ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មាន​ការ​តាម​ចាប់​ខ្លួន​ខ្មាន់កាំភ្លើង​ទ្រង់ទ្រាយធំ​ដែល​ធ្វើ​ការ​បាញ់​ប្រហារ​នៅ​ផ្សារ​ទំនើប​មួយ​ក្នុងរដ្ឋ​វ៉ាស៊ីនតោន​​


ក្រុម​បុគ្គលិក​សង្រ្គោះ​បន្ទាន់​ឈរ​នៅ​ខាង​មុខ​ច្រកចូល​ផ្សារទំនើប​នៅ​កន្លែង​កើត​ហេតុ​ដែល​មនុស្ស​បី​បួន​នាក់​ត្រូវ​បាន​សម្លាប់​កាល​ពី ថ្ងៃទី​២៣ កញ្ញា ២០១៦ ក្រុង​ Burlington រដ្ឋ Washington។

ក្រុម​មន្ត្រី​នៅ​ភាគ​ពាយ័ព្យ​សហរដ្ឋ​អាមេរិក​នៅ​រដ្ឋ​ Washington​ បាន​ថ្លែង​ថា​មនុស្ស​៥នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បាញ់ប្រហារ​ដ៏​កម្រោល​មួយ​ នៅ​ក្នុង​ផ្សារ​ទំនើប​ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ។​ ស្ត្រី​៤នាក់​បាន​ស្លាប់នៅនឹង​កន្លែង​នៅ​ក្នុង​ហាង​ Macy។ ចំណែក​ឯបុរស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅមន្ទីរពេទ្យ​នៅ​ក្នុងទីក្រុង Seattle។​

សាក្សី​បាន​ថ្លែងថា មនុស្ស​នាំគ្នា​រត់ចេញពី​ផ្សារទំនើប​ភ្លាមៗបន្ទាប់​ខ្មាន់កាំភ្លើង​បាន​ធ្វើ​ការ​បាញ់​ប្រហារ។​ ប៉ុន្មាន​ម៉ោង​ក្រោយមក​ មន្ត្រីប៉ូលិសបាន​គ្រប់គ្រងទៅលើ​ផ្សារទំនើប​ ហើយ​ចាប់​ផ្តើម​ស្វែង​រក​ជន​ដៃ​ដល់​រូប​នោះ។​

ពល​បាល​ល្បាត​នៃ​រដ្ឋវ៉ាស៊ីនតោន​ មួយ​រូប​លោក​ Mark Francis បាន​ថ្លែង​ថា​ អ្នក​បាញ់​ប្រហារ​មិន​ទាន់​ត្រូវ​ចាប់​ខ្លួន​បាន​នៅ​ឡើយ​ទេ​ ហើយ​ត្រូវ​បាន​គេ​ឃើញ​ចុង​ក្រោយ​បំផុត​គេ​ពេល​ជន​រូប​នេះ​ដើរ​នៅ​តាម​ដង​វិថី​នៅ​ផ្សារ​ទំនើប​ Cascade ទីក្រុង​ Burlington ដែល​ស្ថិត​នៅ​១០០គីឡូម៉ែត្រ​ភាគ​ខាង​ជើង​នៃ​ទីក្រុង​ Seattle។​

ក្រុម​អាជ្ញាធរ​បាន​បង្ហោះ​រូប​ថត​មួយ​របស់​ជន​សង្ស័យ​ដែល​បាន​ធ្វើ​ការ​បាញ់​ប្រហារ​ដោយ​សេរី​រូប​នេះ​នៅ​លើ​បណ្តាញ​សង្គម។​

លោក​ Francis​ បាន​ពណ៌​នា​ថា​ អ្នក​បាញ់​ប្រហារ​រូប​នេះ​គឺ​ជា​ជន​ជាតិ​ឡាទីន​ ពាក់​អាវ​ពណ៌​ខ្មៅ។​ ទីភ្នាក់ងារ​ FBI បាន​បញ្ជូន​ភ្នាក់ងារ​របស់​ខ្លួន​ដើម្បី​ជួយ​ដល់ប៉ូលិស​នៅ​ទី​នោះ​ស្វែង​រក​ចាប់​ខ្លួន​ជន​ដៃ​ដល់​រូប​នោះ៕​

XS
SM
MD
LG