កងកម្លាំងរបបស៊ីរីបានដណ្តើមយកក្រុងសំខាន់មួយនៅក្នុងខេត្ត Idlib ដែលកាន់កាប់ដោយក្រុមរដ្ឋឥស្លាម នេះបើយោងតាមអង្គការតាមដានស្ថានការណ៍នៅស៊ីរីមួយដែលបានឲ្យដឹងកាលពីថ្ងៃអាទិត្យ។
កងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយកងកម្លាំងផ្លូវអាកាសរបស់រុស្ស៊ីបានដណ្តើមយកក្រុង Sinjar ដែលជាក្រុងធំជាងគេបង្អស់នៅក្នុងខេត្តប៉ែកអាគ្នេយ៍មួយនេះ។ នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងប្រទេសស៊ីរីដែលមានមូលដ្ឋាននៅអង់គ្លេសដែលបានឲ្យដឹង។
ក្រុង Sinjar មានចម្ងាយ១៤គីឡូម៉ែត្រប៉ែកខាងលិចពីមូលដ្ឋានយោធា Abu al-Duhur ដែលប្រសិនបើត្រូវបានដណ្តើមយកមកវិញ បន្ទាប់ពីត្រូវបានដណ្តើមយកដោយកងកម្លាំងរដ្ឋឥស្លាម ដែលមានជាប់ពាក់ព័ន្ធនឹងក្រុម អាល់កៃដា កាលពីថ្ងៃទី២០ ខែកញ្ញា នោះនឹងអាចផ្តល់ដល់កងកម្លាំងរបស់លោកប្រធានាធិបតីស៊ីរី Bashar al-Assad នូវប៉ុស្តិ៍យោធាដ៏សំខាន់មួយនៅក្នុងខេត្តនេះ។
ក្រុមរដ្ឋឥស្លាមបានដណ្តើមយកតំបន់នេះ ដែលជាប់ព្រំប្រទល់ជាមួយនឹងប្រទេសតួកគី ពីរបបរបស់លោក Assad កាលពីឆ្នាំ២០១៥។ ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការកាលពីខែតុលា កងកម្លាំងរបស់លោក Assad បានដណ្តើមយកមកវិញនូវក្រុងនិងភូមិប្រមាណ ៦០ ដែលស្ថិតនៅចន្លោះខេត្ត Idlib និងតំបន់ Hama ដែលនៅក្បែរនោះ។ នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងប្រទេសស៊ីរី៕