ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​ធំបំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កូរ៉េ​ខាងត្បូង​ឲ្យ​លោកស្រី​ប្រធានាធិបតី​ចុះ​ចេញ​ពី​តំណែង


ប្រជាជន​កូរ៉េខាងត្បូង​បាន​ស្រែក​នូវពាក្យស្លោក​មួយ​ឃ្លាថា «អ្នកស្រីចុះ "Park Geun-hye ចេញទៅ» អំឡុងបាតុកម្ម​មួយ​ប្រឆាំង​នឹង​អ្នកស្រីប្រធានាធិបតីក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង​កាល​ពី​ថ្ងៃទី​១២ វិច្ឆិកា ២០១៦។
ប្រជាជន​កូរ៉េខាងត្បូង​បាន​ស្រែក​នូវពាក្យស្លោក​មួយ​ឃ្លាថា «អ្នកស្រីចុះ "Park Geun-hye ចេញទៅ» អំឡុងបាតុកម្ម​មួយ​ប្រឆាំង​នឹង​អ្នកស្រីប្រធានាធិបតីក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង​កាល​ពី​ថ្ងៃទី​១២ វិច្ឆិកា ២០១៦។

បាតុករ​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​បាន​ប្រមូល​ផ្តុំ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលម៉ិញ​នេះ ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​ប្រធានាធិបតី Park Geun-hye ចុះ​ចេញ​ពី​តំណែង។ ​

ប៉ូលិស​រំពឹង​ថា មាន​មនុស្ស​ប្រមាណ​២សែន​៦​ម៉ឺន​នាក់​បាន​ចូល​រួម​ ដែល​បាន​ធ្វើ​ឲ្យ​បាតុកម្ម​នេះ​ក្លាយ​ជា​បាតុកម្មដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​រដ្ឋធានី​ក្នុង​រយៈពេល​បី​ទសវត្សរ៍​កន្លង​មក​នេះ។

សិស្ស​វិទ្យាល័យ​ ដូនជី​កាតូលិក កសិករ​ ក្រុម​អ្នក​ចូល​និវត្តន៍ រួម​ទាំង​គូ​ស្វាមីភរិយា​ដែល​មាន​កូន​តូច​ផង​ដែរ បាន​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​នៅ​ខាង​មុខ​របង​វិមាន​ប្រធានាធិបតី​ដោយ​ស្រែក​ថា «លោកស្រី Park Geun-hye ចុះ​ចេញ​ទៅ‍» អម​ជាមួយ​នឹង​សំឡេង​ត្រែ​និង​ស្គរ​ផង​ដែរ។

នៅ​ពេល​ថ្ងៃ​លិច​ ក្រុម​បាតុករ​បាន​គ្រវី​ទៀន​និង​បដា ហើយ​បន្ត​ស្រែក​ខ្លាំងៗ​អំពាវ​នាវ​ឲ្យ​លោកស្រី Park លាលែង​ពី​តំណែង។

ប្រជាពលរដ្ឋ​កូរ៉េ​នៅ​ទូទាំង​ប្រទេស​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី​ដើម្បី​ចូល​រួម​ធ្វើ​បាតុកម្ម​នេះ។

លោក Cho Joo-Pyo ដែល​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​នឹង​ប្រពន្ធ​និង​កូន​របស់​លោក និង​បាន​ធ្វើ​ដំណើរ​ជិត ២០០គីឡូម៉ែត្រ​នោះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ថា៖«ម្សិលម៉ិញ​នេះ​គឺ​ជា​ថ្ងៃ​ខួប​អាពាហ៍​ពិពាហ៍​របស់​យើង ប៉ុន្តែ​យើង​លុប​ដំណើរ​កំសាន្ត​របស់​យើង​ចោល​ដើម្បី​ធ្វើ​ដំណើរ​មក​កាន់​រដ្ឋធានី សេអ៊ូល​ ដោយ​សារ​តែ​យើង​គិត​ថា​វា​មាន​សារៈ​សំខាន់​ជាង​សម្រាប់​កូន​ស្រី​របស់​យើង‍»។

ការតវ៉ា​នេះ​គឺ​ជា​ការតវ៉ា​ចុង​ក្រោយ​បង្អស់​ដើម្បី​ទាមទារ​ឲ្យ​លោក​ស្រី Park ចុះ​ចេញ​ពី​តំណែង​ជុំវិញ​រឿង​អាស្រូវ​ពុករលួយ​ដែល​បាន​ប៉ះពាល់​ដល់​រដ្ឋបាល​របស់​លោកស្រី។ ​

ការស៊ើប​អង្កេត​ទៅ​លើ​ករណី​ប្រាក់​រាប់លាន​ដុល្លារ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​ឡើង​ដោយ​លោកស្រី Choi Soon-sil ដែល​ជា​មិត្ត​យូរ​អង្វែង​របស់​លោកស្រី​ប្រធានាធីបតី Park បាន​ធ្វើ​ឲ្យ​កិត្តិនាម​របស់​លោកស្រី Park ក្លាយ​ជា​មេដឹកនាំ​ពុករលួយ​ម្នាក់ និង​រឹត​តែ​ធ្វើ​ឲ្យ​លោកស្រី​ឯកោ​និង​បាត់បង់​អំណាច៕

XS
SM
MD
LG