជា​ទីក្រុង​រមណីយដ្ឋាន​ដែល​នៅ​ចម្ងាយ​៩០​គីឡូម៉ែត្រភាគ​និរតី​ទីក្រុង​តូក្យូ​ហើយ​ដែល​ល្បី​ដោយសារ​មាន​ប្រភព​ទឹក​ក្តៅ​ពុះ​ចេញពីក្នុង​ដី។​ទីក្រុង​នេះ​ស្ថិត​នៅ​ខាង​លើ​ឆក​សមុទ្រ​នៅ​លើ​ជម្រាល​ដ៏​ចោត។​គេ​រំពឹង​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ជប៉ុន​ហើយ​ក្រុម​មន្រ្តី​កំពុង​ប្រាប់ឱ្យ​ប្រជាជននៅ​ក្នុង​តំបន់​ដែល​មាន​ហានិភ័យបាក់ដីត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន។​

គ្រោះ​មហន្តរាយ​នេះ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​មុន​បើក​ពិធី​កីឡា​អូឡាំពិក​ទីក្រុង​តូក្យូ​ដែល​អាប់​អួរ​ដោយសារ​កំណើន​ជំងឺកូវីដ១៩​នៅ​ទូទាំង​ប្រទេស៕

អត្ថបទនេះ មានរួមបញ្ចូលព័ត៌មានពី AP, AFP និង Reuters

XS
SM
MD
LG