ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​​រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​​អាមេរិក​ជួប​ជាមួយ​ប្រធានា​ធិបតី​អេហ្ស៊ីប​ដើម្បី​ពិភាក្សា​បញ្ហា​ភេរវកម្ម ​និង​បញ្ហា​នៅ​មជ្ឈិម​បូព៌ា


រូបឯកសារ៖ លោក James Mattis រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក នៅ​ឯសេតវិមាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ខែ​វិច្ឆិកា។

លោក​រដ្ឋមន្រ្តីការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក​ Mattis ​បាន​ជួប​ជាមួយ​លោក Abdul Fattah el-Sissi ​ប្រធានា​ធិបតី​នៃ​ប្រទេស​អេហ្ស៊ីប​នៅ​ក្នុង​រដ្ឋ​ធានី​គែរ ​មុន​ពេល​សន្និសីទ​ប្រឆាំង​ពួក​ជ្រុល​និយម​ដែល​ផ្តោត​លើ​តំបន់​អាហ្វ្រិក​ខាង​លិច​នៅ​ថ្ងៃ​អាទិត្យ​នេះ។

​ក្នុង​អំឡុង​នៃ​ជំនួប​នោះ ​លោក​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​អាមេរិក​ Mattis ​បាន​ចូល​រួម​រំលែក​ទុក្ខ​ចំពោះ​ការ​វាយ​ប្រហារ​កាល​ពី​ពេល​ថ្មីៗ​នេះ​ទៅ​លើ​វិហារ​ឥស្លាម​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង ​Bir al-Abed ​ប្រទេស​អេហ្ស៊ីប​និង​បាន​ទទួល​ស្គាល់អេហ្ស៊ីប​ថា​ជា​ដៃគូ​ការ​ពារ​ប្រទេសដ៏​សំខាន់​មួយ​ជាមួយ​សហរដ្ឋ​អាមេរិក។

​លោក​រដ្ឋ​មន្រ្តី​ការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក​ Mattis ​បាន​កត់​សម្គាល់​ពី​សារៈ​សំខាន់​របស់​អេហ្ស៊ីបដល់​ស្ថេរភាព​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​និង​ការ​បន្ត​របស់​អេហ្ស៊ីប​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​និង​ការ​ខំ​ប្រឹង​ប្រែង​ដើម្បី​ការ​ពារ​ព្រំដែន​របស់​អេហ្ស៊ីប។

របាយការណ៍​ស្តី​ពី​ជំ​នួប​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មេដឹកនាំ​ទាំង​២​បាន​ពិភាក្សា​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ ហើយ​និង​ពិភាក្សា​អំពី​សេចក្តី​ប្រាថ្នា​រួម​ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ស្តីពី​បញ្ហា​ភេរវកម្ម​និង​បញ្ហា​នៅ​ក្នុង​តំបន់។

កាល​ពី​ដំបូង ​នៅ​លើ​យន្តហោះ​ទៅ​កាន់​រដ្ឋ​ធានី​គែរ ​លោករដ្ឋ​មន្រ្តីការ​ពារ​ប្រ​ទេស​អាមេរិក​ Mattis​ បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ជាមួយ​អេហ្ស៊ីប​កំពុង​រីក​កាន់​តែខ្លាំង​ឡើង។ លោក​និយាយ​ទៀត​ថា ​សហរដ្ឋ​អាមេរិក​នៅ​តែ​តាំង​ចិត្ត​ដល់​ចំណង​ទាក់​ទង​ដ៏​ខ្លាំង​ជាមួយ​រដ្ឋាភិបាល​ក្រុង​គែរ ​ថ្វីបើ​មាន​ការ​ផ្អិប​ជំនួយ​ខាង​យោធា​ដល់​អេហ្ស៊ីប​ដោយសារ​តែ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ​ទៅ​ក៏ដោយ៕

XS
SM
MD
LG